តុលាការ​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ជុំវិញ​រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​និង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក

ដោយ ថន ថារ៉ូ
2019.01.19
គង់ ម៉ាស់ ៦២២ លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
Provided photo

​ដំបូង​រាជធានី​ភ្នំពេញ​បាន សាកសួរ​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ជុំវិញ​រឿង បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​ជន​តាម​មូលដ្ឋាន និង​ការ​សរសេរ​សារ រិះគន់​របប​ក្រុង​ភ្នំពេញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម​ដោយ​អហិង្សា ដូច្នេះ​របប​ក្រុង​ភ្នំពេញ មិន​ត្រូវ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ឡើយ​ទេ ។ មេធាវី​ការពា​ក្តី​ឲ្យ​លោក គង់ ម៉ាស់់ គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ចប់​ការ​សាកសួរ​នៅ រសៀល​ថ្ងៃ​ទី១៨ ខែ​មករា ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ បាន​សម្រេច​បញ្ជូន​លោក គង់ ម៉ាស់ ទៅ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​បន្ត​ទៀត ដើម្បី​រង់ចាំ​បន្ត​ការ​សាកសួរ នៅ​ថ្ងៃ​សៅរ៍ ទី១៩ ខែ​មករា។

មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ខាង​អយ្យការ​បាន​ចោទ​សួរ​លោក គង់ ម៉ាស់ អំពី​រឿង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូច​ជា រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត កាល​ពី​ព្រឹត្តិការណ៍​បោះ​ឆ្នោត ខែ​កក្កដា ឆ្នាំ២០១៨ ការ​បង្ហោះ​រូប​ភាព​ជួប​ជុំ​ជា​មួយ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន និង​ការ​បង្ហោះ​សារ​រិះគន់​របប​ក្រុង​ភ្នំពេញ​ជា​ដើម។ លោក សំ សុគង់ យល់​ថា ការ​បង្ហោះ​សារ​ទាំង​នេះ គឺ​មិន​ខុស​ច្បាប់​ឡើយ៖ «ការ​ជួប​ជុំ​របស់​គាត់​នេះ មិន​មែន​ជា​ការ​ជួបជុំ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ញុះញង់​នោះ​ទេ ឬ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចលាចល​អី​ដែរ គ្រាន់តែ​ជួបជុំ​មិត្តភ័ក្ដិ​គ្នា​ដែល​បែក​គ្នា​មួយ​រយៈ​ពេល​ធំ។ ចំណុច​មួយ​ទៀត ខ្ញុំ​គិត​ថា លោក គង់ ម៉ាស់ បង្ហោះ​ហ្វេសប៊ុក ឬ​សរសេរ​ជា​សារ​ផ្សេងៗ គឺ​ជា​ការ​ប្រើប្រាស់​សិទ្ធិ ឬ​ក៏​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ ជា​ពិសេស​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ។ ម្យ៉ាងវិញទៀត សារ​រិះគន់​របស់​លោក គង់ ម៉ាស់ គឺ​ជា​សារ​រិះគន់​បែប​ស្ថាបនា មិនមែន​ដើម្បី​បន្តុះបង្អាប់ ឬ​ក៏​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ចលាចល​នោះ​ទេ»។

សមាជិក​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ​និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ បោះ​ឆ្នោត និង​នីតិកម្ម គឺ​លោក គង់ ម៉ាស់ ដែល​របប​ក្រុង​ភ្នំពេញ​រំលាយ​ចោល​នោះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា ការ ឃាត់​ខ្លួន​នេះ ដោយសារ​លោក​​គង់ ម៉ាស់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ប្រមាថ​របប​ដឹក​នាំ​សព្វ ថ្ងៃ​ដែល​មាន​​លក្ខណៈ​ញុះញង់ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ប្រជាពលរដ្ឋ និង​សកម្មជន​នយោបាយ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬ​សារ​នយោបាយ​តាម​គប់​មធ្យោបាយ​ដោយ​អហិង្សា។ លោក​បន្ត​ថា ការ​ចាត់​វិធានការ​ច្បាប់​លើ​សកម្ម ជន បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ គឺ​ជា​ការ​អនុវត្ត​វិធានការ​រំលោភ​ទៅ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប៖ «ក្នុង​សង្គម​មួយ​ដែល​គេ​យល់​ថា​ មាន​លទ្ធិ​ប្រជាធិបតេយ្យ អ៊ីចឹង​យើង​គេច​មិន​ផុត​ពី​ការ​រិះគន់​ពី​មតិ​ជំទាស់​របស់​ប្រជា​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដឹក​នាំ របស់​រដ្ឋាភិបាល ឬ​អាច​សរសេរ​ជា​សារ​បាន ដើម្បី​ឲ្យ​រដ្ឋាភិបាល បាន​ដឹង​អំពី​កំហុស​ឆ្គង​របស់​ខ្លួន។ អ៊ីចឹង​យើង​មាន​សិទ្ធិ​ក្នុង​ការ​រិះគន់ ដែល​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​មាត្រា ១៩ ផង​ដែរ»។ លោក សង្កេត​ឃើញ​ថា រាល់​ការ​បញ្ចេញ​មតិ​របស់​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ មិន​បាន​បណ្ដាល​ឲ្យ​ចលាចល និង​ខូចខាត​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដឹក​នាំ​ប្រទេស គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​ត្រឹម​ត្រូវ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។