មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ឱ្យ​អស់​សិន មុន​នឹង​ដោះ​ស្រាយ​ជម្លោះ​ប្រទេស​ដទៃ

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង រិះគន់​ថា លោក ហ៊ុន សែន ថា គួរ​ងាក​មក​ដោះ​ស្រាយ​បញ្ហា និង​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ឱ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​សិន មុន​នឹង​និយាយ​ពី​ដំណោះស្រាយ​ជម្លោះ​បរទេស។ អ្នក​វិភាគ​ថា បញ្ហា​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​រវាង​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ គឺ​ហួស​ពេល​ដែល​ត្រូវ​ស្វែងរក​ការ​ចរចា​គ្នា​ទៀត​ហើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ឈឺឆ្អាល​នឹង​បញ្ហា​ពិភពលោក ជុំវិញ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​រុស្សី (Russia) និង​អ៊ុយក្រែន (Ukraine) ដោយ​ផ្ដល់​យោបល់​ឱ្យ​ប្រទេស​ទាំង​ពីរ​ចរចា​គ្នា ដើម្បី​បញ្ចប់​សង្គ្រាម​មួយ​នេះ។ តែ​បើ​ក្រឡេក​មើល​ស្ថានភាព​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ក្រោម​ការ​ដឹកនាំ​របស់​លោក​វិញ លោក ហ៊ុន សែន មិន​បាន​លើក​យក​បញ្ហា​ទាំង​នេះ​មក​ដាក់​នៅ​លើ​តុ​ចរចា​ស្វែងរក​ការ​រួបរួម​គ្នា​នោះ​ឡើយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លើក​មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​បាន​ដោះ​ស្រាយ​បញ្ហា​ផ្ទៃក្នុង​ដោយ​សន្តិវិធី ដូច​អ្វី ដែល​លោក​ផ្ដល់​យោបល់​ឱ្យ​បរទេស​នោះ​ឡើយ។ លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​ងាក​មក​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​បើក​លំហ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ទូលាយ ដើម្បី​ស្វែងរក​ឯកភាព​ជាតិ និង​ធ្វើ​ជា​គំរូ​សម្រាប់​បរទេស ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ចូលរួម​បញ្ឈប់​សង្គ្រាម​រវាង​រុស្សី និង​អ៊ុយក្រែន​ពិត​មែន​នោះ។

លោក ម៉ន ផល្លា៖ «សូម​ឱ្យ​លោក ហ៊ុន សែន ហ្នឹង ដោះ​ស្រាយ​ជម្លោះ​ផ្ទៃក្នុង​របស់​យើង​ឱ្យ​បាន​រួចរាល់​សិន មុន​នឹង​ទៅ​ដោះ​ស្រាយ​ជម្លោះ​ខាង​ក្រៅ​ដទៃ​ផ្សេង​ទៀត។ ហេតុ​ដូច្នេះ ធ្វើ​ឱ្យ​ឥទ្ធិពល​នៃ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន មិន​មាន​ន័យ មិន​មាន​តម្លៃ​សម្រាប់​ជា​ប្រយោជន៍​ទៅ​ដល់​គូ​ជម្លោះ កើត​ឡើង​នៅ​ខាង​ក្រៅ​នោះ​ទេ»។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា សង្គ្រាម​រវាង​រុស្សី និង​អ៊ុយក្រែន​អាច​បញ្ចប់​ទៅ​បាន​ លុះត្រាតែ​មាន​ការ​ចរចា​ដោយ​សន្តិវិធី មិនមែន​យក​សង្គ្រាម​ទៅ​បញ្ចប់​សង្គ្រាម​នោះ​ឡើយ។

ក្នុង​ពិធី​បើក​សន្និសីទ​ជន​មាន​ពិការភាព ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី៥ នៅ​ថ្ងៃ​ទី១៥ មីនា លោក ហ៊ុន សែន ថ្លែង​ថា ការ​លេច​ចេញ​នូវ​ការ​ប្រណាំង​ប្រជែង​របស់​មហាអំណាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក និង​ការ​បំផ្លាញ​ធម្មាធិបតេយ្យនិយម​របស់​អន្តរជាតិ។ ក្នុង​ន័យ​នេះ លោក​សំដៅ​ទៅ​លើ​សង្គ្រាម​រុស្សី និង​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជាង ១ឆ្នាំ​មក​នេះ។ លោក ហ៊ុន សែន ថា មាន​តែ​ការ​គោរព​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ការ​គោរព​ធម្មនុញ្ញ និង​គោលការណ៍​អង្គការ​សហប្រជាជាតិ ព្រមទាំង​ការ​លើក​យក​បញ្ហា​មក​ចរចា​គ្នា​ដោយ​សន្តិវិធី​នោះ​ទេ ទើប​ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​សង្គ្រាម។

លោក ហ៊ុន សែន៖«ចំពោះ​បញ្ហា​សង្គ្រាម កម្ពុជា​មាន​បទពិសោធន៍​ជូរចត់​គ្រប់គ្រាន់ ដែល​អាច​ចងក្រង​ជា​ប្រវត្តិសាស្ត្រ ហើយ​ជា​ការ​ពិត«សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​បាន​ឡើយ»។

ពាក្យ​ថា គេ​មិន​អាច​យក​សង្គ្រាម មក​បញ្ចប់​សង្គ្រាម​នេះ បាន​ក្លាយ​ជា​មេសូត្រ​ដ៏​ពេញ​និយម​របស់​លោក ហ៊ុន សែន ដែល​លោក​បាន​ទន្ទិញ​ចាំ​មាត់​តាំង​ពី​មាន​ការ​ផ្ទុះ​សង្គ្រាម​រវាង រុស្សី (Russia) និង​អ៊ុយក្រែន (Ukraine) កាល​ពី​ដើម​ឆ្នាំ២០២២ មក​ម្លេះ។ លោក ហ៊ុន សែន តែងតែ​ប្រៀបធៀប​សង្គ្រាម​រវាង រុស្សីនិង​អ៊ុយក្រែនទៅ​នឹង​សង្គ្រាម​នៅ​កម្ពុជា ដែល​បាន​អូស​បន្លាយ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​មក។ ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន មិន​ដែល​ភ្លេច​ឡើយ ក្នុង​ការ​តាំង​ខ្លួន​លោក​ជា​វីរបុរស ដែល​បាន​បញ្ចប់​សង្គ្រាម ឬ​ជា​ស្ថាបនិក​សន្តិភាព ដោយសារ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ដែល​បាន​បញ្ចុះបញ្ចូល​ឱ្យ​មេ​ខ្មែរ​ក្រហម ដែល​តស៊ូ ឱ្យ​ទម្លាក់​អាវុធ​ចុះ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អំណាច និង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល។

ដោយឡែក មន្រ្តី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ថា គេ​មិន​អាច​យក​សង្គ្រាម មក​បញ្ចប់​សង្គ្រាម​នេះ គឺ​ជា​អំនួត​នយោបាយ ដែល​ខុស​ពី​ការ​ពិត។ ពួក​គេ​លើក​ឡើង​ថា លោក ហ៊ុន សែន ដែល​ជា​មេ​ដឹកនាំ​មាត់​ឆៅ ដៃដល់ ក៏​ធ្លាប់​បញ្ឆេះ​សង្គ្រាម ដើម្បី​ដណ្ដើម​អំណាច​ដែរ។ ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដឹកនាំ​ដោយ​សហ​នាយក​រដ្ឋមន្ត្រី​ទី២ លោក ហ៊ុន សែន ទម្លាក់​សហ​នាយក​រដ្ឋមន្ត្រី​ទី១ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​អំណាច កាល​ពី​ឆ្នាំ១៩៩៧។ ក្នុង​រដ្ឋប្រហារ​ដោយ​ការ​វាយឆ្មក់ ដើម្បី​ដណ្ដើមអំណាច ឬ​សង្គ្រាម​មួយ​ចម្អិន​កំពឹសនេះ បាន​សម្លាប់​ទាហាន និង​មន្ត្រី​រាជានិយម ដែល​ស្មោះត្រង់​នឹង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យ៉ាងតិច ២០០នាក់។ ពាក់ព័ន្ធ​នឹង​រឿង​នេះ នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ដែល​បាន​ឃ្លាំមើល​ការ​វិវត្តន៍​នូវ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ១៩៩០ មក​នោះ​ថា ជា​សង្គ្រាម​​ដណ្ដើម​អំណាច​របស់​លោក ហ៊ុន សែន។

ទាក់ទិន​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា គាំទ្រ​យោបល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឱ្យ​ចរចា​គ្នា ដើម្បី​បញ្ចប់​សង្គ្រាម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​យល់​ឃើញ​ថា បញ្ហា​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​រវាង​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច គឺ​ហួស​ពេល​ដែល​ត្រូវ​ស្វែងរក​ការ​ចរចា​គ្នា​ទៀត​ហើយ បន្ទាប់​ពី​មាន​ការ​កាត់ទោស​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​ទៅ ដែល​មាន​រយៈពេល ៥ឆ្នាំ​មក​ហើយ។

លោក ឯម សុវណ្ណារ៉ា៖«បើ​យើង​និយាយ​ទៅ​អ្វីៗ ទាំង​អស់​វា​អត់​ទាមទារ​ការ​សម្របសម្រួល ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ​ទេ។ វា​ទាមទារ​ឱ្យ​តែ​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ហ្នឹង អនុវត្ត​តាម​គោល​ការណ៍​ច្បាប់ ប្រជាធិបតេយ្យ​ពេញលេញ ទៅ​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ស្ដីពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស តាម​អ្វី​ដែល​ជា​រដ្ឋ​ហត្ថលេខី​ចុះ​ឱ្យ​សច្ចាប័ន ចុះ​ហត្ថលេខា​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ»។

ការ​លើក​ឡើង​ពី​គុណ​តម្លៃ​នៃ​សន្តិភាព លោក ហ៊ុន សែន ក៏​ធ្លាប់​យក​សង្គ្រាម​ជា​ដើម​ទុន​ឃោសនា​នយោបាយ​ដែរ ជាពិសេស នៅ​រៀងរាល់​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ម្ដងៗ ដោយ​លោក​ព្រមាន​ថា សង្គ្រាម​នឹង​កើត​ឡើង ប្រសិនបើ​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត។ មន្រ្តី​គណបក្ស​ប្រឆាំង ចង់​ឃើញ​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​របស់​អ្នក​នយោបាយ ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នៅ​ខែកក្កដា​ខាង​មុខ ដោយ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ជាង​ប្រយោជន៍​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។