មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​កូនប្រុស​បង្កើត​លោក ជា សុផារ៉ា នៅ​ក្រសួង​ដែនដី​បន្ទាប់ពី​ឪ

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​កូនៗ​ របស់​មេដឹកនាំ​មួយចំនួន​ឱ្យ​កាន់​តំណែង​គ្រាក់ៗ ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​ថា ជា​ផែនការ​ត្រៀម​ផ្ទេរអំណាច​ត​ពូជ​ដែល​មាន​លោក ហ៊ុន សែន ធ្វើជា​គំរូ​អាក្រក់​ដល់​ពួកគេ។ ការ​ផ្តល់​តួនាទី​តាមរយៈ​សាច់​លោហិត​របស់​មេដឹកនាំ​នេះ​ឱ្យ​មន្ត្រីរាជការ​គ្មាន​សែស្រឡាយ​បាត់បង់​ឱកាស​ទទួល​បាន​ការងារ ឬ​តួនាទី​ធំៗ​ ដូច​សែស្រឡាយ​របស់​មន្ត្រីជាន់ខ្ពស់។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​កូនប្រុស​បង្កើត​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក ជា សុផារ៉ា ត្រូវ​ដំឡើង​តំណែង​កាន់តែ​ធំ​បន្ទាប់ពី​ឪ។

និន្នាការ​នៃ​ការ​ផ្តល់​តួនាទី​គ្រាក់ៗ ​ដល់​សាច់សាលោហិត សាច់ញាតិ របស់​ថ្នាក់ដឹកនាំ​កំពូលៗ​ នៃ​គណបក្ស​កាន់អំណាច​ឱ្យ​ចូល​គ្រប់គ្រង​ក្នុង​ស្ថាប័នរដ្ឋ​ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​អំពី​បញ្ហា​គ្មាន​តម្លាភាព បញ្ហា​គ្រួសារនិយម និង​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័នរដ្ឋ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ ថ្លែង​ថា តាម​ច្បាប់​ការ​ដោះដូរ ឬ​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​ដែល​កាន់អំណាច។ ប៉ុន្តែ​លោក​យល់​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង ហើយ​ការ​រៀបចំ​បោះឆ្នោត​ក្លែងក្លាយ និង​វិធានការ​រឹត​ត្បិត​លើ​សេរីភាព​របស់​ពលរដ្ឋ​កន្លងមក​គឺជា​ចំណុច​គន្លឹះ​ក្នុង​ទិសដៅ​សម្រេច​ផែនការ​រៀបចំ​ទុកដាក់​កូនចៅ​របស់​អ្នកធំ​ឱ្យ​ចូល​កាន់​តួនាទី​គ្រាក់ៗ ​នៅ​តាម​ក្រសួង​អង្គភាព​របស់​រដ្ឋ​ដោយ​គ្មាន​ឧបសគ្គ​រារាំង​ដើម្បី​ត្រៀមខ្លួន​ជំនួស​ឪ​ដែល​កំពុងតែ​ដឹកនាំ​ស្រាប់​នោះ​។ លោ​ក​ថា ការតែងតាំង​កូនប្រុស​របស់​លោក ជា សុផារ៉ា ពេល​នេះ នឹង​ក្លាយជា​ការពង្រីក​បណ្ដាញ​សែស្រឡាយ ប្រព័ន្ធ​គ្រួសារនិយម​នៅ​តាម​ក្រសួង​បន្ថែម​ទៀត ជាពិសេស​ស្របតាម​ផែនការ​ដឹកនាំ​ត​ពូជ​របស់​លោក ហ៊ុន សែន ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដឹក​នាំ​បែប​ផ្ដាច់ការ ហើយ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។

លោក ម៉ែន សុថាវរិន្ទ៖ «ខ្ញុំ​យល់​ថា មិនមែន​ប៉ះ​តែ​កូន​អ្នក​ក្រ​ទេ យើង​និយាយ​ពី​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​វិញ គឺ​ប៉ះពាល់​គ្រប់​ស្រទាប់​តែម្តង អ្នកណា​ក៏ដោយ​ដូចជា​នៅក្នុង​នាយកដ្ឋាន​នីមួយៗ​គេ​មាន​កូន​ពូកែ​ដែរ តែបើ​សិន​អត់​មាន​ត្រកូល ​(​ហ៊ុន)ទេ​អាហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ គាត់​នៅតែ​ក្រោម​ការ​បញ្ជា​គេ​រហូត​ដូច​នឹង​ឪពុក​ដែរ អ៊ីចឹង​គេ​ដៅ​រួច​ស្រេច​ហើយ​ថា អ្នកឯង​ធ្វើ​ត្រឹមនេះ ហើយ​កូន​គេ​ធ្វើ​ត្រឹមនេះ​បាន​ស្រេច​ហើយ អំណាច​ផ្ដាច់ការ​គឺ​គេ​ដៅ​អ៊ីចឹង។ ឥឡូវនេះ​គាត់​(​ហ៊ុន សែន​)​ចង់​តែងតាំង ឬ​ចង់​ដាក់​អ្នកណា​នៅក្នុង​គណបក្ស​របស់​គាត់​ម៉េច​ដាក់​ទៅ តែ​សំខាន់​បំផុត​គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​បាទ»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាល​ពី​ថ្ងៃទី​៣០ ខែ​មីនា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​កូនប្រុស​បង្កើត​របស់​លោក ជា សុផារ៉ា គឺ​លោក ផារ៉ា មង្គល ឱ្យ​ធ្វើ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឆ្លើយតប​រឿង​នេះ រដ្ឋមន្ត្រីក្រសួង​ដែនដី​លោក ជា សុផារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា កូនប្រុស​របស់​លោក​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ ជាពិសេស​មាន​សមត្ថភាព​ដែល​សាកសម​ទទួល​បាន​មុខតំណែង​នេះ។

លោក ជា សុផារ៉ា៖ «គាត់​(ផារ៉ា មង្គល​)បាន​រៀន ការ​បណ្តុះបណ្តាល​មាន​សមត្ថភាព អ៊ីចឹង​ហើយ​វា​ជា​លក្ខណៈ​សម្បត្តិ​មួយ ខ្ញុំ​សួរ​ចេះ​វិញ បើ​មិន​តែងតាំង​(មន្ត្រី​)​គណបក្សប្រជាជន​ទៅ​តែងតាំង​អ្នកណា បើ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន ខ្ញុំ​ចេះតែ​ឆ្ងល់ បើ​គេ​មិន​សុំ​ផង តែ​ទោះបី​សុំ​ក៏​គេ​មិន​ឱ្យ​ដែរ គណបក្ស​ប្រជាជន​ទាល់​តែ​មាន​សមត្ថភាព មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទើប​តែងតាំង»។

លោក ផារ៉ា មង្គល ដែល​គេ​ស្គាល់​ថា ​ឈ្មោះ ជា សុផាភាសា ធ្លាប់​កាន់​តួនាទី​ជា​អគ្គនាយក​រង​រដ្ឋបាល​នៃ​ក្រសួង​អភិវឌ្ឍ​ជនបទ មុន​ពេល​ដែល​លោក​ផ្ទេរ​ទៅ​បម្រើ​ការងារ​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ដែនដី​រហូត​កាន់​តំណែង​កាន់តែ​ធំ ជាប់​នឹង​ឪពុក​របស់​លោក​ដែល​ជា​រដ្ឋមន្ត្រី​នៅ​ទីនោះ។

ទោះ​យ៉ាងណា​កូនប្រុស​ពៅ​របស់​លោក ជា សុផារ៉ា រូប​នេះ​ធ្លាប់​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​រឿង​ជះ​លុយ​មហាសាល​ទិញ​អចលនទ្រព្យ​មាន​ដ៏​តម្លៃ​នៅ​ប្រទេស​អូស្ត្រាលី។

កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ ព្រឹត្តិបត្រ​ជំនួញ​អចលនទ្រព្យ​អូស្ត្រាលី បាន​ចុះផ្សាយ​ព្រោងព្រាត​នូវ​ព័ត៌មាន​ដែល​ថា ប្តី​ប្រពន្ធ​មួយគូ «​ដែល​មាន​ប្រភព​ចេញ​មក​ពី​សែស្រឡាយ​ក្រុម​គ្រួសារ​មេដឹកនាំ​នៅ​កម្ពុជា​» បាន​ជះ​លុយ​ទិញ​ភូមិគ្រឹះ​មួយ​កន្លែង​ទល់មុខ​នឹង​មាត់ទឹក ក្នុង​តម្លៃ រហូត​ដល់​ទៅ ១១​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើនឹង​ជាង ៨,១​លាន​ដុល្លារ​អាមេរិក ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​ស៊ីដនី​។ អ្នក​ទិញ​ភូមិគ្រឹះ​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី​លោក ផា​រ៉ា មង្គល និង​ភរិយា​ឈ្មោះ តាវ ម៉ាឌីណា ដែល​ជា​កូនស្រី​បង្កើត​របស់​អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក តាវ សេងហួរ នោះ​ទេ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​ដឹ អូស្ត្រាលៀន (The Australian) ចុះផ្សាយ​ថា លោក ផារ៉ា មង្គល និង​ភរិយា​បាន​ដាក់​លក់​ភូមិគ្រឹះ​ទំហំ​ជាង ​៣​ពាន់ ​(៣.៦៦៨) ម៉ែត្រ​ការ៉េ ដែល​ពួកគេ​បាន​ទិញ​កាលពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​រហូត​ដល់ ​៣៨​លាន​ដុល្លារ​។ ប្រភព​ដដែល​បញ្ជាក់​ថា តម្លៃ​ភូមិគ្រឹះ​រាប់​លាន​ដុល្លារ​នោះ នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អះអាង​ថា អូស្ត្រាលី​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​លាក់​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​មួយចំនួន​នៅ​កម្ពុជា។

ចលនា​មាតា​ធម្មជាតិ​បាន​កត់សម្គាល់​ថា បើ​ពិនិត្យមើល​លើ​ប្រាក់បៀវត្សរ៍​ផ្លូវការ​របស់​លោក ផារ៉ា មង្គល ជា​នាយក​ខុទ្ទកាល័យ​របស់​ឪពុក​លោក​កាល​នោះ ប្តី​ប្រពន្ធ​មួយគូ​នេះ ទំនងជា​មិនអាច​យក​ប្រាក់​ខែ​នេះ​ទៅ​ទិញ​អចលនទ្រព្យ​តម្លៃ​ដល់​ទៅ ៨,១ លាន​ដុល្លារ​អាមេរិក​​នោះ​បាន​ឡើយ​។ ទន្ទឹម​នឹង​នេះ ចលនា​មាតា​ធម្មជាតិ បាន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ឲ្យ​បើក​ការស៊ើបអង្កេត ថា តើ​លោក ផារ៉ា មង្គល បាន​លុយ​នោះ​មកពីណា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ ថ្លែង​ថា លោក​មិន​បដិសេធ​ចំពោះ​កូន​មេដឹកនាំ​ចូល​បម្រើ​ជាតិ​នោះ​ទេ ប្រសិនបើ​ការ​តែងតាំង​លោក ផារ៉ា មង្គល និង​អ្នក​ផ្សេងទៀត ធ្វើឡើង​ទៅតាម​សមត្ថភាព​ពិតប្រាកដ និង​មាន​ស្នាដៃ​ជួយ​ជាតិ​មែន​នោះ។ ក៏ប៉ុន្តែ​លោក​ថា បើ​សិន​ការតែងតាំង​នេះ ដោយសារ​សែស្រឡាយ​បក្សពួកនិយម​នោះ នោះ​រឿង​នេះ​ជា​ក្តី​បារម្ភ​ដែល​នឹង​នាំ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ ហើយ​អ្នក​តូចតាច​គ្មាន​បក្ខពួក​ពុំ​មាន​ឱកាស​ធ្វើ​ការ​ងារ​ធំ​នោះ​ទេ។

លោក ផារ៉ា មង្គល៖ «ការតែងតាំង​កូន​គ្មាន​អ្នក​ណា​ទៅ​រិះគន់ ទៅ​បដិសេធ​ទេ គេ​លើកទឹកចិត្តឱ្យ​កូន​អ្នកធំ អ្នកមាន​យសស័ក្ដិ​ខិតខំ​ចូល​បម្រើ​ជាតិ ប៉ុន្តែ​កន្លងទៅ​ការ​ឡើង​តួនាទី​ទៅ​រដ្ឋលេខាធិការ ឧត្តមសេនីយ៍​ឯក ជាពិសេស​ ដាក់​នៅ​កន្លែង​ជាមួយ​ឪពុក ជាមួយ​បងប្អូន អាហ្នឹង​ហើយ​ជា​បញ្ហា ​ដែល​យើង​បារម្ភ​ថា​វា​ក្លាយជា​ទំនាស់​ផលប្រយោជន៍ នៅពេល​គ្រួសារនិយម​នៅក្នុង​ក្រសួង​ជំនាញ​ដើរ​តួនាទី​ធានា​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ»។

នៅក្នុង​ស្ថាប័នរដ្ឋ​សព្វថ្ងៃ​នេះ គឺ​សឹងតែ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​កំពូលៗ​ របស់ គណបក្ស​កាន់អំណាច បើ​មាន​ឪពុក ឬក៏​ម្ដាយ​ជា​តំណាងរាស្ត្រ ជា​ប្រធាន​ស្ថាប័ន ឬក៏​មន្ត្រីជាន់ខ្ពស់​នៅ​កន្លែង​ណាមួយ​គឺ​គេ​តែងតែ​យកប្រពន្ធ ប្តី កូន ឬក៏​សាច់ញាតិ មក​ដាក់​ឲ្យ​កាន់​តំណែង​ក្រោម​ឱវាទ​របស់​ខ្លួន ឬក៏​កន្លែង​ខ្លាញ់​ណាមួយ​ដែរ។ បញ្ហា​សាច់​សាលោហិត សាច់ញាតិ របស់​ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​កំពុង​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ​គេ​ឃើញ​មាន​ចាប់តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន តាំងពី​ថ្នាក់​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រហូត​ដល់​ថ្នាក់​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ឬ​ថ្នាក់​ភូមិ​ឃុំ​តែម្ដង។

ជាក់ស្ដែង កូនប្រុស​របស់​លោក ហ៊ុន សែន ទាំង ៣​នាក់ គឺ​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី ព្រមទាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា និង​លោក សុខ ពុទ្ធិវុធ សុទ្ធតែ​ត្រូវ​បាន​ដំឡើង​តួនាទី​ធំៗ​សំខាន់ៗ​ក្នុង​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​កងទ័ព​។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​កំពុង​រៀបចំ​ផ្ទេរអំណាច​ឲ្យ​កូនច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ស្នង​ដំណែង​បន្ត​ផង​ដែរ។

រីឯ​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង ក៏​មាន​កូនប្រុស​ឈ្មោះ ស សុខា ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ កូនប្រុស​ពៅ​ឈ្មោះ ស រដ្ឋា មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ ៣ និង​ក្មួយៗ ​របស់​លោក ក៏​ជា​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ផង​ដែរ។ ចំណែក​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មានកូន​ប្រុស​ឈ្មោះ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ស្របពេល​ប្រធានរដ្ឋសភា​លោក ហេង សំរិន មានកូន​ប្រសា​ឈ្មោះ វង សូត ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល មានកូន​ប្រុស​ឈ្មោះ ស៊ុយ ឌីម៉ង់ គឺជា​រដ្ឋលេខាធិការ​ក្រសួង​នោះ​ដែរ​។ ទន្ទឹម​គ្នា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏​មាន​កូនប្រុស ២​នាក់​របស់​លោក​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង​យ៉ិនទៀង ពុទ្ធិរ៉ា ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ ទន្ទឹម​នឹង​នេះ​ក្រសួង ស្ថាប័ន​ជាតិ​ផ្សេងទៀត​ក៏​មាន​ការ​អនុវត្ត​ដូចៗ​ គ្នា​នេះ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ផែនការ​ដំឡើង​កូន​អ្នកធំ​ឲ្យ​ធ្វើការ​មាន​តំណែង​ខ្ពង់ខ្ពស់​ត្រៀម​ស្នង​តំណែង​ពី​ឪពុក​ជា​ប្រធាន​ស្ថាប័ន​នោះ​បង្ហាញថា​ យុវជន​ផ្សេងទៀត ​ដែល​មិន​មាន​សែស្រឡាយ​ជាម​ន្ត្រី​ធំ មិនអាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​តំណែង​ទាំងអស់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។