មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​ទទួល​ខុស​ត្រូវ​វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ក្នុង​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ​​ដែល​ប៉ះ​ពាល់​លើ​ពលរដ្ឋ ក្នុង​ពេល​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ សេចក្ដីព្រាងច្បាប់ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស ​ក្នុង​​ពេល​អាសន្ន នឹង​ត្រូវ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បើក​កិច្ច​ប្រជុំ​ពិភាក្សា នៅ​ថ្ងៃ​ទី៧ មេសា​នេះ។

អ្នក​ជំនាញ​​​កសិកម្ម​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ច្បាប់​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ ឬ​រក​វិធី​ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រសើរ​ជា​ជាង​ធ្វើ​ច្បាប់ ​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន។

សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​មណ្ឌល​ពោធិ៍សាត់​ នៃ​គណបក្ស​​សង្គ្រោះ​ជាតិ លោក ងឹម ញេង យល់​ថា បញ្ហា​ចំពោះ​មុខ​ គឺ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន ត្រូវ​ទទួល​ខុសត្រូវ​លើ​វិបត្តិ​សេដ្ឋកិច្ច ទុក្ខ​លំបាក​របស់​​ពលរដ្ឋ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ (Covid-19)។ លោក​ថា ​ប្រសិន​បើ​ លោក​ ហ៊ុន សែន នៅ​តែ​ជម្នះ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មែន​នោះ ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ ទទួល​ខុស​ត្រូវ​លើ​ទាំង​អស់​នេះ។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​រូប​នេះ មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ ដោយ​ហៅ​ការ​ធ្វើ​ច្បាប់​​ដ៏​រឹតត្បិត​នេះ​​ គឺ​ជា​ការ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន៖ « ជៀស​មិន​រួច​ពី​ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​​ ត្រូវ​ប្រឈម​ធំៗ ទេ។ អ៊ីចឹង ក្នុង​តួនាទី​ជា​មេដឹកនាំ​ ដែល​ខ្ញុំ​បញ្ជាក់​ខាង​ដើម​ថា តួនាទី​ស្ម័គ្រ​ការ​ទទួល​ខុស​ត្រូវ​ គឺ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ ជោគ​វាសនា​ប្រទេស​ជាតិ ការ​លំបាក ទុក្ខ​សោក​​របស់​ប្រជាពលរដ្ឋ គឺ​ការ​ដោះស្រាយ​ទុក្ខ​សោក​ផ្សេងៗ​ របស់​ប្រជាពលរដ្ឋ។ យើង​មាន​ជម្រើស​ច្រើន ដើម្បី​ដោះស្រាយ តែ​គាត់​មិន​ជ្រើស​យក​​ជម្រើស​ដោះស្រាយ​ទេ។ គាត់​ប្រើប្រាស់​តែ​អំណាច នរណា​ងាប់​អ្វី​ងាប់​ទៅ។ យើង​ស្គាល់​ច្បាស់​ហើយ លោក ហ៊ុន សែន តាំង​ពី​ដើម​មក​ មិន​ដែល​ខ្វល់​ពី​រាស្ត្រ​ខ្មែរ​ទេ។ អ៊ីចឹង គាត់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​ជាតិ​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា គាត់​អត់​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ​ទេ។ គាត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ»

ជុំវិញ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ច្រើន​ដង ​នៅ​ថ្ងៃ​ទី៦ មេសា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា ពង្រាង​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​​ភាព​អាសន្ន ​ដែល​បាន​ផ្ដល់​អំណាច​ច្រើន​លើស​លប់​​ដល់​រដ្ឋាភិបាល​ ឱ្យ​ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​អាច​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ អាច​គ្រប់​គ្រង​ប្រទេស​តាម​បែប​អាជ្ញាសឹក ត្រូវ​បាន​បញ្ជូន​ដល់​រដ្ឋសភា តាំង​ពី​ថ្ងៃ​ទី៣ មេសា។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៦ មេសាថា ពង្រាង​ច្បាប់​នេះ នឹង​ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី៧ មេសា ដើម្បី​ពិនិត្យ​មើល មុន​នឹង​​ឈាន​​ដល់​​នីតិវិធី​ប្រជុំ​​សភា​ពេញ​អង្គ៖ « ដាក់​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​សិក្សា។ ទាល់តែ​គណៈកម្មការ​ជំនាញ គាត់​សិក្សា​ស្រាវជ្រាវ​រួច នឹង​រាយការណ៍​ជូន​គណៈ​អចិន្ត្រៃយ៍។ គណៈ​អចិន្ត្រយ៍​នឹង​​សម្រេច​បន្ត​ទៀត»

ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​​​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ សង្កេត​ឃើញ​​ថា តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា មិន​​​ទាន់​ដល់​ថ្នាក់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដូច​បណ្ដា​ប្រទេស​ ដែល​មាន​ការ​ឆ្លង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​គួរ​ធ្វើ​​ច្បាប់​​បញ្ចេញ​កញ្ចប់​​ថវិកា​ជាតិ​ ឬ​ រក​​វិធី​ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​​​​រង​ ផល​ប៉ះពាល់​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ជា​ជាង​ធ្វើ​​ច្បាប់​​គ្រប់​គ្រង​ប្រទេស​​ក្នុង​ភាព​អាសន្ន៖ « យើង​ធ្វើ​ច្បាប់ ឥឡូវ ត្រូវ​ជួយ​ប្រជាជន​យ៉ាង​ដូច​ម្ដេច ? ទប់​ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ស្បៀង​ អ្វី​អ៊ីចឹង​ណា។ អា​ហ្នឹង​ហើយ ដែល​យើង​ចង់​ឃើញ​ថា ​ចាប់​ផ្ដើម​ធ្វើ​ច្បាប់​ហ្នឹង ជា​ពិសេស​​ទាក់ទង​រឿង​ច្បាប់​ថវិកា​ជាតិ ​ឲ្យ​សភា​ហ្នឹង​ ឲ្យ​ព្រឹទ្ធិ​សភា​ហ្នឹង អនុម័ត​ព្រោះ​ថវិកា​ វា​ត្រូវ​ឆ្លង​កាត់​ជាមួយ​សភា ហើយ​អ៊ីចឹង​ថវិកា​ជាតិ​ បាន​អនុម័ត​ហើយ ​អា​​ហ្នឹង​ថវិកា​ទូទៅ។ ថវិកា​ពិសេស​នេះ ថា​យើង​ត្រូវ​ថែម​លុយ​ប៉ុន្មាន ដើម្បី​ធ្វើការ​​ងារ​ហ្នឹង ហើយ​ត្រូវ​ខ្ចី​លុយ​គេ​ថែម​ប៉ុន្មាន បើ​យើង​អត់​មាន ហើយ​ត្រូវ​យក​ពី​ទុន​បម្រុង​របស់​ជាតិ​ប៉ុន្មាន ? ខ្ញុំ​ថា រឿង​ហ្នឹង វា​ចាំ​បាច់​ជាង»

បើ​ទោះ​​ពេល​នេះ​ របប​ លោក ហ៊ុន សែន មិន​ទាន់​បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ឡើយ តែ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កើត​លើ​ពលរដ្ឋ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង បាត់​ទៅ​ហើយ។ ពលរដ្ឋ​ក្រីក្រ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រង​ផល​ប៉ះពាល់​លើ​ជីវភាព​ធ្ងន់ធ្ងរ​ ស្រប​ពេល​កម្មករ​គ្រប់​វិស័យ​ បាត់​បង់​ប្រាក់​ចំណូល​ ដោយសារ​គ្មាន​ការងារ​ធ្វើ ហើយ​នាំ​គ្នា​ត្រលប់​ទៅ​ស្រុក​កំណើត​រៀង​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។