មន្ត្រីគណបក្សប្រឆាំងមិនទុកចិត្តរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អាចកសាងហេដ្ឋារចនាសម្ពន្ធតាមបណ្ដោយព្រំដែនដោយសន្សំសំចៃ និងគ្មានអំពើពុករលួយឡើយ ស្របពេលដែលមន្ត្រីក្រោមឱវាទរបស់រដ្ឋាភិបាលនេះនៅតែមិនទាន់បង្ហាញគម្រោងចំណាយជាក់លាក់ពីការសាងសង់ផ្លូវនៅឡើយ។ ការលើកឡើងនេះគឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ប្រកាសពីការវិវត្តនៃការងារសាងសង់ផ្លូវក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិកាដែលបានមកពីការរៃអង្គាសប្រាក់ពីពលរដ្ឋ។
ក្រោយបិទបញ្ចប់យុទ្ធនាការរយៈពេល ៦៦ថ្ងៃនៃការរៃអង្គាសលុយពីពលរដ្ឋកាលពីចុងខែតុលា ដែលរដ្ឋាភិបាលអះអាងថា ដើម្បីយកទៅកសាងផ្លូវក្រវាត់ព្រំដែនរួចមក រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទើបតែបង្ហាញពីលទ្ធផលនៃការងារឈូសឆាយផ្លូវខ្សែដំបូងមានមុខកាត់៥ម៉ែត្រ បានប្រវែងប្រមាណជិត៦០គីឡូម៉ែត្រ។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែធ្នូ ថា ការបង្ហាញពីលទ្ធផលនៃដំណើរការឈូសឆាយផ្លូវក្រវាត់ព្រំដែននេះគឺជារឿងល្អ។ ប៉ុន្តែលោកមិនទុកចិត្តលើការប្រើប្រាស់ថវិការបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នោះទេ ពីព្រោះគិតមកទល់ពេលនេះរដ្ឋាភិបាលពុំបានបង្ហាញពីការចំណាយលុយជាក់លាក់លើការឈូសឆាយផ្លូវខ្សែដំបូងនេះនៅឡើយទេ។ លោកបន្តថា ការបង្ហាញពីលទ្ធផលដំបូងនៃការសាងសង់ផ្លូវរបស់រដ្ឋាភិបាលនៅពេលនេះគឺគ្រាន់តែជាសារនយោបាយប្រជាភិថុតិដើម្បីលួងចិត្តពលរដ្ឋកុំឱ្យរិះគន់រដ្ឋាភិបាលពីរឿងរៃអង្គាសលុយពលរដ្ឋ។
លោក អ៊ំ សំអាន៖«ខ្ញុំគិតថា វាមិនមានតម្លាភាពនោះទេ យើងដឹងហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពុករលួយតាំងពីលើដល់ក្រោម អ៊ីចឹងមូលនិធិដែលទទួលបានពីឧកញ៉ា និងពលរដ្ឋវាមិនបានទៅដល់ការធ្វើផ្លូវ១០០%នោះទេ។ យ៉ាងហោច៥០%ចូលហោប៉ៅរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ហ្នឹងដោយសារតែអំពើពុករលួយ។ យើងមើលផ្លូវស្រុកខ្មែរធ្វើមុខខូចក្រោយៗអ៊ីចឹងផ្លូវហ្នឹងគ្មានគុណភាពនោះទេ»។
ការលើកឡើងពីមន្ត្របក្សប្រឆាំងរូបនេះគឺបន្ទាប់ពីក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅថ្ងៃទី២៧ ខែធ្នូ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីការវិវត្តនៃការងារសាងសង់ផ្លូវក្រវាត់ព្រំដែន។ ក្នុងនោះ រដ្ឋាភិបាលបានបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបានប្រមាណជិត១លាន៥សែនម៉ែត្រការ៉េ (១.៤៦២.៥០០ម៉ែត្រការ៉េ) និងបានឈូសឆាយផ្លូវខ្សែដំបូងមានមុខកាត់៥ម៉ែត្របានប្រវែងជិត ៦០គីឡូម៉ែត្រ (៥៨,៥គីឡូម៉ែត្រ) ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន លោក គឹម ប៊ុនថាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងបានទេនៅថ្ងៃទី២៧ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត មានប្រសាសន៍ថា សេចក្ដីប្រកាសរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលលើកឡើងពីការធ្វើផ្លូវក្រវាត់ព្រំដែនគឺមិនទាន់គ្រប់គ្រាន់នឹងអាចបញ្ជាក់ថា រដ្ឋាភិបាលធ្វើផ្លូវប្រកបដោយតម្លាភាព និងប្រសិទ្ធភាពនោះទេ។ លោកបន្តថា ដើម្បីធ្វើឱ្យពលរដ្ឋទុកចិត្តលើការកសាងផ្លូវក្រវាត់ព្រំដែន គឺរដ្ឋាភិបាលគួរតែបង្ហាញពីបច្ចុប្បន្នភាពនៃការចាយវាយលុយទៅលើការសាងសង់ផ្លូវ លើកទឹកចិត្តពលរដ្ឋឱ្យរស់នៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែន និងប្ដេជ្ញាចិត្តការពារបូរណភាពទឹកដីដោយសើរើឡើងវិញការចុះអនុសញ្ញាទាំងឡាយពាក់ព័ន្ធរឿងព្រំដែនជាមួយប្រទេសវៀតណាម។
លោក ម៉ែន ណាត៖«ទី៣រដ្ឋាភិបាលមិនត្រឹមតែអភិវឌ្ឍន៍ខ្សែក្រវាត់ព្រំដែនតែប៉ុណ្ណឹងទេត្រូវតែសើរើខ្សែបន្ទាត់ព្រំដែនដែលបោះកន្លងទៅដែលវាមានភាពមិនប្រក្រតីដែលបោះតាមសន្ធិសញ្ញាខុសឆ្គងឆ្នាំ២០០៥ ឆ្នាំ២០១៩ ត្រូវសើរើឡើងវិញហើយធ្វើនិរាករណ៍សន្ធិសញ្ញាចោលឱ្យអស់អ៊ីចឹងបានអាចធានានៅការអភិវឌ្ឍព្រំដែនបានរឹងមាំ»។
ក្រោយផ្ទុះការរិះគន់ និងការតវ៉ាពីសំណាក់ក្រុមប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងនិងក្រៅប្រទេសពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមដោយសារកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួចមក រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបើកយុទ្ធនាការរយៈពេល ៦៦ថ្ងៃដើម្បីរៃអង្គាសលុយពីពលរដ្ឋដោយអះអាងថា យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ អាជ្ញាធររដ្ឋាភិបាលក៏បានចាប់ខ្លួនក្រុមអ្នករិះគន់កិច្ចសហប្រតិបត្តិការនេះប្រមាណជិត ១០០នាក់ ដោយចោទថា ពលរដ្ឋទាំងនេះមានបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល។ នៅទន្ទឹមនឹងនេះ រដ្ឋាភិបាលបានប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារ (២៦.៩៦៧.៦០៩ដុល្លារ) ពីពលរដ្ឋជាង៧សែននាក់។ ក្រោយបញ្ចប់យុទ្ធនាការនេះនៅដំណាច់ខែតុលា រដ្ឋាភិបាលប្រកាសថា នឹងសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រ ជាផ្លូវក្រាលល្បាយថ្មមួយខ្សែថ្មីមានតួផ្លូវ ៩ទៅ១០ម៉ែត្រ និងមុខកាត់ ៧ម៉ែត្រ ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ រដ្ឋាភិបាលក៏គ្រោងបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះលើផ្ទៃដីសរុបជាង ៦លាន២សែនម៉ែត្រការ៉េ (៦.២៥០.០០០ម៉ែត្រការ៉េ) និងកសាងសំណង់មួយចំនួនទៀត។ រដ្ឋាភិបាលអះអាងថានឹងបញ្ចប់គម្រោងសាងសង់ទាំងនេះក្នុងរយៈពេលប្រមាណ២ឆ្នាំកន្លះ។
ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គម និងមន្ត្រីបក្សប្រឆាំងចង់ឃើញរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តការពារបូរណភាពទឹកដីតាមរយៈការលុបចោលដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យទៅក្រុមហ៊ុនវៀតណាម និងបង្ហាញពីតម្លាភាពនៃការចាយវាយលុយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនជាសាធារណៈ ពីព្រោះកន្លងទៅរាល់គម្រោងអភិវឌ្ឍន៍មួយចំនួនគឺក្រុមគ្រួសារត្រកូល «ហ៊ុន» តែងលាក់បាំង និងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការរកស៊ីទុច្ចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។