លោក ហ៊ុន សែន បញ្ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ឱ្យស្វែងរក​អ្នក​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឱ្យ​ខូច

ដោយ មាន ឫទ្ធិ
2023.07.05
លោក ហ៊ុន សែន បញ្ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ឱ្យស្វែងរក​អ្នក​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឱ្យ​ខូច (រូបឯកសារ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីសម្ពោធការដ្ឋានវារីអគ្គិសនីនៅខេត្តពោធិ៍សាត់ កាល​ពីខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្វែងរក​បុគ្គល ដែល​លោក​អះអាង​ថា ឃោសនា​បន្លំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច។ ដោយឡែក មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស នៅតែ​ជំរុញ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​បោះឆ្នោត​ក្លែងក្លាយ។

ទោះបីជា​គ្មាន​គណបក្ស​នយោបាយ ដែល​មាន​លទ្ធភាព​ដណ្ដើម​អាសនៈ នៅ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្ដី លោក ហ៊ុន សែន នៅតែ​ព្រួយ​បារម្ភ​ពី​ការ​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច។

អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ ខែកក្កដា បាន​ថ្លែង​សារ​ជា​សំឡេង រយៈ​ពេល​ប្រមាណ ៥នាទី ណែនាំ​ឱ្យ​មន្ត្រី​បក្សប្រជាជន​កម្ពុជា ស្វែងរក​បុគ្គល​ដែល​បន្លំ​ខ្លួន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ឃោសនា​បន្លំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្វែងរក​អ្នក​បង្រៀន​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច​តាម​អនឡាញ​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​នាំពាក្យ គ..ប លោក ហង្ស ពុទ្ធា លើក​ឡើង​ថា ជន​ដែល​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច មិន​ត្រឹមតែ​ទទួល​ពិន័យ​ពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ​ទេ ក៏​អាច​ប្រឈម​នឹង​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ផ្សេងៗ ទៀត​ផង​ដែរ។ លោក​បន្ថែម​ថា មាត្រា១៤២ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ចែង​ថា បុគ្គល​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​អំពី​នីតិវិធី​នៃ​ការ​បោះឆ្នោត នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ចាប់​ពី ៥លាន​រៀល ទៅ​ដល់ ២០លាន​រៀល។

Ticking_the_ballots.jpg
គំនូសផ្សេងៗ ដែលគណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គជប) ណែនាំអ្នកបោះឆ្នោត​ឱ្យ​គូស​លើ​សន្លឹក​ឆ្នោត ពេលជ្រើសរើសគណបក្សណាមួយ។ រូប៖ ហ្វេសប៊ុក គ.ជ.ប

ដូចគ្នាទៅនឹងព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៨ ដែល​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​បោះ​ឆ្នោត​នោះ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី៧នេះ គ..ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស ដែល​មាន​លទ្ធភាព​ដណ្ដើម​យក​កៅអី​តំណាងរាស្ត្រ​តែ​មួយ​គត់ ជាមួយ​គណបក្ស​កាន់​អំណាច ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឡើយ។ ដោយ​ព្រួយ​បារម្ភ​អំពី​ផែនការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត នោះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​ប្រជាពលរដ្ឋ ដែល​មាន​បំណង​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច អាច​នឹង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ផង​ដែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ អះអាង​ថា ប្រជាពលរដ្ឋ​ដែល​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច និង​មិន​ប្រឈម​នឹង​ផ្លូវ​ច្បាប់​អ្វី​នោះ​ឡើយ ព្រោះ​ការ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មិន​គាំទ្រ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ឡើង​ដោយ​លោក ហ៊ុន សែន។ ជាមួយ​គ្នា​នេះ លោក​ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​តាមដាន​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ ដែល​ពួក​គេ​បាន​ទៅ​បោះ​ឆ្នោត​ផង​ដែរ។

ជុំវិញរឿងនេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី លើក​ឡើង​ថា បុគ្គល​ដែល​ផ្សព្វផ្សាយ​បន្លំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ខូច ត្រូវតែ​ទទួល​ពិន័យពី គ..ប។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ប្រជាពលរដ្ឋ​នឹង​មិន​រង​ការ​ពិន័យ ឬ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ ប្រសិនបើ​ពួក​គេ​គូស​សន្លឹក​ឆ្នោត​ឱ្យ​ខូច។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​ការ​បោះឆ្នោត​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ​ក្ដី ប៉ុន្តែ រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នេះ នឹង​មិន​ត្រូវ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​ពី​ស្ថាប័ន​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ ក្រៅពី​ប្រឈម​នឹង​ការ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ជាប់​ឈ្មោះ​ជា​អ្នក​នយោបាយ​កំសាក ក្នុង​ប្រវត្តិសាស្ត្រ តាម​រយៈ​ការ​ធ្វើ​នយោបាយ​បែប​ស្មោកគ្រោក មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។