លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាស្វែងរកបុគ្គល ដែលលោកអះអាងថា ឃោសនាបន្លំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យខូច។ ដោយឡែក មន្ត្រីគណបក្សប្រឆាំងនៅក្រៅប្រទេស នៅតែជំរុញប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យខូច ដើម្បីបង្ហាញការមិនពេញចិត្ត ចំពោះការបោះឆ្នោតក្លែងក្លាយ។
ទោះបីជាគ្មានគណបក្សនយោបាយ ដែលមានលទ្ធភាពដណ្ដើមអាសនៈ នៅរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជាក្ដី លោក ហ៊ុន សែន នៅតែព្រួយបារម្ភពីការឃោសនាឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យខូច។
អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន នៅថ្ងៃទី៥ ខែកក្កដា បានថ្លែងសារជាសំឡេង រយៈពេលប្រមាណ ៥នាទី ណែនាំឱ្យមន្ត្រីបក្សប្រជាជនកម្ពុជា ស្វែងរកបុគ្គលដែលបន្លំខ្លួនជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានឃោសនាបន្លំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យខូច។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វែងរកអ្នកបង្រៀនគូសសន្លឹកឆ្នោតឱ្យខូចតាមអនឡាញផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា ជនដែលញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យខូច មិនត្រឹមតែទទួលពិន័យពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះទេ ក៏អាចប្រឈមនឹងនីតិវិធីតាមផ្លូវច្បាប់ផ្សេងៗ ទៀតផងដែរ។ លោកបន្ថែមថា មាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតចែងថា បុគ្គលដែលធ្វើឱ្យមានការភ័ន្តច្រឡំអំពីនីតិវិធីនៃការបោះឆ្នោត នឹងត្រូវពិន័យជាទឹកប្រាក់ ចាប់ពី ៥លានរៀល ទៅដល់ ២០លានរៀល។

ដូចគ្នាទៅនឹងព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតនោះ សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៧នេះ គ.ជ.ប មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ដែលជាគណបក្ស ដែលមានលទ្ធភាពដណ្ដើមយកកៅអីតំណាងរាស្ត្រតែមួយគត់ ជាមួយគណបក្សកាន់អំណាច ឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតឡើយ។ ដោយព្រួយបារម្ភអំពីផែនការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត នោះ លោក ហ៊ុន សែន ក៏ធ្លាប់បានគំរាមប្រជាពលរដ្ឋ ដែលមានបំណងគូសសន្លឹកឆ្នោតឱ្យខូច អាចនឹងប្រឈមបញ្ហាផ្លូវច្បាប់ផងដែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ អះអាងថា ប្រជាពលរដ្ឋដែលគូសសន្លឹកឆ្នោតឱ្យខូច និងមិនប្រឈមនឹងផ្លូវច្បាប់អ្វីនោះឡើយ ព្រោះការគូសសន្លឹកឆ្នោតឱ្យខូច គឺធ្វើឡើងដោយសម្ងាត់ និងជាការឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាពលរដ្ឋមិនគាំទ្រការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំឡើងដោយលោក ហ៊ុន សែន។ ជាមួយគ្នានេះ លោកក៏ជំរុញឱ្យប្រជាពលរដ្ឋតាមដានការរាប់សន្លឹកឆ្នោតតាមការិយាល័យ ដែលពួកគេបានទៅបោះឆ្នោតផងដែរ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និចហ្វិក លោក សំ គន្ធាមី លើកឡើងថា បុគ្គលដែលផ្សព្វផ្សាយបន្លំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតខូច ត្រូវតែទទួលពិន័យពី គ.ជ.ប។ ទោះជាយ៉ាងណាក្ដី លោកអះអាងថា ប្រជាពលរដ្ឋនឹងមិនរងការពិន័យ ឬប្រឈមនឹងផ្លូវច្បាប់ណាមួយឡើយ ប្រសិនបើពួកគេគូសសន្លឹកឆ្នោតឱ្យខូច។
អ្នកវិភាគនយោបាយលើកឡើងថា បើទោះជាគណបក្សប្រជាជនកម្ពុជា អាចទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីការបោះឆ្នោតក្នុងខែកក្កដាខាងមុខនេះក្ដី ប៉ុន្តែ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនេះ នឹងមិនត្រូវទទួលស្គាល់ភាពស្របច្បាប់ពីស្ថាប័នអន្តរជាតិ និងបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ក្រៅពីប្រឈមនឹងការរងទណ្ឌកម្មសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋហើយនោះ លោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក៏នឹងជាប់ឈ្មោះជាអ្នកនយោបាយកំសាក ក្នុងប្រវត្តិសាស្ត្រ តាមរយៈការធ្វើនយោបាយបែបស្មោកគ្រោក មិនហ៊ានអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងនយោបាយជាមួយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។