បក្ស​ប្រឆាំង​ប្រកាស​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ទូទាត់​ថវិកា​របស់​រដ្ឋ​ឆ្នាំ​២០១៣

ដោយ ប្រាជ្ញ ចេវ
2015-06-29
Share
សុន ឆ័យ ៦២០ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​ដែល​បាន​ចូលរួម​ប្រជុំ​សភា មិន​ព្រម​លើកដៃ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ នោះ​ទេ។ ផ្ទុយ​ទៅ​វិញ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​លើក​ដៃ​ទាំង​អស់​គ្នា​ដើម្បី​អនុម័ត។ តើ​តំណាង​នៃ​គណបក្ស​ពីរ​នេះ​មាន​ឆន្ទៈ និង​អំណះអំណាង​ខុស​គ្នា​ដូច​ម្ដេច​ចំពោះ​ច្បាប់​នេះ?

ការ​ចាយវាយ​ថវិកា​ជាតិ​ខុស​ពី​តួលេខ​ចំណូល​ចំណាយ​គ្មាន​របាយការណ៍​ច្បាស់លាស់ ស្ថាប័ន​ជាតិ​ត្រូវ​ចាយ​លុយ​ច្រើន​បែរ​ជា​ចាយ​លុយ​សល់ ប៉ុន្តែ​ក្រសួង​ដែល​ត្រូវ​ចាយ​លុយ​អស់​តិច​បែរ​ជា​ចាយ​លុយ​រដ្ឋ​លើក​កំណត់ ជាដើម​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​អាច​ព្រម​លើកដៃ​អនុញ្ញាត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឡើង​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ដែល​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ពិនិត្យ​ឡើង​វិញ​ម្ដង​ទៀត។ លោក សុន ឆ័យ ថ្លែង​បញ្ជាក់​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ៖ «»។

ទោះ​បី​លោក សុន ឆ័យ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត លើក​ឡើង​អំពី​ភាព​ខ្វះ​ចន្លោះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន នៅ​ថ្លែង​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ។  ចំណែក​សំនួរ​ខ្លះ​ទៀត​របស់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ក៏​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​បកស្រាយ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​បញ្ជាក់​ថា ចំណូល​ចំណាយ​ក្នុង​ឆ្នាំ​២០១៣ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្ថានការណ៍​ប្រទេស និង​មាន​របាយការណ៍​ច្បាស់លាស់។ លោក​រដ្ឋមន្ត្រី​អះអាង​ថា ក្រសួង​កំពុង​ប្រមូល​ក្រុមហ៊ុន​នានា និង​រក​មធ្យោបាយ​ងាយៗ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ប្រមូល​ពន្ធ និង​បង្ក​ភាព​ងាយ​ដល់​អ្នក​បង់ពន្ធ៖ «»។

ទោះ​បែប​នេះ​ក្ដី ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ថ្ងៃ​ទី​២៩ ខែ​មិថុនា លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ចាយ​លុយ​ជាតិ​នៅ​ឆ្នាំ​២០១៣ លើស​ផែនការ​ជាង ១៤០​ភាគរយ ហើយ​មាន​ឆ្នាំ​ខ្លះ​ទៀត ចាយ​លើស​ដល់ ២០០​ភាគរយ។ ចំណែក​ក្រសួង​ដែល​ត្រូវការ​លុយ​ដូចជា ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ជាដើម បែរ​ជា​ប្រើប្រាស់​ថវិកា​ជាតិ​អស់​ត្រឹមតែ ៩០​ភាគរយ នៃ​ថវិកា​សរុប ១០០​ភាគរយ។

​ទាក់​ទង​រឿង​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ថ្លែង​ឲ្យ​ដឹង​ថា ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៣ កន្លង​មក​ក្រសួង​ផ្ដោត​លើ​វិស័យ សង្គមកិច្ច​ដូចជា ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ជាដើម។ ជាង​នេះ​ទៅ​ទៀត ក្រសួង​រឹតត្បិត ការ​ចាយ​វាយ​លើ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​រដ្ឋបាល​ទូទៅ។ លោក​រដ្ឋមន្ត្រី  អូន ព័ន្ធមុនីរ័ត្ន ក៏​មិន​ភ្លេច​ថ្លែង​ការពារ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចាយ​លុយ​រដ្ឋ​លើស​នោះ​ថា ស្ថាប័ន​មួយ​នេះ មាន​ច្រើន​គណៈកម្មការ អន្តរ​ស្ថាប័ន និង​វិស័យ និង​ហេតុការណ៍ ខ្លះ​កើត​ឡើង មិន​បាន​ព្រាង​ទុក​ដែល​ត្រូវ​ចំណាយ​លុយ​ជាតិ​អស់​ច្រើន។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មិន​ទាន់​មាន​មូលដ្ឋាន​ណា​មួយ​ដើម្បី​វាយតម្លៃ​ការ​ចាយវាយ​ថវិកា​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ចំណាយ​លើស​លុយ​រដ្ឋ និង​សវកម្ម​លើ​ស្ថាប័នរដ្ឋ​ពុំ​មាន​ចែកចាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ៖ «»។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល