លោក ហ៊ុន សែន រៀបចំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ស្រប​ពេល​ពលរដ្ឋ​អាម៉េរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង

0:00 / 0:00

សកម្មភាពដឹកនាំ និង​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​ឱពុក​របស់​លោក គឺ​លោក ហ៊ុន សែន ឡើយ។ នៅ​រៀងរាល់​ពេល​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចេញ​ទៅ​ប្រជុំ​នៅ​ក្រៅ​ប្រទេស លោក តែងតែ​រៀបចំ​ក្រុម​មនុស្ស​ឲ្យ​រង់ចាំ​ទទួល​ស្វាគមន៍​លោក។

រីឯ​លោក ហ៊ុន ម៉ាណែត វិញ ក៏​មិន​ខុស​ពី​ឪពុក​របស់​លោក​ដែរ។ នៅ​ទន្ទឹម​នឹង​លោក ហ៊ុន ម៉ាណែត ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នេះ លោក​ក៏​រៀបចំ​ក្រុម​មនុស្ស​ឲ្យ​រង់ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ។

នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​ដឹកនាំ​កម្ពុជា​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត កំពុង​តែ​ដើរ​នៅ​លើ​គន្លង​ដឹកនាំ​ដូច​លោក ហ៊ុន សែន ដែរ។

នៅ​រៀងរាល់​មុន​ពេល​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស លោក ហ៊ុន សែន ចំណាយ​លុយ និង​រៀបចំ​ក្រុម​មនុស្ស​ឲ្យ​រង់ចាំ​គាំទ្រ និងស្វាគមន៍​លោក។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​រៀបចំ​ក្រុម​មនុស្ស​ឲ្យ​រង់ចាំ​ថតរូប អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ដែរ។

Trip_to_Demonstration_against_Hun_Manet_Ron_Chanthy_FB_092023.jpg
ចំណងជើងរូបថត៖ ពលរដ្ឋខ្មែរអាម៉េរិកាំង ជា​អ្នក​គំាទ្រ​គណបក្ស​ប្រឆាំង ពីរដ្ឋមីនីសូតា (Minnesota) កំពុង​​នាំ​គ្ទា​ធ្វើដំណើរ​ទៅ​ធ្វើ​បាតុកម្ម​នៅ​​បុរីញូវយ៉ក នៅ​ថ្ងៃ​ទី២២ ខែកញ្ញា​ ឆ្នាំ២០២៣ ប្រឆាំង និង​មិន​ទទួល​ស្គាល់​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ត​ពូជ​។ រូបពីហ្វេសប៊ុក Ron Chanthy

រីឯ​លោក ហ៊ុន ម៉ាណែត វិញ ទោះ​ជា​លោក ជា​មេ​ដឹកនាំ​ថ្មី​ក៏​ដោយ ក៏​ប៉ុន្តែ​សកម្មភាព ដឹកនាំ​របស់​លោក​ហាក់​គ្មាន​អ្វី​ថ្មី​ឡើយ។ ជាក់ស្ដែង នៅ​ស្រប​ពេល​លោក ហ៊ុន ម៉ាណែត មក​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នេះ ក្រុម​ការងារ​គណបក្ស ប្រជាជន​កម្ពុជា​របស់​លោក នៅ​សហរដ្ឋអាមេរិក បាន​រៀបចំ​ក្រុម​ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត​ខ្មែរ​មួយ​ចំនួន ដោយ​ពួក​គេ​អះអាង​ថា នឹង​រង់ចាំ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត។ ពួក​គេ​ទាំង​នោះ បាន​ថត​ជា​វីឌីអូ​ផ្ញើ​ឲ្យ​លោក ហ៊ុន សែន យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម​របស់​លោក ហ៊ុន សែន និង នៅ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

ពលរដ្ឋ​ខ្មែរ​អាម៉េរិកកាំង ទីក្រុងឡូវែល (Lowell) លោក ប៉ែន សុផល រដ្ឋម៉ាសាជូសិត (Massachusetts) មាន​ប្រសាសន៍​ថា ពួក​លោក​កំពុង​ធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ពាក្យ​ប្ដឹង ទៅ​រដ្ឋាភិបាល​អាម៉េរិក ចំពោះ​អ្នក​ណា ដែល​គាំទ្រ​ក្រុម​មេ​ដឹកនាំ​ផ្ដាច់ការ ឬ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។ លោក​បញ្ជាក់​ថា គ្រប់​ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត​ខ្មែរ ទាំងអស់ នៅ​ពេល​ចូល​សញ្ជាតិ ពួក​គាត់​បាន​ស្បថស្បែ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​កុម្មុយនិស្ត និង​របប​ផ្ដាច់ការ​ណា​មួយ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​មក​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ក្នុង​បុរីញូវ យ៉ក ជា​លើក​ដំបូង ក្រោយ​ពី​លោក​ត្រូវ​បាន​ឪពុក​លើក​បន្តុប​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត នឹង​មក​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៨ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៥ កញ្ញា។

លោក ហ៊ុន ម៉ាណែត នឹង​ថ្លែង​សន្ទរកថា នៅ​ក្នុង​មហាសន្និបាត​នេះ ដោយ​ផ្ដោត​លើ​ប្រធាន​បទ​សំខាន់ៗ ចំនួន​បី រួមមាន បរិបទ​ពិភពលោក វឌ្ឍនភាព​សង្គម សេដ្ឋកិច្ច កម្ពុជា នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ចំពោះ​សកម្មភាព​បដិវត្តកម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចិរភាព (SDGs)។

ក្រៅ​ពី​ពលរដ្ឋ​អាម៉េរិកាំង​ដើម កំណើត​ខ្មែរ​មួយ​ចំនួន រង់ចាំ​ទទួល​ស្វាគមន៍ លោក ហ៊ុន ម៉ាណែត នេះ ក៏​មាន​មន្ត្រី និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មក​ពី​ប្រទេស​កម្ពុជា​រាប់​សិប​នាក់​ទៀត បាន​មក​ដល់​សហរដ្ឋ​អាមេរិក ដើម្បី​រៀបចំ​ផែនការ​ទទួល ស្វាគមន៍​លោក ហ៊ុន ម៉ាណែត​នេះ​ដែរ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត ខ្មែរ ដែល​ទៅ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នោះ គឺ​មិន​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ឡើយ។ ពួកគេត្រូវបាន​មន្រ្តី​រដ្ឋាភិបាល ឬ​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ជា​អ្នក​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ និង​ចេញ​ថ្លៃ​ម្ហូបអាហារ សម្រាប់​អ្នក​ទៅ​រង់ចាំ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​បុរីញូវយ៉ក។

រីឯ​អ្នក​គំាទ្រ​គណបក្ស​ប្រឆាំង​វិញ ក៏​គ្រោង​នាំ​គ្នា​ទៅ​ទៅ​បុរីញូវយ៉ក​ដែរ នៅ​ថ្ងៃ​ទី២២ កញ្ញា​នេះ។ ពួក​គេ​មិនមែន​ទៅ​រង់ចាំ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ឡើយ។ ពួក​គេ​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង និង​មិន​ទទួល​ស្គាល់​លោក ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ត​ពូជ​នោះ​ទេ។

ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត​ខ្មែរ នៅ​រដ្ឋតិចសាស់ (Texas) លោក អ៊ុយ ដាឡី ឲ្យ​ដឹង​ថា លោក​នឹង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ត្រៀម​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ញូវយ៉ក។ លោក​បញ្ជាក់​ថា លោក​សុខ​ចិត្ត​រត់​តាក់ស៊ី (Uber) ដើម្បី រក​លុយ​ចំណាយ​លើ​ថ្លៃ​យន្តហោះ សណ្ឋាគារ និង​ថ្លៃ​ម្ហូបអាហារ។ លោក​រត់​តាក់ស៊ី ក្រៅ​ម៉ោង​ធ្វើការ។

លោក​លើក​អំពី​មូលហេតុ ដែល​លះបង់​កម្លាំង​ពលកម្ម ថវិកា និង​ពេល​វេលា​នេះ ដោយសារ​តែ​ឃើញ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល ហ៊ុន ធ្វើឲ្យ​ប្រទេស​ជាតិ​ហិនហោច។

ក្រុម​អ្នក​ប្រជាធិបតេយ្យ គណបក្ស​ប្រឆាំង រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង នឹង​ជួបជុំ​គ្នា នៅ​បរិវេណ​អគារ​អង្គការ​សហប្រជាជាតិ​នៅ​បុរីញូវយ៉ក នៅ​វេលា​ម៉ោង ១០ព្រឹក ថ្ងៃ​ទី២២ កញ្ញា។

ប្រធាន​ក្រុម​ចលនា​ស្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ធិត គីមហ៊ុន មាន​ប្រសាសន៍​ថា ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​ផ្សេងៗ ទៀត ដូចជា​អូស្ត្រាលី និង​កាណាដា ចម្លោះពី៣០០ ទៅ៤០០នាក់ នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត។ អ្នកស្រី​បញ្ជាក់​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ និង​ប្រើប្រាស់​ច្បាប់ ដើម្បី​គាប​សង្កត់​អ្នក​ប្រឆាំង។ អ្នកស្រី​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​រួម​គ្នា​សង្គ្រោះ​ប្រទេស​កម្ពុជា​វិញ។

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បាន​រក​ឃើញ​ថា កម្ពុជា​ពូកែ​ខាង​រំលោភ​ច្បាប់។ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ផ្នែក​នីតិរដ្ឋ ឬ​គោរព​ច្បាប់​ស្ទើរតែ​នៅ​បាត​តារាង គឺ​នៅ​លេខ ១៣៩ ក្នុង​ចំណោម ១៤០ប្រទេស ក្នុង​ឆ្នាំ២០២២។

របាយការណ៍​នេះ​បាន​បង្ហាញ​កត្តា​ចម្បងៗ ចំនួន៨ សម្រាប់​ដំណើរការ​ដាក់​សន្ទស្សន៍ នីតិរដ្ឋ ក្នុង​នោះ​មាន​ដូចជា ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុបបំបាត់​អំពើ​ពុករលួយ រដ្ឋាភិបាល បើកទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ ដែល​កម្ពុជា​សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​ទាប​ទាំង​អស់។

ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ក្រៅ​ពី​ពួក​គេ​ធ្វើ​បាតុកម្ម ប្រឆាំង និង​លោក ហ៊ុន ម៉ាណែត នេះ ពួក​យុទ្ធនាការ​រួម​គ្នា​ស្វែងរក​ពលរដ្ឋ​អាម៉េរិកាំង ដើម​កំណើត​ខ្មែរ​ណា ដែល​គាំទ្រ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន ម៉ាណែត នោះ និង​ផ្ញើ​បញ្ជី​ឈ្មោះ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​អំពី​សញ្ជាតិ​អាម៉េរិកាំង​របស់ ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​សហរដ្ឋ​អាមេរិក​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។