បក្សប្រឆាំងនិងអ្នកវិភាគគាំទ្រការស្នើសុំអាមេរិកលុបបំណុល
2013.02.25
ប៉ុន្តែទន្ទឹមពេលនេះដែរ អ្នកវិភាគបានជំរុញឲ្យលោក អូបាម៉ា គប្បីដាក់លក្ខខណ្ឌឲ្យលោក ហ៊ុន សែន ធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ការគាំទ្រនេះនៅគ្រាដែលសកម្មជនការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់ថា ស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នៅតែជាបញ្ហាធ្ងន់ធ្ងរ ចំណែកឯសេរីភាពក្នុងការតវ៉ាបញ្ចេញមតិ កំពុងតែរួមតូចចង្អៀតដែរ នៅពេលចុងក្រោយនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា កម្ពុជាគប្បីធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍គោរពសិទ្ធិមនុស្សជាមុនសិន ដើម្បីសុំឲ្យសហរដ្ឋអាមេរិក លុបចោលបំណុល ឬបង្វែរបំណុលនោះ។
លោក យឹម សុវណ្ណ៖ «យើងគាំទ្រជំហររដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាបំណុលរបស់សហរដ្ឋអាមេរិក ប៉ុន្តែទី២ ក៏ត្រូវជំរុញឲ្យរដ្ឋាភិបាល មិនមែនសុំឲ្យគេដោះស្រាយបំណុលនេះចប់សព្វគ្រប់ទេ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យគេសប្បាយចិត្ត ឲ្យគេយល់អំពីយើង គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។ ការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ អាហ្នឹងជាឧបសគ្គមួយដែលគេពិចារណា»។
ជាមួយគ្នានេះ អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា កម្ពុជាជាប់កាតព្វកិច្ចជាអន្តរជាតិក្នុងការសងបំណុលសហរដ្ឋអាមេរិក ប៉ុន្តែការលុបបំណុល ឬបង្វែរបំណុលនោះ ត្រូវតែមានលក្ខខណ្ឌពីសហរដ្ឋអាមេរិកដែរ។
លោក កែម ឡី៖ «ប៉ុន្តែបំណុល ៣៥០លានដុល្លារអាមេរិក ទាំងការប្រាក់ប្រហែងជាង ៤០០លានដុល្លារអាមេរិក គឺជាបំណុលតិចតួចបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែការដែលយើងស្នើសុំគេលុបចោល ឬស្នើសុំគេបង្វែរមកខាងឧស្សាហកម្ម ឬកសិកម្មអី គឺងាយស្រួលណាស់ ក៏ប៉ុន្តែយើងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលគេបានស្នើឡើង ឬក៏ការលម្អសិទ្ធិមនុស្ស មិនត្រឹមតែគេលុបចោល ឬបង្វែរទៅខាងកសិកម្មអីទេ ប៉ុន្តែគេថែមទាំងឲ្យជំនួយរាប់រយរាប់ពាន់លានដុល្លារអាមេរិកទៅទៀត ដើម្បីកែប្រទេសហ្នឹងក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ»។
ទាក់ទងនឹងសំណុំរឿងបំណុលនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីគិរីរម្យ៣ នៅខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅនេះ បានមានប្រសាសន៍ថា បំណុលដែលត្រូវបានជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យ លន់ នល់ នោះ មិនបានចំណាយលើគម្រោងអភិវឌ្ឍន៍ទេ គឺចំណាយលើសង្គ្រាម។
លោក ហ៊ុន សែន៖ «ប្រហែលជាទិញគ្រាប់បែកទម្លាក់លើក្បាលប្រជាជនខ្មែរក៏មិនដឹង...។ ប្រធានាធិបតី អូបាម៉ា មក ខ្ញុំស្នើដោះស្រាយបំណុលហ្នឹង សុំឲ្យគាត់លុបចោលប៉ុណ្ណេះទៅ ហើយសល់ប៉ុន្មានទៀត សងតាមអត្រាការប្រាក់សម្បទាន ឬក៏សុំឲ្យផ្ទេរបំណុលហ្នឹងមកជាការអភិវឌ្ឍក្នុងប្រទេស។ រហូតដល់ម៉ោងនេះអត់ទាន់ព្រមព្រៀងគ្នាទេ»។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ធ្លាប់បានមានប្រសាសន៍កាលពីឆ្នាំ២០១២ កន្លងទៅនេះ នៅប្រទេសកម្ពុជា ថា សហរដ្ឋអាមេរិកដោះស្រាយបញ្ហាបំណុលនេះដោយយុត្តិធម៌។
មួយវិញទៀត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោក វីល្លៀម ថត (William Todd) បានមានប្រសាសន៍ក្នុងគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះថា សហរដ្ឋអាមេរិក និងកម្ពុជា មានទស្សនៈផ្ទុយគ្នាលើសំណុំរឿងបំណុលនេះ។
លោកបានពន្យល់ថា ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានទទួលស្គាល់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិក្នុងការសងបំណុលដោយរដ្ឋាភិបាលបន្តបន្ទាប់។ បើសិនណាប្រទេសណាមួយរំពឹងថា បំណុលដែលខ្លួនជំពាក់កន្លងមកត្រូវបានលុបចោលដោយសារតែផ្លាស់ប្ដូររដ្ឋាភិបាលថ្មីនោះ ដូច្នេះប្រព័ន្ធច្បាប់អន្តរជាតិទាំងមូលស្ដីពីបំណុល ក៏ត្រូវខូចខាតដែរ។
ចំពោះប្រទេសកម្ពុជា លោក វីល្លៀម ថត បានបញ្ជាក់ថា កម្ពុជាមានការទទួលខុសត្រូវសងបំណុលសហរដ្ឋអាមេរិក បើមិនដូច្នេះទេ កម្ពុជាមិនអាចមានលទ្ធភាពខ្ចីលុយដូចប្រទេសភាគច្រើនទៀតឡើយ ដើម្បីយកមកចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ និងអគ្គិសនីជាដើម។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ កន្លងទៅនេះ បានបញ្ជូនឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចូសេហ្វ យន់ (Joseph Yun) បានចរចាជាច្រើនលើកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបំណុលដែលរបបសេនាប្រមុខ លន់ នល់ បានជំពាក់ទាំងដើមទាំងការប្រាក់រហូតដល់ពេលនេះចំនួនជាង ៤០០លានដុល្លារអាមេរិក។ ភាគីទាំងពីរនៅមិនទាន់បានចុះសម្រុងគ្នានៅឡើយ ក្នុងការសងបំណុលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។