រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​ខេត្ត​ជាប់​វៀតណាម​រឹត​បន្តឹង​ករណី​ឆ្លង​ដែន​ដើម្បី​ទប់ស្កាត់​កូវីដ-១៩

ដោយ ខែ សុណង
2020.08.01
ស ខេង ៦២២ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​រឹត​បន្តឹង​រាល់​ការ​ចេញ​ចូល​ទាំងអស់ ដែល​ឆ្លង​កាត់​ព្រំដែន ខណៈ​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ឡើង​រលក​ទី​២ នៃ​ជំងឺ​កូវីដ​-១៩ នៅ​តាម​តំបន់​មួយ​ចំនួន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដោយ​ណែនាំ​ឲ្យ​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន ពង្រឹង​ការ​ត្រួត​ពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ និង​អ្នកដំណើរ ដែល​ឆ្លងកាត់​តាម​ព្រំដែន កម្ពុជា​-​វៀតណាម អនុវត្ត​វិធានការ​ចត្តាឡឺស័ក​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល និង​រឹត​បន្តឹង​ការ​លួច​ឆ្លងដែន​ខុសច្បាប់ តាម​ច្រក​របៀង។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​សីហា លោក ស ខេង បន្ត​ជំរុញ​ការអប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ការ​ឆ្លង​ចូល​សហគមន៍។

ការ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឃើញ​ថា ប្រទេស​វៀតណាម កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ សាជាថ្មី​ទៀត​។​

ក្រោយ​ដាក់​ចេញ​វិធានការ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា សមត្ថកិច្ច​ខេត្ត​ព្រៃវែង បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៣៨​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ក្នុង​ពេល​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ ព្យាយាម​ឆ្លងដែន​ទៅ​ប្រទេស​ខ្លួន​វិញ តាម​ច្រកទ្វារ​ព្រំដែន​កោះ​រកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។ បច្ចុប្បន្ន​នេះ ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​១៤​ថ្ងៃ នៅ​អនុវិទ្យាល័យ​កោះរកា។

អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រំ សន្ធរ និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង លោក សេង បញ្ញាឬទ្ធិ ដើម្បី​សាកសួរ​អំពី​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ចាត់​វិធានការ​បាន​ទាន់​ពេល​វេលា ដើម្បី​រឹត​បន្តឹង​ការ​ចេញ​ចូល​នៅ​តាម​ច្រក​ព្រំដែន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​សង្ឃឹមថា អាជ្ញាធរ​នៅ​មូលដ្ឋាន​អាច​អនុវត្ត​បាន​តាម​បញ្ជា​របស់​រដ្ឋាភិបាល៖ «ការ​ដែល​រក​ឃើញ​មាន​អ្នក​ឆ្លង​ជា​ហូរហែ​នេះ គឺជា​សញ្ញា​ដាស់តឿន​ដល់​រដ្ឋាភិបាល​យើង​ដែរ ឲ្យ​មានការ​កាន់តែ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​នឹង​ធ្វើ​យ៉ាងណា គឺ​អាច​នឹង​ចាត់វិធានការ​បន្ថែម​ទៀត បង្កើន​ការអប់រំ​ហ្នឹង​ឲ្យ​បាន​ទូលំទូលាយ ត្រូវតែ​មាន​កម្មវិធី​អប់រំ​ទៅដល់​សហគមន៍​ឲ្យ​បាន​យល់​ដឹង​ថា ហានិភ័យ​វា​អត់​ទាន់​ចប់​ទេ នៅតែ​បន្ត ហើយ​វា​នឹង​អាច​កើត​ឡើង​ដល់​សហគមន៍​គ្រប់ពេលវេលា បើសិនជា​សហគមន៍​មាន​ការ​ធ្វេសប្រហែស។ ចាត់វិធានការ​ផង​ដែរ ទៅលើ​ទីកន្លែង​លក់ដូរ ឬ​កន្លែង​ការងារ​ផ្សេងៗ ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​នឹង​មាន​អនាម័យ​ខ្ពស់​ដែរ»

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ថ្លែង​ថា លោក​នៅតែ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ចូល​សហគមន៍ និង​សាលារៀន ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​យកចិត្តទុកដាក់​នឹង​ការពារ​ខ្លួន និង​បញ្ហា​ខ្វះ​ព័ត៌មាន​ទៅ​កាន់​ប្រជាពលរដ្ឋ និង​ការ​នាំចូល​ជំងឺ​កូវីដ-១៩ ពី​ខាងក្រៅ​។ លោក យង់ គិមអេង ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​នៅ​តាម​ច្រក​អាកាស។

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ចំនួន ៥​ករណី​បន្ថែម​ទៀត ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​៤​នាក់ ទើប​មកពី​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃ​ទី​៣១ កក្កដា និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ទើប​មកពី​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ទី​៣០ កក្កដា​។ ពួកគេ​សុទ្ធតែ​បន្ត​ជើង​ហោះហើរ​តាម​ប្រទេស​ម៉ាឡេស៊ី។ បច្ចុប្បន្ន ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នក​រួម​ដំណើរ​ប្រមាណ​ជាង​២​រយ​នាក់ កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក តាម​មណ្ឌល​ចត្តាឡឺស័ក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាមដាន​សុខភាព។

គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​សីហា កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២៣៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន ១៦៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។