ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា (Myanmar) ឬភូមា លោក ប្រាក់ សុខុន អះអាងកាលពីថ្ងៃទី ៧ ខែកក្កដាថា ដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសភូមាជាលើកទី២ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា បានទទួលលទ្ធផលមួយចំនួនគួរឲ្យកត់សំគាល់។
លោក ប្រាក់ សុខុន ថា ខាងភាគីរដ្ឋាភិបាលភូមា លោកបានជួបចរចាជាមួយមេដឹកនាំរបបសឹកភូមា លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលជាតិនៃរបបសឹកភូមា (SAC) រដ្ឋមន្ត្រីការបរទេសភូមា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងប្រធានគណៈកម្មាធិការចរចាសន្តិភាពនិងសាមគ្គីភាពជាតិ (NSPNC) និងសមាជិកក្រុមប្រឹក្សាជាតិមីយ៉ាន់ម៉ា ផងដែរ។
ចំណែកខាងភាគីប្រឆាំងវិញ លោក ប្រាក់ សុខុន ឲ្យដឹងដែរថា លោកក៏បានជួបពិភាក្សា ជាមួយតំណាងក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិចភូមា (EAO) ចំនួន៧ក្រុម និងតំណាងគណបក្សចំនួន៧ ដែលបានឈ្នះអាសនៈនៅសភា កាលពីបោះឆ្នោតឆ្នាំ ២០២០។ ក៏ប៉ុន្តែមិនបានជួបតំណាងគណបក្សនយោបាយចំនួន៤ ផ្សេងទៀត រួមមាន គណបក្សប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុង សានសូជី (Aung San Suu Kyi) នោះឡើយ។
សេចក្តីថ្លែងការណ៍១៤ ទំព័រស្ដីពីលទ្ធផលទស្សនកិច្ចលើកទី២នេះ លោក ប្រាក់ សុខុន គូសបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងនោះ លោក បានលើកយកចំណុច៣សំខាន់ៗ គឺ កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ការផ្តល់ជំនួយមនុស្សធម៌ទៅដល់ពលរដ្ឋភូមាដែលត្រូវការចាំបាច់ និងលទ្ធភាពជួបពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ ក្នុងបរិយាកាសប្រកបដោយសុខសន្តិភាព និងការផ្សះផ្សាជាតិ។
លោក ប្រាក់ សុខុន បន្តថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកនឹងបន្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ចប់វិបត្តិនៅភូមា ដោយផ្អែកលើគោលការណ៍រួម ៥ចំណុច របស់អាស៊ាន ក៏ប៉ុន្តែបញ្ហាចំបង គឺអាស្រ័យលើភាគីពាក់ព័ន្ធដែលត្រូវមានសុឆន្ទៈដោះស្រាយដោយខ្លួនឯង។
លោក ប្រាក់ សុខុន ក៏បានចែករំលែកអំពីការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយថ្នាក់ដឹកនាំរបបសឹកភូមា ដើម្បីជួយឲ្យប្រទេសមួយនេះ ទទួលបានសុខសន្តិភាព ការផ្សះផ្សាជាតិ និងបញ្ចៀសពីគំនាបរបស់បណ្តាប្រទេសលោកខាងលិច។ ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ លោក ប្រាក់ សុខុន ក៏បានផ្ដល់វ៉ាក់សាំងចំនួន២លានដូស ប្រគល់ឲ្យរបបសឹកមីយ៉ាន់ម៉ា ឬភូមា។
នៅមុនដំណើរទស្សនកិច្ចលើកទីពីរនៅភូមា ប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន ក៏បានទទូចឱ្យរបបសឹកភូមាបញ្ជូនលោកស្រី អ៊ុង សានស៊ូជី ត្រលប់ទៅលំនៅឋានវិញ ក្រោយពីរបបសឹកភូមាបានសម្រេចផ្ទេរអ្នកស្រីពីការឃុំខ្លួននៅគេហដ្ឋាន ទៅឃុំខ្លួនក្នុងពន្ធនាគារដាច់ដោយឡែកមួយ កាលពីចុងខែមិថុនា កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។