ខ្មែរ​រស់នៅ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក ធ្វើ​បាតុកម្ម​ទប់ស្កាត់​ករណី​បំបែកបំបាក់​សហគមន៍​ខ្មែរ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា

0:00 / 0:00

ខ្មែររស់នៅរដ្ឋណស្សខែរ៉ូឡាញណា (North Carolina) សហរដ្ឋ​អាមេរិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​រារាំង​មិន​ឱ្យ​មាន​ការ​ជួបជុំ មួយ​ដែល​រៀបចំ​ដោយ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​លើក​ដំបូង នៅ​ក្នុង​រដ្ឋ​នេះ កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា។

បាតុករអះអាងថា មូលហេតុ ដែល​ពួក​គេ​ទៅ​រារាំង​នេះ គឺ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន​ករណី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចូល​ទៅ​ពង្រីក​ឥទ្ធិពល ដែល​នឹង​នាំ​ឱ្យ​មាន​ការ​បែកបាក់​សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋ​នេះ។

ក្រុមបាតុករបញ្ជាក់ថា ការជ្រៀតជ្រែក​ចូល​ក្នុង​សហគមន៍​ខ្មែរ​នៅ​រដ្ឋណស្សខែរ៉ូឡាញណា (North Carolina) សហរដ្ឋ​អាមេរិក​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ក្ដី​បារម្ភ​ធំ​មួយ ដែល​មិន​អាច​ឱ្យ​ពួក​គេ​សម្ងំ​ស្ងៀម​បាន ព្រោះ​ពួក​គេ​មិន​ចង់​ឱ្យ​មាន​ការ​បែកបាក់​ណាមួយ​កើត​ឡើង​នៅ​សហគមន៍​របស់​ពួក​គេ។

ការលើកឡើងរបស់បាតុករនេះ គឺ​នៅ​ពេល​ពួក​គេ​នាំ​គ្នា​ទៅរារាំង​គម្រោង​ការជួបជុំ​ទទួលទាន​អាហាររួម​មួយ​របស់​មន្រ្តី​តំណាង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​ស្គាល់ថា ជា​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ផង ជាមួយ​ខែ្មរ​មួយ​ចំនួន​នៅ​ក្រុង ហ្រ្គីនស៍បូរ៉ូ (Greensboro) រដ្ឋណស្សខែរ៉ូឡាញណា។

«គេ​ប្រើ​ល្បិចកល ដើម្បី​បោកបញ្ឆោត បាយ​ហ្រ្វី ហើយនិង​និយាយ​ថា ធ្វើ​ប៉ាស្ព័រ​ហ្រ្វី​ឱ្យ​ពួក​គេ ដូច្នេះ​ពួក​គេ​ក៏​ចាញ់​កល​ចាញ់​ល្បិច រួចហើយ​ក៏​ពួក​គេ​នាំគ្នា​មក​ញ៉ាំ​បាយ ដោយ​មិន​បាន​គិត​ពិចារណា។ ចំណុច​ត្រង់​នេះ​ហើយ យើង​ចង់​ប្រាប់​ពួក​គេ​ថា យើង​មិន​អនុញ្ញាត​ឱ្យ​កុម្មុយនិស្ត​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ក៏​ចូល​ក្នុង​ទឹកដី​សហគមន៍​ខ្មែរប្រចាំ​នៅ​រដ្ឋ​យើង​នេះ​ទេ ហើយ​យើង​នឹង​ប្រឆាំង​ដាច់​ខាត​គ្រប់​ពេលវេលា​ជាមួយ​ជន​ផ្ដាច់ការ។ ខ្ញុំ​វា​ហួស​ចិត្ត ដែល​ខ្មែរ​មក​ដល់​ដី​បិតា​ប្រជាធិបតេយ្យ ស្រេក​ឃ្លាន​បាយ​មួយ​ពេល គេឱ្យលុយ៣រយ ដើម្បី​សម្លាប់​ពូជ​អម្បូរ​សាសន៍​យើង ទឹកដី​ដែល​ត្រូវ​បាត់ ខ្ញុំ​អត់​អាច​នៅ​ស្ងៀម​បាន​ទេ បងប្អូន​ជន​រួម​ជាតិ។ បាន​មក​ដល់​ទឹកដី​អាមេរិក​ហើយ ទៅ​គាំទ្រ​ជន​ផ្ដាច់ការ ទៅ​គាំទ្រ​កុម្មុយនិស្ត​ឱ្យ​បាន​ដឹង​ថា ថ្ងៃ​ណាមួយ លោក​ឯង​នឹង​ទទួល​កម្មពៀរ​នេះ ព្រោះ​បងប្អូន​ខ្មែរ ដែល​នៅ​ស្រុក​ខ្មែរ ត្រូវ​គេ​រឹបអូស​យក​ដី ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​បង្អត់​បាយ ត្រូវ​គេ​ធ្វើ​បាប​គ្រប់​បែប​យ៉ាង អស់​លោក ដែល​នៅ​ឯ​ណេះ ទៅ​គាំទ្រ​ពួក​អា​អស់​នោះ»។

គម្រោងការរបស់តំណាង​មន្រ្តី​ទូត​ខ្មែរ​ជួប​ជាមួយ​ខ្មែរ​អ្នក​រស់នៅ​រដ្ឋណស្សខែរ៉ូឡាញណា​នេះ បាន​ខកខាន​ទៅ​វិញ នៅ​ពេល​កើត​មាន​បាតុកម្ម​ប្រឆាំង​បែប​នេះ។

វិទ្យុអាសេរីនៅមិនទាន់អាច​សុំ​ការ​ឆ្លើយតប ឬ​បញ្ជាក់​ព័ត៌មាន​នេះ​ពី​មន្រ្តី​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា។ មន្ត្រី​ផ្នែក​រដ្ឋបាល​នៅ​ស្ថានទូត​នេះ​បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរី​យ៉ាង​ខ្លី​ថា ត្រូវ​រង់ចាំ​មន្រ្តី​ទទួល​បន្ទុក ដែល​អាច​នឹង​ឆ្លើយតប​នៅ​ពេល​ក្រោយ។

ចំណែកអ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​យប់​ថ្ងៃ​ទី១១ ខែកក្កដា ដោយសារ​ទូរស័ព្ទ​ហៅ​មិន​ចូល។

បើទោះជាយ៉ាងណាកន្លងទៅ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា គណបក្ស​នេះ​ក៏​មាន​សិទ្ធិ​បង្កើន​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​ដែរ។

ទាក់ទងនឹងរឿងនេះ ប្រធាន​កិច្ចការ​ស្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក អ្នកស្រី ទិត្យ គឹមហ៊ុន ថ្លែង​ថា បាតុកម្ម​នេះ​ជា​តឹកតាង​បញ្ជាក់​ថា សហគមន៍​ខ្មែរ​នៅ​រដ្ឋណស្សខែរ៉ូឡាញណា​​នេះ មិន​ពេញ​ចិត្ត មិន​ស្វាគមន៍​ការ​ប៉ុនប៉ង​ចូល​មក​លុកលុយ​បំបែកបំបាក់​សហគមន៍ ដែល​ជា​ចេតនា​អាក្រក់​របស់​បក្ស​កាន់​អំណាច ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​នេះ​ទេ។ អ្នកស្រីអះអាងថាបណ្ដាញរបស់គណបក្សប្រជាជនបានយកលេសនៃគម្រោងជួបជុំជាមួយខ្មែរមួយចំនួននោះថា ជាការជួបសួរសុខទុក្ខ ស្វែងយល់ពីពលរដ្ឋ និងជួយសម្រួលដល់ការផ្ដល់សេវាកម្មផ្នែក​ទូត​ដល់ពលរដ្ឋជាដើម ប៉ុន្តែអ្នកស្រីថាហេតុអ្វីក៏មន្រ្តីបក្សកាន់អំណាចមិនធ្វើល្អដាក់​ពលរដ្ឋក្នុង​ប្រទេស​ទៅ​ចាំបាច់អីមករកពលរដ្ឋនៅក្រៅប្រទេស ស្របពេលពលរដ្ឋក្នុងប្រទេសតែងរកការធ្វើទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​មិន​ស្រាកស្រាន្ត។

«យើងចង់បង្ហាញថា យើង​ជា​អ្នកប្រជាធិបតេយ្យ យើង​មិន​ពេញចិត្ត​នូវ​ជន​ផ្ដាច់ការ​មក​ពង្រីក ឆ្លៀត​ឱកាសនិយម ដើម្បី​លួងលោម​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទេ។ យើង​ធ្វើ​អ៊ីចឹង ដោយសារ​បើ​គាត់​មាន​ជា​ការ​ជួយ​ដល់​ពលរដ្ឋ គាត់​ត្រូវ​តែ​នឹង​ឃើញ​ជួយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក ដូច​ឧទាហរណ៍​ស្រាប់​សកម្មជន​ខ្លះ​គ្រាន់តែ​និយាយ ឬ​ក៏​ប្រជាពលរដ្ឋ​ខ្លះ​គ្រាន់តែ​លើក​ប៉ាយ ឬ​គ្រាន់តែ​និយាយ​ថា បើ​បោះឆ្នោត​ហ្នឹង​សូម​ឱ្យ​គាត់​ដេញ​ជន​បរទេស ដូចជា​យួន​ឱ្យ​ចេញ​ពី​ស្រុកខ្មែរ​អី​បាន​ទេ គេ​ក៏​ចាប់​គាត់​បាត់​ទៅ​ហើយ។ អ៊ីចឹង​សួរថា ប្រសិនបើ​គាត់​គិត​ពលរដ្ឋ ហេតុអ្វី​បាន​ជា​មិន​គិត​ដល់ក្នុង​ស្រុក?»។

អ្នកស្រី ទិត្យ គឹមហ៊ុន បន្តថាសហគមន៍ខ្មែរ និងគណបក្សសង្រ្គោះជាតិនឹងបន្តការងារជាច្រើនទៀត ដើម្បីជំរុញបន្ថែមទៀតទៅសភាអាមេរិកឱ្យពន្លឿនអនុម័តសេចក្ដីស្នើច្បាប់ S-831 (TransNational Repression Policy Act) ដែលសំដៅដល់ការដាក់គំនាបជនផ្ដាច់ការ ដែលឆ្លងដែនទៅដាក់ការ​គាបសង្កត់ គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅទឹកដីសហរដ្ឋអាមេរិកនេះ។

បន្ថែមពីនេះអ្នកស្រី ទិត្យ គឹមហ៊ុន ឱ្យដឹងទៀត​ថា ខ្មែរ​នៅ​រដ្ឋណស្សខែរ៉ូឡាញណា​គ្រោង​នឹង​ជួបជុំ​ធ្វើ​បាតុកម្មជាថ្មីទៀតនៅថ្ងៃទី២២ ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា​ខាង​មុខ និងបង្ហាញទៅអាជ្ញាធរសហរដ្ឋអាមេរិកនៅក្នុងរដ្ឋនេះ និងសហគមន៍​អន្តរជាតិ​ពី​ការ​រីកធំធាត់​នៃ​របប​ផ្ដាច់ការ ព្រមទាំងការសម្លាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។