ពលករខ្មែរគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេសចេញធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូនលោក ថាច់ សេដ្ឋា និងអ្នកជាប់ឃុំដោយអយុត្តិធម៌ផ្សេងទៀត។ ពួកគេចាត់ទុកករណីទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់មុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅតែអះអាថា ករណីនេះជាការអនុវត្តច្បាប់។
សកម្មជនគណបក្សភ្លើងទៀននៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃដែលភាគច្រើនជាពលករបានចេញធ្វើបាតុកម្មនៅថ្ងៃទី២២ ខែមករា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមទាំងអ្នកជាប់ឃុំដោយសាររឿងនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ។
ក្រោមអាកាសធាតុដកសូន្យអង្សា ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងប្រមាណ៥០នាក់ បានជួបជុំគ្នាក្បែរស្ថានីយ៍រថភ្លើង តំបន់ក្វាងជូ (Gwangju) ឈរលើកបដារូបថតអមដោយសម្រែកទាមទារយុត្តិធម៌។ អនុប្រធានសាខាគណបក្សភ្លើងទៀនកូរ៉េខាងត្បូង លោក សែម សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរីថា បាតុកម្មបានប្រព្រឹត្តទៅដោយរលូន។ លោកឱ្យដឹងថា អ្នកចូលរួមបានបញ្ចេញមតិពោរពេញដោយការឈឺចាប់ចំពោះស្ថានភាពនយោបាយនៅកម្ពុជាកំពុងធ្លាក់ចុះ។ លោកបន្តថា បាតុកម្មពេលនេះបាតុករចង់ផ្ញើសារទៅរដ្ឋាភិបាល ហ៊ុន សែន និងតុលាការកម្ពុជាថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជារឿងមិនត្រឹមត្រូវ ពីព្រោះករណីបែបនេះតែងតែកើតឡើងជារឿយៗចំពោះបក្សប្រឆាំង។ លោកបញ្ជាក់ថា បើសិនរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជាចង់បានភាពស្របច្បាប់ពីសហគមន៍ជាតិនិងអន្តរជាតិគួរតែបើកលំហប្រជាធិបតេយ្យ បញ្ឈប់ការចាប់ចង និងដោះលែងអ្នកទោសមនសិការ ឲ្យមានសេរីភាពឡើងវិញ ដើម្បីចូលប្រកួតប្រជែងការបោះឆ្នោតនៅខែកក្កដាខាងមុខ។
លោក សែម សម្បត្តិ៖«វាមិនមិនមែនជារឿងល្អ ហើយមិនមែនជារឿងចំណេញដល់ប្រជាពលរដ្ឋទេ តែវាជារឿងខាតទៅវិញទេ ការចាប់ចងទាំងនេះអន្តរជាតិ និងប្រជាពលរដ្ឋទូទាំងពិភពលោកហ្នឹង គឺគាត់អត់សប្បាយចិត្តទេ ហើយក៏អត់មានគាំទ្រដែរ ដូច្នេះក្នុងនាមខ្ញុំជាពលករក្នុងនាមជាក្រុមការងារ ខ្ញុំសូមណូមពរសម្តេច ឬគណបក្សប្រជាជន ឬតុលាការហ្នឹងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ហើយយើងចាប់ដៃគ្នាកសាងប្រទេសជាតិឱ្យបានរីកចម្រើនទៅមុខទាំងអស់គ្នា»។
ចំណែកសកម្មជនបក្សភ្លើងទៀន និងពលករខ្មែរធ្វើការប្រទេសថៃប្រមាណ៥០នាក់វិញ ក៏បានប្រមូលផ្តុំគ្នាដែរ។ ពួកគេរៀបចំពិធីបែបសាសនា កោរសក់នៅវត្តមួយនៃស្រុកស៊ីរ៉ាឆា (Si Racha)ខេត្តឈុនបុរី (Chonburi)ដើម្បីបង្ហាញទៅកាន់សាធារណជនអំពីការកាន់ទុក្ខ និងទាមទារយុត្តិធម៌ជូនលោក ថាច់ សេដ្ឋា រួមទាំងអ្នកទោសមនសិការដែលកំពុងជាប់ឃុំដោយអយុត្តិធម៌កន្លងមក។ ទន្ទឹមនឹងនេះកម្មករគាំទ្របក្សភ្លើងទៀនរៀបចំសម្តែងឈុតឆាករឿងខ្លីបង្ហាញស្ថានភាពក្នុងសង្គមសព្វថ្ងៃដែលពលរដ្ឋខ្មែររងគ្រោះពីអំពើអយុត្តិធម៌ ការររំលោភដីធ្លីជាដើម។ តំណាងពលករដែលគាំទ្រគណបក្សភ្លើងទៀននៅក្នុងប្រទេសថៃ លោក ឆន សុខខឿន ដែលចូលរួមកោរសក់ថ្លែងថា ពិធីនេះរៀបចំឡើងដើម្បីប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកយល់ថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនមែនជាការអនុវត្តច្បាប់ឡើយ តែករណីនេះគឺជាការបំបាក់ស្មាតីកម្លាំងគាំទ្រគបក្សភ្លើងទៀននៅមុនការបោះឆ្នោត៖
លោក ឆន សុខខឿន៖«គោលបំណងធំរបស់យើងគឺធ្វើពិធីកោរសក់ស្នើដល់រដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ជាពិសេសលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សភ្លើងទៀន ហើយទីពីរយើងធ្វើនេះដើម្បីស្នើដល់អន្តរជាតិឱ្យឃើញថាលោក ហ៊ុន សែន កំពុងរំលោភសិទ្ធិរបស់គណបក្សប្រឆាំង»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន រូបនេះ ទើបវិលត្រឡប់ពីជួបជុំពលករខ្មែរ និងទៅរៀបចំរចនាសម្ព័ន្ធ របស់គណបក្សភ្លើងទៀននៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ តុលាការ បានចោទលោក ថាច់ សេដ្ឋា ពាក់ព័ន្ធ នឹងការចេញសែកអត់លុយ និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗ។
ឆ្លើយបតរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសគឺជាការបញ្ចេញមតិរបស់ពួកគេ។ ប៉ុន្តែលោកថាអ្នកដែលយកករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា និងសកម្មជនបក្សប្រឆាំងមកភ្ជាប់រឿងនយោបាយនោះ លោកចោទថាជាអ្នកបំផ្លាញគោលការណ៍យុត្តិធម៌ដែលធ្វើឱ្យសង្គមច្របូកច្របល់។
លោក ផៃ ស៊ីផាន៖«កាលណាមានការឃាត់ខ្លួន មានការឃុំខ្លួនគឺវាស្ថិតក្នុងទិសដៅនៃការអនុវត្តតាមគោលការណ៍យុត្តិធម៌ដែលមានអង្គហេតុ បូកជាមួយភស្តុតាងនិងអង្គច្បាប់ ដូច្នេះគ្មានប្រការណាក្រៅពីមេធាវីតតាំងក្តីនៅសាលាវិនិច្ឆ័យក្តី»។
ទោះយ៉ាងណា គណបក្សភ្លើងទៀន និងអ្នកឃ្លាំមើល ចាត់ទុកថា ការចាប់ និងឃុំខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ អ្នកឃ្លាំមើល យល់ថា ជារឿយៗ រដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើតុលាការ ជាឧបករណ៍ដើម្បីចាប់អ្នករិះគន់ដាក់ពន្ធនាគារ ហើយតែងតែប្រឌិតបទចោទប្រកាន់មិនសមរម្យផ្សេងៗ ដើម្បីបង្ខូច កិត្តិយសរបស់ពួកគេថែមទៀតដូចជាករណី លោក ថាច់ សេដ្ឋា ជាដើម។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា ការតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋនៅក្រៅប្រទេសស្នើរដ្ឋាភិបាលដោះលែងលោក ថាច់ សេដ្ឋា និងសកម្មជនដទៃទៀតនោះ គឺជាសិទ្ធិសេរីភាពនិងជាការសម្តែងឆន្ទៈរបស់ពួកគាត់ដែលរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ស្តាប់ និងឆ្លើយតបជាវិជ្ជមានចំពោះសំណើរនោះ។ ទោះយ៉ាងណាលោក នី សុខ យល់ថារដ្ឋាភិបាលល្មមដល់ពេលស្តារប្រជាធិបតេយ្យ និងការគោរសិទ្ធិមនុស្សសម្រាប់ប្រកួតប្រជែកការបោះឆ្នោតខាងមុខ ដើម្បីប្រយោជន៍ សង្គម និងពលរដ្ឋខ្មែរ។
លោក នី សុខា៖«ដើមឆ្នាំ២០២៣នេះ យើងឃើញទិដ្ឋភាពមិនទាន់មានការដោះស្រាយស្ថានការណ៍នយោបាយនៅឡើយ នេះបង្ហាញសញ្ញាណមួយឱ្យឃើញថាអាចវាជៈឥទ្ធិពលដល់បរិយាកាសមុនការបោះឆ្នោតអាចប្រព្រឹត្តទៅដោយបរិយាកាសសេរី បរិយាកាសល្អទេបាទដែលងយើងទាំងអស់គ្នាកំពុងព្រួយបារម្ភ»។
គិតមកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា បានប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅតុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ហើយករណីចុងក្រោយនេះ តុលាការបានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទៀត។ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គំរាមប្រើប្រាស់ហិង្សា និងប្តឹងគណបក្សភ្លើងទៀតបន្ថែមទៀត។
ក្រោយពីអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនលោក ថាច់ សេដ្ឋា ស្ថានទូតសហរដ្ឋអាមេរិកបានជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយផ្ទុយ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌សម្រាប់ភាគីទាំងអស់ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្ដូរគំនិតយោបល់ដោយសេរី និងបើកចំហ។ ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកឱ្យមានសេរីភាពនៃការប្រមូលផ្ដុំ និងការចងក្រងជាសមាគម ព្រមទាំងបើកឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបំពេញការងាររបស់ខ្លួនបានដោយសេរីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។