មន្ត្រីគណបក្សសង្គ្រោះជាតិ នៅស្រុកចំនួនពីរក្នុងខេត្តត្បូងឃ្មុំ ស្នើឲ្យសមត្ថកិច្ចជួយស្វែងរកជនដែលបំផ្លាញស្លាកសញ្ញាគណបក្សជាបន្តបន្ទាប់។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលស្លាកសញ្ញាមួយផ្ទាំងរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខដក និងបំផ្លាញចោលនៅឃុំក្រែក ស្រុកពញាក្រែក កាលពីថ្ងៃទី១៤ តុលា និងមួយផ្ទាំងទៀតនៅឃុំនាងទើត នៅស្រុកតំបែរ ត្រូវបានពលរដ្ឋម្នាក់គប់ ជាដើម។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅស្រុកពញាក្រែក គ្រោងនឹងដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំក្រែក នៅថ្ងៃច័ន្ទ ទី១៧ តុលា ជុំវិញករណីបំផ្លាញស្លាកសញ្ញាបក្សមួយផ្ទាំង។
ការគ្រោងប្ដឹងនេះ ដើម្បីរកជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ឬធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ ជៀសវាងបង្កឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឬបក្សដទៃបន្តទៀត។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកពញាក្រែក លោក ចក់ ហួរ មានប្រសាសន៍ថា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយផ្ទាំងត្រូវបានជនមិនស្គាល់មុខដក និងបំផ្លាញចោលនៅឃុំក្រែក ដែលមានទីតាំងមុខផ្ទះជំទប់ឃុំគណបក្សប្រឆាំងតែម្តង៖ « ខ្ញុំ មានការ សោកស្ដាយ ជាខ្លាំង និងស្នើដល់អាជ្ញាធរដែលមានសមត្ថកិច្ច ជួយស្វែងរកជនដែលបានបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ »។
មន្ត្រីគណបក្សប្រឆាំងនៅស្រុកពញាក្រែក ដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ មានករណីបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចំនួន ២ផ្ទាំង គឺមួយផ្ទាំងនៅឃុំកក់ និងមួយផ្ទាំងទៀតនៅឃុំក្រែក។ ដោយឡែកកាលពីខែកក្កដា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយផ្ទាំងទៀត ត្រូវបានគេដកទុកចោលលើដីពីរដងក្នុងមួយថ្ងៃ។ ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងនៅឃុំនាងទើត ស្រុកតំបែរ ដែរ។
គណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកតំបែរ លោក នីម សុខា ឲ្យដឹងថា កាលពីថ្ងៃទី១១ តុលា មានពលរដ្ឋម្នាក់ឈ្មោះ ឆុន ឆេង បានយកដុំថ្មគប់ស្លាកសញ្ញាបក្ស ហើយខាងលោកក៏បានដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំដែរ ប៉ុន្តែមិនទាន់មានលទ្ធផលត្រឡប់មកវិញ៖ « ខ្ញុំ សូមអំពាវនាវ ដល់អាជ្ញាធរគ្រប់ ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ឲ្ យគោរពច្បាប់ជាធរមាន សុំកុំប៉ះពាល់ ស្លាកសញ្ញា គណបក្សនយោបាយ ណាមួយ »។
លោកអះអាងថា ក្រៅពីករណីនេះ គឺមានអាជ្ញាធរមូលដ្ឋានមួយចំនួនក្នុងឃុំនាងទើត បានទៅគំរាមម្ចាស់ផ្ទះដែលគណបក្សសង្គ្រោះជាតិ បានលើកស្លាកសញ្ញា ដោយបង្ខំឲ្យម្ចាស់ផ្ទះដកស្លាកសញ្ញាគណបក្សប្រឆាំងចេញជាដើម។
ទាក់ទងបញ្ហានេះ នាយនគរបាលប៉ុស្តិ៍ឃុំនាងទើត លោក ឆេង ធិ មានប្រសាសន៍ថា ខាងសមត្ថកិច្ចបានធ្វើទៅតាមពាក្យបណ្ដឹងរបស់មន្ត្រីគណបក្សជំទាស់ ប៉ុន្តែពលរដ្ឋឈ្មោះ ឆុន ឆេង គឺមានសតិមិនល្អ ដោយគ្រាន់តែយកដុំក្រួសទៅបាចលើស្លាកសញ្ញាបក្សប្រឆាំងប៉ុណ្ណោះ។ យ៉ាងនេះក្តី ខាងលោកក៏បានស្វែងរកជននោះដែរ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញទេ ព្រោះគាត់មានទីលំនៅមិនពិតប្រាកដ។ ចំណែករឿងមេភូមិគំរាមឲ្យពលរដ្ឋដកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចេញពីមុខផ្ទះ គឺលោកមិនទាន់ទទួលបានព័ត៌មានទេ ប៉ុន្តែលោកបញ្ជាក់ថា កន្លងទៅមិនធ្លាប់មានករណីបែបនេះឡើយ៖ « ស៊ីសង អ្នកដាក់ពាក្យ បណ្ដឹងទេ បើ អ្នកដាក់ពាក្យ បណ្ដឹងថា ត្រូវតែ ធ្វើតាម ច្បាប់ ចំណាត់ការតាមច្បាប់ យ៉ាងម៉េចៗ ហ្នឹង ខ្ញុំ ធ្វើតាម ច្បាប់ »។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីបក្សប្រឆាំងលើកឡើងថា កន្លងទៅ ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា កម្រនឹងមានអ្នកហ៊ានប៉ះពាល់ណាស់ តែប្រសិនបើមានអ្នកបំផ្លាញវិញ សមត្ថកិច្ចចាប់ខ្លួនយកទៅដាក់ពន្ធនាគារមិនឲ្យរួចខ្លួនទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ដោយសារការបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ គឺជារឿងនយោបាយ ហើយគណបក្សប្រឆាំងជាគណបក្សនៅក្រៅរដ្ឋាភិបាល ជាហេតុធ្វើឲ្យមន្ត្រីសមត្ថកិច្ចខ្លះមិនហ៊ានចាត់វិធានការ។ ដូច្នេះការរំពឹងថា អាជ្ញាធរនឹងចាប់ជនល្មើសយកមកផ្ដន្ទាទោសបាននោះ គឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ៖ « និយាយអំពីសង្ឃឹមវិញ គឺសង្ឃឹមតិចបំផុត ឬក៏ គ្មានសង្ឃឹម តែម្តង ព្រោះ អីយើ ងត្រូវដឹង ចង់មិនចង់ ពួកគាត់មិនហ៊ានចាប់ទេ »។
លោកសង្កេតឃើញថា រដូវជិតបោះឆ្នោតចូលមកដល់ ករណីរបៀបនេះតែងតែកើតមានឡើង។ លោកយល់ថា ប្រសិនបើសមត្ថកិច្ចនៅតែមិនអាចស្វែងរកជនល្មើសយកមកផ្ដន្ទាទោស ឬធ្វើកិច្ចសន្យាបញ្ឈប់ទង្វើបែបនេះទេ នឹងកាន់តែធ្វើឲ្យពលរដ្ឋលែងមានជំនឿលើប្រព័ន្ធគ្រប់គ្រងរដ្ឋជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។