ក្រុមស្ត្រីថ្ងៃសុក្រដែលជាប្រពន្ធកូនរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំអះអាងថា ពួកគាត់ប្រមូលផ្តុំគ្នានៅមុខតុលាការ និងទីតាំងមួយចំនួនទៀតជារៀងរាល់សប្តាហ៍ គឺដើម្បីទាមទាររកយុត្តិធម៌ជូនសាច់ញាតិរបស់ពួកគាត់។ ពួកគាត់បញ្ជាក់ថា សកម្មភាពទាំងនេះ ធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្គាប់បញ្ជាពីភាគីណាឡើយ ហើយនេះជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់។
ប្រពន្ធមន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា ការលើកឡើងរបស់តំណាងរដ្ឋាភិបាលកម្ពុជាដែលថា មានអ្នកស៊ីឈ្នួលធ្វើបាតុកម្មដើម្បីដាក់សម្ពាធលើតុលាការនោះ ជារឿងមិនត្រឹមត្រូវ និងនិយាយទាំងបំពាន។ លោកស្រីបញ្ជាក់ថា លោកស្រីចេញតវ៉ាដោយសារតែភាពឈឺចាប់ បង្កឡើងដោយអាជ្ញាធររបបក្រុងភ្នំពេញ ដែលចាប់ប្តី និងកូនប្រុសលោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌។ លោកស្រីថា ពួកមន្ត្រីរដ្ឋាភិបាលចោទប្រកាន់ពលរដ្ឋដោយបំពានបែបនេះ មកពីពួកគេមិនទាន់ស្គាល់រសជាតិឈឺចាប់នៃការព្រាត់ប្រាស់គ្រួសារ ដោយសារតែរឿងអយុត្តិធម៌ ដូចពួកលោកស្រី៖ «ពួកគាត់រាល់ថ្ងៃដែលចាប់ប្តីពួកខ្ញុំទៅហ្នឹង វាដូចជាសម្លាប់ខ្ញុំទាំងរស់។ សួរថា ស៊ីឈ្នួលតាមប្រឡោះណា ? ឥលូវទៅមើលជីវភាពគ្រួសារខ្ញុំទៅមើល។ ខ្ញុំជួលផ្ទះគេនៅមួយខែប៉ុន្មាន កូនខ្ញុំរៀន ម្តាយខ្ញុំចាស់ កូនខ្ញុំនៅតូច គ្រប់ទាំងអស់គ្នា សួរថា មានកន្លែងណា ? អស់លោកគ្រាក់ៗនោះ មានឡើងចង់ដាច់ខ្យល់ងាប់ហើយ សួរថា ដែរមកមើលឃើញប្រជាពលរដ្ឋដែលក្រីក្រអត់ ហើយសួរថា ស៊ីឈ្នួលម៉េចទៀត ? ពួកអស់លោកហ្នឹងហើយដែលស៊ីប្រាក់ខែពលរដ្ឋហើយ ដែលមិនមកបម្រើពលរដ្ឋនេះ»។
ប្រពន្ធមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំម្នាក់ទៀតលោកស្រី សេង ចាន់ថន ថ្លែងថា ប្តីលោកស្រី គឺលោក ស៊ុន ធន់ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារទាំងដែលគាត់មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ដូច្នេះលោកស្រីមិនអាចឱបដៃឈរមើលភាពអយុត្តិធម៌បែបនេះ កើតលើគ្រួសារលោកស្រីនោះទេ។ លោកស្រីចាត់ទុកសម្តីរបស់តំណាងរដ្ឋាភិបាលកម្ពុជាថា ជាការប្រមាថលើពួកលោកស្រី និងពលរដ្ឋដទៃទៀតដែលតវ៉ាដោយសន្តិវិធីដើម្បីរកយុត្តិធម៌សង្គម៖ « ការលើកឡើងរបស់ ( តំណាង ) រាជរដ្ឋាភិបាលហ្នឹង គឺ ជារឿងមួយដែល ប្រមាថ ចេះលើក ឡើង ចេះតែថា ចេះតែគំរាមដល់ប្រជាពលរដ្ឋ កុំឱ្យពួកគាត់ហ៊ានតវ៉ា ហ៊ានប្រឆាំងនូវទង្វើអយុត្តិធម៌ដែលគាត់ធ្វើមកលើប្រជាពលរដ្ឋសព្វថ្ងៃហ្នឹងឯង »។
ប្រតិកម្មខ្លាំងៗរបស់ក្រុមស្ត្រីអ្នកតវ៉ាដោយសន្តិវិធីនេះ កើតមានឡើងបន្ទាប់ពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (Geneva) បានថ្លែងថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ តំណាងរបបលោក ហ៊ុន សែន លើកឡើងបែបនេះក្នុងសម័យប្រជុំលើកទី៤៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗនេះ។
ទោះជាតំណាងរបបលោក ហ៊ុន សែន មិនបានបញ្ជាក់ឱ្យច្បាស់ថា តើពួកគេសំដៅលើបាតុកម្មណាមួយក៏ដោយ ក៏កន្លងមកក្រុមអាជ្ញាធរបានចោទក្រុមស្ត្រីថ្ងៃសុក្រ និងពលរដ្ឋដែលធ្វើបាតុកម្មដោយសន្តិវិធីដើម្បីយុត្តិធម៌សង្គមនោះថា ធ្វើសកម្មភាពដោយខុសច្បាប់ ហើយបានបង្ក្រាបការប្រមូលផ្តុំទាំងនោះឥតលុះពេល។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបានទេ។
ប៉ុន្តែសមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន គាំទ្រការលើកឡើងរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (Geneva)។ លោកបញ្ជាក់ថា ការធ្វើបាតុកម្មដើម្បីដាក់សម្ពាធតុលាការ ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះ ជារឿងមិនត្រឹមត្រូវឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់៖ « ការប្រមូលផ្តុំជាក្រុម ជាបក្ខ ជាពួក ហើយដាក់សម្ពាធ ទៅបង្ខំ ទៅទាមទារដល់តុលាការ អាហ្នឹងឯងដែលជាអំពើមួយអត់មានការអនុញ្ញាត ហើយថែមទាំងដាក់សម្ពាធទៅតុលាការ ដែលជាតុលាការឯករាជ្យ។ អ៊ីចឹងវាជារឿងមួយដែលមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌនៃការបញ្ចេញមតិនោះទេ »។
ទោះជាយ៉ាងណា ការលើកឡើងរបស់តំណាងរបបក្រុងភ្នំពេញ និងមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះ ហាក់ធ្វើឡើងក្នុងន័យការពាររដ្ឋអំណាច និងមានស្តង់ដារពីរ។
ការប្រមូលផ្តុំរបស់ពលរដ្ឋទំនងជាគ្មានឥទ្ធិពលអ្វីលើតុលាការនោះទេ ប៉ុន្តែអ្នកដែលបញ្ជាតុលាការស្រេចតែនឹងចិត្តនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញទេ។ ជាឧទាហរណ៍ លោកធ្លាប់បានបញ្ជាឱ្យចាប់ខ្លួន និងដោះលែងថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងជាហូរហែរ ហើយមន្ត្រីតុលាការក៏ម្នីម្នាធ្វើតាមបញ្ជាទាំងនោះដោយមិនគិតពីច្បាប់ទម្លាប់។ ជាពិសេសក្នុងសំណុំរឿងលោក កឹម សុខា ផ្ទាល់ គឺលោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យចាប់ខ្លួនតំណាងរាស្ត្ររូបនេះទាំងមានអភ័យឯកសិទ្ធិ និងបង្គាប់ឱ្យអាជ្ញាធរត្រូវតែដាក់ទោសមេបក្សប្រឆាំងរូបនេះ។ នៅដំណាក់កាលចុងក្រោយនេះលោក ហ៊ុន សែន បានប្រាប់ទៅមន្ត្រីរបស់លោកថា ការជម្រះរឿងក្តីលោក កឹម សុខា ត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតវិញ។
ងាកទៅការប្រមូលផ្តុំរបស់ពលរដ្ឋវិញ ក្រុមអ្នកការពារសិទ្ធិមនុស្សពន្យល់ថា ពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្តុំគ្នាសម្តែងមតិ ផ្អែកលើមូលដ្ឋានច្បាប់កំពូល និងច្បាប់អន្តរជាតិជាច្រើន រួមមានរដ្ឋធម្មនុញ្ញ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ សូម្បីតែនៅក្នុងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី ក៏មិនបានតម្រូវឱ្យពលរដ្ឋទៅសុំការអនុញ្ញាតពីអាជ្ញាធរដែរ គឺត្រឹមតែការជូនដំណឹងប៉ុណ្ណោះ។
មានចំណុចសំខាន់មួយទៀតដែលក្រុមមន្ត្រីរដ្ឋាភិបាលមិនព្រមបកស្រាយ និងមិនព្រមអនុវត្តតាមច្បាប់។ នោះគឺការប្រើប្រាស់ហិង្សាតាមទំនើងចិត្តរបស់ក្រុមអាជ្ញាធរ និងសន្តិសុខលើប្រជាពលរដ្ឋ ជាពិសេសស្ត្រីទន់ខ្សោយ ដែលតវ៉ាដោយសន្តិវិធីជារៀងរាល់សប្តាហ៍។ ពួកគេបានចាប់អូសអ្នកតវ៉ាកាត់ថ្នល់ ចាប់បោះ ឬបោកផ្ទប់នឹងថ្នល់ និងក្តិចមូល ព្រមទាំងជេរប្រមាថដោយសម្តីអសុរោះផងក៏មាន។ ទោះបីជាករណីហិង្សាប្រព្រឹត្តដោយភ្នាក់ងាររដ្ឋនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាត មានទាំងវីដេអូ និងរូបថត ហើយជួនកាលដល់ថ្នាក់ជនរងគ្រោះដាក់បណ្តឹងផងក៏ដោយ ក៏តុលាការ និងស្ថាប័នជំនាញគ្មានចំណាត់ការអ្វីលើក្រុមអ្នកប្រព្រឹត្ត ដែលជាអាជ្ញាធរទាំងនោះដែរ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមានកាតព្វកិច្ចការពារ មិនមែនបង្ក្រាបនោះទេ ប្រសិនបើការប្រមូលផ្តុំរបស់ពលរដ្ឋធ្វើឡើងដោយសន្តិវិធី។ លោកបកស្រាយទៀតថា ករណីអាជ្ញាធរប្រើហិង្សាលើអ្នកតវ៉ាដោយសន្តិវិធី នោះគឺជាអំពើល្មើសច្បាប់ និងជាការប្រើអំណាចដោយបំពាន ដែលក្រុមអាជ្ញាធរក៏ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដែរ៖ « កាលណាយើងប្រើប្រាស់អំពើហិង្សាទៅលើអ្នកជួបជុំដោយសន្តិវិធី បានន័យថា យើងខុសច្បាប់ យើងប្រើប្រាស់អំណាចដោយអំពើហិង្សា។ អ៊ីចឹងបើកាលណាប្រើប្រាស់អំពើហិង្សាមិនប្រឈមមុខចំពោះមុខច្បាប់ នោះហើយជាការលើកទឹកចិត្តសម្រាប់ការប្រើប្រាស់អំពើហិង្សានេះជាបន្ត » ។
លោក អំ សំអាត ថ្លែងទៀតថា តំណាងរដ្ឋាភិបាលមានសិទ្ធិបកស្រាយការពារខ្លួនជុំវិញការគោរព និងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក៏មានភស្តុតាងរឹងមាំបញ្ជាក់ពីបញ្ហាធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរ។
កន្លងមក ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានថ្កោលទោស និងទាមទារឱ្យអាជ្ញាធររបបលោក ហ៊ុន សែន បញ្ឈប់ការប្រើហិង្សា និងការបង្ក្រាបលើការប្រមូលផ្តុំរបស់ពលរដ្ឋតទៅទៀត។ ពួកគេទទូចដល់របបនេះឱ្យងាកមកគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋវិញ ដូចជា ការប្រមូលផ្តុំដោយសន្តិវិធី ការបញ្ចេញមតិ ការចងក្រងគ្នាជាសមាគម និងការទទួលបានព័ត៌មាន ជាដើម។
ក្រុមអ្នកតវ៉ាដោយសន្តិវិធីក៏អំពាវនេះយ៉ាងដូច្នេះដែរ ក៏ប៉ុន្តែពួកគាត់មានការប្តេជ្ញាចិត្តមោះមុតបន្ថែមទៀត។ ពួកគាត់អះអាងថា ទោះបីជាអាជ្ញាធរនៅតែតាមយាយី និងធ្វើទុក្ខបុកម្នេញលើពួកគាត់ទៀតក៏ដោយ ក៏ពួកគាត់នៅតែចេញតវ៉ារៀងរាល់សប្តាហ៍ដដែល ដើម្បីជួយរកយុត្តិធម៌ជូនគ្រួសាររបស់ពួកគាត់ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។