ក្រុម​គ្រួសារ​លោក ប៉ែន សុវណ្ណ មិន​ពេញ​ចិត្ត​ចំពោះ​ការ​បូជា​សព​នៅ​ជិត​គុក​ព្រៃស

ដោយ ម៉ម មុនីរតន៍
2016-11-05
Share
ប៉ែន សុទ្ធា ៨៥៥ ២០១៦ កូន​ស្រី​ចិញ្ចឹម​របស់​លោក ប៉ែន សុវណ្ណ លោកស្រី ប៉ែន សុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៦ នា​វត្ត​ថាន់ រាជធានី​ភ្នំពេញ។
RFA/Morm Moniroth

សព​អតីត​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​របប​សាធារណៈ​ប្រជាមានិត​កម្ពុជា នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​វត្ត​ថាន់ ទៅ​បូជា​ជាយ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ ការ​បង្វែរ​ទិស​ខុស​ពី​ការ​គ្រោង​ទុក​ថា នឹង​ត្រូវ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី​នេះ ដោយសារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ សំអាង​ហេតុ​ថា ការ​បូជា​សព​នៅ​កណ្ដាល​ទីក្រុង​នេះ នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន។ ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ គណៈកម្មការ​រៀបចំ​បុណ្យ​សព និង​សាលាក្រុង​ភ្នំពេញ បាន​ប៉ះ​សម្ដី និង​ខ្វែង​គំនិត​គ្នា រាប់​ចាប់​តាំង​ពី​ទីតាំង​តម្កល់​សព​ឡើង​ទៅ។

ក្រុម​គ្រួសារ​សព​បញ្ជាក់​ជំហរ​ថា ពួក​គេ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ទីតាំង​បូជា​សព​លោក ប៉ែន សុវណ្ណ ក្បែរ​គុក​ព្រៃស ប៉ុន្តែ​ដោយ​គ្មាន​ជម្រើស ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ទាំង​ទើសទាល់​ចំពោះ​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បើក​ផ្លូវ​ឲ្យ​មាន​ពិធី​បូជា​សព​នៅ​ក្រៅ​ក្រុង​នៅ​ពេល​នេះ។

លោកស្រី ប៉ែន សុទ្ធា ជា​កូន​ស្រី​ចិញ្ចឹម​របស់​លោក ប៉ែន សុវណ្ណ ត្អូញត្អែរ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ថា ជា​ការ​គួរ​ឲ្យ​ហួស​ចិត្ត​ដែល​បម្រាម​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បិទ​ផ្លូវ​សម្រាប់​ការ​ជូន​ដំណើរ​ជា​លើក​ចុង​ក្រោយ​ទៅ​ដល់​ឪពុក​របស់​លោកស្រី គឺ​លោក ប៉ែន សុវណ្ណ។ លោកស្រី​បន្ត​ថា សាលាក្រុង​ភ្នំពេញ គឺ​មាន​ចិត្ត​ចង្អៀត​ចង្អល់​ណាស់​ពេក​ហើយ ចំពោះ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ ក៏​នៅ​តែ​មិន​លើកលែង​ឲ្យ​ដែរ។ លោកស្រី​យល់​ឃើញ​ថា ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោកស្រី​ដែល​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​សម្រាប់​ជាតិ​មាតុភូមិ តែ​ទីបំផុត​អ្នក​ស្នេហា​ជាតិ​ស្លាប់​ទៅ​វិញ​ស្ទើរ​រក​ដី​កប់ ឬ​បូជា​គ្មាន។ លោកស្រី​បន្ត​ថា «ដោយសារ​ថា​ខាង​គណៈកម្មការ​គាត់​ខំ​ព្យាយាម​សូម​បូជា​នៅ​មុខ​បទុមវតី ប៉ុន្តែ​ការ​សុំ​នេះ​ឥត​បាន​សម្រេច​ជោគជ័យ​ទេ»

កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បដិសេធ​ម្ដង​ទៀត មិន​ឲ្យ​គណៈកម្មការ​បូជា​សព​នៅ​វត្ត​និរោធ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ។ ការ​ជំទាស់​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ដដែល ក្រោយ​ពី​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ នៅ​ក្នុង​កំណត់ហេតុ​ប្រជុំ ថា​នឹង​ផ្ដល់​ទីតាំង​វត្ត​និរោធ សម្រាប់​បូជា​សព។ នេះ​ពុំ​មែន​ជា​ការ​បដិសេធ​ដែល​ថ្មី​ឡើយ សម្រាប់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ សាលាក្រុង​ភ្នំពេញ​នេះ ក៏​បាន​ច្រាន​ចោល​សំណើ​សុំ​បូជា​សព​ម្ដង​រួច​ហើយ​ដែរ​នៅ​មុខ​វត្ត​បទុមវតី។ ការ​បដិសេធ​នេះ ក្រោម​ហេតុផល​ថា ការ​បូជា​សព​នេះ​អាច​នាំ​ឲ្យ​រំខាន​ដល់​អង្គ​ព្រះមហាក្សត្រ​ជាដើម។

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​អតីត​ប្រមុខ​រដ្ឋ ក្នុង​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា បញ្ជាក់​ថា ជា​ជម្រើស​ការ​បូជា​សព​នេះ ត្រូវ​បង្វែរ​ទិស​ទៅ​ជាយ​ក្រុង​វិញ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ខាង​ពិធីការ​បាន​រៀបចំ​ទីតាំង និង​តម្រាយ​ផ្លូវ​ក្នុង​ការ​ហែ​ចេញ​រួចរាល់​ហើយ។ លោក​បន្ត​ថា «ឥត​មាន​កែប្រែ​ទេ​បាទ! គេ​កំពុង​រៀបចំ​ធ្វើ​មេរុ​ហើយ ដើម្បី​បូជា​សព​គាត់​នៅ​ថ្ងៃ​ស្អែក​ព្រឹក​នេះ។ គម្រោង​ចេញ​ពី​នេះ​ទៅ​យ៉ាង​យូរ​ម៉ោង ៧​ព្រឹក។ យើង​បាន​ឮ​ពាក្យ​ទាំងអស់​នោះ​ដែរ ប៉ុន្តែ​យើង​យល់​ឃើញ​ថា នោះ​គ្រាន់​តែ​ឈ្មោះ​សង្កាត់​មួយ​ទេ»

គណៈប្រតិភូ​ក្រុមប្រឹក្សា​ស្រុក ខេត្ត របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ែន សុវណ្ណ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៦ នា​វត្ត​ថាន់។
គណៈប្រតិភូ​ក្រុមប្រឹក្សា​ស្រុក ខេត្ត របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ែន សុវណ្ណ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៦ នា​វត្ត​ថាន់។
RFA/Morm Moniroth

សព​លោក ប៉ែន សុវណ្ណ នឹង​ត្រូវ​ហែ​ចេញ​ពី​វត្ត​ថាន់ នៅ​ម៉ោង​ប្រមាណ ៧​ព្រឹក ឆ្ពោះ​ទៅ​កាន់​ឈាបនដ្ឋាន​បូជា​សព​នៅ​វត្ត​ឫស្សីសាញ់ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ។ អតីត​ប្រមុខ​រដ្ឋ​រូប​នេះ ទទួល​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ក្នុង​អាយុ ៨០​ឆ្នាំ។

នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ជូន​ដំណើរ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ខាង​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បាន​រៀបចំ​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ​ជាង ១០០​អង្គ។ ទន្ទឹម​នឹង​នេះ មាន​សមាជិក​ក្រុមប្រឹក្សា​ស្រុក ខេត្ត​ ទាំង ២៥​រាជធានី ខេត្ត ពី​ខាង​គណបក្ស​ប្រឆាំង បាន​ចូល​មក​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ែន សុវណ្ណ មុន​នឹង​ត្រូវ​ដង្ហែ​ទៅ​បូជា​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

រស់​នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង លោក លន់ ម៉ិក ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រមុខ​រដ្ឋ លោក ប៉ែន សុវណ្ណ យល់​ឃើញ​ថា គាត់​គឺ​ជា​មេដឹកនាំ​ស្នេហា​ជាតិ​ដែល​ប្រឆាំង​អាណានិគម​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា និង​ជា​អ្នក​ដែល​បង្កើត​រណសិរ្ស ២​ធ្នូ មុន​គេ មុន​ផ្ដួល​រំលំ​របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ ឲ្យ​បរាជ័យ។ លោក​បន្ត​ថា «ឥត​ទេ​លោកតា ប៉ែន សុវណ្ណ នេះ​គាត់​ជា​មនុស្ស​ល្អ។ គាត់​បាន​រំដោះ​ថ្ងៃ​៧ មករា នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​យើង​រីករាយ​សប្បាយ។ គាត់​ទើប​តែ​មាន​បញ្ហា​នៅ​ឆ្នាំ​៨១ នេះ។ ខ្ញុំ​មាន​សេចក្ដី​រន្ធត់​ដែល​គាត់​ស្លាប់​នេះ»

ជុំវិញ​រឿង​នេះ ចាប់​តាំង​ពី​លោក ប៉ែន សុវណ្ណ ទទួល​មរណភាព គេ​សង្កេត​ឃើញ​ថា មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ពុំ​ឃើញ​វត្តមាន​ចូល​រួម​គោរព​បុណ្យ​សព​ឡើយ។ ទាក់ទង​បញ្ហា​នេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ពី​ខាង​បក្ស​ប្រឆាំង​ចំអក​ឲ្យ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ទទួល​បាន​ការ​ធំ​ក្នុង​មុខ​ងារ​រដ្ឋ គឺ​សុទ្ធ​តែ​បាន​ពី​ការ​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​អតីតកាល​របស់​លោក ប៉ែន សុវណ្ណ។ លោក​បន្ថែម​ថា វា​គួរ​ឲ្យ​ខ្មាស​ដែល​មន្ត្រី​ក្នុង​មុខងារ​បច្ចុប្បន្ន​ទទួល​បាន​តំណែង​ជា​មត៌ក​ពី​អតីត​ប្រមុខ​រដ្ឋ​រូប​នេះ ប៉ុន្តែ​បែរ​ជា​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​ព្យាយាម​សម្ងំ​ស្ងៀម​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល