ពលរដ្ឋ​ថា អវត្តមាន​បក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ព្រួយ​បារម្ភ​ពី​អនាគត​ស្រុក​ទេស កំពុង​ជំពាក់ជំពិន​ដោយ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ គ្មាន​ច្រកចេញ ប៉ះពាល់​ធំធេង​ដល់​ជីវភាព​ពលរដ្ឋ​។ ពលរដ្ឋ​លើកឡើង​ដូច្នេះ ក្រោយ​ពី​គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

ពលរដ្ឋ​មួយ​ចំនួន​ទាមទារ​ឲ្យ​គ.ជ.ប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​នយោបាយ​ភ្លើងទៀន ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ​ដើម្បី​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម កែ​លម្អ​ចំណុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល។

ពលរដ្ឋ​ខ្លះ​បាន​ចាត់ទុក ទង្វើ​របស់​គ.ជ.ប​ថា ដើរ​តាម​ខ្សែ​ញាក់​របស់​អ្នក​នយោបាយ ប៉ះពាល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ នៅ​ពេល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក សៀម វ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៩ ឧសភា ថា ក្នុង​អាណត្តិ​ទី​០៦ កន្លង​ទៅ រដ្ឋាភិបាល​ឯក​បក្ស​ដឹកនាំ​រដ្ឋ​មិន​បាន​ផ្តល់​ផល​ចម្រើន​ដល់​ពលរដ្ឋ​ឱ្យ​រស់​នៅ​មាន​ជីវភាព​ធូរធារ​ឡើយ តែ​ផ្ទុយទៅវិញ ពលរដ្ឋ​ចំណាកស្រុក​ស្ងាត់​ភូមិ​តម្លៃ​កសិផល​ធ្លាក់ចុះ ជំពាក់​បំណុល​ធនាគារ និង​ថយ​ចុះ​ធនធាន​ធម្មជាតិ​ជាដើម​។ លោក​ថា រយៈពេល​ជាង ៤ ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​មិន​ហ៊ាន​បញ្ចេញមតិ បញ្ហា​សង្គមជាតិ​នោះ​ឡើយ ហើយ​ពួកគាត់​ខ្លះ​ទៀត សុខចិត្ត​អត់ធ្មត់​មិន​ហ៊ាន​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ដែល​អាជ្ញាធរ​មើល​រំលង​នោះ​ទេ។

លោក សៀម វ៉ាន់៖ «ព្រៃឈើ​នៅ​លើ​គេ សូម្បីតែ​រ៉ែ​ពេជ្រ​មាស​នៅ​លើ​គេ មាន​នរណា​ទៅ​ក្អក ធ្វើ​អី​ទៀត ប៉ះពាល់​ធំធេង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្មែរ​។ ប៉ះពាល់​ធ្ងន់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្មែរ​មានអី​ទៀត អត់​មាន​នរណា​ទៅ​ជ្រែង ទៅ​ទប់ស្កាត់​បានទេ​។ ចូល​អន្លង់​កម្ម​មួយ​ហើយ គ្មាន​ដោះស្រាយ​អី​ចេញ ព្រៃឈើ​មួយ​ប្រទេស​ខ្មែរ​មានអី​ទៀត​អត់​មាន​នរណា​ទៅ​ជ្រែង​ទៅ​ឈប់​ស្កាត់​បានទេ»។

ចំណែកឯ​ពលរដ្ឋ​រស់​នៅ​ខេត្តកោះកុង លោកស្រី ហៀប ឪ បារម្ភ​ថា អាជ្ញាធរ​ឯក​បក្ស នឹង​ជិះសេះ​លែងដៃ​បន្ត​ទៀត​ដោយ​ពុំបាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ​ស្របតាម​ច្បាប់​នោះ​ឡើយ តែ​ផ្ទុយទៅវិញ​នឹង​ប្រើ​អំណាច​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់ ដែល​ស្រែក​ទាមទារ​យុត្តិធម៌ ក្នុង​រឿង​ដីធ្លី និង​ធនធាន​ធម្មជាតិ ប្រសិនបើ​គណបក្ស​ភ្លើងទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក សៀម វ៉ាន់៖ «គេ​នៅតែ​បំផ្លាញ​អត់​មាន​អាជ្ញាធរ​មករា​រាំង​បាន​អ៊ីចឹង​និយាយ​រួម​គេ មិន​ត្រឹម​មិន​រារាំង គឺ​គេ​មិន​ចូលរួម​ហ្មង នរណា​យក​អី​យក​ទៅ។ បាត់បង់​ធម្មជាតិ​ម៉េច?គេ​អត់​គិត​ទេ បាត់​អី​បាត់​ទៅ។ បាត់​អស់​ក្តាម​ខ្យល់​សមុទ្រ​អី គេ​ចាក់​ដី​រាល់ថ្ងៃ»។

ពលរដ្ឋ​ចំណាំ​ថា កាល​នៅ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​អាជ្ញាធរ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ឡើយ គោរព​សិទ្ធិ​ពលរដ្ឋ និង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ខ្លះៗ ដោយសារ​គណបក្សប្រឆាំង​តែងតែ​តាមដាន​ទង្វើ​របស់​អាជ្ញាធរ​គ្រប់​សកម្មភាព។

ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល លោក ម៉ៅ ឆន សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​ក្នុង​អាណត្តិ​ទី៦ កន្លង​ទៅ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដោយ​គ្មាន​គណបក្សជំទាស់​ចូលរួម​កែ​លម្អ​នោះ​ឡើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​សង្គម​ជាតិ។ រីឯ​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាជាង ១០០​នាក់ ក៏​មិនបាន​បំពេញ​តួនាទី ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​ក្តី​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ។

លោក ម៉ៅ ឆន៖ «ខ្ញុំ​ចង់​ឱ្យ​មាន​ការចូលរួម​ពី​អ្នកនយោបាយ​ឱ្យ​មាន​ការប្រកួតប្រជែង ចង់ឱ្យ​ពលរដ្ឋ​មានការ​សម្រេចចិត្ត​បើ​មានការ​ដឹកនាំ​ឯក​បក្ស​មួយ​អាណត្តិ​នេះ​ទៀត ផល​អវិជ្ជមាន​ច្រើន​ទៀតហើយ អស់​ដីធ្លី ព្រៃឈើ​រំលោភសិទ្ធិ​លំនៅឋាន​ផ្សេង ពលរដ្ឋ​គាត់​តវ៉ា​ខ្លួន អត់​មាន​អ្នកតំណាងរាស្ត្រ​ជួយ​គាត់​។ បញ្ហា​រឹតតែ​ធំ​ទៅៗ អត់​មាន​ដំណោះស្រាយ​នោះ​ទេ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា គណបក្ស​ភ្លើងទៀន​មិន​បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ គឺជា​កំហុស​របស់​មេដឹកនាំ គណបក្ស​មួយ​នេះ ដែល​មិន​បាន​បំពេញ​បែបបទ​រដ្ឋបាល​ជូន​គ.ជ.ប។

លោក សុខ ឥសាន៖ «ចំពោះ​បងប្អូន​មួយចំនួន​តូច​ដែល​ជឿ​តាម​បក្ខ​ភ្លើងទៀន​ទទួល​ការ​ញុះញង់​ពី​អ្នក​ខាងក្រៅ​មក ខ្ញុំ​យល់ថា នឹង​ទទួលផល​លំបាក​ហើយ​។ ព្រោះ​គ.ជ.ប​គេ​សម្រេច​ហើយ មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​។ អានេះ​ដោយសារ​ខ្វះ​ឯកសារ​រដ្ឋបាល​ទេ»។

ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា គណបក្ស​ភ្លើងទៀន​ដែល​ធ្លាប់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ឃុំ​/​សង្កាត់​បាន ក៏ប៉ុន្តែ​បែរជា​អាក់ខាន​ក្នុង​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ គឺជា​គំនិត​ទុច្ចរិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្តាប់​អំណាច​ដោយ​មិន​ក្រែង​ចិត្ត​ពលរដ្ឋ​។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត សង្កេតឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​បង្កើត​អំពើ​អយុត្តិធម៌​ចំពោះ​សង្គមជាតិ​ម្តង​ហើយ​ម្តង​ទៀត តាមរយៈ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង​និង​អ្នកនយោបាយ​ណា ដែល​មាន​ទស្សនៈ​ផ្ទុយ​។ លោក​ថា ទង្វើ​បែបនេះ​ដើម្បី​ក្តាប់​អំណាច​ត ជំនាន់ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង សង្គមជាតិ​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «ប្រព័ន្ធ​កុម្មុយនិស្ត ដឹង​ស្រាប់តែ​ប្រព័ន្ធ​ផ្ទេរ​អំណាច គឺ​ត្រូវ​បង្ក្រាប​គ្រប់​រូបភាព​ទាំងអស់ ពួក​ផ្ដាច់ការ មិន​ថា ស្រុក​ចិន និង​ស្រុក​ខ្មែរ​ដូចគ្នា។ រដ្ឋាភិបាល ហ៊ុន សែន បង្កើត​អំពើ​អយុត្តិធម៌​សម្រាប់​គណបក្ស​ដៃគូ មើល​ទៅ​មិន​សូវ​ស្រួល ហើយ​យក​លេស​នយោបាយ​ដាក់បន្ទុក»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា គណបក្ស​ភ្លើងទៀន ជា​ដៃគូ​ប្រកួតប្រជែង នឹង​គណបក្ស​កាន់អំណាច​តែមួយ​គត់ ហេតុនេះ លោក ហ៊ុន សែន គួរតែ​បើកចំហ​សេរីភាព​នយោបាយ​និង​ទទួល​យក​ការសម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​ចង់​ឃើញ​បរិយាកាស​ប្រកួតប្រជែង​ការ​បោះឆ្នោត​មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។