អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួនចាប់ផ្ដើមបង្ហោះសារ ធ្វើយុទ្ធនាការ មិនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខ ស្របពេលដែលគណបក្សនយោបាយនានាកំពុងឃោសនារកសំឡេងគាំទ្រពីប្រជាពលរដ្ឋ។ពលរដ្ឋលើកឡើងថា ការបោះឆ្នោតខាងមុខនេះគឺជាប្រជាធិបតេយ្យក្លែងក្លាយ ដែលមិនឆ្លុះបញ្ចាំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋនោះទេ។
មួយរយៈចុងក្រោយនេះអ្នកលេងហ្វេសប៊ុកកាន់តែច្រើន បាននាំគ្នាបង្ហោះ និងចែករំលែកសារ ដែលសម្ដែងការមិនពេញនឹងការបោះឆ្នោតខាងមុខ ពីមួយទៅមួយ ហាក់មិនខ្លាចអាជ្ញាធររបបលោកហ៊ុន សែន ចាត់វិធានការផ្លូវច្បាប់នោះទេ។
ហ្វេសប៊ុក ឈ្មោះ ខេមបូឌា អេឡិកស៊ិន (Cambodia Election) សរសេរថា សូមរក្សាម្រាមដៃឲ្យស្អាតនៅថ្ងៃទី២៩ កក្កដា ខាងមុខ ហើយបន្ថែមទៀតថា ប្រឡាក់ទឹកខ្មៅថ្ងៃនោះ ដូចជាប្រឡាក់ឈាមមាតុភូមិយើង ដែលជនក្បត់ជាតិ កំពុងតែបំផ្លិចបំផ្លាញ និងកាត់ច្រៀកលក់ឲ្យបរទេស។ ក្រៅពីសារនេះ ក៏មានដាក់រូបមនុស្សជាច្រើនលើកចង្អុលដៃ ដែលជាសញ្ញាមិនទៅចូលរួមបោះឆ្នោត ហើយអ្នកលេងហ្វេសប៊ុកជាច្រើននាក់ទៀត ក៏ចែករំលែកសារដដែលនេះតៗគ្នាទៀតផង។
ពលរដ្ឋម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះ ដែលបានចែករំលែកសារនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា ថា មូលហេតុដែលបង្ហោះសារនេះ ដោយសារមិនពេញចិត្តនឹងការបោះឆ្នោតខាងមុខ។ ពលរដ្ឋរូបនេះអះអាងទៀតថា ការបោះឆ្នោតខាងមុខ គឺជាការបោះឆ្នោតបែបបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីឲ្យលោក ហ៊ុន សែន បានឡើងកាន់អំណាចបន្តទៅទៀត៖ «ពីព្រោះអីពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិកន្លងមក ហើយត្រូវបានរបបលោក ហ៊ុន សែន រំលាយចោល ដូច្នេះការបោះឆ្នោតខាងមុខនេះ នឹងគ្មានន័យអីសម្រាប់ពលរដ្ឋដែលគាំទ្រនោះទេ។ ហើយក្រោយពីបោះឆ្នោតជាប់រួចហើយ យកកៅអីសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងហើយយកទៅចែកឲ្យគណបក្សផ្សេងទៅវិញ អីចឹងទេបោះឆ្នោតនឹងមានន័យអីទៅ»។
ពលកររូបនេះបន្ថែមទៀតថា សមាជិកក្រុមគ្រួសាររបស់ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតបែបក្លែងក្លាយនេះទេ ហើយថានឹងបន្តធ្វើយុទ្ធនាការមួយនេះ រហូតដល់ថ្ងៃបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ តាំងពីថ្ងៃដំបូងដល់១៣កក្កដា ដំណើរការដោយរលូន ដោយពុំមានបញ្ហាអ្វីកើតឡើងនោះទេ។ ទោះជាយ៉ាងណា គណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់មានប្រតិកម្មជុំវិញ នឹងការបង្ហោះសារដែលមិនទៅចូលរួមបោះឆ្នោតនេះនៅឡើយទេ៖ «គ . ជ . ប អំពាវនាវសុំឲ្យប្រជាពលរដ្ឋកុំស្ដាប់មតិយោបល់ណាដែលផ្ទុយនឹងចរន្តច្បាប់ ច្បាប់ផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋរយៈពេល៥ឆ្នាំទៅបោះឆ្នោតម្ដង ហើយព័ត៌មានទាំងឡាយណាដែលមិនចេញពីគ . ជ . បនោះអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធសេរីភាព ដល់ការសម្រេចចិត្តរបស់ពលរដ្ឋទៅវិញនោះទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានព្រមានម្ដងរួចមកហើយថា ក្រសួងមហាផ្ទៃ នឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោត ទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ជនទាំងនោះ។ លោកថា មូលហេតុ ដែលប្ដឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ ព្រោះក្រុមអ្នកធ្វើសកម្មភាពនេះគឺ កំពុងនៅក្រៅប្រទេស។ ប៉ុន្តែ ការព្រមានបែបនេះ ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារទាក់ទងនឹងការបោះឆ្នោត យល់ថា គឺជាការនិយាយហួសពីច្បាប់ចែង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស លើកឡើងថា ការអំពាវនាវដោយការបង្ហោះសារនៅក្នុងហ្វេសប៊ុក គឺគ្រាន់តែជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលមិនមានឥទ្ធិពលដល់អ្នកបោះឆ្នោតទេ ព្រោះការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិសម្រេចរបស់ពលរដ្ឋផ្ទាល់៖ «ផ្ដោតទៅលើការចូលរួមដោយស្នើភាពគ្នា ដែលជាឱកាសនៃការជ្រើសរើសរបស់ពលរដ្ឋ ដូច្នេះបើសិនអត់មានការជ្រើសរើសនៃគណបក្សដែលពួកគេស្រលាញ់ ហើយសិទ្ធនៃការធ្វើនយោបាយអត់មានទើបគេធ្វើការវាយតម្លៃទៅបាន»។
កាលពីថ្មីៗនេះរបបលោក ហ៊ុន សែន បានចេញប្រកាសអន្តរក្រសួងមួយ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលដៅប្រឆាំង ទប់ស្កាត់រាល់ការផ្សព្វផ្សាយ និងចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចល បណ្ដាលឲ្យមានការអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។ វិធានការនេះ ត្រូវបានអ្នកជំនាញអះអាងថា ជាការតាមដានសកម្មភាពបញ្ចេញមតិរបស់ពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាផ្នែកមួយនៃយុទ្ធនាការបំបិទសំឡេងរិះគន់ និងសំឡេងប្រឆាំងតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។