ពលរដ្ឋ និងសកម្មជនបរិស្ថានស្វាគមន៍ចំណាត់ការរបស់អាមេរិកដែលបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិឈ្មួញព្រៃឈើ លោក ទ្រី ភាព និង លោក គន់ គីម និងក្រុមគ្រួសារមន្ត្រីរូបនេះ។ មន្រ្តីអ្នកនាំពាក្យរបបក្រុងភ្នំពេញអះអាងថា របបក្រុងភ្នំពេញនឹងស្វែងរកការពិត និងដោះបន្ទុកក្នុងកិច្ចការពារប្រកបដោយយុត្តិធម៌ និងសុចរិតភាពលើបុគ្គល ដែលទទួលរងការចោទប្រកាន់នេះ។
ពលរដ្ឋ និងសកម្មជនបរិស្ថានយល់ថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកពេលនេះជាការព្រមានដល់លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញផ្សេងទៀតថា កុំព្យាយាមបំផ្លាញទ្រព្យសម្បត្តិជាតិ និងត្រូវងាកមកគោរពសិទ្ធិ និងប្រជាធិបតេយ្យឡើងវិញ។
សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា យល់ថា ការដែលក្រសួងរតនាគារអាមេរិកឈានដល់ការសម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិឈ្មួញ និងមន្ត្រីជំនិតរបស់លោក ហ៊ុន សែន ពេលនេះគឺស្ថាប័ននេះបានការសិក្សា និងស្រាវជ្រាវត្រឹមត្រូវ។ លោក យល់ថា នឹងអាចមានមន្ត្រី ឬឈ្មួញបាត់ដៃកខ្វក់ផ្សេងទៀតអាចត្រូវរងទណ្ឌកម្មបែបនេះដូចគ្នា ព្រោះសង្កេតឃើញថានៅមានមន្ត្រី ឬឈ្មួញផ្សេងទៀតដែលបានបំផ្លាញធនធានធម្មជាតិ និងប្រព្រឹត្តអំពើពុករលួយ៖ «អ្វីដែលគេ ( សហរដ្ឋអាមេរិក ) ធ្វើមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា លោក ទ្រី ភាព ក៏ដូចជាមន្រ្តីមួយចំនួនរបស់របបលោក ហ៊ុន សែន ពិតជាពាក់ព័ន្ធនឹងអំពើពុករលួយប្រាកដមែន»។
សកម្មជនបរិស្ថានរូបនេះកត់សម្គាល់ឃើញថា ទោះកម្ពុជាមានតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយក្តី ប៉ុន្តែស្ថាប័នទាំងនោះមិនបានចាត់វិធានការលើមន្ត្រីគ្រាក់ៗ នៃរដ្ឋាភិបាល លោក ហ៊ុន សែន ទេ។ ទោះបែបនេះ លោក ថុន រដ្ឋា យល់ថា នេះជារឿងសំខាន់មួយដែលផ្ញើសារទៅមន្ត្រី និងឈ្មួញផ្សេងទៀតកុំឲ្យគិតថា ខ្លួនឯងអាចធ្វើអ្វីតាមតែចិត្តបាននោះ៖ « យើងមិនមានជំនឿចិត្តទៅលើប្រព័ន្ធតុលាការនៅកម្ពុជា អ៊ីចឹងយើងមានជំនឿលើប្រព័ន្ធច្បាប់ ឬហៅថា អង្គភាពនៅសហរដ្ឋអាមេរិកហើយយើងជឿថា មិនត្រឹមតែលោកឧកញ៉ា ទ្រី ភាព ទេ យើងក៏សង្ឃឹមនឹងបន្តទៀតទៅលើមន្រ្តីផ្សេងទៀត ដែលប្រព្រឹត្តអំពើពុករលួយជាដើម»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ណែម តារា លើកឡើងថា ទណ្ឌកម្មនេះជារឿងល្អហើយ ប៉ុន្តែលោកយល់ថា វិធានការរបស់សហរដ្ឋអាមេរិកពេលនេះហាក់យឺតពេលបន្តិច ព្រោះលោកសង្កេតឃើញថា ព្រៃឈើមួយភាគធំរបស់កម្ពុជាបានបាត់ទៅហើយ។ ពលរដ្ឋរូបនេះយល់ថា ដើម្បីអាចការពារធនធានធម្មជាតិ ឬព្រៃឈើនៅសល់ឲ្យនៅគង់វង្សបាន លុះត្រាណាសហរដ្ឋអាមេរិកមានវិធានការលើរបបក្រុងភ្នំពេញដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះអាចរស់ឡើងវិញ ទើបអាចក្លាយជាភ្នែកជាច្រមុះនៅមូលដ្ឋានក្នុងកិច្ចការពារធនធានធម្មជាតិ៖ «អ៊ីចឹងវិធានការត្រូវបើកសិទ្ធិមកវិញឲ្យប្រជាពលរដ្ឋ ឲ្យនិស្សិត ប្រជាជន សកម្មជនទាំងអស់ហ្នឹងជួយការពារបរិស្ថាន ហើយជាពិសេសគឺដាក់មេឃុំមកវិញ មេឃុំចៅសង្កាត់គណបក្សប្រឆាំងដែលគេរំលាយ គាត់ជាភ្នែកជាច្រមុះ»។
ចំណែកពលរដ្ឋម្នាក់លោកស្រី ឃុន សាវរ៉ាន់ យល់ថា វិធានការរបស់សហរដ្ឋអាមេរិកនៅពេលនេះគឺ បានដាក់ចំគោលដៅល្អណាស់ ព្រោះបុគ្គលទាំងពីររូបនេះ សុទ្ធតែមានបាតដៃកខ្វក់ក្នុងការបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា និងចូលរួមរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។