ពលរដ្ឋ​មួយ​ចំនួន​​​​និយាយ​ថា ​ការ​រំលាយ​បក្ស​ប្រឆាំង​ជាង​ ៣​ឆ្នាំ​​មក​នេះ​ ធ្វើ​ឱ្យ​​​ខូច​ប្រយោជន៍​ជាតិ​ធំធេង

ប្រជាពលរដ្ឋ​​នៅ​តាម​ខេត្ត​មួយ​ចំនួន​ លើក​ឡើង​ថា ​ការ​អវត្តមាន​​​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​មក​នេះ ​ធ្វើ​ឱ្យ​ខូច​ខាត​ផល​យោជន៍​​ជាតិ​យ៉ាង​ធំធេង។ ​​ពលរដ្ឋ​ទាំង​នោះ​​​ ស្នើ​ឱ្យ​រដ្ឋាភិបាល​​​​​បើក​ផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ ដើម្បី​​រួម​គ្នា​​អភិវឌ្ឍន៍​​ប្រទេស​។ ​អ្នក​ជំនាញ​នយោបាយ​ យល់​ថា ​​ការ​ដឹក​នាំ​ដោយ​គ្មាន​បក្ស​ប្រឆាំង​​​ធ្វើ​ឱ្យ​​​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេស​បែប​ជិះសេះលែងដៃ​។

ពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន ​​​​ថ្លែង​ថា ​ការ​ដែល​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដើម្បី​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់​ការ រយៈ​ពេល​ជិត​៤​ឆ្នាំ​មក​នេះ​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ​ខាត​បង់​​ផល​ប្រយោជន៍​ជា​ច្រើន​ ដោយ​សារ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច ​​ដឹក​នាំ​ប្រទេស​​តាម​អំពើ​ចិត្ត​​។

​​​​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ លោក កិ កាន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា​ថា ​​​សព្វ​ថ្ងៃ​​​នេះ​មន្ត្រី​គណបក្ស​កាន់​អំណាច​​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​​ដោះស្រាយ​ទុក្ខ​លំបាក​របស់​​ប្រជាពលរដ្ឋ​​ដូច​​កាល​ពី​​គណបក្ស​ប្រឆាំង​មិន​ទាន់​រំលាយ​នោះ​ទេ​។ ពលរដ្ឋ​រូប​នេះ បញ្ជាក់​ទៀត​ថា ​ប្រជាពលរដ្ឋ​នៅ​តំបន់​លោក​ស្ទើរ​តែ​គ្រប់​គ្នា​ កំពុង​តែ​ល្វីងមុខ​ ដោយសារ​​​ខ្វះខាត​ស្បៀង​អាហារ ​​និង​​​រក​ប្រាក់​មិន​បាន​សង​​​ធនាគារ​ ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើម​ទុន​កន្លង​មក​​។​លោក​បន្ត​ថា ​បញ្ហា​ទាំង​នេះ​ដោយសារ​តែ​​ពួកគាត់​អត់​ការងារ​ធ្វើ​និង​គ្មាន​ទី​ផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ហើយ​អាជ្ញាធរ​មិន​បាន​ជួយ​​ដោះស្រាយ​អ្វី​ដល់​ពួកគាត់​ឡើយ៖ «ដល់​ពេល​ជិះ​សេះ​លែង​ដៃ​អីចឹង​យើង​អត់​មាន​សិទ្ធិ​តវ៉ា​ហើយ​ ធ្វើ​អី​ស្រេច​តែ​ចិត្ត​អាជ្ញាធរ​បណ្ដោយ។​អីចឹង​អ្វីៗ ទាំង​អស់ គឺ​វា​ដូច​ចង្អៀត​​ដូច​វិបត្តិ​ផ្លូវ​ចិត្ត​បណ្ដោយ​​ ។​ដូច​បណ្ឌិត​ កែម ឡី​ គាត់​ថា​នៅ​ពេល​មនុស្ស​យើង​មាន​ទុក្ខ​កង្វល់​នៅ​ក្នុង​ចិត្ត​យើង​ចង់​ស្រែក​ ប៉ុន្តែ​ដល់​ពេល​ស្រែក​ត្រូវ​​បាន​គេ​ហាមឃាត់​អីចឹង​ទៅ »

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​ប្រយោជន៍​ជា​ច្រើន មាន​ដូច​ជា​បាត់បង់​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​​ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ របស់​ពួក​គាត់ ដោយសារ​ខ្លាច​អាជ្ញាធរ​បង្ក្រាប​និង​ចាប់​ដាក់​ពន្ធនាគារ។​ពលរដ្ឋ​រូប​នេះ​បន្ត​ថា កាល​ពី​គណបក្ស​ប្រឆាំង​មិន​ទាន់​រំលាយ គឺ​មន្ត្រី​ក្រុម​ប្រឹក្សា​របស់​គណបក្ស​មួយ​នេះ​តែង​តែ​ចុះ​ជួយ​អន្តរាគមន៍​​ដល់​ប្រជាពលរដ្ឋ​​​​នៅ​តាម​មូលដ្ឋាន​ភ្លាមៗ​ ប៉ុន្តែ​នៅ​ពេល​នេះ​គឺ​គ្មាន​​មន្ត្រី​ណា​អើពើ​ជួយ​ពួកគាត់​ឡើយ៖ «​កាល​សង្គ្រោះ​ជាតិ​នៅ​ជួយ​ដោះស្រាយ​បាន​ ជួយ​ទប់​ទល់​បាន​រឿង​ស្អី​ក៏​ដោយ​​ដល់​ពេល​អីចឹង​​ហើយ​រលត់​ឈឹង​អត់​មាន​ជួយ​អី​​បាន​ទេ​ ស្រេច​តែ​អាជ្ញាធរ​​គេ​ដោះស្រាយ​បាន​ឬ​មិន​បាន​គឺ​អត់​ប៉ុណ្ណឹង​ឯង​។សព្វ​ថ្ងៃ​នេះ​រស់​នៅ​ដោយ​ខ្លួន​ឯង​ កូន​នៅ​ណេះ​ម្ដាយ​នៅ​ណោះ​ សព្វ​ថ្ងៃ​រក​គ្មាន​សល់​លុយ​ទេ កូន​​បាន​ប្រាក់​ខែ​មក​ផ្ញើ​មក​ឱ្យ​ម្ដាយ​ ឈឺ​ផង​ ហូប​ផង​ បែង​គ្នា​​ធនាគារ​ផង​ »

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​វិញ​ ប្រាប់​ថា ​ ចាប់​តាំង​ពី​​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មក​ ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង មាន​ជា​អាទិ៍​​​ការ​រំលោភ​យក​ដីធ្លី​​​​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ ការ​លុប​បឹង​​និង​ទន្លេ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​​របស់​អ្នក​មាន​លុយ​និង​មាន​អំណាច និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ព្រម​ទាំង​ធនធាន​រ៉ែ​​​ជា​ច្រើន​កន្លែង​ទៀត​។ ពលរដ្ឋ​រូប​នេះ ​ជឿ​ថា បញ្ហា​ទាំង​នេះ​ ប្រសិន​​បើ​​​គណបក្ស​ប្រឆាំង​នៅ​មាន​ដង្ហើម​​នោះ​ពួកគេ​​នឹង​​អាច​ជួយ​តវ៉ា​​នៅ​ក្នុង​រដ្ឋសភា​ ឬ​នៅ​តាម​ខេត្ត​រាជធានី​​ទាមទារ​ឱ្យ​​​មាន​ការ​ដោះស្រាយ​​ជា​មិនខាន​ឡើយ​៖ «​សូម្បី​តែ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ក៏​លោក​មិន​ពេញ​ចិត្ត​ដែរ​ អីចឹង​ហើយ​ការ​ដែល​ធ្វើ​នេះ​​មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​​ទូទៅ​តែ​ម្ដង​។​ឥឡូវ​ឃើញ​ស្រាប់​ហើយ​ ពេល​កើត​កូវីដ​អី​អ្នក​ខ្លះ​ស្រែក​ថា​គាត់​ខំប្រឹង​តស៊ូ​​ជា​សកម្មជន​ដល់​ទៅ​ប្រពន្ធ​គាត់​ទៅ​ដាក់​ចោល​ ហើយ​ការ​បាត់បង់​ដី​ធ្លី​​ក៏​អីចឹង​ដែរ​ ពាក់​សុទ្ធតែ​អាវ​គណបក្ស​ប្រជាជន​​លើក​រូប​សម្ដេច​ឱ្យ​ជួយ​តែ​ការ​ពិត​មាន​ដែល​បាន​ណា​ដោយសារ​តែ​អាជ្ញាធរ​ហ្នឹង​ »

​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​​ស្នើ​ឱ្យ​របប​ឯក​បក្ស​​ងាក​មក​គិត​គួរ​ពី​​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ ហើយ​​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​​ឡើង​វិញ​ ដើម្បី​​​​​​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​​ជាតិ។

តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បំណង​របស់​លោក ហ៊ុន សែន ដោយ​ចោទ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​គឺ​ ​លោក កឹម សុខា ថា ក្បត់​ជាតិ។ តុលាការ​កំពូល ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

​អ្នក​តាម​ដាន​ស្ថានការណ៍​លើក​ឡើង​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​​នេះ​ដោយសារ​​​​គណបក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភាព​តំណាង​រាស្ត្រ​កាល​ពី​ឆ្នាំ​២០១៨។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​ផ្ដាច់មុខ​គ្មាន​ដែន​កំណត់​ ដោយ​គាប​សង្កត់ បិទ​សិទ្ធិ​សេរីភាព រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បង្ក្រាប​កាន់តែ​ខ្លាំង​លើ​ព្រះសង្ឃ​សកម្មជន​នយោបាយ អ្នកការពារ​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ដើម។ របប​លោក ហ៊ុន សែន ធ្វើ​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ជាពិសេស គឺ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ EBA ២០ភាគ​រយ​ការ​បាត់បង់​អព្យាក្រឹត​ភាព និង​បូរណភាព​ទឹកដី​ជា​ដើម។

​ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ ក៏​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ប្រទេស​រីក​ចំរើន​ទៅ​មុខ​ដដែល​។​​បន្ថែម​ពី​នេះ​លោក​ថា រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​សេចក្ដី​សុខ​​គ្រប់​ទីកន្លែង​។ចំណែក​ការ​ដែល​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ​នោះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​តាម​សំណើ​នេះ​បាន​ទេ ពី​ព្រោះ​លោក​លើក​ហេតុ​ផល​ដដែល​ថា តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​មួយ​នេះ​រួច​ហើយ៖ «មិន​បាច់​មាន​បក្ស​ប្រឆាំង​ក៏​បាន​ដែរ​កម្ពុជា​រាជរដ្ឋាភិបាល បក្ស​កាន់​អំណាច​មាន​ភារកិច្ច​ដោះស្រាយ​វិវាទ​គ្រប់​កន្លែង​ទាំង​អស់ ដែល​មាន​កើត​នៅ​សង្គម​កម្ពុជា។អ្នក​វិវាទ​ទាំង​ម្ខាង​ទៀត​សុទ្ធតែ​ប្រជាជន​ដូច​គ្នា​ ក៏​ប៉ុន្តែ​គេ​ដោះស្រាយ​ទៅ​តាម​គោលការណ៍​ច្បាប់ អ្នក​ណា​ខុស​គេ​ថា ខុស​អ្នក​ណា​ត្រូវ​គេ​ថា ត្រូវ​មិន​អាច​ថា​អ្នក​ខុស​ហ្នឹង​ធ្វើ​ត្រូវ​បាន​ទេ »

ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា ​មាន​ប្រសាសន៍​ថា​ ​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ជា​ការ​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​​​​​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធំធេង​។​លើស​ពី​នេះ​លោក​ថា​​​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេស​​បែប​ជិះសេះ​លែង​ដៃ​ដោយ​មិន​ព្រួយបារម្ភ​​ខ្លាច​បាត់​បង់​អំណាច​​​របស់​ពួកគេ​នោះ​ឡើយ​៖ «​ការ​ទាមទារ​ការ​ទទូច​របស់​ប្រជាពលរដ្ឋ​ជា​រឿង​មួយ​សំខាន់​ណាស់​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច​​មិន​ឆ្លើយ​តប​ទេ​ មិន​ចង់​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ទេ ព្រោះ​វត្តមាន​គណបក្ស​ប្រឆាំង​​ធ្វើ​ឱ្យ​គំរាមកំហែង​ទៅ​ដល់​​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច។ អីចឹង​ខ្ញុំ​គិត​ស្ថានភាព​ដែល​គាត់​​អាច​រក្សា​ភាព​អវត្តមាន​​គណបក្ស​ប្រឆាំង​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ​ ពីព្រោះ​ជា​កិច្ចការ​មួយ​គាត់​អាច​រក្សា​នូវ​តំណែង​បាន​​យូរ »

កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​​មាន​ផែន​ការ​វិល​ចូល​ស្រុក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​​ទាមទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​​​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​​ឡើង​វិញ​ ក៏​ប៉ុន្តែ​​ត្រូវ​បាន​បរាជ័យ​ ដោយសារ​​របប​ឯក​បក្ស​​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​​​ជា​ច្រើន​នាក់​គ្រប់ច្រកល្ហក​​​ជា​ពិសេស​តំបន់​ព្រំដែន​ថៃ​​​​និង​នៅ​ព្រះលាន​យន្តហោះ។

​អ្នក​ជំនាញ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា​ មើល​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ ប្រសិន​បើ​​គណបក្ស​ប្រឆាំង​ចង់​ឱ្យ​ពលរដ្ឋ​បន្ត​គាំទ្រ​ទៅ​មុខ​ទៀត លុះ​ត្រា​តែ​​​​​ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​នេះ ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​បាន​ច្រើន​បន្តិច។ លោក​ជឿ​ថា ការ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន នៅ​ស្ងៀម​ដូច​បច្ចុប្បន្ន នឹង​មិន​បាន​ជោគជ័យ​ឡើយ។

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន​រួម​គ្នា ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​ ៦​ចំណុច​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្នុង​នោះ​រួមមាន​ការ​បង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិ​នយោបាយ សិទ្ធិ​អ្នក​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឯករាជ​ភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ធានា​តួនាទី សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។