ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន

0:00 / 0:00

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​លោក​ ហ៊ុន ​សែន​ លើក​ឡើង​ថា ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ក្តី​រីករាយ គ្មាន​ភ័យ គ្មាន​ព្រួយ ដូច​សម័យ​សង្គ្រាម​ឡើយ។ រីឯ​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង មើល​ឃើញ​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ ពោរពេញ​ដោយ​ភាព​ភ័យខ្លាច ​ដោយសារ​តែ​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ​និង​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​កំពុង​គ្រប់​ដណ្ដប់​លើ​សន្តិភាព​នៅ​កម្ពុជា។

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ចេញ​ពី​ភ្នំពេញ ​ទៅ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោ​ក ហ៊ុន ​សែន ​បាន​ឆ្លៀត​កេង ចំណេញ​នយោបាយ ​ដោយ​អួត​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ជាង៣០ឆ្នាំ​មក​នេះ​ថា ស្រុក​ទេស កម្ពុជា​សព្វថ្ងៃ កាន់​តែ​សុខ​សប្បាយ​ និង​រីក​ចម្រើន​ទៅ​មុខ។ លោក​បន្ត​ថា ផ្លូវថ្នល់ និង​ស្ពាន​តូច ធំ​ក៏​កាន់​តែ​មាន​ច្រើន ហើយ​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​វិញ​ ក៏​មាន​ស្ទើរគ្រប់​ទីកន្លែង ដែល​ផ្ដល់ ឱកាស​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ដោយ​គ្មាន​ការ​ភ័យ ព្រួយ​ដូច​សម័យ​សង្គ្រាម​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ​មើល​ឃើញ​ផ្ទុយ​ពី​ការ​លើក​ ឡើង​របស់​លោក​ ហ៊ុន​ សែន។ ពួក​គេ​យល់​ថា ការ​ចូលរួម​បុណ្យ​ផ្នែក​ពុទ្ធ​សាសនា​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ គឺ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តែ​អស្ថិរភាព​នយោបាយ ​និង​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស។​ ចំពោះ​ផ្លូវថ្នល់ និង​ស្ពាន​តូច​ធំ​ភាគ​ច្រើន​ជា​ជំនួយ និង​កម្ចី​ពី​បរទេស មិន​មែន​បាន​មក​ពី​សមត្ថភាព​ដឹក​នាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង ហើយ​ប្រើប្រាស់​ថវិកា​ជាតិ​សម្រាប់​កសាង​ឡើយ។ បើ​គ្រាន់តែ​ដើរ​សុំ​ជំនួយ​ និង​ខ្ចី​បុល​បរទេស​សម្រាប់​ធ្វើ​ស្ពាន​ និង​ផ្លូវ​នោះ​ នរណា​ក៏​អាច​ធ្វើ​បាន​ដែរ​ ហើយ​ប្រសិន​បើ​ប្រាស់​ថវិកា​ជំនួយ ​និង​កម្ចី​នោះ​ដោយ​តម្លាភាព​ គឺ​អាច​សាងសង់​ផ្លូវ និង​ស្ពាន​បាន​រឹងមាំ និង​ស្អាត​ល្អ​ជាង​សព្វ​ថ្ងៃ​នេះ​ផង។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង ​លោក ម៉ សារ៉ុម ​រៀបរាប់​ថា​ ពិធី​បុណ្យកាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​ ឆ្នាំនេះ​ ហាក់​សោះ​កក្រោះ​ជាង​ឆ្នាំ​មុនៗ ព្រោះ​មិន​សូវ​មាន​ប្រជាពលរដ្ឋ​យក​ចង្ហាន់​ទៅ​វត្ត​ច្រើន​កុះករ ​ឡើយ។ លោក​យល់ថា ករណី​នេះ​បណ្ដាល​មក​ពី​សេដ្ឋកិច្ចគ្រួសារ​របស់​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ​ ជំពាក់​ បំណុល​ធនាគារ​ ដោយសារតែ​ធ្វើ​កសិកម្ម​លក់​បាន​តម្លៃ​ថោក។ ពលរដ្ឋ​ភាគច្រើន​នាំគ្នា​ចំណាកស្រុក​ ទៅក្រៅ​ប្រទេស​ខំ​រក​លុយ​ចិញ្ចឹមជីវិត ​និង​សង​ត្រឡប់​ទៅ​ធនាគារ ​មិនបាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ ​នៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យទាន​ប្រពៃណី​ដូនតា​នេះ​ទេ៖ «គាត់​ដោះស្រាយ​ជីវភាព​ជាពិសេស​បំណុល​គេ​តែ​ម្ដង​ដោយ សារ​តែ​ការ​ប្រកបរបរ​កសិកម្ម​របស់​គាត់​មិន​បាន​ពេញ​លេញ​ហើយ​ក៏​មិន​មាន​ទីផ្សារ​ណា​ដែល​លក់​ ចេញទៅ​វា​ចំណេញ​រួចរាល់​ថ្លៃ​ជី​ថ្លៃ​អី​ដូច​ជា​បន្លែ​ និង​ផ្លែ​ឈើ​ ដូច​ជា​ស្រូវ​ជាដើម។នៅ​ពេល​គាត់​ខ្វះ ខាត ​គាត់​ចំណាក់ ​ស្រុក​ទៅ​ប្រទេស​ថៃ ​រក​លុយ​ដោះ​បំណុល​ធនាគារ។កត្តា​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ បាន​មក​វត្តវ៉ា​បំពេញ​បុណ្យ​កុសល​ជួបជុំ​ញាតិ​មិត្ត​បងប្អូន​ធ្វើបុណ្យ​ជុំ​គ្នា​ដូច​ឆ្នាំ​កន្លងទៅ »

ពលរដ្ឋ​រូប​នេះ​បន្ត​ថា​ ចំពោះ​ការ​លើក​ឡើង​ថា ​ពលរដ្ឋ​សប្បាយ​រីករាយ​គ្មាន​ភ័យ​ព្រួយ​ដូច​សម័យ ​សង្គ្រាម​នោះ​ គឺ​មិន​ត្រឹមត្រូវ​ទេ​ ព្រោះ​ថ្វី​ដ្បិត​កម្ពុជា​ពុំ​មាន​សង្គ្រាម ​តែ​កម្ពុជា​កំពុង​ញាំញី​ដោយ​បញ្ហា ​អសន្តិសុខ​ជា​ច្រើន​នៅ​ក្នុង​សង្គម។ លោក​សង្កេត​ឃើញ​ថា ជា​រៀងរាល់ថ្ងៃ​បើក​តែ​ភ្នែក​ព្រលឹម​ឡើង​ប្រជាពលរដ្ឋ​កម្រ​និយាយ​គ្នា​រឿង​កិច្ចការ​អភិវឌ្ឍន៍​ណាស់​ មាន​ឮ​សូរ​តែ​ព័ត៌មាន និង​ការ​ជជែក​គ្នា​តែ​ពី​រឿង​គ្រឿង​ញៀន អំពើ​លួច​ប្លន់ ការ​បាញ់​ប្រហារ កាប់​សម្លាប់ ចាប់​រំលោភ គ្រឿង​ស្រវឹង ល្បែង​ស៊ីសង គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើ​អយុត្តិធម៌​សង្គម​ដទៃ​ទៀត។ ជាក់​ស្តែង​បញ្ហា​អសន្តិសុខ​ទាំង​នេះ​នៅ​តែ​ឋិត​នៅ​ទំព័រ​មុខ​របស់​កាសែត​ក្នុង​ស្រុក និង​ផ្សព្វផ្សាយ​ព្រោងព្រាត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា។ លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន​ ក៏​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ ពលរដ្ឋ ​និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ដែរ ​តាម​រយៈ​ភាសា​គំរាម​កំហែង​ផង ​និង​ការ​ ពង្រាយ​កង​កម្លាំង​ក្នុង​វត្ត​អារាម ​ដើម្បី​ឃ្លាំមើល ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ព្រម​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ផ្សេងៗ​ ទៅ​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង៖ «ដែល​ថា ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​ប្រជាពលរដ្ឋ​មក​ធ្វើ​បុណ្យ​ ដោយ​ភាព​សប្បាយ​រីករាយ​គ្មាន​ការ​ភ័យ​ខ្លាច​នេះ ​សូម​ឲ្យ​ដូច​មាត់​គាត់ ​កុំ​ឲ្យ​មាត់​គាត់​ថា ​ចិត្ត​គាត់​ធ្វើ​ អាក្រក់​ដាក់​ប្រជាពលរដ្ឋ​ឯង ​ដូច​ជា​ថ្មីៗ នេះ ​វាយ​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​បាក់​ដៃ ​ហើយ​ម្នាក់​ទៀត​បែក​ក្បាល។ ខ្លួនឯង​មិន​ធ្វើ​អំពើ​ល្អ​ទេ ​តែ​ថែម​ទាំង​ទៅ​ធ្វើ​អំពើ​អាក្រក់​ជាន់​លើ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ទៀត»

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា ចាប់​តាំង​ពី​ពិធី​កាន់​បិណ្ឌ​មក អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន ដូច​ជា ការ​ចាប់ ដាក់​ពន្ធនាគារ ការ​កោះ​ហៅ​ទៅ​សាកសួរ​ដោយ​គ្មាន​មូលដ្ឋាន។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង មួយ​ចំនួន​ទៀត ក៏​កំពុង​ទទួល​រង​ការ​គំរាម​កំហែង និង​រង​ការ​វាយ​ដំ​តាម​រូបភាព​ផ្សេងៗ ទៀត​ដែរ។

សកម្មជន​បក្ស​ប្រឆាំង ​និង​ជា​សកម្មជន ១០០រាត្រី​របស់​បណ្ឌិត កែម ឡី គឺ​លោក ​ថន សុភាព ​ដែល រស់​នៅ​ខេត្ត​ព្រៃវែង ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ពិធី​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ លោក​មិន​បាន​ទៅ​វត្ត​ធ្វើបុណ្យ ដូច​ឆ្នាំ​មុនៗ ឡើយ ព្រោះ​លោក​ធុញ​ថប់​រឿង​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង ប្រដាប់​អាវុធ​កាន់តែ​ច្រើន​នៅ​តាម​ទី​វត្ត​អារាម ហើយ​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល​តាម​ថត​រូប​សកម្មជន​បក្ស​ប្រឆាំង​ជាដើម។ លោក​ចាត់ទុកថា សកម្មភាព​ទាំង​នោះ គឺ​មិន​មាន​ជា​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ទេ គឺ​ជា​គំរាមកំហែង​សុទ្ធសាធ៖ «ពីមុន​មក​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​ឈ្លប​តាម​លួច​ថត​ លួច​ប្រមាញ់​តាម​លួច​ស្ដាប់​ប្រជាពលរដ្ឋ​ដូច​ឥឡូវ​ទេ ​តែ​ឆ្នាំ​នេះ​យើង​ឃើញ​ថា​ អ្វីៗ ប្លែក។ សូម្បី​តែ​ទៅ​ វត្ត​ក៏​យើង​ឃើញ​មាន​អាជ្ញាធរ​ភ្នែក​ម្នាស់​តាម​ថត​សកម្មភាព​ប្រជាពលរដ្ឋ​គ្រប់​សកម្មភាព។ ពាក្យ​ថា​ សុវត្ថិភាព​វិញ​មិន​ដឹង​ថា ​សុវត្ថិភាព​កន្លែង​ណា​ទេ ព្រោះ​អី​មាន​អំពើ​ឆក់ ​ប្លន់ ​គ្រឿងញៀន ​កាប់ ​ចាក់ គ្នា​ហើយ​ចិន​បាញ់​បោះ​នៅ​ក្នុង​ស្រុក​ខ្មែរ។ សន្តិភាព​នេះ​នៅ​លើ​តែ​បបូរ​មាត់​ពួក​គាត់​តែ​ប៉ុន្មាន​នាក់​នោះ​ទេ។ម្សិលមិញ​នេះ​វាយ​ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាក់​ដៃ។ មើល​ទៅ​ សាហាវ​ព្រៃផ្សៃ​ដូច​របប ប៉ុល ពត អ៊ីចឹង»

លោក​បន្ថែម​ថា នៅ​ពេល​ដែល​លោក​ ហ៊ុន​ សែន ​អួតអាង​ពី​ភាព​រីក​ចម្រើន​នោះ ប្រហែល​ជា​ពេល​​ទៅ​វត្ត​កាន់​បិណ្ឌ​ម្តងៗ លោក​មិន​បាន​ប្រទះ​ឃើញ​មាន​ជន​ក្រីក្រ អ្នក​សុំ​ទាន ឬ​ក្មេង​អនាថា មក​អង្គុយ រង់​នៅ​ខាង​ក្រៅ​សាលាឆាន់ ដើម្បី​សុំ​ប្រាក់​កាស​ពី​ពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ ក៏​ដូច​ជា រង់ចាំ​ទទួល​អាហារ​ថ្ងៃ​ត្រង់​ បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់​រួច​នោះ​ទេ។

អ្នក​តាម​ដាន​បញ្ហា​សង្គម ​និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់ឡូត ទទួល​ស្គាល់​ថា ​ប្រជា​ ពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ដំណើរ​កម្សាន្ត ​និង​ទៅ​វត្ត​ធ្វើ​បុណ្យ ​ស្ថិត​ក្នុង​អារម្មណ៍​ភាព​ភ័យ​ខ្លាច​ដោយសារ​តែ​ កត្តា​អសន្តិសុខ​ក្នុង​សង្គម​ផង ​និង​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ពី​ក្រុម​អ្នក​កាន់​អំណាច​ផង។ លោក​ពិនិត្យ​ឃើញ​ថា​ ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​នេះ​ រដ្ឋាភិបាល​ហាក់​មិន​បន្ធូរ​ដៃ ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ឡើយ។ ក្រុម​អ្នក​គាំទ្រ​គណបក្ស ​ប្រឆាំង​ត្រូវ​បាន​ចាប់​ដាក់​គុក​បែកបាក់​ប្រព័ន្ធ​កូន ​និង​ក្រុម​គ្រួសារ​ ហើយ​អ្នកខ្លះ​រត់ចោលស្រុក រក​ទី​កន្លែង​មាន​សុវត្ថិភាព​ដោយសារតែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ៖ «កម្ពុជា​មិន​មាន​សង្គ្រាម​តែ​បើ​និយាយ​ពី​សន្តិសុខ​ បុគ្គល​ ឬ​សន្តិសុខ​រាងកាយ​នៅ​ឆ្ងាយ​ណាស់​ បាន​ន័យ​ថា​ ប្រជាពលរដ្ឋ​មិនទាន់​មាន​សន្តិសុខ​រាងកាយ ​និង​សន្តិភាព​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​នោះ​ទេ។ យើង​បាន​ឃើញ​ហើយ​ថា​ នូវ​សកម្មភាព​លួច​វាយ​ប្រហារ​ទាំង​កណ្ដាល​ថ្ងៃ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​អសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រួច​ទៅ​ហើយ។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ គួរតែ​កាត់​បន្ថយ​ការ​និយាយ​ឲ្យ​បាន​ច្រើន​ ហើយ​គួរ​តែ​ធ្វើសកម្មភាព​ឲ្យ​បាន​ច្រើន​ព្រោះ​ លទ្ធផល​វា​ស្ដែង​ចេញ​តាម​សកម្មភាព។ សន្តិភាព​ក្ដី ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វា​អាស្រ័យ​លើ​ការ​អនុវត្ត​សកម្មភាព​ពិតៗ របស់​រដ្ឋាភិបាល»

ប្រជាពលរដ្ឋ ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ​ហ៊ុន​ សែន ​បើក​ចិត្ត​ឲ្យ​ទូលាយ ​និង​ឲ្យ អភ័យ​ទាន​ដល់​អ្នកនយោបាយ​គ្រប់​និន្នាការ​បក្ស​ទាំង​អស់ ​មានឱកាស​ជួបជុំ​បងប្អូន​មូល​កូន​ចៅ ​ដើម្បី​បាន​ធ្វើ​បុណ្យ​ជុំ​គ្នា​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ ហើយ​កុំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពប់​បុណ្យ​ដោយ​សារ​ តែ​អាជ្ញាធរ​ឃ្លាំមើល​គំរាមកំហែង។ បន្ថែម​ពី​នេះ ​ប្រជាពលរដ្ឋ​ ក៏​សូម​ឲ្យ​លោក ​ហ៊ុន ​សែន ​ប្រកាន់ ​"សច្ចធម៌" ​និយាយ​យ៉ាង​ម៉េច​ធ្វើ​អ៊ីចឹង ​ព្រោះ​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​ប្រាថ្នា​តែ​សេចក្ដី​សុខ​ ប្រាថ្នា​ចង់​ឃើញ​អ្នកនយោបាយ​ឈប់​ឈ្លោះ​គ្នា ​ចង់​ឲ្យ​អ្នក​នយោបាយ​ចាប់​ដៃ​គ្នា​ផ្សះផ្សា​ជាតិ ​រួមគ្នា​អភិវឌ្ឍ ប្រទេស​ឲ្យបាន​ត្រឹមត្រូវ​រីក​ចម្រើន​រុងរឿង ​ប្រជាជន​រស់​នៅ​បានសុខ ​ហើយ​ឈប់​ចង​កម្មពៀរ​នឹង​គ្នា​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។