លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រងការរិះគន់ជុំទិស រឿងហាមប្រជាពលរដ្ឋខ្មែរ មិនឲ្យស្ម័គ្រចិត្តទៅជួយពលរដ្ឋអ៊ុយក្រែន ដើម្បីច្បាំងតតាំងនឹងការឈ្លានពានទឹកដីពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី។ អ្នករិះគន់ជំហររបស់លោក ហ៊ុន សែន ថាការហាមឃាត់នេះ គឺជារឿងមិនត្រឹមត្រូវ និងថាពលរដ្ឋខ្មែរក៏មានបេះដូង ចេះឈឺចាប់ និងអាណិតអាសូរជាតិសាសន៍ដទៃ ដែលកំពុងរងគ្រោះ និងត្រូវការជំនួយបន្ទាន់។
មតិជាច្រើនលើកឡើងស្របគ្នា ថាសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺជាការរំលោភបំពានច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរមួយ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោកទាំងមូល។
ក្នុងន័យនេះ ពួកគាត់យល់ថា ពលរដ្ឋរបស់ពិភពលោកគ្រប់រូប មានសិទ្ធិឈឺឆ្អាល និងជួយយកអាសារគ្នាគ្រប់មធ្យោបាយ ក្នុងគ្រាអាសន្ននេះ។ ការឈឺឆ្អាល និងជួយយកអាសារនេះ រួមមានទាំងការស្ម័គ្រចិត្តកាន់អាវុធជួយច្បាំងការពារពលរដ្ឋអ៊ុយក្រែន ប្រឆាំងនឹងពួកឈ្លានពានរុស្ស៊ីផង។
អ្នកវិភាគនយោបាយលោកបណ្ឌិត សូ ណារ៉ូ ថាគ្មានច្បាប់ឯណា ដែលហាមប្រាមប្រជាពលរដ្ឋនៃប្រទេសមួយ មិនឲ្យស្ម័គ្រចិត្តកាន់អាវុធ ដើម្បីជួយច្បាំងការពារពលរដ្ឋអ៊ុយក្រែន ដែលត្រូវទ័ពរុស្ស៊ីកំពុងវាយឈ្លានពាននោះឡើយ។ លោកថាមេដឹកនាំណាដែលហាមប្រាមបែបនេះ គឺប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ និងបំបាក់ទឹកចិត្តរបស់ពលរដ្ឋស៊ីវិល៖ «ស្រុកខ្មែរគេទម្លាប់បែងហ្នឹង គេនីតិមាត់! មាត់របស់មនុស្សគឺសម្រេចកិច្ចការអ្វីៗទាំងអស់តាមគោលការណ៍នៃរបបផ្ដាច់ការ។ ដូច្នេះហើយគាត់អត់បានយកច្បាប់អ្វីមកសម្អាងទាល់តែសោះ។ ការស្ម័គ្រចិត្តយោងតាមឧត្តមគតិរបស់មនុស្សម្នាក់ៗ។ វាពិបាកណាស់ ទឹកចិត្តមនុស្សម្នាក់ៗ នឹកឃើញនូវការឈឺចាប់របស់គេអ៊ីចឹង យើងម្នាក់ៗតែងតែមានការចង់ចូលរួមចំណែក»។
ការចង់ចូលរួមចំណែកនេះ គឺជាទឹកចិត្តស្មោះសរបស់ពលរដ្ឋខ្មែរពិតប្រាកដ ដែលឆ្លាប់ឆ្លងកាត់ទុក្ខលំបាកនេះ។ ពលរដ្ឋខ្មែរម្នាក់នៅប្រទេសកូរ៉េខាងត្បូងលោក តារ៉ា ថាប្រទេសកម្ពុជាធ្លាប់មានសង្គ្រាម និងពលរដ្ឋខ្មែរធ្លាប់ស្គាល់រសជាតិនៃភាពអាសន្ននេះ ទើបធ្វើឲ្យលោកនឹកអាណិតដល់ពលរដ្ឋអ៊ុយក្រែន៖ «ប្រទេសមួយត្រូវការលំបាកត្រូវការអ្នកជួយច្រើនណាស់ ! អ៊ីចឹងយើងអត់មានលទ្ធភាពអ្វី យើងអាចជួយត្រឹមខ្លួនយើង។ ពេលខ្លះយើងអាចលះបង់បាន យើងត្រូវតែលះបង់ ដើម្បីជាតិទាំងអស់គ្នា មិនមែនត្រឹមតែជាតិតែយើងទេ។ អ៊ីចឹងយើងក៏មិនអាចរស់នៅតែខ្លួនយើងម្នាក់ឯងបានដែរ។ បើសិនជាខ្ញុំមានឱកាស ខ្ញុំនឹងធ្វើជាទាហានចូលទៅអ៊ុយក្រែនដែរ»។
ប្រតិកម្មទាំងនេះធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាសាធារណៈជាបន្តបន្ទាប់ ដោយហាមផ្តាច់មិនឲ្យពលរដ្ឋខ្មែរណាម្នាក់ ស្ម័គ្រចិត្តទៅជួយច្បាំងអ៊ុយក្រែននោះឡើយ។ លោកថាកម្ពុជាមិនអនុញ្ញាត។ ប៉ុន្តែលោកមិនបានបង្ហាញថាច្បាប់កម្ពុជាណាមួយ ដែលហាមពលរដ្ឋស្ម័គ្រចិត្តជួយសាសន៍ដទៃនេះ។ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន សែន បានចម្អកឲ្យពលរដ្ឋខ្មែរ ដែលចង់ទៅជួយអ៊ុយក្រែនទាំងនោះ ថាជាមនុស្សគ្មានភាពក្លាហានឯណានោះទេ ប៉ុន្តែចង់ទៅ គឺក្នុងបំណងចង់បានសញ្ជាតិអ៊ុយក្រែនតែប៉ុណ្ណោះ៖ «ខ្ញុំនៅតែមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើទាហានស្ម័គ្រចិត្តទៅច្បាំងនៅអ៊ុយក្រែន។ ប្រទេសណាទៅៗទៅប៉ុន្តែពលរដ្ឋកម្ពុជាហាម។ អ្នកខ្លះចង់បានសញ្ជាតិអ៊ុយក្រែន ទៅមួយភ្លែត រួចត្រឡប់មកវិញ។ អាហ្នឹងតែគេបាញ់រត់រំបល់យក៍ ! វាស្គាល់សាសន៍អីវា»។
គិតត្រឹមថ្ងៃទី៦ ខែមីនា មានពលរដ្ឋចម្រុះជាតិសាសន៍នៅទូទាំងពិភពលោក ជាង ២ម៉ឺននាក់ហើយ ដែលបានស្ម័គ្រចិត្តកាន់អាវុធជួយច្បាំងបណ្តេញទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។
ការលើកឡើងរបស់លោក ហ៊ុន សែន រងការរិះគន់ថាលោក ហ៊ុន សែន មើលស្រាលពលរដ្ឋខ្មែរ ដែលអាចពូកែក្នុងរឿងសង្គ្រាមជាងពលរដ្ឋអ៊ុយក្រែនទៅទៀត ព្រោះកម្ពុជាធ្លាប់ឆ្លងការសង្គ្រាមច្រើនជំនាន់មកហើយ។ ជាងនេះទៅទៀត ពួកគេមិនជឿថា រឿងបានសញ្ជាតិអ៊ុយក្រែននោះ គឺជារឿងសំខាន់ក្នុងការណ៍ដែលពលរដ្ឋខ្មែរចង់ស្ម័គ្រចិត្តទៅជួយពលរដ្ឋអ៊ុយក្រែននោះឡើយ។
ព្រះតេជព្រះគុណ យស់ ហ៊ុត ខេមចារោ ដែលគង់នៅប្រទេសបារាំង មានថេរីដីកាថា សាររបស់លោក ហ៊ុន សែន បែបនេះ គឺមិនទំនងទាល់តែសោះ ព្រោះសញ្ជាតិអ៊ុយក្រែននោះ ដូចជាមិនអស្ចារ្យអ្វីនោះផង ទោះនរណាបានសញ្ជាតិនោះក៏ដោយ។ ប៉ុន្តែ ផ្ទុយទៅវិញ មានតែក្រុមគ្រួសារ និងបក្សពួករបស់លោក ហ៊ុន សែន ប៉ុណ្តោះដែលត្រេកត្រអាលនឹងសញ្ជាតិបរទេសនេះទៅវិញ៖ «គ្រួសារគាត់ ឬមន្រ្តីជាន់ខ្ពស់នៅជិតគាត់ហ្នឹង មានអ្នកទៅរកសញ្ជាតិបរទេសនៅខាងអឺរ៉ុប ដែលធ្លាប់មានរឿងរ៉ាវបែបនេះហើយ។ រឿងអ៊ីចឹងទេមើលទៅ! មានការស្រមើលស្រមៃទៅអ៊ីចឹងដូចជាមិនសូវទំនងទេសម្រាប់ពលរដ្ឋខ្មែរភាគច្រើន បើចង់ទៅជួយនៅអ៊ុយក្រែនអីនោះណា មិនមែនរឿងសញ្ជាតិនោះទេ»។
សាររបស់លោក ហ៊ុន សែន ដែលហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យស្ម័គ្រចិត្តទៅជួយច្បាំងការពារពលរដ្ឋអ៊ុយក្រែននោះ ស្តាប់ទៅដូចជាលោកយកចិត្តទុកដាក់ចំពោះសុខុមាលភាពពលរដ្ឋខ្មែរសម្បើមណាស់។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ លោកបែរជាបង្ខំឲ្យពលរដ្ឋខ្មែរ ២៣ គ្រួសារ ដែលកំពុងជាប់ផុងក្នុងប្រទេសអ៊ុយក្រែន នៅបន្តរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាមនោះតទៅទៀត ដោយមិនត្រូវជម្លៀសចេញជាដាច់ខាត៖ «ខ្ញុំមិនឲ្យបញ្ជាណាមួយ ឲ្យបងប្អូនខ្មែរយើងនៅទីនោះ នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែនទេ។ នៅហ្នឹងទៅ! នាំគ្នានៅហ្នឹងទៅ! ប្រជាជនអ៊ុយក្រែនគាត់រស់នៅយ៉ាងម៉េចបាន យើងរស់នៅជាមួយពួកគាត់ទៅ»។
ស្របពេលដែលលោក ហ៊ុន សែន បង្ខំឲ្យពលរដ្ឋខ្មែរបន្តក្រាញននៀលក្នុងគ្រាប់ផ្លោងនៅអ៊ុយក្រែន ពលរដ្ឋអ៊ុយក្រែន ១០ លាននាក់បានចាកចោលភូមិឋាន រត់រកកន្លែងផ្សេងដើម្បីគេចពីគ្រាប់ផ្លោង។ ក្នុងនោះ ជាង ៣លាន៥សែននាក់ បានភៀសខ្លួនទៅដល់ប្រទេសជិតខាង។ នេះបើតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
អ្នកឃ្លាំមើលសង្គម ថាលោក ហ៊ុន សែន មិនមែនជាមេដឹកនាំដែលយកចិត្តទុកដាក់លើសុខុមាលភាពរបស់ពលរដ្ឋខ្លួននោះទេ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាតដែលមានមូលដ្ឋាននៅប្រទេស ន័រវេស (Norway) ថាលោក ហ៊ុន សែន ខ្វល់តែខ្លួនឯង និងបក្សពួកគាត់តែប៉ុណ្ណោះ៖ «គាត់ថាគាត់គិតអំពីសុខទុក្ខរបស់ពលរដ្ឋ។ ប៉ុន្តែក្នុងន័យហ្នឹងគឺគាត់មិនបានគិតទេ គាត់គិតតែខ្លួនឯងទេ។ គាត់អត់មានគិតអ្នកណាក្រៅតែពីខ្លួនឯងទេ។ ខ្លួនឯងនិងអំណាចរបស់គាត់ និងក្រុមគ្រួសារគាត់តែប៉ុណ្ណឹង។ ក្នុងន័យហ្នឹង។ ហើយបញ្ហាពលដ្ឋស្ម័គ្រចិត្តហ្នឹងមិនមែនពលរដ្ឋហ្នឹងចង់ទៅបានសញ្ជាតិអ្នកនេះអ្នកនោះទេ ពីព្រោះបើពលរដ្ឋហ្នឹងជាពលរដ្ឋសកម្ម អ្នកដែលតស៊ូមតិ គាត់ព្យាយាមឲ្យគេហ្នឹងរត់គេចចេញពីស្រុកឲ្យអស់ ស្រួលគាត់ដឹកនាំ។ តែបើសិនជាពលរដ្ឋហ្នឹងជាពលរដ្ឋធម្មតាជាទាហានកងទ័ពខ្មែរ ដែលចង់ទៅស្ម័គ្រចិត្តហ្នឹង គាត់មិនព្រលែងទេ»។
ទោះជាយ៉ាងនេះក្ដី នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារវាងកម្ពុជា និងជប៉ុន ចេញផ្សាយកាលពីយប់ថ្ងៃទី២០ ខែមីនា មេដឹកនាំទាំងពីរ បានអំពាវនាវដោយយល់ស្របគ្នាថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេអ៊ុយយក្រែន គឺការរំលោភបំពានលើរដ្ឋអធិបតេយ្យ និងបូរណភាពទឹកដីទៅលើប្រទេសនោះ ដែលជាការរំលោភធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរបានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សា និងដកកម្លាំងទ័ពចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់។
ស្របពេលដែលលោក ហ៊ុន សែន រារាំងមិនឲ្យពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅជួយច្បាំងនៅអ៊ុយក្រែននេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តចូលរួមសកម្មភាពតវ៉ាឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន និងរៃអង្គៀសថវិកាតាមលទ្ធភាពដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។