សាច់ញាតិ​អ្នក​ទោស​មនសិការ​រំពឹង​ថា ឆ្នាំ​ថ្មី​នេះ តុលាការ​នឹង​ដោះលែង​សាច់​ញាតិ​ពួកគេ

0:00 / 0:00

ក្រុមគ្រួសារ​សាច់ញាតិ​សកម្មជន​សង្គម និង​យុវជន​បរិស្ថាន រំពឹង​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​យុត្តិធម៌​ដោះលែង​សាច់ញាតិ​របស់​ពួកគេ​វិញ នៅ​ឆ្នាំ​២០២១ ខាងមុខ​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន រួម​ទាំង​ព្រះសង្ឃ យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជាង​៥០​នាក់ ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់ ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​២០២០។

ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​កំពុង​ជាប់ឃុំ អំពាវនាវ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​សាច់ញាតិ​ពួកគេ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ និង​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

ប្រពន្ធ​យុវជន ថុន រដ្ឋា ដែល​ជា​សកម្មជន​បរិ​ស្ថាន គឺ​លោកស្រី ប៉ាត់ រស្មី ថ្លែង​ទាំង​ក្ដុកក្ដួល​ថា ប្ដី​លោកស្រី​ជា​មេ​គ្រួសារ​រ៉ាប់រ៉ង​ដោះស្រាយ​ជីវភាព​គ្រួសារ​កំពុង​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌​បាន​ធ្វើ​ឱ្យ​លោកស្រី​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។ លោកស្រី​ថា កន្លង​មក​លោកស្រី​បាន​ត្រៀម​ចិត្ត​ដែរ ព្រោះ​អ្នក​ដែល​ហ៊ាន​រិះគន់​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ធនធានធម្មជាតិ តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារ​ការ​បំពេញ​ការងារ​របស់​ខ្លួន​។ ប៉ុន្តែ​យ៉ាងណា លោកស្រី​យល់​ច្បាស់​ថា ប្ដី​លោកស្រី​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​ទេ គឺ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ប៉ុណ្ណោះ​៖ « ខ្ញុំ​ឃើញ​អ្នក​បំផ្លាញ​បរិស្ថាន​គឺ​គាត់​រស់នៅ​យ៉ាង​សុខ​ស្រួល មាន​លុយ​ចាយ​ពេញៗ​ដៃ តែ​អ្នកការពារ​បរិស្ថាន​គឺ​ឃើញ​តែ​ចាប់​ចង​ចាប់​ដាក់គុក មានការ​គំរាមកំហែង​ពី​នេះ​ពី​នោះ​រហូត បើសិនជា​តុលាការ​គាត់​ធ្វើ​ការ​តាមច្បាប់​នឹង​ខ្ញុំ​សង្ឃឹមថា​ពួកគាត់​នឹង​ឆាប់​បាន​ចេញ»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា និង​យុវតី​ពីរ​នាក់​ទៀត​គឺ​កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ​។ ការ​ចាប់ខ្លួន និង​ចោទប្រកាន់​យុវជន​ទាំង​៣ នាក់​នេះ កើតមានឡើង​ក្រោយពី​កញ្ញា ឡុង គន្ធា បាន​ប្រកាស​ថា នាង​នឹង​ស្លៀកពាក់​ស ដើរ​ពី​រមណីយដ្ឋាន​វត្តភ្នំ​ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន និយាយ​អំពី​រឿង​ការ​លុប​បឹង​តា​មោក​នៅ​ជាយក្រុង​ភ្នំពេញ។

យុវជន ថុន រដ្ឋា និង​យុវជន​បរិស្ថាន​មួយ​ចំនួន​ទៀត ធ្លាប់​ធ្វើ​ធម្ម​យាត្រា​ដោយ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​គោរព​ពាក្យសន្យា​ចុះ​វាយកម្ទេច​កាស៊ីណូ​ខុសច្បាប់​មួយ​កន្លែង​នៅ​កោះរ៉ុង​សន្លឹម និង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​កោះកុង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធម្មជាតិ​។ យុទ្ធនាការ​ការពារ​បរិស្ថាន​ទាំងនោះ តែង​រង​ការ​រំខាន ឬ​យាយី​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ក្រសួងបរិស្ថាន​បាន​ចោទ​ពួកគេ​ថា ធ្វើ​សកម្មភាព​ក្នុង​ទិស​ដៅ​នយោបាយ​ទុច្ចរិត។

ងាក​មក​សាច់ញាតិ​សកម្មជន​ទាមទារ​យុត្តិធម៌​សង្គម​វិញ ម្ដាយ​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ គឺ​លោកស្រី ទី ម៉ារី មាន​ប្រសាសន៍​ថា លោកស្រី​ពិបាកចិត្ត និង​ព្រួយបារម្ភ​ពី​កូន​ដែល​បន្ត​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​កាត់សេចក្ដី​នៅឡើយ​។ លោកស្រី​បន្ត​ថា ថ្វីបើ​កូន​ជាប់​ពន្ធនាគារ​ជាច្រើន​ខែ រហូត​មក​ដល់​ពេល​នេះ ព្រោះតែ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន គឺ​លោកស្រី​យល់ថា កូន​បាន​ប្រើប្រាស់​សិទ្ធិ​ដ៏​ត្រឹមត្រូវ​មិនបាន​រំលោភច្បាប់​ទេ​។ លោកស្រី​សង្ឃឹម​ថា តុលាការ​និង​រដ្ឋាភិបាល​ពិចារណា​ដោះលែង​យុវជន​សកម្ម​ទាំងអស់​មាន​សេរីភាព​បាន​នៅ​ក្រៅ​ឃុំ​វិញ​នៅ​ឆ្នាំ​២០២១ នេះ​៖ «យើង​ចេះតែ​សង្ឃឹម​ទៅ ធ្វើ​អី​ក៏ដោយ​ទាល់តែ​សង្ឃឹម​ទើប​យើង​មាន​កម្លាំង​ចិត្ត​ទៅ​មុខ​ទៀត​។ សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​កូន​ធ្វើ​ហ្នឹង​មិនមែន​ថា ជា​រឿង​អី​ខុសច្បាប់​ទេ​ជា​សិទ្ធិ​បញ្ចេញមតិ និង​សុំ​ដោះលែង​លោក រ៉ុង ឈុន វា​មិនមែន​ជា​ទៅ​អី​ទេ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​យុវជន​គ្រប់រូប​ដែល​មាន​ឧត្ដមគតិ​ជួយ​សង្គម»។

កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សកម្មជន​សង្គម បរិស្ថាន និង​ព្រំដែន មាន​ដូចជា យុវជន ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក មាន ព្រហ្មមុនី និង​លោក មួង សុភ័ក្ត្រ ទៅ​ចូលរួម​សវនាការ​ជំនុំជម្រះ ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ប៉ុន្តែ​ចៅក្រម​មិន​ទាន់​បាន​កាត់ក្ដី​ផង ក៏​ស្រាប់តែ​សម្រេច​ផ្អាក​សវនាការ​វិញ​ដោយ​មិន​កំណត់​រយៈពេល។

អាជ្ញាធរ​បាន​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៥​រូប គឺ​លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ព្រះតេជព្រះគុណ កើត សា​រ៉ា​យ និង​លោក ថា ឡាវី ដាក់​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម ដូចៗ​គ្នា​។ ការ​ចាប់ខ្លួន​នេះ ក្រោយពេល​ពួកគេ​បាន​ធ្វើ​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន នៅមុខ​តុលាការ​ក្រុងភ្នំពេញ។

ម្ដាយ​អ្នកនាង ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ជំរុញ​ឱ្យ​តុលាការ​បើក​ការស៊ើបអង្កេត​សំណុំរឿង​កូនលោក​ស្រី​ឱ្យ​បាន​ច្បាស់លាស់ និង​ជំនុំ​ជម្រះក្ដី​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កូនស្រី​។ លោកស្រី​ថា កូនស្រី​គាត់​គឺជា​យុវជន​ដែល​ស្រលាញ់​ទឹកដី មាតុភូមិ និង​ស្រលាញ់​យុត្តិធម៌​ក្នុង​សង្គម មិនបាន​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទេ មិន​គួរ​នាង​ទទួល​បាន​លទ្ធផល​ជាប់​ពន្ធនាគារ​ទាំង​វ័យក្មេង​៖ «សំណូមពរ​ឱ្យ​រដ្ឋាភិបាល​លោក​ពិនិត្យ​ឡើង​វិញ​ទៅ គ្រាន់តែ​គ្នា​ចង់បាន​សិទ្ធិ​សេរីភាព និង​ស្រលាញ់​បុគ្គល​ដែល​គេ​គិត​ថា ស្អាតស្អំ ស្រលាញ់​ធម្មជាតិ​បរិស្ថាន អាហ្នឹង​វា​មិនមែន​ធ្វើ​ឱ្យ​ប្រទេសជាតិ​យើង​ខូចខាត​ទេ»។

ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ ប្អូនស្រី​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺ​កញ្ញា អេង វ៉ាន់ឌី ថ្លែង​ថា បងស្រី​នាង​គឺជា​បង្គោល​គ្រួសារ​ក្នុង​ការ​រក​ចំណូល​បង់​ឈ្នួល​ផ្ទះ ដោះ​បំណុល​ធនាគារ និង​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​របស់​ឪពុក​ជា​រៀងរាល់​ខែ ស្រប​ពេល​ដែល​ថៅកែ​បញ្ឈប់​នាង​ពី​ការងារ ហើយ​រវល់​ទៅ​សួរ​សុខទុក្ខ​បងស្រី​នៅ​ពន្ធនាគារ​។ វ៉ាន់ឌី សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ដោះលែង​បងស្រី រួម​ទាំង​អ្នកទោស​ឈឺឆ្អាល​បញ្ហា​សង្គម​ទាំងអស់​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ​នៅ​ពេល​ឆាប់ៗ​នេះ៖ «គាត់​ជា​មេ​គ្រួសារ​ដ៏​រឹងមាំ​ជំហរ​ពួក​ខ្ញុំ បើ​អត់​ពី​គាត់​ទៅ ពួក​ខ្ញុំ​អាច​ពិបាក​ទៅ​ថ្ងៃមុខ មិន​ថា​ថ្ងៃមុខ​ទេ ឥឡូវ​ក៏​ពិបាក​ដែរ។ ខ្ញុំ​សុំ​ឱ្យ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព ចូល​ឆ្នាំ​ថ្មី​នេះ​ឱ្យ​ជួបជុំ​ក្រុម​គ្រួសារ​មកវិញ ជួបជុំ​បងប្អូន​វិញ»។

កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២០ យុវតី​ជាប់ឃុំ ២​នាក់ គឺ​កញ្ញា សូ មេត្តា និង​អ្នកនាង ឈឿន ដារ៉ាវី ត្រូវ​ក្រុម​អ្នក​ជាប់ឃុំ​ព្រួត​វាយ​ធ្វើបាប​នៅ​ពេល​អ្នក​ទាំង​២ និង​ស្ត្រី​ជាប់ឃុំ​២​នាក់​ទៀត នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧២ ដោយ​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស ទាំង​ក្នុង និង​ខាងក្រៅ​ពន្ធនាគារ ពី​ថ្ងៃ​ទី​២ ដល់​ទី​១៥ ខែ​ធ្នូ​។ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​អនុរក្ស​ពន្ធនាគារ​ព្យាយាម​បង្ខំ​ឱ្យ​អ្នក​ទាំង​៤​បោះបង់​ការ​បង្អត់​អាហារ​នោះ ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​អ្នក​ទាំង​៤​មិន​យល់ព្រម​។ កញ្ញា អេង វ៉ាន់ឌី ប្អូនស្រី កញ្ញា សូ មេត្តា អះអាង​ថា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ក៏​ស្រាប់​តែ​មាន​ក្រុម​អ្នក​ជាប់ឃុំ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​ធ្វើបាប កញ្ញា សូ មេត្តា និង​នាង ឈឿន ដារ៉ាវី ទ្រោម​ខ្លួន។

សំណុំរឿង​ចាប់ខ្លួន​អ្នកទោស​មនសិការ និង​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​នេះ ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ពួកគេ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ ព្រោះ​មានតែ​ធ្វើ​បែបនេះ ទើប​កម្ពុជា​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ។

​ក្រុម​គ្រួសារ​សាច់ញាតិ​សកម្មជន​សង្គម និង​យុវជន​បរិស្ថាន រំពឹង​ថា ប្រសិនជា​មានការ​សម្របសម្រួល​នយោបាយ​ក្នុង​ប្រទេស ហើយ​រដ្ឋាភិបាល​ចង់​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស នោះ​រដ្ឋាភិបាល​នឹង​ពិចារណា​ផ្ដល់​យុត្តិធម៌​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​វិញ នៅ​ឆ្នាំ​២០២១ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។