អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនបីនាក់គឺលោក តូច ថឹង លោក ខឿន វីរ៉ាត់ និងអ្នកស្រី នូ សុទ្ធារី មុនពេលតុលាការកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំពីបទចោទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិកន្លងទៅ។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួន និងការសម្រេចរបស់តុលាការនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន ៣នាក់ នៅព្រឹកថ្ងៃទី២៤ ខែមីនា ដោយចោទពីរឿងក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។ ការចាប់ខ្លួនថ្នាក់ដឹកនាំសំខាន់ៗ របស់បក្សភ្លើងទៀនបន្ថែមទៀតនេះ រួមមាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ចាម លោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀន លោក ខឿន វីរ៉ាត់ ព្រមទាំងអនុប្រធានចលនាស្ត្រី អ្នកស្រី នូ សុទ្ធារី ផងដែរ។ ជាមួយគ្នានេះអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកែប គឺលោក ភ្លឺ ម៉េងហុង និងអនុប្រធានក្រុមការងារខេត្តកំពត លោក ភ្លឺ ឈុនហេង ព្រមទាំងសកម្មជនមួយចំនួនទៀត កំពុងគេចខ្លួន។
ការចាប់ខ្លួនជាក្រុមក្នុងពេលតែមួយ លើមន្ត្រីគណបក្សភ្លើងទៀនបែបនេះ ធ្វើឡើងប្រមាណ ៤ម៉ោង មុនពេលសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមីនាប្រកាសសាលក្រមផ្ដន្ទាទោសស្ថាបនិកគណបក្សបេះដូងជាតិ ១៣នាក់ ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងតាមបណ្ដឹងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។ តុលាការបានកាត់ទោស លោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ហើយអ្នកពាក់ព័ន្ធផ្សេងទៀត រួមមាន លោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ជាដើម ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ២ឆ្នាំ។
មេធាវីការពារក្ដីសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ គឺលោក កែត ឃី ប្រាប់វិទ្យុអាស៊ីសេរីថា ឆ្មាំពន្ធនាគារបានដឹកលោក សៀម ភ្លុក តាមរថយន្តចូលស្ដាប់ការប្រកាសសាលក្រម ប៉ុន្តែ កូនក្ដីរបស់លោក ដែលសមត្ថកិច្ចទើបចាប់ខ្លួនមុនការប្រកាសរបស់តុលាការពុំមានវត្តមាននោះទេ។ លោកឱ្យដឹងថា បើពិនិត្យលើអង្គហេតុនៃសំណុំរឿងនេះ គឺលោក សៀម ភ្លុក ជាអ្នករៀបចំឯកសារដាក់ទៅក្រសួងមហាផ្ទៃដោយផ្ទាល់ ខណៈស្ថាបនិកគណបក្សចំនួន ៦នាក់ និងអ្នកដែលមិនបានផ្ដិតមេដៃដោយខ្លួនឯងចំនួន ៦នាក់ទៀត មិនមានទោសពៃរ៍ឡើយ។ ទោះយ៉ាងណាក្ដី លោកនឹងជជែកផ្លូវច្បាប់ជាមួយកូនក្ដី ប្ដឹងទាស់នឹងសាលក្រមសាលាដំបូងទៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌បន្តទៀត។
មេធាវី កែត ឃី៖«បំពេញបែបបទហ្នឹងដាក់ទៅក្រសួងមហាផ្ទៃ គឺគាត់ (អ្នកស្រី នូ សុទ្ធារី) សរសេរប្រវត្តិរូបដាក់តែប៉ុណ្ណឹងឯង គាត់អត់បានធ្វើសកម្មភាពអ្វីនោះទេ បើយើងមើលហេតុនេះ (តុលាការ) មិនអាចចោទពីបទឱ្យមានទោសមានពៃរ៍អ៊ីចឹងទេ»។
សំណុំរឿងនេះក៏មិនខុសពីសំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដែរ ដែលតុលាការកាត់ទោស និងចាប់ខ្លួនជាបន្តបន្ទាប់ គឺក្រោមការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលថា ជាសំណុំរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
ប្រពន្ធមន្រ្តីគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ គឺលោកស្រី ថាច់ ចន្ធូ បារម្ភពីសុខទុក្ខប្ដីជាខ្លាំង ពីព្រោះរហូតដល់យប់ថ្ងៃទី២៤ ខែមីនា លោកស្រីមិនទាន់ដឹងសមត្ថកិច្ចនាំប្ដីទៅឃុំខ្លួននៅកន្លែងណានៅឡើយ។ លោកស្រីរំឭកថា កន្លងមកប្ដីលោកស្រីបានចុះឈ្មោះធ្វើជាស្ថាបនិកគណបក្សបេះដូងជាតិ ប៉ុន្តែ លោកមិនជាប់ពាក់ព័ន្ធរឿងក្លែងស្នាមមេដៃដូចការចោទប្រកាន់នោះទេ ហើយប្តីលោកស្រីតែងតែចូលឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការដែរ។ ទោះយ៉ាងណាក្ដី លោកស្រីយល់ថា ការសម្រេចរបស់តុលាការ និងការឃាត់ខ្លួននេះជារឿងអយុត្តិធម៌ និងជាប់ពាក់ព័ន្ធរឿងនយោបាយ ដោយសាររយៈពេលចុងក្រោយនេះ ប្តីលោកស្រីជាថ្នាក់ដឹកនាំយុវជន ដែលសកម្មនៅក្នុងជួរមន្ត្រីរបស់បក្សភ្លើងទៀន។
លោកស្រី ថាច់ ចន្ធូ៖«ចាប់ប្ដីរបស់ខ្ញុំអត់មានមូលហេតុអ៊ីចឹង បើចាប់ប្ដីរបស់ខ្ញុំប្រាប់ថា រឿងនេះរឿងនោះ ប្ដីរបស់ខ្ញុំខុសស្អីអ៊ឹងទៅតែមកចាប់ប្ដីរបស់ខ្ញុំទាំងឆៅៗ អ៊ីចឹង ខ្ញុំអត់អស់ចិត្តទេ ពីព្រោះខ្ញុំមិនដឹងចាប់រឿងអ្វីផង។ ខ្ញុំសូមឱ្យអាជ្ញាធរ និងតុលាការដោះលែងប្ដីរបស់ខ្ញុំឱ្យមានសេរីភាពវិញ ពីព្រោះប្ដីរបស់ខ្ញុំអត់បានធ្វើអ្វី ដែលមានកំហុសទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែមីនា។
ចំណែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ ថ្លែងថា សំណុំរឿង ដែលជាប់ទាក់ទងនឹងគណបក្សបេះដូងជាតិ បានកើតឡើងយូរមកហើយ ប៉ុន្តែ អាជ្ញាធរបែរជាមកចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀន ដែលកំពុងធ្វើសកម្មភាពស្វែងរកការគាំទ្រពេលនេះទៅវិញ។ លោកចាត់ទុកទង្វើនេះថា ធ្វើឱ្យប៉ះពាល់សេរីភាពផ្នែកនយោបាយ ដំណើរការប្រជាធិបតេយ្យ និងដំណើរការការបោះឆ្នោតនៅពេលខាងមុខនេះ។ លោកជំរុញដល់អាជ្ញាធរ និងតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីគណបក្សភ្លើងទៀន និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។
លោក គឹម សួរភីរិទ្ធ៖«អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរមេត្តារក្សាស្ថានភាព និងបរិយាកាសនយោបាយឱ្យបានស្ងប់ស្ងាត់ដោយជៀសវាងការប៉ះទង្គិចទៅលើផ្លូវអារម្មណ៍ទៅដល់អ្នកចូលរួម អ្នកគាំទ្រគ្រប់គណបក្សនយោបាយទាំងអស់ ក៏ដូចជាទៅលើសកម្មភាពនយោបាយរបស់គណបក្សនានា ឆ្ពោះទៅរកការបោះឆ្នោតខាងមុខ ដើម្បីធានាបានថា បរិយាកាសមុនក៏ដូចពេលបោះឆ្នោត និងក្រោយការបោះឆ្នោតហ្នឹង វាល្អប្រសើរសម្រាប់ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសយើង»។
ទន្ទឹមនឹងនេះ គណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្សទាំងបីនាក់ថា ជារូបភាពគំរាមកំហែងថ្មីមួយទៀត មកលើគណបក្សនេះ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលកាន់តែខិតជិតមកដល់។ គណបក្សភ្លើងទៀនក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យដោះលែងលោក តូច ថឹង លោក ខឿន វីរ៉ាត និងអ្នកស្រី នូ សុទ្ធារី ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេបានចូលរួមធ្វើសកម្មភាពនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ ជាពិសេស បង្កបរិយាកាសល្អប្រសើរ និងធានាដល់ដំណើរការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កន្លងមក មេធាវី ជូង ជូងី រិះគន់ថា តុលាការឃុំខ្លួនលោក សៀម ភ្លុក ពាក់ព័ន្ធរឿងស្នាមមេដៃ គឺអយុត្តិធម៌ ចំពោះកូនក្ដីលោក ព្រោះក្នុងចំណោមស្នាមមេដៃ ដែលបានដាក់ជូនក្រសួងមហាផ្ទៃ គឺមានបញ្ហាតែជាងពីររយស្នាមមេដៃប៉ុណ្ណោះ ក្នុងចំណោមស្នាមមេដៃជាងបួនពាន់ (៤.០០០) ហើយបើទោះក្រសួងមិនទទួលស្គាល់ស្នាមមេដៃមានបញ្ហាទាំងនោះ ក៏ស្នាមមេដៃនៅសេសសល់អាចគ្រប់ចំនួនស្នើបង្កើតគណបក្សបានដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ការចាប់មន្ត្រីបក្សភ្លើងទៀនមិនប្រក្រតីត្រង់ សមត្ថកិច្ចអនុវត្តមុនសាលក្រមរបស់តុលាការប្រកាស។ ទោះយ៉ាងណាក្ដី លោកថាករណីនេះ ស្ថាបនិក និងអ្នកផ្ដិតមេដៃគ្មានចេតនាទុច្ចរិតក្នុងការបង្កើតគណបក្សបេះដូងជាតិ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមឡើយ ផ្ទុយទៅវិញ រឿងនេះបង្កើនបរិយាកាសនយោបាយអាប់អួមុនការបោះឆ្នោតថ្នាក់ជាតិ និងរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
លោក អំ សំអាត៖«រឿងហ្នឹង ចាប់ខ្លួនទៅលើសកម្មជនគណបក្ស គឺសុទ្ធតែជាមេដឹកនាំនៅតាមបណ្ដាខេត្តផ្សេងៗ ទៀត អ៊ីចឹងយើងឃើញថា ចង់មិនចង់ទាំងសហគមន៍អន្តរជាតិ គឺគេរិះគន់បន្ថែមទៀត អំពីបញ្ហាស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស បរិយាកាសឆ្ពោះទៅរកការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣នេះ»។
គណបក្សភ្លើងទៀនកំពុងរងការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរ និងតុលាការនៃរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងនោះអនុប្រធានគណបក្សនេះ លោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារពីបទចេញសែកគ្មានលុយ ចំណែកអនុប្រធានគណបក្សនេះម្នាក់ទៀត លោក សុន ឆ័យ បានចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប ហើយត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ជំងឺចិត្ត ១លានដុល្លារទៅឱ្យគណបក្សប្រជាជនកម្ពុជា រីឯឧត្ដមទីប្រឹក្សាគណបក្សនេះ គឺលោក គង់ គាំ ក៏ត្រូវបង្ខំចិត្តប្រគល់ដីផ្ទះរបស់ខ្លួនតម្លៃរាប់លានដុល្លារឱ្យទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីជាថ្នូរការមិនប្ដឹងផ្ដល់តាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។