សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ថា​ ករណី​សាច់ ញាតិ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​មែន​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ទេ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​សៀមរាប ​​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​ករណី​បាញ់​ប្រហារ​ទៅ​លើ​សាច់​ញាតិ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ មិន​មែន​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នោះ​ទេ​ ដោយ​សារ​តែ​ជន​រងគ្រោះ​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង។

អធិការ​ប៉ូលិស​ស្រុក​វ៉ារិន​ ខេត្ត​សៀមរាប លោក ហុង ប៉ូហេង ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ឧសភា​ថា​ កាំភ្លើង​ច្នៃ​ដែល​ជន​ដៃ​ដល់​ប្រើប្រាស់​ក្នុង​ការ​បាញ់​ប្រហារ​នេះ​មិន​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ទេ។ លោក​បញ្ជាក់​ថា​ ជនសង្ស័យ​អាច​ប្រើប្រាស់​អាវុធ​ប្រភេទ​ច្នៃ​ដើម្បី​បាញ់សត្វ ឬ​ក៏​បាញ់​លេង​ឡើង​ទៅ​លើ​ តែ​បណ្ដាល​ឱ្យ​គ្រាប់​ប្លាត​ទៅ​ចំ​ជន​រងគ្រោះ។ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​ជន​សង្ស័យ​​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ៖ «វា​បាញ់​អ្វី​ផ្សេង​អាច​ប្លាត​ទៅ​ត្រូវ​គាត់។ តែ​ភ្លាមៗ ហ្នឹង​កូន​ជន​រង​គ្រោះ​គាត់​បាន​រត់​រក​មួយ​ជុំវិញ​បរិវេណ​កន្លែង​កើត​ហេតុ​តែ​វា​អត់មាន​តម្រុយ​អ្វី​សោះ​ដែល​យើង​អាច​សន្និដ្ឋាន​បាន​ថា ទៅ​លើ​ជន​នេះ ឬ​ក៏​អ្នក​នេះ​ស្នាម​ជើង ឬ​ក៏​ស្នាម​គន្លង​ស្អី​ វា​អត់​មាន​ស្អី​សោះ »

ជនរងគ្រោះ​ ឈ្មោះ កោ ប៉ាក់ អាយុ​៤៥​ ត្រូវ​ជា​ឪពុក​មា ឬ​សាច់​ថ្លៃ​របស់​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ឱ្យ​រង​របួស​ចេញ​ពី​គុម្ពោត​ព្រៃ ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ​ ដោយ​កាំភ្លើង​ឆ្នៃ​ប្រើ​គ្រាប់​កង់​ បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ក្នុង​ខណៈ​ដែល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ចាំ​ចម្ការ រួច​ចេញ​ទៅ​បាច​ត្រី​ជាមួយ​កូន​ជន​រង​គ្រោះ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​ជឿ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ទេ។

ព្រះតេជព្រះគុណ​បញ្ជាក់​ថា ការ​បាញ់​ប្រហារ​នេះ ទំនង​ជា​ការ​គំរាម​ដោយ​ប្រយោល​មក​លើ​សុវត្ថិភាព​របស់​ព្រះតេជព្រះគុណ ដោយសារ​តែ​របប​ក្រុង​ភ្នំពេញ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​អង្គ​មិន​បាន តែ​បែរ​ជា​ទៅ​ធ្វើ​លើ​សាច់​ញាតិ​របស់​ព្រះអង្គ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។