មេធាវី​លោក កឹម សុខា ទាមទារ​តុលាការ​ឱ្យ​កោះហៅ​សាក្សី​ដែល​ជា​សមត្ថកិច្ច​ចាប់​ខ្លូន​លោក កឹម សុខា មក​បំភ្លឺ

0:00 / 0:00

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប៉ះ​ពាក្យ​សម្ដី ជាមួយ​តំណាង​អយ្យការ​នៅ​ក្នុង​បន្ទប់​សវនាការ ក្នុង​រឿង​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​សាក្សី​ដែល​ជា​សមត្ថកិច្ច​ដែល​ចុះ​ចាប់​ខ្លួន​លោក​ កឹម សុខា កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​មក​បំភ្លឺ ប៉ុន្តែ​តំណាង​អយ្យការ​បដិសេធ​មិន​ព្រម​ឱ្យ​តុលាការ​កោះ​ហៅ​សាក្សី​ជា​នោះ​មក​បំភ្លឺ​ទេ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ ក្នុង​សវនាការ​លើក​ទី៦១ ដែល​តុលាការ​បាន​កោះហៅ​សាក្សី​មួយ​ចំនួន​មក​បំភ្លឺ ទាក់ទង​ការ​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​រៀន​វគ្គ​ខ្លី​នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ២០១៦។

សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​សាក្សី​មួយ​ចំនួន​បន្ថែម​ទៀត ដែល​ជា​សកម្មជន​ធ្វើ​ការងារ​សង្គម និង​ចៅ​សង្កាត់​រង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក្ដី តុលាការ​មិន​បាន​កោះហៅ​សាក្សី​សំខាន់​មួយ​ទៀត គឺ​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា ទាំង​កណ្ដាល​យប់ កាល​ពី​ជាង ៥ឆ្នាំ​មុន មក​បំភ្លឺ​ទេ។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ​លោក​មេធាវី​ ផែង ហេង ឱ្យ​ដឹង​ក្រោយ​ចប់​សវនាការ​ល្ងាច​ថ្ងៃ​ទី១៣ ខែតុលា​ថា ហៅ​សាក្សី​ ដែល​សមត្ថកិច្ច​ដែល​បាន​ចុះ​ចាប់​ខ្លួន​លោក​កឹម សុខា កាល​ពី​ឆ្នាំ២០១៧ ជា​សាក្សី​ដែល​សារៈ​សំខាន់​ក្នុង​រឿង​ក្ដី​នេះ។

លោក​ឱ្យ​ដឹង​ថា ទាក់ទង​ចំណុច​នេះ​មាន​ប្រកែក​គ្នា​ខ្លាំង​រវាង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា និង​តំណាង​អយ្យការ ព្រោះ​តំណាង​អយ្យការ​​លើកឡើង​ថា សាក្សី​ដែល​តុលាការ​កោះហៅ​មក​នេះ​គឺ​គ្រប់គ្រាន់​ហើយ សម្រាប់​ឱ្យ​តុលាការ​អាច​សម្រេច​ក្ដី​បាន មិន​ចាំបាច់​ការ​សាក្សី​ដែល​សមត្ថកិច្ច​មក​ភ្លឺ​ទេ៖ « យើង​យល់​ឃើញ​ថា សមត្ថកិច្ច​ដែល​ចុះ​អនុវត្តន៍​សំខាន់​ណាស់ ដើម្បី​ឱ្យ​គាត់​មក​ផ្ដល់​សក្ខីកម្ម​ក្នុង​នាម​គាត់​ជា​អ្នក​អនុវត្តន៍​ផ្ទាល់​តើ​មាន​ហេតុ​ការណ៍​ហ្នឹង​យ៉ាង​ម៉េចៗ យើង​ចង់​ដឹង​បទ​ល្មើស​ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជា​មួយ​បរទេស​ហើយ​ចោទ​ថា ជា​បទល្មើស​ជាក់​ស្ដែង​បើ​សិន​ជា​បទ​ល្មើស​ជាក់ស្ដែង​ត្រូវ​មាន​ការ​អនុវត្តន៍​សកម្មភាព​ជាក់ស្ដែង​ឬ​ក៏​មាន​ការ​តាម​ប្រថាប់​ចាប់​ប្រភីង​អ៊ីចឹង​ហើយ​ចំណុច​អស់​នេះ​ដែល​យើង​ចង់​សួរ»

សវនាការ​លើក​ទី៦១ នេះ ជា​សវនាការ​លើក​ទី២ ដែល​តុលាការ​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ដេញដោល​សាក្សី។ តុលាការ​ចោទ​សួរ​ទាក់ទង​អង្គហេតុ​បដិវត្តន៍​ពណ៌​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​ចូលរួម​​នៅ​ឥណ្ឌូនេស៊ី (Indonesia) កាល​ពី ៦ឆ្នាំ​មុន។

សវនាការ​ពេល​ព្រឹក​តុលាការ​សាកសួរ​សាក្សី ២រូប​គឺ ចៅសង្កាត់​រង​ទី២ គណបក្ស​ភ្លើងទៀន និង​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ខឿន វីរ៉ាត់ និង​យុវជន​ធ្វើ​ការងារ​សង្គម​លោក ​ម៉ា ចិត្រា។ តុលាការ​សាកសួរ​ទាំង​ពីរ​រូប​ប្រាប់​តុលាការ​ថា ពួកគេ​ទៅ​រៀន​វគ្គ​ខ្លី​នេះ​មិនមែន​ជា​ការ​រៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ធ្វើ​ឡើង​តាម​បណ្ដាញ​ក្រុម​យុវជន ហើយ​​វគ្គសិក្សា​ខ្លី​នេះ​រៀបចំ​ដោយ​អង្គការ​មួយ​ឈ្មោះ ខាន់វ៉ាស (CANVAS)។

សង្កាត់​រង​ទី២ គណបក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ក្រោយ​ចប់​សវនាការ​ថា សក្ខីកម្ម ឬ​ចម្លើយ ដែល​លោក​បាន​ប្រាប់​តុលាការ ជា​អ្វី​ដែល​លោក​បាន​ឮ បាន​ដឹង និង​បាន​ឃើញ។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​បំភ្លឺ​ទៅ​តុលាការ​ថា ការ​ចូលរួម​វគ្គសិក្សា​ខ្លី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ២០១៦ មិន​មែន​រៀន​សូត្រ​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ តែ​ជា​ការ​រៀន​សូត្រ​ទាក់ទង​ការ​បោះ​ឆ្នោត៖ « ទៅ​រៀន​អំពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដំណើរ​ការ​បោះឆ្នោត។ បាន​ន័យ​ថា មុន​ពេល​បោះ​ឆ្នោត ក្រោយ​ពេល​បោះ​ឆ្នោត និង​ពេល​បោះ​ឆ្នោត ក្នុង​នាម​ជា​ភ្នាក់ងារ​សង្កេតការណ៍ យើង​ធ្លាប់​ធ្វើ​ជា​ភ្នាក់ងារ​សង្កេតការណ៍​កន្លង​មក តែ​ប៉ុណ្ណឹង ហើយ​ហ្នឹង​ការ​តស៊ូ​តាម​បែប​ហិង្សា ដែល​យើង​លើក​ឡើង​អំពី​អ្វី ដែល​សិទ្ធិ​ពលរដ្ឋ ដែល​ច្បាប់​មាន​ចែង​អាច​សម្ដែង​មតិ​បាន​អី​តែ​ប៉ុណ្ណឹង​ទេ​បាទ»

តុលាការ​បាន​ចោទ​សួរ​ទាក់ទង​អង្គហេតុ​នៃ​ចូលរួម​វគ្គ​សិក្សា​ខ្លី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​នេះ គឺ​ចាប់​តាំង​ពី​សវនាការ​លើក​ទី៥៨ និង​ចោទ​ប្រកាន់​ថា​ការ​រៀន​សូត្រ​នេះ​ជា​គម្រោង​ធ្វើ​បដិវត្ត​ពណ៌​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា ប្រាប់​តុលាការ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​វគ្គ​សិក្សា​នោះ​ក៏​មិនមែន​ជា​ការ​រៀបចំ​របស់​គណបក្ស​នោះ​ដែរ។

តុលាការ​បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ទោះ​យ៉ាងណា​ក្ដី ជាង ៥ឆ្នាំ​មក​ហើយ​ដែល​តុលាការ​មិន​ទាន់​រក​ឃើញ​ពី​ទោស​កំហុស​របស់​លោក កឹម សុខា បើ​ទោះ​ជា​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​នេះ​ជាង ៣លាន​នាក់។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការ​កោះហៅ​សាក្សី​ជា​បន្តបន្ទាប់ ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ជា​ល្បិច​តុលាការ​ដើម្បី​បន្លំ​ភ្នែក​មហាជន​ឱ្យ​មើល​ឃើញ​ថា ការ​ជំនុំជម្រះ​សំណុំរឿង​ធ្វើ​ឡើង​តាម​ត្រឹមត្រូវ​តាម​នីតិវិធី។ លោក​យល់​ថា ការ​អូស​បន្លាយ​​សំណុំរឿង​នេះ​ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លោក កឹម សុខា​នោះ​ទេ៖ « ឃើញ​តុលាការ​ហៅ​ទៅ​សួរ​អ្នក​មួយ​ចំនួន​គ្រាន់តែ​មាន​សកម្មភាព​សង្គម​យក​ចិត្ត​ទុក​ដាក់​នឹង​រឿងរ៉ាវ​សង្គម ក៏​ចេះ​តែ​ហៅ​គាត់​ទៅ​សួរ អត់​មាន​តម្លៃ​ផ្លូវ​ច្បាប់​សម្រាប់​យក​ទៅ​ផ្ទៀងផ្ទាត់​ដាក់​បន្ទុក​លើ​លោក កឹម សុខា ចំណែក​ហៅ​សាក្សី​មួយ​ចំនួន​ទៀត​ដូច​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ជាដើម​មាន​សារៈសំខាន់​អី​បើ​មនុស្ស​ហ្នឹង​ការពារ​គ្រប់​សាច់​រឿង​ខុស​ត្រូវ​ទាំង​ឡាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ »

ជុំវិញ​ការ​រិះគន់​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​លោក​តាំង ស៊ុនឡាយ បានទេ​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន នៅតែ​និយាយ​ដដែលៗ ថា សំណុំរឿង​នេះ​ករណី​ពិសេស​ដែល​តុលាការ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ដោះ​ស្រាយ។

ដូច​សវនាការ​ពេល​​មុនៗ​ដែរ ក្នុង​បន្ទប់​ជំនុំជម្រះ​នៃ​សវនាការ​លើក​ទី៦១ នេះ នៅតែ​ស្ថិត​ក្នុង​ការ​តាម​ដាន​ពី​តំណាង​អង្គទូត មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បន្ត​ចូល​ឃ្លាំមើល​ក្នុង​បន្ទប់​តុលាការ​ដូច​សព្វដង​ដែរ។ ចំណែក​នៅ​ក្រៅ​របង​តុលាការ ក៏​មាន​អ្នក​គាំទ្រ​លោក ប្រមាណ ៣០នាក់ បន្ត​មក​ឃ្លាំមើល​នៅ​មុខ​តុលាការ ដោយ​ស្ថិត​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​ក្រុម​សមត្ថកិច្ច។

អ្នកគាំទ្រ​លោក កឹម សុខា ម្នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង លោក នូ ចំរើន ប្រាប់​ថា លោក​មក​ឃ្លាំមើល​តុលាការ​ពេល​នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា លោក កឹម សុខា ជា​មេដឹកនាំ​ល្អ និង​មែន​មិន​មែន​ជា​មនុស្ស​ក្បត់​ជាតិ​ដូច​ការ​ប្រកាន់​ទេ។ អ្នក​គាំទ្រ​រូប​នេះ ចង់​ឃើញ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ឱ្យ​លោក កឹម សុខា វិញ ដើម្បី​ឱ្យ​មេ​បក្ស​រូប​នេះ​អាច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ៖ « ដោយសារ​ឃើញ​គាត់ ( លោក កឹម សុខា ) មាន​ជំហរ​ស្មោះត្រង់​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​គាត់​មាន​ឆន្ទៈ​ស្រលាញ់​ជាតិ​ពិត​ប្រាកដ ហើយ​គោលជំហរ​របស់​គាត់​គឺ ស្មោះត្រង់​នឹង​ពិត​ប្រាកដ។

ទាក់ទង​រឿង​នេះ​ដែរ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​អ្នកស្រី ចក់ សុភាព ដែល​សាក្សី​ម្នាក់​បាន​បំភ្លឺ​ក្នុង​សវនាការ​លោក កឹម សុខា លើកឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​អ្នកស្រី​ថា ការ​បន្ត​ចោទប្រកាន់ និង​អូស​បន្លាយ​សំណុំ​រឿង​នេះ ជា​ការ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​របស់​លោក កឹម សុខា ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។ អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ដើម្បី​ឆ្ពោះ​ទៅ​មុខ និង​ធានា​បរិយាកាស​អំណោយ​ផល នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ ការ​សម្របសម្រួល​ឱ្យ​អ្នក​នយោបាយ និង​ពលរដ្ឋ​អាច​ចូលរួម​ដោយ​សេរី ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ពិត​ជា​ចាំបាច់ និង​គួរ​ដល់​ពេល​ដែល​ខ្មែរ​បញ្ចប់​ការ​ចោទ​គ្នា​ហើយ​គួរ​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ជាតិ ដើម្បី​កម្ពុជា​បាន​ប្រសើរ​ទៅមុខ។

តុលាការ​ចាប់​ផ្ដើម​កោះហៅ​សាក្សី​ចូល​បំភ្លឺ​ក្នុង​ដំណាក់កាល​នៃ​សវនាការ​ជំនុំជម្រះ​ចាប់​ពី​សវនាការ​សប្ដាហ៍​លើក​ទី៥៩ មក។ ក្នុង​ចំណោម​សាក្សី​ទាំង ៩រូប ដែល​តុលាការ​កោះហៅ មាន​សាក្សី​ចំនួន ៦នាក់​ហើយ ដែល​បាន​ផ្ដល់​សក្ខីកម្ម​ជូន​តុលាការ។ អ្នក​ទាំង​នោះ អ្នក​នយោបាយ​ជើង​ចាស់​លោក គង់ គាំ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​អ្នកស្រី ចក់ សុភាព យុវជន​ធ្វើ​ការងារ​សង្គម​លោកស្រី កែវ ស្រីនាង យុវជន​ធ្វើ​ការងារ​សង្គម​ម្នាក់​ទៀត លោក ម៉ា ចិត្រា និង​ចៅសង្កាត់​រង​ទី២ គណបក្ស​ភ្លើង​ទៀន គឺ​លោក ខឿន វីរ៉ាត់។

ទើប​តែ​ក្នុង​សប្ដាហ៍​នេះ ដែល​តុលាការ​បើក​ការ​សវនាការ​ពីរ​ថ្ងៃ​ជាប់​គ្នា ហើយ​ក្នុង​មួយៗ ថ្ងៃ មាន​ការ​សួរ​ដេញដោល​សាក្សី​ទាំង​ពេល​ព្រឹក​និង​ពេល​រសៀល។ តុលាការ​នឹង​សាកសួរ​សាក្សី​បន្ត​ទៀត​ក្នុង​សវនាការ​លើក​ទី៦២ នា​ថ្ងៃ​ទី១៩ ខែ​តុលា​ខាងមុខ។ ក្រុម​មេធាវី​លោក កឹម សុខា ​គ្រោង​ស្នើ​ដាក់​ពាក្យ​ទៅ​តុលាការ​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​សាក្សី​ជា​សមត្ថកិច្ច​ដែល​អនុវត្តន៍​ការងារ​ក្នុង​ពេល​ចាប់​ខ្លួន​លោក កឹម សុខា មក​បំភ្លឺ​នៅ​តុលាការ​នៅ​សវនាការ​សប្ដាហ៍​ក្រោយ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។