សវនាការលើកទី៥៧ នៅថ្ងៃទី២១ ខែកញ្ញានៃសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំង លោក កឹម សុខា តុលាការបានចោទសួរលោក កឹម សុខា ទាក់ទងនឹង អង្គហេតុថ្មី៣ផ្សេងទៀត រួមមាន ការធ្វើបដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់ (Taiwan) យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការកាន់ផ្កាឈូក។ ប្រតិកម្មទៅនឹងចោទសួរនេះ លោក កឹម សុខា និងមេធាវីការពារក្ដីថា អង្គហេតុថ្មីទាំងនេះមិនជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ទេ។
លោក កឹម សុខា និងមេធាវីការពារក្ដី រិះគន់តុលាការ ករណីដែលតុលាការព្យាយាមយកអង្គហេតុមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កឹម សុខា គឺជាការអូសបន្លាយសំណុំរឿងនេះឲ្យកាន់តែវែងរកទីបញ្ចប់មិនឃើញ។ ចំណែកអ្នកឃ្លាំមើលជំរុញឲ្យដោះស្រាយសំណុំរឿងតាមច្រកនយោបាយ ល្អជាងការយកប្រព័ន្ធច្បាប់មកជាប់ពាក់ព័ន្ធរឿងនយោបាយ។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់គឺលោក ចាន់ ចេន ឲ្យដឹងក្រោយចប់សវនាការថា បដិវត្តន៍នៅចិនតៃវ៉ាន់ (Taiwan) យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការកាន់ផ្កាឈូក មិនជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខ ឡើយ។ លោកមេធាវីបន្តថា តុលាការយកអង្គហេតុទាំងនេះមកចោទសួរបែបនេះ មិនបានធ្វើឲ្យលោក កឹម សុខា រងការចោទប្រកាន់ទេ ប៉ុន្តែ គ្រាន់តែជាការអូសបន្លាយសំណុំរឿងនេះឲ្យកាន់វែងថែមទៀត។ លោកអះអាងទៀតថា ជីវិតនយោបាយរបស់លោក កឹម សុខា តាំងពីចាប់ផ្ដើម រហូតដល់ថ្ងៃសមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា កូនក្ដីរបស់លោក មិនដែលញុះញង់ឲ្យពលរដ្ឋក្រោកឈរកាន់អាវុធប្រឆាំងរដ្ឋាភិបាលម្ដងណាឡើយ៖ « គាត់ ( លោក កឹម សុខា ) ត្រឹមត្រូវ គាត់ស្អាតស្អំ គាត់ធ្វើគោរពតាមគោលការណ៍ច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយយើងឃើញថា ការបោះឆ្នោតជិតឈានមកដល់ហើយនៅសល់ប៉ុន្មានខែទៀតទេ អ៊ីចឹងយើងក៏រង់ចាំមើល ហើយយើងចង់បានដោយទទូច ដើម្បីឲ្យឯកឧត្តម កឹម សុខា ឲ្យមានដំណោះស្រាយរួចរាល់ ដើម្បីឲ្យគាត់ត្រឡប់ចូលឆាកនយោបាយឡើងវិញបាទ » ។
តុលាការចាប់ផ្ដើមយកយកអង្គហេតុថ្មីមកចោទសួរលោក កឹម សុខា ពេលនេះ ក្រោយពេលតុលាការបិទបញ្ចប់ការសួរដេញដោលពាក់ព័ន្ធអំពើហិង្សាក្នុងបាតុកម្មនៅផ្លូវ វេង ស្រេង នៅស្ពានអាកាសស្ទឹងមានជ័យ និងនៅស្ពាន នាគ កាលពីសវនាការលើកទី៥៦ សប្ដាហ៍មុន ដែលតុលាការបានចំណាយពេលជាច្រើនសប្ដាហ៍សួរដេញដោលលើករណីអំពើទាំងនេះ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត សង្កេតឃើញថា ទោះដំណើររឿងនេះឈានដល់ការសាកសួរអង្គហេតុថ្មីក្ដី ប៉ុន្តែ តុលាការ នៅតែគ្មានភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់លោក កឹម សុខា ដដែល។ លោកសង្កេតឃើញទៀតថា រាល់ពេលលោក កឹម សុខា បំភ្លឺទៅតុលាការ គឺតុលាការធ្វើដូចមិនចាប់អារម្មណ៍ និងមិនជឿលើការអះអាងរបស់លោក កឹម សុខា៖ « កាត់ដូចជាវីដេអូ ដូចជា ប្រមូលពីត្រង់នេះពីត្រង់នោះ យកមកធ្វើការកាត់ក្ដីមួយសម្រេចរឿងមួយអយុត្តិធម៌ទៅលើមនុស្សដែលអត់បានដឹងជាការបង្កការឈឺចាប់ដល់ពលរដ្ឋ ដោយធ្វើឲ្យមតិជាតិ និងអន្តរជាតិ គេថ្កោលទោសមកលើកម្ពុជាយើង គេថា តុលាការកម្ពុជាយើងមិនឯករាជ្យហើយមិនឈរទៅលើការយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ » ។
ដូចសព្វដងដែរ សវនាការនេះមានការឃ្លាំមើលពីតំណាងស្ថានទូតបរទេស និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអ្នកសារព័ត៌មានផងដែរ។ ចំណែកនៅក្រៅរបងតុលាការអ្នកគាំទ្រលោក កឹម សុខា ប្រមាណ ៤០នាក់ បានផ្ដល់កម្លាំងចិត្តដល់លោក កឹម សុខា។ ដោយឡែកសមត្ថកិច្ចបានរឹតបន្តឹងសន្តិសុខ តឹងតែងជុំវិញបរិវេណតុលាការ ។
អ្នកគាំទ្រលោក កឹម សុខា លោកស្រី ពេជ្រ វឿន ថ្លែងថា លោកស្រីឃើញលោក កឹម សុខា ឡើងតុលាការយូរឆ្នាំហើយ ប៉ុន្តែតុលាការរកមិនទាន់ឃើញថា លោក កឹម សុខា បានសម្លាប់អ្នកណា ឬបំផ្លាញប្រទេសជាតិដូចការចោទប្រកាន់នោះទេ។ លោកស្រី ព្រួយបារម្ភថា បើតុលាការនៅតែបន្តកាត់ក្ដីរបៀបនេះតទៅ ប្រហែលលោកស្រីបាត់បង់ឱកាសក្នុងការបោះឆ្នោតជូនលោក កឹម សុខា នៃការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៖ « ចាប់គាត់ ( លោក កឹម សុខា ) នេះគឺអយុត្តិធម៌ណាស់ព្រោះកាត់អត់មានកំហុសអីទេ គាត់មនុស្សយុត្តិធម៌ គាត់ដឹកនាំប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋតាមផ្លូវល្អ មិនមែនឲ្យប្រជាពលរដ្ឋហ្នឹងទៅលួចទៅប្លន់ ប្រើគ្រឿងញៀនទេ។ ខ្ញុំស្រលាញ់ គាត់ឃើញគាត់ដឹកនាំល្អ បើមិនល្អមិនមកទេ ទោះបីគ្មានមួយរៀលក៏ខ្ញុំមកដែរ » ។
ទោះមានការរិះគន់ថា សំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ បែបណាក្ដី ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែថ្លែងដដែលៗ ថា គ្មានអ្នកណាអាចបញ្ជាតុលាការបានទេ ហើយតុលាការកាត់ក្ដីបែបណាជាឆន្ទានុសិទ្ធិរបស់ស្ថាប័នមួយនេះ។
ដោយឡែកអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា តុលាការព្យាយាមអូបន្លាយពេលវេលាសំណុំរឿងរហូតក្រោយការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។ លោកបន្តតុលាការនឹងយកសំណុំរឿងមិនពាក់ព័ន្ធនឹងលោក កឹម សុខា ផ្សេងទៀត ដូចជា ទំនាស់ដីធ្លី ឬការទាមទារយុត្តិធម៌សង្គមនានា មកចោទសួរបន្ថែមលើលោក កឹម សុខា នាសប្ដាហ៍បន្ទាប់៖ « គឺទាញប្រមូលភ្ជាប់ទៅនឹងរឿងលោក កឹម សុខា ទាំងអស់ បើទោះបីលោក កឹម សុខា មិនពាក់ព័ន្ធក៏ដោយដើម្បីអូសបន្លាយពេលវេលាឲ្យសមនឹងបំណងលោក ហ៊ុន សែន។តាមគំនិតរបស់ខ្ញុំ លោក កឹម សុខា និងក្រុមរបស់គាត់ ជាពិសេសអ្នកគាំទ្រគាត់ គួរធ្វើអ្វីម៉្យាងឲ្យលើសអំពីការរង់ចាំសវនាការរបស់តុលាការនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង » ។
ទោះយ៉ាងណាក្ដី លោក គឹម សុខ យល់ថា ប្រសិនក្រុមលោក កឹម សុខា ហ៊ានចេញមុខទាមទាររកយុត្តិធម៌ជូនលោក កឹម សុខា ហើយសហគមន៍អន្តរជាតិ ក៏មានការដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាល លោក ហ៊ុន សែន លោក កឹម សុខា អាចមានឱកាសចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។
លោក កឹម សុខា បានបាត់បង់សិទ្ធិធ្វើនយោបាយ និងបាត់បង់អ្វីៗ ស្ទើរគ្រប់យ៉ាង ជាង ៥ឆ្នាំមកនេះ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ មេបក្សប្រឆាំងរូបនេះថា បានឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
តុលាការនឹងបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី២៨ ខែកញ្ញាសប្ដាហ៍ក្រោយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។