សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការរឿងក្ដីសកម្មជនគណបក្សប្រឆាំងបន្តទៀតនៅព្រឹកថ្ងៃទី១៣ មករានេះ ដោយបង្ហាញភស្តុតាងជាវីដេអូឃ្លីបបន្តពីសប្ដាហ៍កន្លងទៅពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងឯកសារបង្កើតចលនាសង្គ្រោះជាតិដែលមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សនេះ កាលពីឆ្នាំ២០១៨។ សាច់ញាតិជនជាប់ឃុំនៅតែចាត់ទុកសវនាការបែបនេះថា ជាការសម្ដែងល្ខោនលេងសើច ដើម្បីកម្ទេចសំឡេងអ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាល។
សវនាការលើកទី៨ នេះ មានជនជាប់ឃុំចំនួន ១៣នាក់ ប៉ុន្តែក្នុងនោះអវត្តមាន ២នាក់ គឺលោកហ៊ុន ច្រឹប និងលោក ថៃ គន្ធា ដោយសារមានបញ្ហាសុខភាព។ ពួកគាត់ទាំងពីរបានស្នើឱ្យអង្គការលីកាដូបញ្ជូនគ្រូពេទ្យចូលទៅព្យាបាលនៅក្នុងពន្ធនាគារព្រៃស។ ចំណែកសកម្មជនបក្សប្រឆាំង ១១នាក់ទៀតមានជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ និងលោក យឹម សារ៉េត ជាដើម សមត្ថកិច្ចបានដឹកពួកគាត់តាមរថយន្តពីពន្ធនាគារព្រៃស ដើម្បីចូលរួមក្នុងសវនាការ។
ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ បានចាក់វីដេអូឃ្លិបពាក់ព័ន្ធនឹងឯកសារពីការបង្កើតចលនាសង្គ្រោះជាតិរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសកាលឆ្នាំ២០១៨ និងអង្គហេតុពាក់ព័ន្ធនឹងការបង្ហោះសារនៅក្នុងបណ្ដាញសង្គមអំពីការរាតត្បាតជំងឺកូវីដ១៩ កាលពីថ្ងៃទី២០២០។ ប៉ុន្តែដោយសារតែភស្តុតាងនៅមានច្រើនទៀត ហើយពេលវេលាមានការកំណត់។ ដូច្នេះចៅក្រម រស់ ពិសិដ្ឋ ក៏បានបិទបញ្ចប់សវនាការនៅម៉ោងជិត១២ថ្ងៃត្រង់ ហើយគ្រោងនឹងបន្តសវនាការជាថ្មីទៀតនៅថ្ងៃទី២០ មករាខាងមុខ។ សវនាការនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះតុលាការក៏គ្រោងបង្ហាញភស្តុតាងជាវីដេអូឃ្លីបដែលនៅសេសសល់បន្តទៀតដែរ។
មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងលោក សំ សុគង់ យល់ថា ភស្តុតាងជាវីដេអូឃ្លិបដែលតុលាការបានបង្ហាញនោះមិនមានទំនាក់ទំនងអ្វីជាមួយកូនក្ដីរបស់លោកឡើយ។ ដូច្នេះមិនអាចដាក់បន្ទុកលើពួកគាត់បាននោះទេ៖ «អ្នកខ្លះគាត់និយាយនៅថ្ងៃផ្សេងអីចឹងទៅអ្នកខ្លះផ្សេងទៀតទៅ អីចឹងខ្ញុំគិតថា វាពិបាកនឹងគាត់សំគាល់ថា ភស្តុតាងហ្នឹងវាពាក់ព័ន្ធរឿងក្ដី ។ប៉ុន្តែទោះបីយ៉ាងណាក៏ដោយដោយសារវាជានីតិវិធីហើយ តុលាការក៏កំពុងតែសវនាការទាក់ទងនឹងភស្តុតាងដើម្បីស្វែងរកការពិត ហើយយើងសង្ឃឹមថា នៅពេលដែលចាក់ភស្តុតាងអស់ហើយ។ សរុបមកគឺតុលាការនឹងផ្ដល់យុត្តិធម៌ពួកគាត់។ជាពិសេសគឺពួកគាត់ស្នើសុំឱ្យមានការដោះលែងពួកគាត់ឱ្យមានសេរីភាព » ។
សវនាការនេះមានការចូលរួមឃ្លាំមើលពីតំណាងទូតប្រទេសលោកសេរីជាច្រើននិងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល និងសាច់ញាតិរបស់ជនជាប់ចោទជាច្រើននាក់។ ចំណែកនៅខាងក្រៅរបងតុលាការវិញ អាជ្ញាធរបានពង្រាយកងសន្តិសុខជាច្រើននាក់ ស្របពេលដែលក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំង និងអ្នកគាំទ្រជាង ១០នាក់បន្តរង់ចាំលើកទឹកចិត្តដល់ជនជាប់ចោទ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាដោយហិង្សានោះទេ។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីក្រោយចប់សវនាការថា ភស្តុតាងដែលតុលាការបង្ហាញនោះ ជាការរៀបចំ ដើម្បីទម្លាក់កំហុសមកលើប្ដីរបស់លោកស្រី និងសកម្មជនដទៃដោយអយុត្តិធម៌មិនអាចទទួលយកបានឡើយ។ លោកស្រី សំណូមពរឱ្យតុលាការអនុវត្តតួនាទីអព្យាក្រឹត្យ ដោយឈប់សម្ដែងល្ខោនលេងសើចតាមការចង្អុលបង្ហាញរបស់អ្នកនយោបាយបន្តទៀត៖ «ខ្ញុំយល់ថា តុលាការដូចឆាកល្ខោនរបស់តុលាការ គឺយកគាត់មួយសប្ដាហ៍ម្ដងដឹកទៅដឹកមក គឺពន្យារពេលធ្វើម៉េចឱ្យជនជាប់ឃុំហ្នឹងជាប់ឃុំឱ្យយូរបន្តទៀត។ អីចឹងដោយសារគ្មានភស្តុតាងអ្វីទាល់តែសោះ ដែលចោទប្រកាន់ថា គាត់មានពាក់ព័ន្ធនឹងរួមគំនិតក្បត់ តាមការដែលខ្ញុំមើល គឺគាត់អត់មានពាក់ព័ន្ធសោះតែម្ដង » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ មករា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើលឃើញថា រឿងក្ដីក្ដាំនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយភ្ជាប់សាច់រឿងរបស់ពួកគេមកចាត់វិធានការតាមផ្លូវតុលាការ។ លោកបញ្ជាក់ថា តុលាការធ្វើបែបនេះនឹងមិនអាចផ្ដល់យុត្តិធម៌ដល់ជនជាប់ចោទទៅតាមច្បាប់បានទេ ព្រោះខ្វះឯករាជ្យភាព និងអព្យាក្រឹត្យ៖ «អីចឹងហើយបានជាយើងចង់ឃើញចំណាត់ការវិធានការដោះស្រាយទៅលើជម្លោះរវាងនៃអ្នកនយោបាយហ្នឹងតាមផ្លូវអ្នកនយោបាយរកដំណោះស្រាយជាមួយគ្នា។ជាជាងប្រើប្រព័ន្ធតុលាការ ដែលជាការធ្វើឱ្យមានការបាត់បង់តម្លៃស្ថាប័នយុត្តិធម៌ដែលពាក់ព័ន្ធអីទាំងអស់ហ្នឹងឯងបាទ » ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងចំនួន ៤២នាក់នេះ ពីបទ "រួមគំនិតក្បត់" និង "ញុះញង់" ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ ២០១៩។ តុលាការគ្រោងនឹងបញ្ចប់ការសួរដេញដោលសំណុំរឿងនេះនៅខែកុម្ភៈខាងមុខ។
កន្លងមក អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។