តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការសំណុំរឿងរួមគំនិតក្បត់ និងញុះញង់លើសកម្មជនគណបក្សប្រឆាំងចំនួន ៣៩នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលា។ សវនាការលើកទី៤ នេះ ចៅក្រមបានសួរដេញដោលអំពីបញ្ហាផ្ទាល់ខ្លួន ជាជាងសួរផ្ដោតទៅលើសំណុំរឿង។
មន្ត្រីពន្ធនាគារបានដឹកសកម្មជនគណបក្សប្រឆាំងតែ ៣នាក់ ឱ្យចូលរួមនៅក្នុងសវនាការជំនុំជម្រះទៅលើបទចោទ រួមគំនិតក្បត់ និងញុះញង់ ប្រឆាំងទៅនឹងសកម្មជនគណបក្សប្រឆាំងសរុប៣៩នាក់ នាព្រឹកថ្ងៃទី១៣ ខែតុលា។ សកម្មជនទាំងនោះរួមមាន លោក វឿង សំណាង លោក ខាន់ ប៊ុនផេង និងលោក គង់ ម៉ាស់ ដែលកំពុងតែជាប់ពន្ធនាគារព្រៃស "ម១" នៅក្នុងរាជធានីភ្នំពេញ។ចៅក្រមជំនុំជម្រះរឿងនេះ គឺអ្នកស្រី អ៊ុក រ៉េតគន្ធា បានចោទសួរតែលោក វឿង សំណាង ម្នាក់ប៉ុណ្ណោះ ហើយព្រះរាជអាជ្ញារង លោក សេង ហៀង ក៏បានបញ្ចូលដីកាសន្និដ្ឋានរឿងបន្ថែមទាក់ទងទៅនឹងបទចោទទៅលើពលករខ្មែរនៅកូរ៉េខាងត្បូងម្នាក់ (South Korea) គឺលោក សុខ ស៊ីឡូត ហៅ សង្ហា ភ្ជាប់ជាមួយផែនការវិលចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំង លោក សំ សុខគង់ យល់ឃើញថា ការសួរដេញដោលទៅលើកូនក្ដីរបស់លោក មិនមានជាប់ពាក់ព័ន្ធជាមួយនឹងបទចោទប្រកាន់ឡើយ។ លោក បន្ថែមថា ការភ្ជាប់អង្គហេតុសំណុំរឿងគម្រោងវិលចូលស្រុករបស់លោក សម រង្សី ក្នុងឆ្នាំ២០១៩ ជាមួយនឹងសំណុំរឿងគ្រោងវិលចូលស្រុករបស់អ្នកស្រី មូរ សុខហួរ នៅដើមឆ្នាំ២០២០ នោះ គឺជារឿងមិនត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់នោះទេ៖ « រឿងហ្នឹងត្រូវបានតុលាការជំនុំជម្រះរួចហើយ ហើយសិនជាយកអង្គហេតុ ( ឆ្នាំ ) ២០១៩ មកបូកជាមួយហ្នឹងអង្គហេតុ ( ឆ្នាំ ) ២០២០ នៃឆ្នាំផ្សេងហ្នឹងគឺជា អង្គហេតុមួយអត់ត្រឹមត្រូវ ហើយទីមួយ វាអាចពាក់ព័ន្ធទៅហ្នឹងហៅថា អាជ្ញាអស់ជំនុំ ដោយសារសំណុំរឿងហ្នឹងត្រូវបានកាត់ម្ដងរួចទៅហើយ » ។
ចំណែក ប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ដែលបានចូលរួមក្នុងសវនានេះដែរ យល់ឃើញថា អង្គសវនាការលើកទី៤ នេះ ក៏មិនខុសពីអង្គសវនាការមុនៗនោះដែរ ដោយចៅក្រមបានសួររឿងដដែលៗ ទាក់ទងទៅនឹងការបង្ហោះហ្វេសប៊ុករបស់បុគ្គលនៅក្រៅប្រទេស ហើយចៅក្រមអានតែអំពីខ្លឹមសាររបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលមានបំណងវិលចូលប្រទេសកម្ពុជាវិញសារចុះសារឡើង ដែលមិនមានជាប់ពាក់ព័ន្ធនឹងប្ដីរបស់លោកស្រី និងសកម្មជននយោបាយក្នុងស្រុកឡើយ។ លោកស្រីបន្ថែមថា ការចោទប្រកាន់លើប្ដីរបស់លោកស្រីពីបទ រួមគំនិតក្បត់នេះ គឺជាការចោទប្រកាន់ដោយគ្មានហេតុផលត្រឹមត្រូវ ព្រោះប្ដីរបស់លោកស្រី ទើបតែមានសេរីភាពពីការឃុំខ្លួនត្រឹមតែ៤ខែប៉ុណ្ណោះ ហើយតុលាការក៏គ្មានភស្តុតាងជាក់លាក់ ដើម្បីមកបញ្ជាក់ថា ប្ដីរបស់លោកស្រីបានគៀងគរមនុស្សឱ្យមកផ្ដួលរំលំរដ្ឋាភិបាលដែរ៖ « ចូលទៅស្ដាប់ ដូចថា វាអត់ជាក់លាក់ថា គួរតែខ្ញុំនិយាយពីកន្លែងណា ព្រោះអីការកាត់រឿងគាត់ហ្នឹង គឺគាត់សួរហ្នឹង សួរតែរឿង ដែលអ្នកនៅក្រៅប្រទេស » ។
ទាក់ទងនឹងរឿងនេះ មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែលបានចូលរួមសង្កេត សវនាការនេះ យល់ឃើញថា ចៅក្រមបានសួរដេញដោលអំពីបញ្ហាផ្ទាល់ខ្លួនរបស់ លោក វឿង សំណាង ច្រើនជាង សួរសំណួរដាក់បន្ទុកទៅលើសំណុំរឿងដែលបានចោទប្រកាន់។ លោកបន្តថា ចៅក្រមហាក់គ្មានភស្តុតាងចោទប្រកាន់ទៅលើសកម្មជនបក្សប្រឆាំងទាំងនោះឱ្យរឹងមាំឡើយ៖ « យើងស្នើសុំដោយទទូច ឱ្យអ្នកនយោបាយគួរមានភាពចាស់ទុំ ហើយហ្នឹងចូលតុចរចាគ្នា ដើម្បីលើកមុខលើកមាត់ប្រទេសកម្ពុជា ដែលគេហៅថា ប្រទេសដែលមានសន្តិភាពគ្រប់ទិសទី។ ប៉ុន្តែនៅតែមានអ្នកជាប់គុក » ។
នៅក្នុងចំណោមសកម្មជនគណបក្សប្រឆាំងទាំង ៣៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់នេះ តុលាការក៏បានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងដូចជា លោក សម រង្សី អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាដើម។ ចំណែកសកម្មជនផ្សេងៗទៀតដែលរងបទចោទជាមួយគ្នានេះ ពួកគេ ភាគច្រើនកំពុងតែរត់ភៀសខ្លួននៅក្រៅប្រទេស។
សំណុំរឿងនេះស្ថិតក្រោមការតាមឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ និងតំណាងអង្គការសង្គមស៊ីវិលនានា និងមានការរឹតបន្តឹងសន្តិសុខពីក្រុមសមត្ថកិច្ចនៅជុំវិញបរិវេណតុលាការ។ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តជំនុំជម្រះក្ដីសំណុំរឿងនេះទៀត នៅថ្ងៃទី២០ ខែតុលាខាងមុខ ដោយនឹងសាកសួរសាក្សីបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។