តុលាការក្រុងភ្នំពេញបង្គាប់សមត្ថកិច្ចឱ្យចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ៥រូប ពីបទញុះញង់
2022.10.18

សាលាដំបូងរាជធានីភ្នំពេញបានដីកាកំបាំងមុខផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៦រូប និងពលករខ្មែរធ្វើការងារនៅប្រទេសថៃម្នាក់ពីបទចោទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ៥នាក់ កំពុងនៅក្រៅឃុំ ដែលស្ថិតក្រោមបទចោទប្រកាន់នេះដែរ។ ទោះយ៉ាងណាក្ដី មន្ត្រីគណបក្សប្រឆាំង ដែលតុលាការផ្ដន្ទាទោសថ្លែងថា ពួកគេមិនបានប្រព្រឹត្តិល្មើសច្បាប់ដូចការចោទប្រកាន់ទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ៦រូប និងពលករខ្មែរម្នាក់ ដែលត្រូវបានតុលាការផ្ដន្ទាទោស និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននៅពេលនេះភាគច្រើន ពួកគេកំពុងភៀសខ្លួននៅក្រៅប្រទេសលើកលែងតែមនុស្សពីរនាក់ទេ កំពុងជាប់ឃុំនៅពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សថា ដីការបស់តុលាការជាការរារាំងនូវការអនុវត្តន៍សិទ្ធិនយោបាយនៃមន្ត្រី និងសកម្មជនបក្សប្រឆាំងទាំងនោះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលតុលាការបានផ្ដន្ទាទោស ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែតុលាថា សាលក្រមនេះមានចរិតនយោបាយ ដែលមានបំណងរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី (Malaysia) ថា លោកមិនបានប្រព្រឹត្តិល្មើសដូចតុលាការចោទ ហើយអ្វីដែលលោកធ្វើកន្លងមក គ្រាន់តែជាសេរីភាពបញ្ចេញមតិ និងការប្រើប្រាស់សិទ្ធិនយោបាយ៖ «អាជ្ញាធរនៃរបបក្រុងភ្នំពេញតែងយកតុលាការ ដែលជាឧបករណ៍នយោបាយរបស់អ្នកមានអំណាចយកមកប្រើប្រាស់ ដើម្បីដាក់បន្ទុកអ្នកនយោបាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាអ្នកដែលហ៊ានតវ៉ា ទាក់ទងភាពអសកម្មរបស់អាជ្ញាធរនៃរបបក្រុងភ្នំពេញ»។
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកំបាំងមុខ ផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៦រូបរួមមាន៖ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក ម៉ន ផល្លា លោក ម៉ោញ សារ៉ាត់ អ្នកស្រី កឹម តុលា និងអ្នកស្រី ឡាញ់ ថាវរី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៨ខែ។ សាលក្រមចុះកាលពីថ្ងៃទី១០ ខែសីហា ក៏បានផ្ដន្ទាទោស ពលករខ្មែរម្នាក់លោក ម៉ិច ហ៊ាង ពីបទប្រមាថព្រះមហាក្សត្រ និងត្រូវដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ផងដែរ។ សព្វថ្ងៃអ្នកស្រី ឡាញ់ ថាវរី និងពលករម្នាក់គឺ លោក ម៉ិច ហ៊ាង កំពុងជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសកម្ពុជា។ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃចាប់បញ្ជូនពីប្រទេសថៃ ទៅកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកមន្ត្រីបក្សប្រឆាំង ដែលរងការចោទប្រកាន់ ៥រូបផ្សេងទៀត ពួកគេភាគច្រើនកំពុងរស់នៅក្រៅប្រទេស។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីការអនុវត្តន៍សាលក្រមរបស់តុលាការ ពីអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី១៨ ខែតុលា។ ចំណែកមេធាវីការពារក្ដីមន្ត្រីបក្សប្រឆាំង និងពលករ គឺលោកមេធាវី សំ សុគង់ ក៏មិនអាចឆ្លើយតបបានដែរ នៅថ្ងៃដដែលនេះ។
រីឯទាក់ទងរឿងដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា តុលាការផ្ដន្ទាលើសំណុំរឿងនេះ ព្រោះមន្ត្រីជាន់ខ្ពស់គណបក្ស បក្សប្រឆាំង និងពលករ បានដើរតាមបន្ទាត់នយោបាយលោក សម រង្ស៊ី ដែលជាក្រុមឧទ្ទាមក្រៅច្បាប់។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះនៅតែនិយាយដដែលៗ ថា ការមានចំណាត់ផ្លូវច្បាប់នេះមិនមែនកើតឡើងពីជម្លោះនយោបាយទេ៖ «អ៊ីចឹងតុលាការចោទប្រកាន់ហ្នឹងមិនខុសទេបាទ ព្រោះគាត់មានពិរុទ្ធភាព ដូចជា គាត់ទៅកាន់ជើងចោរលូច ចោរប្លន់ម៉េចទៅ ជាពិរុទ្ធភាព ដែលយើងចូលដៃជាមួយចោរហើយ»។
ទោះជាយ៉ាងណាក្ដី ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ លោក រស់ សុដ្ឋា យល់ថា ដីកាតុលាការនេះការរឹតត្បិតសកម្មភាពរបស់មន្ត្រី ឬសកម្មជនគណបក្សសង្គ្រោះជាតិបន្ថែមទៀត ខណៈអ្នកទាំងនោះកំពុងបាត់បង់សិទ្ធិស្ទើរគ្រប់យ៉ាង និងមិនអាចវិលចូលស្រុកវិញបាន។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឱ្យភាគីជម្លោះនយោបាយទាំងពីរ ជាពិសេស បក្សកាន់អំណាចដោះស្រាយជម្លោះនយោបាយដោយវិលចូលតុចរចាឡើងវិញ៖ «គឺជាបញ្ហាជាតិដូច្នេះទេ ពួកគេគួរ ត្រូវបានសម្របសម្រួលផ្នែកនយោបាយ ដើម្បីបញ្ចប់នូវការ ដើម្បីបញ្ចប់នូវទុក្ខវេទនាផ្នែកផ្លូវច្បាប់ដូចកន្លងមកនេះ»។
ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជាង ៥ឆ្នាំ មកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តប្រកាសថា នឹងកម្ចាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយ។ លោក ហ៊ុន សែន អះអាងទៀតថា លោកដាក់ផែនការតាមកម្ចាត់ដល់ឫសគល់តែម្ដង ដោយចាត់វិធានការលើពលរដ្ឋនៅក្នុងស្រុក ដែលហ៊ានដើរតាមមនោគមវិជ្ជាជ្រុលនិយម របស់លោក សម រង្ស៊ី។
សព្វថ្ងៃតុលាការកំពុងមមាញឹកកាត់ក្ដីលើសំណុំរឿងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនករណី សំណុំរឿងខ្លះមានជនជាប់ចោទរាប់សិបនាក់។
ទោះយ៉ាងណាក៏ដោយ ក៏សហគមន៍អន្តរជាតិ បន្តជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន សែន គួរបញ្ចប់ជម្លោះនយោបាយដោយសន្យាថា កម្ពុជានឹងទទួលបានផលចំណេញពីការផ្សះផ្សាជាតិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។