សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្ដី ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក នាពេលខាងមុខឆាប់ៗ នេះ។ មន្ត្រីសង្គមស៊ីវិលនៅតែជំរុញទៅតុលាការ គួរទម្លាក់ចោលការចោទប្រកាន់លើលោក សៀម ភ្លុក។
តុលាការគ្រោងបញ្ជូនសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ទៅជំនុំជម្រះក្ដី នាពេលខាងមុខនេះ ក្រោយពេលចៅក្រមបានបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងនេះ កាលពីខែសីហា។
មេធាវីការពារក្ដី លោក សៀម ភ្លុក គឺលោក ជូង ជូងី ឲ្យដឹងថា លោកត្រៀមខ្លួនរួចហើយ ដើម្បីការពារកូនក្ដីរបស់លោកនៅបន្ទប់តុលាការ។ លោកមេធាវីនៅតែអះអាងថា កូនក្ដីរបស់លោក មិនបានប្រព្រឹត្តិល្មើសដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃឡើយ។ លោកមេធាវីរិះគន់ថា ក្រសួងមហាផ្ទៃ ហាក់មានចេតនា ចាប់ទោសអូសដំណើរ ហើយចង់ឲ្យលោក សៀម ភ្លុក ជាប់ពន្ធនាគារ៖ « អត់មានការចូលរួមអត់មានអីធានាថា ឯកសារ ដែលក្រសួងមហាផ្ទៃយកទៅធ្វើកោសល្យវិច័យនោះពិតជាឯកសារយកពីលោក សៀម ភ្លុក ចុះយកឯកសារអីមកទៀតមក យ៉ាងម៉េចទៅវិញ នេះអត់បង្ហាញ តម្លាភាព ភាពជាក់លាក់ ភាពប្រាកដប្រជា គួរឲ្យទុកចិត្តបាន » ។
លោកមេធាវី លោក ជូង ជូងី ថា លោកមិនទាន់បានដឹងពីថ្ងៃជាក់លាក់ ដែលតុលាការគ្រោងជំនុំជម្រះក្ដីនេះនៅឡើយទេ។
ក្រសួងមហាផ្ទៃ បានប្ដឹងលោក សៀម ភ្លុក ពីករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ បទចោទនេះ លោក សៀម ភ្លុក ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ លោក សៀម ភ្លុក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ក្រោយពីតុលាការ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ចង់ឃើញតុលាការកាត់ក្ដីដោយឈរភាពយុត្តិធម៌ មិនលំអៀង។ លោកបន្តថា ដើម្បីគ្រប់ភាគីអាចទទួលយកការសម្រេចក្ដីរបស់តុលាការ តុលាការត្រូវឈរលើជំហរច្បាប់ ភស្តុតាង សាក្សី ដើម្បីបើកឲ្យមានការតតាំងក្ដីដោយស្មើភាពគ្នា៖ « ការពិតទៅចៅក្រម ព្រះរាជអាជ្ញា លោកសុទ្ធតែដឹងហើយ ព្រោះក្នុងតុលាការចៅក្រមក៏មានការតាំងសម្បថមុននឹងចូលធ្វើការជាចៅក្រម ហើយខាងក្រោយក៏មានដាក់ទាក់ទងអគតិទាំង៤ ធ្វើការយ៉ាងណា បើកឱកាសក្នុងការតតាំងគ្នាឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ » ។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេ នៅថ្ងៃទី២០ ខែកញ្ញា។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការដែលតុលាការដំណើររឿងក្ដីនេះជាការបញ្ជាក់ថា បណ្ដឹង របស់ក្រសួងមហាផ្ទៃមានមូលដ្ឋានច្បាប់គ្រប់គ្រាន់។ លោកបន្តថា គ្រប់ភាគីគួររង់ចាំមើលការសម្រេចរបស់តុលាការជាមុនសិន មុននឹងធ្វើការសន្និដ្ឋានថា រឿងនេះថា ជារឿងនយោបាយ៖ « ត្រង់អ្នកណាមានយោបល់ជារឿងការយល់ឃើញរបស់គេ ប៉ុន្តែតុលាការទទួលពាក្យហ្នឹងហើយ អ៊ីចឹងទៅជាសំណុំរឿងទៅជាផ្លូវការហើយ ដែលតុលាការកំពុងដំណើរការ » ។
លោក សៀម ភ្លុក ធ្លាប់បានប្រាប់តុលាការថា លោកមិនបានក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិឡើយ។ លោកមិនមែនជាអ្នកចុះផ្ទាល់ទៅប្រមូលស្នាមមេដៃអ្នកគាំទ្រនោះដែរ គឺតំណាងគណបក្សនៅតាមខេត្តជាអ្នករៀបចំ។
កាលពីខែកក្កដា ស្ថាបនិកគណបក្សបេះដូងជាតិ រូបនេះ បានសរសេរសំបុត្រ ចេញពីពន្ធនាគារ ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឱ្យដកពាក្យបណ្តឹងពីរូបលោក លើការចោទប្រកាន់ ករណីក្លែងបន្លំឯកសារចុះបញ្ជីគណបក្សបេះដូងជាតិ។ ទោះយ៉ាងណាជាងពីរខែមកហើយក្រសួងមហាផ្ទៃ មិនទាន់បានឆ្លើយតបនឹងលោក សៀម ភ្លុក វិញនោះទេ ចំណែក តុលាការក៏បានដំណើរការរឿងនេះទៅមុខជាបន្តបន្ទាប់៕