សំណុំរឿងក្បត់ជាតិ មេបក្សប្រឆាំងលើកទី៥៨ សប្ដាហ៍នេះ តុលាការក្រុងភ្នំពេញចោទប្រកាន់ថា សកម្មជនបក្សសង្គ្រោះជាតិចេញទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាគម្រោងធ្វើបដិវត្តពណ៌។ ទោះយ៉ាងណាក្ដី លោក កឹម សុខា ប្រាប់តុលាការថា លោកមិនបានដឹងរឿងនេះទេ ហើយវគ្គសិក្សានោះ ក៏មិនមែនជាការរៀបចំរបស់គណបក្សប្រឆាំងនោះដែរ។
សំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ថ្ងៃទី២៨ ខែកញ្ញា តុលាការលើកឡើងពីអង្គហេតុសំខាន់ពីរមកចោទសួរលោក កឹម សុខា គឺយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ វគ្គបណ្ដុះបណ្ដាលដល់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលរៀបចំដោយអង្គការមួយឈ្មោះ ខាន់វ៉ាស (CANVAS) និងអង្គការ អាយអរអាយ (IRI)។ ស្ថានភាពក្នុងបន្ទប់សវនាការលើកទី៥៨ នេះ នៅតែមានភាពក្ដៅគគុក ការជជែកគ្នាតឹងសរសៃករវាងភាគីលោក កឹម សុខា និងព្រះរាជអាជ្ញា។ ទោះលោក កឹម សុខា ព្យាយាមឆ្លើយសំនួរយ៉ាងណាក្ដី ប៉ុន្តែ តុលាការ ហាក់មិនព្រមទទួលយកចម្លើយរបស់លោក កឹម សុខា ឬធ្វើមិនយល់ពីអ្វីដែលលោក កឹម សុខា បំភ្លឺនោះទេ។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ គឺលោក ផែង ហេង ឲ្យដឹងក្រោយចប់សវនាការថា ការធ្វើបដិវត្តពណ៌ ដែលតុលាការចោទប្រកាន់លោក កឹម សុខា គឺទាក់ទងនឹងអង្គហេតុ នៃការបណ្ដុះបណ្ដាលសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសឥណ្ឌូនេស៊ី ដែលរៀបចំដោយអង្គការមួយឈ្មោះ ខាន់វ៉ាស និងការបណ្ដុះបណ្ដាលយុវជននៅសណ្ឋាគារសាន់វ៉េ និងសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែលរៀបចំដោយអង្គការ អាយអរអាយ (IRI) និងយុវជនតៃវ៉ាន់ (Taiwan) និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ លោកឲ្យដឹងទៀតថា តុលាការចោទប្រកាន់ដែរថា ការថ្លែងរបស់ លោក កឹម សុខា នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ថា ជាផែនការអនុវត្តផែនការបដិវត្តពណ៌ដែរ។ ទោះយ៉ាងណាក្ដី លោកមេធាវីថា លោក កឹម សុខា បានបំភ្លឺទៅតុលាការ អំពីការចូលរួមវគ្គបណ្ដុះបណ្ដាលក្រុមយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសឥណ្ឌូនេស៊ីនោះថា មិនមែនគណបក្សរៀបចំទេ ប៉ុន្តែជាការទំនាក់ទំនងរវាងយុវជន និងយុវជន។ ចំណែក ការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី ជាការផ្លាស់ប្ដូរដោយការបោះឆ្នោត និង ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនផ្លាសប្ដូរដោយការធ្វើបដិវត្តន៍ពណ៌ទេ៖ « ដំណើរឆ្ពោះទៅការបោះឆ្នោតមិនមែនជារឿងបដិវត្តពណ៌ដូចដែលចៅក្រមលើកមកបង្ហាញទេ ហើយគាត់ ( តុលាការ ) ថា ការលើកមេរៀន ខាន់វ៉ាស មកហាក់ជា យកមេរៀន ខាន់វ៉ាសមកបង្រៀន ហើយគាត់ ( លោក កឹម សុខា ) មិនដែលបានដឹងមេរៀនទាំងអស់នេះផង » ។
លោកមេធាវីរិះគន់ថា សំណួររបស់តំណាងអយ្យការ លោក ឆាយ ហុង ជាសំណួរគ្មានវិជ្ជាជីវៈ ដែលជាការជម្រិតចង់បានចម្លើយពីលោក កឹម សុខា។ លោកឲ្យដឹងទៀតថា លោក កឹម សុខា នៅតែរក្សាជំហរដដែលគឺ លោកបំភ្លឺតែអង្គហេតុដែលលោកបានដឹង និងរឿងរ៉ាវស្ថិតក្រោមការទទួលខុសត្រូវរបស់លោកប៉ុណ្ណោះ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា បើលោក កឹម សុខា នៅតែឆ្លើយដោះសាមិនទទួលស្គាល់ការពិត នោះការកាត់ក្ដីសំណុំរឿងនេះ មិនងាយនឹងបញ្ចប់នោះទេ។ លោក សុខ ឥសាន និយាយជំនួសតុលាការថា បើទោះតុលាការភស្តុតាងយ៉ាងណាក្ដី ប៉ុន្តែទាមទារឲ្យលោក កឹម សុខា ទទួលស្គាល់នូវទង្វើរបស់ខ្លួន៖ « តុលាការខ្ញុំមើលទៅតុលាការសួរហើយសួរទៀតៗ រហូតដល់សាមីទទួលស្គាល់ការពិតបានចប់ បើថា គាត់ ( លោក កឹម សុខា ) មិនទទួលស្គាល់ទេ ដំណើរការនីតិវិធីនៅតែទៅមុខអញ្ចឹងព្រោះប្រកែកក៏អត់កើតដែរ មិនប្រកែកក៏អត់បានដែរ » ។
មន្រ្តីបក្សកាន់អំណាចលើកឡើងដូច្នេះ ខណៈតុលាការក្រុងភ្នំពេញ បានអូសបន្លាយសំណុំរឿង កឹម សុខា ជាង ៥ឆ្នាំមកហើយ ដោយមិនទាន់រកទីបញ្ចប់ឃើញ ប៉ុន្តែ តុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងបំបិទសិទ្ធិនយោបាយលោក កឹម សុខា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត ដែលមានក្រុមលោកតាមឃ្លាំមើលសវនាការ ឲ្យវិទ្យុអាស៊ីសេរីដឹងថា អង្គហេតុ ដែលតុលាការចោទប្រកាន់មិនជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ទេ។ លោករំលឹកថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ គឺជាការទាមទាររបស់អង្គការសង្គមស៊ីវិល ដែលការទាមទារពេលនោះ ស្នើឱ្យមានដោះលែងសកម្មជនសិទ្ធិមនុស្ស ៥រូប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន៖ « មើលទៅហាក់បីដូចជាមិនមានទំនាក់ទំនងជាមួយនឹងបទចោទទាល់តែសោះ។ អ៊ីចឹងខ្ញុំគិតថា អង្គហេតុពីរ ដែលយកមកសួរនេះ អាចធ្វើឲ្យមានការអូសបន្លាយពេលវេលានៃសវនាការហ្នឹងកាន់តែយូរថែមទៀតណា » ។
សវនាការលើកទី៥៨ នេះ នៅតែស្ថិតក្នុងការតាមដានពីតំណាងអង្គទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីសង្គមស៊ីវិល បន្តចូលឃ្លាំមើលក្នុងបន្ទប់តុលាការដូចសព្វដងដែរ។ ចំណែកនៅក្រៅរបងតុលាការ ក៏មានអ្នកគាំទ្រលោកប្រមាណ ៤០នាក់ បន្តមកឃ្លាំមើលនៅមុខតុលាការ ដោយស្ថិតការយាមកាមយ៉ាងតឹងរ៉ឹងពីក្រុមសមត្ថកិច្ច។ តុលាការនឹងបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៥ ខែតុលា សប្ដាហ៍ក្រោយទៀត។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត ឲ្យដឹងថា សវនាការលើកទី៥៩ ខាងមុខ តុលាការគ្រោងកោះហៅសាក្សីមួយចំនួន ទាក់ទង នឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អង្គការ ខាន់វ៉ាស និងអង្គការ អាយអរអាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។