តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​សាកសួរ​លោក ថាច់ សេដ្ឋា ជា​លើក​ទី២ ក្នុង​បទ​ចោទ​ថ្មី​សំណុំរឿង​ញុះញង់

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សាកសួរ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ជា​លើក​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា​នេះ ពាក់ព័ន្ធ​បទ​ចោទ​ថ្មី សំណុំរឿង​ញុះញង់។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ​បន្ត​ចោទប្រកាន់​លោក ថាច់ សេដ្ឋា ពី​មួយ​ទៅ​ករណី​ទៅ​មួយ​ករណី​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ដឹក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពី​ពន្ធនាគារ​ព្រៃស មក​តុលាការ​ជា​ថ្មី​ទៀត​ដើម្បី​សាកសួរ​ទាក់ទង​បទ​ចោទ​ថ្មី គឺ​សំណុំរឿង​ញុះញង់ ដែល​ប្រព្រឹត្តិ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ចុង​ឆ្នាំ២០២២។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា ម្នាក់ គឺ​លោក​មេធាវី សំ សុគង់ ឱ្យ​ទ្យុអាស៊ីសេរី​ដឹង​ថ្ងៃ​ទី៩ ខែ​ឧសភា​ថា តុលាការ​នឹង​សាកសួរ​ លោក ថាច់ សេដ្ឋា ទាក់ទង​អង្គហេតុ​នៅ​ក្រៅ​ប្រទេស។ លោក​ថា ក្រុម​មេធាវី​បាន​ត្រៀម​ឯកសារ​មួយ និង​ភស្តុតាង ដើម្បី​ជួយ​ដោះ​បន្ទុក​លោក ថាច់ សេដ្ឋា។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី ក៏​នឹង​នៅ​អម​លោក​ ថាច់ សេដ្ឋា ក្នុង​ពេល​តុលាការ​សាកសួរ​នោះ​ដែរ​ ដើម្បី​ឱ្យ​លោក​ថាច់ សេដ្ឋា ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ​។

មេធាវី សំ សុគង់៖«គឺ​យើង​អម​គាត់(លោក រ៉ុង ឈុន)កុំ​ឱ្យ​មាន​ការ​សួរ​សំណួរ​ណា ដែល​ដាក់​បន្ទុក​លើ​ខ្លួន​ឯង​ណា ហើយ​ហ្នឹង​ប្រើប្រាស់​សិទ្ធិ ដែល​ក្នុង​នាម​ជា​ជន​ត្រូវ​ចោទ​គឺ​អាច​ថា សំណួរ​ខ្លះ​មិន​ច្បាស់ គឺ​មិន​ឆ្លើយ ហើយ​សំណួរ​ខ្លះ ដែល​ថា ដាក់​បន្ទុក​ខ្លួន​ឯង គាត់​អាច​បដិសេធ​នៅ​ស្ងៀម ជា​សិទ្ធិ​នៅ​ស្ងៀម ជា​ពិសេស មេធាវី​ត្រូវ​អម​កូន​ក្ដី ជៀសវាង​កុំ​ឱ្យ​មាន​ការ​គាបសង្កត់ ឬ​ក៏​ប្រើ​ហិង្សា​ណា​មួយ​នៅ​ពេល​សាកសួរ»។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន កោះហៅ​លោក ថាច់ សេដ្ឋា មក​សាកសួរ​ម្ដង​រួច​ហើយ ពាក់ព័ន្ធ​ការ​​ចោទប្រកាន់​ពី​បទ​ញុះញង់ ​ជាមួយ​គ្នា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​ឃុំ​ខ្លួន​លោក ថាច់ ស៊ីថា បន្ថែម​លើ​ពី​បទ​ចោទ​ចាស់ គឺ​សំណុំរឿង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​លុយ​ចំនួន​ប្រាំ​សន្លឹក។ សំណុំរឿង​ចាស់​នេះ កំពុង​ស្ថិត​ដំណាក់កាល​ស៊ើបអង្កេត​ ហើយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​មិន​អនុញ្ញាត​ឱ្យ​លោក លោក ថាច់ សេដ្ឋា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ បើ​ទោះ​ជា​លោក​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ និង​ប្រាក់​តម្កល់​ជាង ៣ម៉ឺន​ដុល្លារ​ក្ដី។

ជុំវិញ​ការ​ចោទប្រកាន់​បទល្មើស​ថ្មី​មួយ​ទៀត​លើ​លោក ថាច់ សេដ្ឋា ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​ពី អ្នក​នាំ​ពាក្យ​អយ្យការ អម​សាលាដំបូង​រាជធានី ​ភ្នំពេញ លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា។ ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាមដាន​ករណី​លោក ថាច់ សេដ្ឋា រិះគន់​​ការ​ចោទប្រកាន់​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៩ មក​ដល់​ពេល​នេះ តុលាការ​តែងតែ​យក​ករណី​នានា​មក​ចោទ​ប្រកាន់​លើ​លោក ថាច់ សេដ្ឋា ជា​បន្តបន្ទាប់ ​បើ​ទោះ​ជា​ពុំ​មាន​អង្គហេតុ​គ្រប់គ្រាន់​ក្ដី។ លោក​បន្ត​ទៀត​ថា ការ​ចោទ​ប្រកាន់​ទាំង​នោះ ទាក់ទង​ការ​បញ្ចេញ​មតិ និង​សកម្មភាព​នៃ​ជីវិត​ឯកជន​របស់​លោក ថាច់ សេដ្ឋា។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា បើ​ត្រឹម​ជា​វោហារសាស្ត្រ​របស់​អ្នក​នយោបាយ គួរ​កុំ​យក ប្រព័ន្ធ​តុលាការ​មក​ចោទ​ប្រកាន់​អី ព្រោះ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​បែប​នេះ នឹង​ធ្វើ​ឱ្យ​មតិ​ជាតិ​ និង​អន្តរជាតិ ​រិះគន់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ។

លោក យី សុខសាន្ត៖«ប្រធាន​គណបក្ស ឬ​ក៏​អនុប្រធាន​គណបក្ស​នយោបាយ ដែល​គេ​ធ្វើ​នយោបាយ​គេ​តែងតែ​រក​កំហុស ចំណុច​អវិជ្ជមាន​នៃ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គេ​កែលំអ​គ្នា ប៉ុន្តែ​នៅ​ស្រុក​យើង​រឿង​វោ​ហា​ស័ព្ទ​របស់​អ្នក​នយោបាយ​ហ្នឹង សូម្បីតែ​អ្នក​នយោបាយ​មាន​អភ័យ​ឯកសិទ្ធិ ក៏​ចាត់​វិធានការ​ដែរ»។

ទាក់ទង​ការ​ចោទប្រកាន់​លើ​លោក ថាច់ សេដ្ឋា នេះ​ដែរ កាល​ពី​ឆ្នាំ​២០២០ តុលាការ​ក្រុង​ភ្នំពេញ​ក៏​ធ្លាប់​ចោទ​ប្រកាន់​លោក ថាច់ សេដ្ឋា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១២០នាក់​ទៀត​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ទាក់ទង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ ប៉ុន្តែ ក្រោយ​មក​តុលាការ​ទម្លាក់​បទ​ចោទ​នេះ​វិញ។

លោក ថាច់ សេដ្ឋា ជា​អ្នក​នយោបាយ​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ដ៏​លេចធ្លោ​ម្នាក់ និង​ជា​អ្នក​ជាប់​ឃុំ​ម្នាក់ ក្នុង​ចំណោម​ក្បាល​ម៉ាស៊ីន​គណបក្ស​ភ្លើង​ទៀន ៤រូប ដែល​កំពុង​ជាប់​ឃុំ។ ក្រៅពី​នេះ​​សកម្មជន​មួយ​ចំនួន​របស់​គណបក្ស​នេះ​អ្នក​ខ្លះ​ជាប់​ឃុំ និង​ខ្លះ​ទៀត​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​បាប​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ​ខណៈ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​រក​មុខ​ជន​ប្រព្រឹត្តិ​ម្ដង​ណា​ឡើយ៕