សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ធ្នូ បានបន្តសវនាការពីបទញុះញង់ និងបទរួមគំនិតក្បត់ក្នុងសំណុំរឿងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ៤២នាក់បន្តទៀត ដោយចោទសួរអតីតសង្គមស៊ីវិលម្នាក់ គឺលោក ឡេង សេងហុង អំពីកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី និងនៅប្រទេសថៃ កាលពីមុនគម្រោងដំណើរមាតុភូមិនិវត្តន៍ឆ្នាំ២០១៩ របស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។ មន្ត្រីសង្គមស៊ីវិលយល់ថា សវនាការនេះមានចរិតជារឿងនយោបាយ ដោយចៅក្រមព្យាយាមទាញជនជាប់ចោទភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ។
ជនជាប់ចោទ និងក្រុមអ្នកឃ្លាំមើលសវនាការ សោកស្ដាយចំពោះការតាំងសំណួរមួយចំនួនរបស់មន្ត្រីតុលាការ ដែលហាក់បង្ហាញចេតនាដាក់សម្ពាធឲ្យជនជាប់ចោទជាប់ចូលក្នុងអន្ទាក់នៃបទល្មើស ជាជាងការរកយុត្តិធម៌ជូនពលរដ្ឋ។
អតីតប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ដែលបច្ចុប្បន្នគឺជាមន្ត្រីសហភាពសហជីពកម្ពុជា ឲ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះចៅក្រម រស់ ពិសិដ្ឋ និងតំណាងអយ្យការលោក សេង ហៀង បានចោទសួរលោកច្រើនសំណួរពាក់ព័ន្ធនឹងការធ្វើដំណើរទៅប្រជុំសហជីព នៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ កាលចុងឆ្នាំ២០១៩។ លោកបន្តថា សំណួរភាគច្រើនគឺដូចនឹងជនជាប់ចោទមុនៗ ដែរ គឺឲ្យបង្ហាញទស្សនៈចំពោះគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងសវនាការដដែលនេះ ចៅក្រម ក៏បានសួរពីទំនាក់ទំនងរបស់លោក ឡេង សេងហុង ជាមួយក្រុមមេដឹកនាំបក្សប្រឆាំង លោក សម រង្សី លោក អេង ឆៃអ៊ាង និងអ្នកស្រី មួរ សុខហួរ ដែរ។ លោក ឡេង សេងហុង អះអាងថា លោកមិនមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំបក្សប្រឆាំងទេ តែលោកស្គាល់ក្រុមមេដឹកនាំទាំងនោះ ដោយសារពួកគាត់ជាមនុស្សល្បឺក្នុងវិស័យនយោបាយ។
លោក ឡេង សេងហុង ជឿជាក់ថា តុលាការទទួលព័ត៌មានខុសអំពីបេសកកម្មរបស់លោកទៅប្រជុំនៅក្រៅប្រទេស ទើបបានជាមានការកោះហៅលោក។ ទោះយ៉ាងណាចៅក្រមមិនបានផ្ដល់ឱកាសឲ្យលោក ឡេង សេងហុង និងមេធាវី សំណូមពរ ឬមានសេចក្ដីសន្និដ្ឋានចុងក្រោយទេ ដោយចៅក្រមប្រកាសផ្អាកសវនាការនៅម៉ោងជាង ១១ថ្ងៃត្រង់៖ « គាត់ ( មន្ត្រីតុលាការ ) សង្កត់ធ្ងន់វត្តមានរបស់ខ្ញុំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយនិងនៅក្នុងប្រទេសថៃ នៅក្នុងខែ១០ ឆ្នាំ២០១៩ ហ្នឹងឯង ដែលគាត់ផ្ដោតខ្លាំងទៅលើការចាកចេញពីប្រទេសកម្ពុជារបស់ខ្ញុំហ្នឹងណា ហើយខ្ញុំចាកចេញទៅពាក់ព័ន្ធនឹងការងារ ( សហជីព ) របស់ខ្ញុំសុទ្ធសាធ។ អត់ពាក់ព័ន្ធនឹងគណបក្ស ( សង្គ្រោះជាតិទេ )» ។
មុនពេលបញ្ចប់សវនាការនេះ លោក រស់ ពិសិដ្ឋ ក៏មិនបានបញ្ជាក់ថា លោក ឡេង សេងហុង ឬជនជាប់ចោទណាផ្សេងទៀត នឹងត្រូវឡើងសវនាការបន្តទេនៅថ្ងៃទី២១ ធ្នូខាងមុខ ដោយគ្រាន់តែប្រាប់ឲ្យរង់ចាំការកោះអញ្ជើញរបស់តុលាការនៅពេលក្រោយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១៤ ធ្នូ។ នេះគឺជាសវនាការលើកទី៣ បន្ទាប់ពីតុលាការបានសម្រេចបំបែកជា ៧សវនាការក្នុងសំណុំរឿងសកម្មជន ៤២នាក់ ដែលត្រូវចោទពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី។
ក្នុងសវនាការលើកទី៣ នេះ មានជនជាប់ចោទចំនួន ៤នាក់ប៉ុណ្ណោះបានចូលរួម គឺ ៣នាក់នៅក្នុងឃុំ គឺជាសមាជិក និងសកម្មជនបក្សប្រឆាំង លោក ហេង ច័ន្ទសុទ្ធី លោក កាក់ កុម្ភារ និងលោក ទុំ ប៊ុនថន ត្រូវបានឆ្មាំពន្ធនាគារដឹកមកចូលរួមក្នុងសវនាការ តែចៅក្រមមិនបានសួរដេញដោលពួកគេទេ។ ចៅក្រមបានសាកសួរដេញដោលលោកឡេង សេងហុង ដែលនៅក្រៅឃុំ តែម្នាក់គត់។
សវនាការនេះ មានការចូលរួមឃ្លាំមើលពីតំណាងស្ថានទូតអាល្លឺម៉ង់ស្ថានទូតអឺរ៉ុបអង្គការសហប្រជាជាតិឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អង្គការសិទ្ធិមនុស្សជាតិ ស្ថាប័នសារព័ត៌មាន និងសាច់ញាតិរបស់អ្នកជាប់ឃុំជាច្រើននាក់។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា សវនាការលើកទី៣ នេះ នៅតែមានចរិតជារឿងនយោបាយដូចលើកមុនៗ ដែរ ហើយចៅក្រមព្យាយាមសួរសំណួរទាញជនជាប់ចោទ ភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ។ លោក អំ សំអាត យល់ថា សំណុំរឿងនេះនឹងមិនអាចបញ្ចប់តាមផ្លូវតុលាការបានទេ លុះត្រាតែមានការចរចាបិទបញ្ចប់ជម្លោះនយោបាយ៖ « យើងដឹងហើយថា ដំណើរនីតិវិធីរបស់តុលាការ គឺដំណើរការទៅ។ ប៉ុន្តែអ្វីដែលបញ្ចប់គឺបទពិសោធន៍កន្លងមក គឺការចរចាផ្នែកនយោបាយ ហើយបញ្ចប់វិបត្តិនយោបាយ ហើយរួមគ្នា ដើម្បីស្វែងរកឯកភាពជាតិ សាមគ្គីជាតិទាំងមូល។ យើងប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយនឹងលើកកម្ពស់នៃលទ្ធិប្រជាធិបតេយ្យ ហើយនិងការគោរពសិទ្ធិមនុស្ស វាជាផលចំណេញច្រើនសម្រាប់កម្ពុជាយើង»។
ចំណែកនៅខាងក្រៅបរិវេណតុលាការវិញ អាជ្ញាធរបានពង្រាយកងកម្លាំងនគរបាល និងសន្តិសុខខណ្ឌ ៧មករាច្រើននាក់ ស្របពេលដែលក្រុមអង្គការសង្គមស៊ីវិល សហជីព សកម្មជន ក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើននាក់រង់ចាំលើកទឹកចិត្តជនជាប់ចោទ។ ទោះជាយ៉ាងណា ក្នុងព្រឹត្តិការណ៍នេះគ្មានការប៉ះទង្គិចគ្នាទេ ឯសមត្ថកិច្ចក៏មិនបានដាក់បារ៉ាស់បិទផ្លូវដែរ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងទាំង ៤២នាក់ ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងគម្រោងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ ២០១៩។ សំណុំរឿងញុះញង់ និងរួមគំនិតក្បត់នេះ នៅមានសកម្មជនគណបក្សសង្គ្រោះជាតិរាប់សិបនាក់ទៀត ដែលរងការចោទប្រកាន់ និងរង់ចាំសវនាការ ក្រោយពីតុលាការការបានផ្អាកសវនាការកាលពីខែកុម្ភៈកន្លងទៅ ដោយសារការផ្ទុះរាលដាលជំងឺកូវីដ១៩។
ក្នុងចំណោមអ្នកដែលត្រូវបានកោះហៅនោះ មានទាំងក្រុមមេដឹកនាំ និងសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសដែរ។ ជាមួយគ្នានេះ ក្រុមមេដឹកនាំបក្សប្រឆាំងកំពុងទាមទារតាមស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិកឲ្យរដ្ឋាភិបាលបើកផ្លូវឲ្យពួកគាត់វិលមកតតាំងក្ដីក្នុងតុលាការកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។