សាច់​ញាតិ​អ្នក​ជាប់​ឃុំ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ក្ដី​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ និង​ឧទ្ធរណ៍​ត្បូងឃ្មុំ

ដោយ មួង ណារ៉េត
2021-10-26
Share
សាច់​ញាតិ​អ្នក​ជាប់​ឃុំ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ក្ដី​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ និង​ឧទ្ធរណ៍​ត្បូងឃ្មុំ សកម្មជន​បរិស្ថាន ១០នាក់​ ដែល​ឆ្មាំ​​ពន្ធនាគារ​ដឹកទៅជម្រះក្ដី​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​តម្រឹម​ឱ្យ​សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ ១០នាក់ ដែល​ជាប់​ពន្ធនាគារ ២០ខែ។ សកម្មជន​ទាំង​នោះ ដែល​កំពុង​ជាប់ឃុំ​ជាង ១ឆ្នាំហើយ​នោះ នឹង​ត្រូវ​ដោះ​លែង​នៅ​ក្នុង​ខែ​ក្រោយ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

ទោះយ៉ាងជាណា​ក្ដី សាច់​ញាតិ​របស់​សកម្មជន​សង្គម និង​អ្នក​នយោបាយ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ក្ដី​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ និង​ឧទ្ធរណ៍​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២៦ តុលា​នោះ​ទេ។ មេធាវី​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ក្នុង​ប្ដឹង​ឧទ្ធរណ៍ និង​បណ្ដឹង​សារទុក្ខ​បន្ត​ទៀត លើ​ករណី​ទាំង២ នេះ។

សាច់​ញាតិ​របស់​អ្នក​ជាប់ឃុំ​ នៅ​តែ​​រក្សា​ជំហរ​ថា​ សកម្មជន​ទាំង​អស់​គ្មាន​កំហុស ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​កន្លង​មក​ថា ជា​ចេតនា​បង្ក្រាប​សំឡេង​រិះគន់​រដ្ឋាភិបាល។ ពួកគាត់​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ ដោះលែង ឬ​ត្រូវ​កាត់​ក្ដី​ថា គ្មាន​ទោស​ដើម្បី​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​អស់​នោះ​វិញ។

ប្អូន​ស្រី​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺ​កញ្ញា អេង វ៉ាន់ឌី យល់​ថា បើ​ទោះ​ជា​តុលាការ​បាន​កាត់​តម្រឹម ហើយ​ព្យួរ​ទោស​ដាក់​ពន្ធនាគារ​ខ្លះ​ក៏​ដោយ ក៏​មិន​យុត្តិធម៌​ដែរ។ កញ្ញា អះអាង​ថា​​ តាំង​ពី​ដើម​មក​បង​ស្រី​របស់​កញ្ញា​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ដូច្នេះ​​កញ្ញា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​កញ្ញា សូ មេត្តា វិញ៖ «មើល​ទៅ​ទឹក​មុខ​ និង​ស្ថានភាព​របស់​ពួកគាត់​ គឺ​គាត់​អត់​ទទួល​យក​ គឺ​​គាត់​អត់​មាន​ទោស​កំហុស​ត្រូវ​ទទួល​ផង។ អ៊ីចឹង​សម្រាប់​គាត់​អត់​មាន​អ្វី​ត្រូវ​ទទួល​យក​​​អ្វី​ដែល​តុលាការ​បាន​ប្រកាស​សាលក្រម​ហ្នឹង​ផង»

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត្យសុទ្ធី បូរ៉ាឆាត នៅ​ថ្ងៃ​ទី២៦ តុលា បាន​ប្រកាស​សាលក្រម​សកម្មជន​សង្គម​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៧នាក់ គឺ​លោកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក មាន ព្រហ្ម​មុន្នី ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី លោក មួង សុភ័ក្រ និង​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣នាក់ គឺ​លោក ជុំ ពុទ្ធី លោក ឈួរ ផេង និង​លោក គង់ សំអាន ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០ខែ និង​ពិន័យ​ប្រាក់​ម្នាក់​ចំនួន ២លាន​រៀល (ប្រមាណ ៥០០ដុល្លារ) ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ២០២០ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ព្រំដែន និង​ជា​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា លោក រ៉ុង ឈុន។

ប៉ុន្តែ​ចៅក្រម​បាន​កាត់​តម្រឹម​ទោស​ពន្ធនាគារ​ដោយ​ឲ្យ​លោកស្រី ដារ៉ាវី លោក វណ្ណៈ លោក ជុំ ពុទ្ធី និង​លោក ឈួ ផេង អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ចំនួន ១៥ខែ ឯ​អ្នក​ផ្សេង​ទៀត អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ចំនួន ១៤ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។ តុលាការ​ក៏​តម្រូវ​ឲ្យ​សកម្មជន​ទាំង ១០នាក់ ត្រូវ​ជូន​ដំណឹង​រាល់​សកម្មភាព​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​ផ្លាស់​ប្ដូរ​ការងារ​បំណង​ចាក​ចេញ​ពី​ប្រទេស និង​លក្ខខណ្ឌ​ផ្សេង​ទៀត។

ក្នុង​សំណុំ​រឿង​ជាមួយ​គ្នា​នេះ តុលាការ​កាត់​ទោស​កំបាំង​មុខ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ៤នាក់​ទៀត ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស គឺ​លោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក គង់ សុភា និង​លោក ម៉េង​ប៊ុនរ៉ុង ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ចំនួន ២ឆ្នាំ​ពិន័យ​ប្រាក់​ម្នាក់ ៤លាន​រៀល (ប្រហែល​មួយ​ពាន់​ដុល្លារ) ក្នុង​បទ​ចោទ​ផ្ដើម​គំនិត និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​មុន​នោះ។ ចំណែក​អតីត​តំណាង​រាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី​​ម្នាក់ មាន​​ដើម​កំណើត​ខ្មែរ​លោក ហុង លីម ត្រូវ​តុលាការ​ទម្លាក់​បទ​ចោទ។

ក្រោយ​ពេល​ប្រកាស​សាលក្រម​រួច លោក​ចៅក្រម ទិត្យសុទ្ធី បូរ៉ាឆាត បាន​បង្គាប់​ឲ្យ​ឆ្មាំ​ពន្ធនាគារ​ដឹក​​សកម្មជន​ទាំង ១០នាក់​ទៅ​ពន្ធនាគារ​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​និយាយ​អ្វី​ទេ។ ឆ្មាំ​ពន្ធនាគារ​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​បាន​ជួប​សាច់​ញាតិ​ដែរ នៅ​ក្រោយ​ពេល​ប្រកាស​សាលក្រម​រួច។ ចំណែក​ស្ថានភាព​នៅ​ក្រៅ​តុលាការ​វិញ មាន​សភាព​​ស្ងប់ស្ងាត់​ធម្មតា និង​គ្មាន​ការ​តវ៉ា​ទេ ព្រោះ​មន្ត្រី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​អាច​​ចូល​ទៅ​ស្ដាប់​ការ​ប្រកាស​សាលក្រម​ក្នុង​បន្ទប់​សវនាការ​បាន។

ជាមួយ​គ្នា​នេះ នៅ​ឯ​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ឯណោះ ក៏​មាន​ការ​ប្រកាស​សាល​ដីកា​របស់​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី ចំនួន ៨នាក់​ដែរ នៅ​ថ្ងៃ​ទី២៦ តុលា។ សាច់​ញាតិ​របស់​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ពេញ​ចិត្ត​ចំពោះ​សាលដីកា​នេះ​ដែរ ព្រោះ​សាលា​ឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ទុក​ជា​បាន​ការ​ដដែល។

ប្រពន្ធ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ យ៉េត គឺ​លោកស្រី ងួន ផល្លា ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្ដាប់​ការ​ប្រកាស​សាល​ដីកា ឲ្យ​ដឹង​ថា​ ចៅក្រម​សម្រេច​បន្ថយ​ទោស​ដាក់​ពន្ធនាគារ ២ខែ ដោយ​ឲ្យ​មេឃុំ​មេមត់​ជាប់​ឆ្នោត​នៃ​បក្ស​ប្រឆាំង គឺ​លោក លាភ សុផេង មក​ជាប់​ទោស​ត្រឹម ១០ខែ​វិញ តែ​អ្នក​នយោបាយ និង​សកម្មជន​ដីធ្លី ៧នាក់​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ ១២ខែ និង​ពិន័យ​ប្រាក់​មួយ​លាន​រៀល (ប្រហែល ២៥០ដុល្លារ) ដដែល។

លោកស្រី ​ទាមទារ​ថា យ៉ាង​ហោច​ណាស់ សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ ត្រូវ​កាត់​ក្ដី​សកម្មជន​ទាំង ៨នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹម ១០ខែ​ឲ្យ​ស្មើ​ភាព​គ្នា និង​ត្រូវ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។ លោកស្រី​នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​ប្ដឹង​សារទុក្ខ​នឹង​ការ​កាត់​ក្ដី​យ៉ាង​អយុត្តិធម៌​នេះ៖ «ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ព្រោះ​អ្វី​ដូច​ថា​​តុលាការ​ហ្នឹង​អត់​យុត្តិធម៌​ទេ កាត់​ហ្នឹង។ ចាប់​ថ្ងៃ​ជាមួយ​គ្នា​ហើយ អ្នក​ខ្លះ(ឃុំ) មួយ​ឆ្នាំ អ្នក​ខ្លះ ១០ខែ។ ដូច​ថា អត់​យុត្តិធម៌​ទេ តុលាការ​ហ្នឹង​ ហើយ​ធ្វើ​របៀប​ដូច​ថា​មិន​ច្បាស់​លាស់​ណា។ អ៊ីចឹង​ខ្ញុំ​សំណូម​ពរ​ថា តុលាការ​ហ្នឹង​ឲ្យ​គិត​គូរ​ឡើង​វិញ»

សំណុំ​រឿង​ក្ដី​ឧទ្ធរណ៍​នៅ​ត្បូងឃ្មុំ​នេះ មាន​ជន​ជាប់​ចោទ ១៤នាក់ រង​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់​ព័ន្ធ​នឹង​សកម្មភាព​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​ដូច​គ្នា។ ក្នុង​នោះ​ មាន​សកម្មជន​ចំនួន ៨នាក់ ត្រូវ​បាន​ចាប់​ខ្លួន គឺ ៦នាក់ ជា​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន លោក អ៊ុំ យ៉េត លោក ម៉ក់ សំអាន លោក ព្រៅ ចាន់ធឿន លោក លាភ សុផេង និង​លោក​ស្រី ខន ទន។ ចំណែក​ម្នាក់ គឺ​ជា​តំណាង​សហគមន៍​ដីធ្លី​ស្រែ​ប្រាំង​លោក សែម ចំណាន និង​ម្នាក់​ទៀត គឺ​ជា​តំណាង​សហគមន៍​ដីធ្លី​ជាំ​ក្រវៀន លោក ផុន សុផល។ សំណុំ​រឿង​ដដែល​នេះ តុលាការ​ខេត្ត​ត្បូងឃ្មុំ ក៏​កាត់​ទោស​កំបាំង​មុខ​​​​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខេត្ត​ត្បូងឃ្មុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ាន់ ណារិទ្ធិ និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ចំនួន ៥នាក់​ទៀត គឺ​លោក ស៊ូ យេន លោក តាំង សុផុន លោក ញឹម ថន លោក ជា យ៉ាម៉ន និង​លោក លោក ឃ្លីច វី ក្នុង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់​មួយ​លាន​រៀល។

ជុំវិញ​ការ​ប្រកាស​សាលក្រម និង​សាល​ដីកា​របស់​តុលាការ​ទាំង ២នេះ មេធាវី​សោក​ស្ដាយ ចំពោះ​ការ​កាត់​ក្ដី​ឲ្យ​សកម្មជន​ទាំង​អស់​មាន​ទោស។ លោក​មេធាវី សំ សុគង់ ពន្យល់​ថា​ សកម្មភាព​តវ៉ា​កន្លង​មក ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ គ្រាន់​តែ​ទាម​ទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន ប៉ុណ្ណោះ ហើយ​ថា កូន​ក្ដី​លោក​គ្មាន​​បំណង​ទៅ​​​ញុះញង់​បង្ក​ឲ្យ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ​ទេ។ ចំណែក​ករណី​នៅ​ខេត្ត​ត្បូងឃ្មុំ ក៏​កូន​ក្ដី​របស់​លោក​មិន​បាន​ញុះញង់​អ្វី​ដែរ។ លោក​នឹង​ជួប​កូន​ក្ដី​ទាំង​អស់ ដើម្បី​ពិភាក្សា​ការ​ប្ដឹង​សារ​ទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ និង​តុលាការ​កំពូល។

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ក្ដី​ក្នុង​សំណុំ​រឿង​បែប​នយោបាយ​នេះ​ដែរ។ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ព្រួយ​បារម្ភ​ថា​ ការ​កាត់​ទោស​​សកម្មជន​ដែល​គ្រាន់​តែ​បាន​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន គឺ​ជា​ការ​រំលោភ​លើ​គោលការណ៍​នីតិរដ្ឋ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ សង្កេត​ឃើញ​ថា សកម្មជន​ភាគច្រើន​ត្រូវ​បាន​តុលាការ​ប្រើ​វិធី​កាត់​តម្រឹម​ទោស​ពន្ធនាគារ មិនមែន​ជា​ការ​ស្វែងរក​យុត្តិធម៌​នោះ​ទេ៖ «យើង​មើល​ពី​របៀប​នៃ​ការ​កាត់​ហ្នឹង ច្រើន​តែ​ធ្វើ​ការ​តម្រឹម​ទោស មាន​ន័យ​ថា​ជាប់​ក្នុង​កម្រិត​ដែល​គាត់​បាន​ជាប់​ទោស​ហ្នឹង​ហើយ​ប៉ុណ្ណា គឺ​ដាក់ (ទោស) ប្រហាក់​ប្រហែល​នឹង​ប៉ុណ្ណឹង​ហើយ ទោស​សល់​ប៉ុន្មាន​គឺ​ព្យួរ។ ថ្វី​ត្បិត​តែ​មាន​នីតិវិធី​តម្រូវ​ឲ្យ​តុលាការ​មាន​ការ​ដាក់​ទោស​ព្យួរ​ខ្លះ​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​ឃើញ​អំពី​ចរិត​នៃ​ការ​ដាក់​ទោស​ទណ្ឌ​កន្លង​មក​ទៅ​លើ​សកម្មជន​ទាំង​អស់​ហ្នឹង​ គឺ​មាន​ន័យ​ថា ហាក់​បី​ដូច​ជា​ការ​កាត់​ហ្នឹង មាន​លក្ខណៈ​តម្រឹម​ណា។ មិនមែន​ជា​ការ​កាត់​មួយ​ដែល​បញ្ចេញ​បញ្ហា​យុត្តិធម៌​ទេ»

ចាប់​តាំង​ពី​ឆ្នាំ២០២០ មក របប​ក្រុងភ្នំពេញ​បាន​ចាប់​អ្នក​នយោបាយ សកម្ម​ជន​សង្គម ដីធ្លី បរិស្ថាន​​ អ្នក​ហ៊ាន​រិះគន់​ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ញុះញង់ ចូលរួម​គំនិត​ក្បត់ ជេរ​ប្រមាថ​រដ្ឋាភិបាល ​ប្រមាថ​ព្រះ​មហាក្សត្រ​ជិត ៩០នាក់​ហើយ ដោយសារ​ពួក​គេ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។ សកម្មជន​ភាគច្រើន ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ថា មាន​ទោស​ជា​និច្ច បើ​ទោះ​ជា​ក្រុម​អ្នក​ឃ្លាំមើល​ជឿ​ជាក់​ថា​តុលា​ការ​រក​មិន​ឃើញ​បទ​ល្មើស​ក៏​ដោយ។ ទន្ទឹម​នឹង​នេះ សហគមន៍​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែងតែ​ហៅ​ការ​ចាប់​ខ្លួន​ផ្ដន្ទាទោស​សកម្មជន​កន្លង​មក​ថា​ជា​បង្ក្រាប​សំឡេង​រិះគន់ និង​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល