សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសតម្រឹមឱ្យសកម្មជនបរិស្ថាន និងសកម្មជននយោបាយ ១០នាក់ ដែលជាប់ពន្ធនាគារ ២០ខែ។ សកម្មជនទាំងនោះ ដែលកំពុងជាប់ឃុំជាង ១ឆ្នាំហើយនោះ នឹងត្រូវដោះលែងនៅក្នុងខែក្រោយ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ទោះយ៉ាងជាណាក្ដី សាច់ញាតិរបស់សកម្មជនសង្គម និងអ្នកនយោបាយ មិនពេញចិត្តចំពោះការសម្រេចក្ដីរបស់សាលាដំបូងក្រុងភ្នំពេញ និងឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី២៦ តុលានោះទេ។ មេធាវីនឹងពិភាក្សាជាមួយកូនក្ដីក្នុងប្ដឹងឧទ្ធរណ៍ និងបណ្ដឹងសារទុក្ខបន្តទៀត លើករណីទាំង២ នេះ។
សាច់ញាតិរបស់អ្នកជាប់ឃុំ នៅតែរក្សាជំហរថា សកម្មជនទាំងអស់គ្មានកំហុស ហើយចាត់ទុកការចាប់ខ្លួនកន្លងមកថា ជាចេតនាបង្ក្រាបសំឡេងរិះគន់រដ្ឋាភិបាល។ ពួកគាត់ទាមទារឲ្យតុលាការទម្លាក់បទចោទ ដោះលែង ឬត្រូវកាត់ក្ដីថា គ្មានទោសដើម្បីផ្ដល់ភាពស្អាតស្អំឲ្យអ្នកកំពុងជាប់ឃុំទាំងអស់នោះវិញ។
ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺកញ្ញា អេង វ៉ាន់ឌី យល់ថា បើទោះជាតុលាការបានកាត់តម្រឹម ហើយព្យួរទោសដាក់ពន្ធនាគារខ្លះក៏ដោយ ក៏មិនយុត្តិធម៌ដែរ។ កញ្ញា អះអាងថា តាំងពីដើមមកបងស្រីរបស់កញ្ញាមិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ទេ ដូច្នេះកញ្ញាទាមទារឲ្យតុលាការដោះលែងកញ្ញា សូ មេត្តា វិញ៖ « មើលទៅទឹកមុខ និងស្ថានភាពរបស់ពួកគាត់ គឺគាត់អត់ទទួលយក គឺគាត់អត់មានទោសកំហុសត្រូវទទួលផង។ អ៊ីចឹងសម្រាប់គាត់អត់មានអ្វីត្រូវទទួលយកអ្វីដែលតុលាការបានប្រកាសសាលក្រមហ្នឹងផង»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុទ្ធី បូរ៉ាឆាត នៅថ្ងៃទី២៦ តុលា បានប្រកាសសាលក្រមសកម្មជនសង្គមនៃក្រុមយុវជនខ្មែរថាវរៈចំនួន ៧នាក់ គឺលោកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក មាន ព្រហ្មមុន្នី ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី លោក មួង សុភ័ក្រ និងកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ គឺលោក ជុំ ពុទ្ធី លោក ឈួរ ផេង និងលោក គង់ សំអាន ឱ្យជាប់ពន្ធនាគារចំនួន ២០ខែ និងពិន័យប្រាក់ម្នាក់ចំនួន ២លានរៀល (ប្រមាណ ៥០០ដុល្លារ) ពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យតុលាការដោះលែងសកម្មជនព្រំដែន និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។
ប៉ុន្តែចៅក្រមបានកាត់តម្រឹមទោសពន្ធនាគារដោយឲ្យលោកស្រី ដារ៉ាវី លោក វណ្ណៈ លោក ជុំ ពុទ្ធី និងលោក ឈួ ផេង អនុវត្តទោសជាប់ពន្ធនាគារចំនួន ១៥ខែ ឯអ្នកផ្សេងទៀត អនុវត្តទោសជាប់ពន្ធនាគារចំនួន ១៤ខែ ហើយទោសនៅសល់ត្រូវព្យួរ។ តុលាការក៏តម្រូវឲ្យសកម្មជនទាំង ១០នាក់ ត្រូវជូនដំណឹងរាល់សកម្មភាពផ្លាស់ប្ដូរអាសយដ្ឋានផ្លាស់ប្ដូរការងារបំណងចាកចេញពីប្រទេស និងលក្ខខណ្ឌផ្សេងទៀត។
ក្នុងសំណុំរឿងជាមួយគ្នានេះ តុលាការកាត់ទោសកំបាំងមុខ មន្ត្រី និងសកម្មជនបក្សប្រឆាំង ៤នាក់ទៀត ដែលកំពុងរស់នៅក្រៅប្រទេស គឺលោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក គង់ សុភា និងលោក ម៉េងប៊ុនរ៉ុង ឲ្យជាប់ពន្ធនាគារម្នាក់ចំនួន ២ឆ្នាំពិន័យប្រាក់ម្នាក់ ៤លានរៀល (ប្រហែលមួយពាន់ដុល្លារ) ក្នុងបទចោទផ្ដើមគំនិត និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងសកម្មភាពតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំមុននោះ។ ចំណែកអតីតតំណាងរាស្ត្ររដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលីម្នាក់ មានដើមកំណើតខ្មែរលោក ហុង លីម ត្រូវតុលាការទម្លាក់បទចោទ។
ក្រោយពេលប្រកាសសាលក្រមរួច លោកចៅក្រម ទិត្យសុទ្ធី បូរ៉ាឆាត បានបង្គាប់ឲ្យឆ្មាំពន្ធនាគារដឹកសកម្មជនទាំង ១០នាក់ទៅពន្ធនាគារវិញ ដោយមិនអនុញ្ញាតឲ្យនិយាយអ្វីទេ។ ឆ្មាំពន្ធនាគារក៏មិនបានអនុញ្ញាតឲ្យសកម្មជនបានជួបសាច់ញាតិដែរ នៅក្រោយពេលប្រកាសសាលក្រមរួច។ ចំណែកស្ថានភាពនៅក្រៅតុលាការវិញ មានសភាពស្ងប់ស្ងាត់ធម្មតា និងគ្មានការតវ៉ាទេ ព្រោះមន្ត្រីតុលាការបានអនុញ្ញាតឲ្យសាច់ញាតិអាចចូលទៅស្ដាប់ការប្រកាសសាលក្រមក្នុងបន្ទប់សវនាការបាន។
ជាមួយគ្នានេះ នៅឯសាលាឧទ្ធរណ៍ត្បូងឃ្មុំឯណោះ ក៏មានការប្រកាសសាលដីការបស់សកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី ចំនួន ៨នាក់ដែរ នៅថ្ងៃទី២៦ តុលា។ សាច់ញាតិរបស់អ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ក៏មិនពេញចិត្តចំពោះសាលដីកានេះដែរ ព្រោះសាលាឧទ្ធរណ៍បានតម្កល់សាលក្រមសាលាដំបូងខេត្តត្បូងឃ្មុំទុកជាបានការដដែល។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតក្រុងសួង ខេត្តត្បូងឃ្មុំនៃគណបក្សសង្គ្រោះជាតិលោក អ៊ុំ យ៉េត គឺលោកស្រី ងួន ផល្លា ដែលត្រូវបានអនុញ្ញាតឲ្យចូលស្ដាប់ការប្រកាសសាលដីកា ឲ្យដឹងថា ចៅក្រមសម្រេចបន្ថយទោសដាក់ពន្ធនាគារ ២ខែ ដោយឲ្យមេឃុំមេមត់ជាប់ឆ្នោតនៃបក្សប្រឆាំង គឺលោក លាភ សុផេង មកជាប់ទោសត្រឹម ១០ខែវិញ តែអ្នកនយោបាយ និងសកម្មជនដីធ្លី ៧នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារ ១២ខែ និងពិន័យប្រាក់មួយលានរៀល (ប្រហែល ២៥០ដុល្លារ) ដដែល។
លោកស្រី ទាមទារថា យ៉ាងហោចណាស់ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ត្រូវកាត់ក្ដីសកម្មជនទាំង ៨នាក់ឲ្យជាប់ពន្ធនាគារត្រឹម ១០ខែឲ្យស្មើភាពគ្នា និងត្រូវដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ។ លោកស្រីនឹងពឹងពាក់មេធាវីដើម្បីប្ដឹងសារទុក្ខនឹងការកាត់ក្ដីយ៉ាងអយុត្តិធម៌នេះ៖ « ខ្ញុំទទួលយកអត់បានទេ ព្រោះអ្វីដូចថាតុលាការហ្នឹងអត់យុត្តិធម៌ទេ កាត់ហ្នឹង។ ចាប់ថ្ងៃជាមួយគ្នាហើយ អ្នកខ្លះ ( ឃុំ ) មួយឆ្នាំ អ្នកខ្លះ ១០ខែ។ ដូចថា អត់យុត្តិធម៌ទេ តុលាការហ្នឹង ហើយធ្វើរបៀបដូចថាមិនច្បាស់លាស់ណា។ អ៊ីចឹងខ្ញុំសំណូមពរថា តុលាការហ្នឹងឲ្យគិតគូរឡើងវិញ»។
សំណុំរឿងក្ដីឧទ្ធរណ៍នៅត្បូងឃ្មុំនេះ មានជនជាប់ចោទ ១៤នាក់ រងបទចោទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ និងសេរីភាពបញ្ចេញមតិដូចគ្នា។ ក្នុងនោះ មានសកម្មជនចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន គឺ ៦នាក់ ជាសមាជិកគណបក្សសង្គ្រោះជាតិក្នុងខេត្តត្បូងឃ្មុំ លោក ស៊ូ យាន លោក អ៊ុំ យ៉េត លោក ម៉ក់ សំអាន លោក ព្រៅ ចាន់ធឿន លោក លាភ សុផេង និងលោកស្រី ខន ទន។ ចំណែកម្នាក់ គឺជាតំណាងសហគមន៍ដីធ្លីស្រែប្រាំងលោក សែម ចំណាន និងម្នាក់ទៀត គឺជាតំណាងសហគមន៍ដីធ្លីជាំក្រវៀន លោក ផុន សុផល។ សំណុំរឿងដដែលនេះ តុលាការខេត្តត្បូងឃ្មុំ ក៏កាត់ទោសកំបាំងមុខតំណាងរាស្ត្រជាប់ឆ្នោតខេត្តត្បូងឃ្មុំនៃគណបក្សសង្គ្រោះជាតិ លោក វ៉ាន់ ណារិទ្ធិ និងមន្ត្រីបក្សប្រឆាំងនៅតាមមូលដ្ឋានចំនួន ៥នាក់ទៀត គឺលោក ស៊ូ យេន លោក តាំង សុផុន លោក ញឹម ថន លោក ជា យ៉ាម៉ន និងលោក លោក ឃ្លីច វី ក្នុងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយជាប់ពន្ធនាគារម្នាក់មួយឆ្នាំ និងពិន័យប្រាក់ម្នាក់មួយលានរៀល។
ជុំវិញការប្រកាសសាលក្រម និងសាលដីការបស់តុលាការទាំង ២នេះ មេធាវីសោកស្ដាយ ចំពោះការកាត់ក្ដីឲ្យសកម្មជនទាំងអស់មានទោស។ លោកមេធាវី សំ សុគង់ ពន្យល់ថា សកម្មភាពតវ៉ាកន្លងមក ជាការប្រើប្រាស់សិទ្ធិសេរីភាពសម្ដែងមតិ គ្រាន់តែទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ប៉ុណ្ណោះ ហើយថា កូនក្ដីលោកគ្មានបំណងទៅញុះញង់បង្កឲ្យវឹកវរធ្ងន់ធ្ងរដល់សង្គមនោះទេ។ ចំណែកករណីនៅខេត្តត្បូងឃ្មុំ ក៏កូនក្ដីរបស់លោកមិនបានញុះញង់អ្វីដែរ។ លោកនឹងជួបកូនក្ដីទាំងអស់ ដើម្បីពិភាក្សាការប្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ក៏បង្ហាញការមិនពេញចិត្តនឹងការសម្រេចក្ដីក្នុងសំណុំរឿងបែបនយោបាយនេះដែរ។ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ព្រួយបារម្ភថា ការកាត់ទោសសកម្មជនដែលគ្រាន់តែបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន គឺជាការរំលោភលើគោលការណ៍នីតិរដ្ឋ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ សង្កេតឃើញថា សកម្មជនភាគច្រើនត្រូវបានតុលាការប្រើវិធីកាត់តម្រឹមទោសពន្ធនាគារ មិនមែនជាការស្វែងរកយុត្តិធម៌នោះទេ៖ « យើងមើលពីរបៀបនៃការកាត់ហ្នឹង ច្រើនតែធ្វើការតម្រឹមទោស មានន័យថាជាប់ក្នុងកម្រិតដែលគាត់បានជាប់ទោសហ្នឹងហើយប៉ុណ្ណា គឺដាក់ ( ទោស ) ប្រហាក់ប្រហែលនឹងប៉ុណ្ណឹងហើយ ទោសសល់ប៉ុន្មានគឺព្យួរ។ ថ្វីត្បិតតែមាននីតិវិធីតម្រូវឲ្យតុលាការមានការដាក់ទោសព្យួរខ្លះក៏ដោយ ក៏ប៉ុន្តែយើងឃើញអំពីចរិតនៃការដាក់ទោសទណ្ឌកន្លងមកទៅលើសកម្មជនទាំងអស់ហ្នឹង គឺមានន័យថា ហាក់បីដូចជាការកាត់ហ្នឹង មានលក្ខណៈតម្រឹមណា។ មិនមែនជាការកាត់មួយដែលបញ្ចេញបញ្ហាយុត្តិធម៌ទេ»។
ចាប់តាំងពីឆ្នាំ២០២០ មក របបក្រុងភ្នំពេញបានចាប់អ្នកនយោបាយ សកម្មជនសង្គម ដីធ្លី បរិស្ថាន អ្នកហ៊ានរិះគន់ ដាក់ឃុំក្នុងពន្ធនាគារក្រោមបទញុះញង់ ចូលរួមគំនិតក្បត់ ជេរប្រមាថរដ្ឋាភិបាល ប្រមាថព្រះមហាក្សត្រជិត ៩០នាក់ហើយ ដោយសារពួកគេអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ សកម្មជនភាគច្រើន ត្រូវបានតុលាការកាត់ក្ដីថា មានទោសជានិច្ច បើទោះជាក្រុមអ្នកឃ្លាំមើលជឿជាក់ថាតុលាការរកមិនឃើញបទល្មើសក៏ដោយ។ ទន្ទឹមនឹងនេះ សហគមន៍ជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតែហៅការចាប់ខ្លួនផ្ដន្ទាទោសសកម្មជនកន្លងមកថាជាបង្ក្រាបសំឡេងរិះគន់ និងជាអំពើរំលោភសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។