តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ២រូប នៅថ្ងៃទី២ កញ្ញា ខាងមុខ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី២០ សីហានេះ។ សកម្មជនទាំងពីរនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ដោយសារការបង្ហោះសាររិះគន់ការចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន លើបណ្ដាញសង្គមហ្វេសប៊ុក។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនអ្នកអនុវត្តសិទ្ធិបញ្ចេញមតិលើបណ្ដាញសង្គម និងការជួបជុំការប្រមូលផ្ដុំដោយសន្តិវិធីថា ជារំលោភបំពានលើសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សាន ប៊ុនធឿន បានចោទសួរសកម្មជនគណបក្សសង្គ្រោះជាតិលោក ធន ច័ន្ទថា និងសមាជិកក្រុមស្ត្រីក្លាហាន លោកស្រី ម៉ី សុផន ជុំវិញរឿងបង្ហោះសារលើបណ្ដាញហ្វេសប៊ុក (Facebook) ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន និងការរិះគន់ ឬបញ្ចេញមតិផ្សេងៗ ទៀត។
មេធាវីការពារក្ដីឱ្យសកម្មជនទាំងពីរនាក់ គឺលោក សំ សុគង់ ថ្លែងថា សកម្មភាពរបស់កូនក្តីលោកអំពីការបង្ហោះសារទាក់ទងវ៉ាក់សាំងរបស់ចិន និងការបញ្ចេញមតិផ្សេងទៀត រួមទាំងការចូលរួមជាមួយក្រុមស្រ្តីក្លាហាននោះ គឺជាសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ។ មេធាវីរូបនេះ ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនក្តីរបស់លោកឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃប្រកាសសាលក្រមខាងមុខនេះ ព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ៖ «ការចូលរួមសមាគម សហជីព អង្គការ មហាជនផ្សេងៗ ហ្នឹង និងការលើកឡើងអំពីបញ្ហាកូវីដ គឺទាក់ទងនឹងការប្រើប្រាស់នូវសិទ្ធិសេរីភាពក្នុងនាមប្រជាពលរដ្ឋខ្មែរដើម្បីរិះគន់តាមបែបស្ថាបនានៅក្នុងរបបប្រជាធិបតេយ្យ ហើយនៅក្នុងសង្គមមួយវាតែងតែមានមតិផ្ទុយនិងស្រប អ៊ីចឹងការរិះគន់នេះជាការរិះគន់មួយបែបស្ថាបនាដែលធានាដោយរដ្ឋធម្មនុញ្ញហើយការងារដែលពួកគាត់ធ្វើនេះជាការងារសង្គមប៉ុណ្ណោះ » ។
សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង លោកស្រី ម៉ី សុផន និងលោក ធន ច័ន្ទថា កាលពីចុងខែកុម្ភៈ ២០២១ បន្ទាប់ពីពួកគាត់បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនឈ្មោះ ស៊ីណូហ្វាម (Sinopharm) ដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនពួកគាត់នៅពន្ធនាគារព្រៃសដោយចោទប្រកាន់ពីបទ ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកស្រី ម៉ី សុផន និងលោក ធន ច័ន្ទថា តែងតែចូលរួមតវ៉ាដោយសន្តិវិធីជាមួយក្រុមស្រី្តថ្ងៃសុក្រដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គមឱ្យមានសេរីភាពវិញ។
កូនស្រីលោកស្រី ម៉ី សុផន គឺលោកស្រី ហឿង ណាត់ផាលី ប្រាប់ថា លោកស្រីព្រួយបារម្ភពីសុខភាពម្ដាយជាខ្លាំង ពីព្រោះលោកស្រី មិនដែលបានជួបសួរទុក្ខម្ដាយ ចាប់តាំងពីអាជ្ញាធរតាមខ្លួនគាត់ដាក់ពន្ធនាគារជាង ៦ខែមក។ លោកស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងម្ដាយឱ្យមានសេរីភាពឡើងវិញ ដើម្បីជួបជុំគ្រួសារ។
ចំណែកប្អូនស្រីរបស់លោក ធន ច័ន្ទថា គឺលោកស្រី ធន ច័ន្ទធីតា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ សីហាថា បងប្រុសលោកស្រីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះទេ ផ្ទុះទៅវិញគាត់ជាមនុស្សល្អ និងមានទឹកចិត្តស្រឡាញ់ជាតិ។ លោកស្រីចាត់ទុកករណីនេះជារឿងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន។ លោកស្រីស្នើយ៉ាងទទូចដល់តុលាការឱ្យដោះលែងបងប្រុសលោកស្រីឱ្យមានសេរីភាពវិញ ព្រោះគាត់មានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺរលាកភ្នែក និងជំងឺសើស្បែក៖ «និយាយថាប្រទេសខ្លួនឯងជាប្រទេសប្រជាធិបតេយ្យហ្នឹងឱ្យប្រជាជនបញ្ចេញនូវមតិយោបល់គ្រាន់តែបញ្ចេញមតិយោបល់រឿងចាក់វ៉ាក់សាំងក៏ចាប់គ្នាដែរ ធ្វើទុក្ខបុកម្នេញខ្លាំងសម្រាប់ប្រជាជនឱ្យតែបញ្ចេញមតិយោបល់បន្តិចគឺដឹងតែផ្លូវមួយគំរាមកំហែងចាប់ដាក់គុកទាំងអស់គ្នាអ៊ីចឹង ដើម្បីកុំឱ្យងើបឡើង » ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋដែលបញ្ចេញមតិរិះគន់ គឺជាការរំលោភបំពានសិទ្ធិពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់តុលាការពិចារណា ឱ្យច្បាស់លាស់មុននឹងចាប់ខ្លួន ឬចោទប្រកាន់លើអ្នកប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិទាំងនោះ៖ «ហើយរាល់ការបញ្ចេញមតិអាជ្ញាធរនិងតុលាការគឺត្រូវតែពិនិត្យ និងពិចារណាថាការបញ្ចេញមតិមួយណាគឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិឬសំណេរឬក៏សម្ដីប្រភេទណាដែលអាចចាត់ទុកថាបទល្មើសអាហ្នឹងយើងត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់មុននឹងអនុវត្តចាប់ឬចោទប្រកាន់ » ។
សវនាការសកម្មជនបក្សប្រឆាំងលើកនេះ មិនមានការប្រមូលផ្តុំគ្នារបស់ក្រុមស្ត្រីថ្ងៃសុក្រនោះទេ ពីព្រោះពួកគាត់ខ្លះមិនទាន់ជាពីរបួស ខ្លះទៀតជាប់ទីតាំងបិទខ្ទប់របស់អាជ្ញាធរ ហើយខ្លះទៀតជាប់រវល់ធ្វើការងារចិញ្ចឹមជីវិត។ ទោះជាយ៉ាងនេះក្តី ពួកគាត់ឱ្យដឹងថា ការតវ៉ាដោយសន្តិវិធីអាចនឹងមាននៅសប្ដាហ៍ក្រោយទៀត ហើយពួកគាត់នៅតែប្រកាន់ជំហរដដែល គឺទាមទារឱ្យអាជ្ញាធរដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើក្រុមគ្រួសារពួកគាត់ និងជាប់ឃុំក្នុងសំណុំរឿងនយោបាយដទៃទៀត។
មកទល់ពេលនេះ របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស និងអ្នកការពារបរិស្ថានជាង ៨០នាក់ ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផង ហៅថា ការចាប់ខ្លួនទាំងនោះជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ឲ្យគ្មានលក្ខខណ្ឌ និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។