តុលាការក្រុងភ្នំពេញគ្រោងជំនុំជម្រះក្តីលើមនុស្ស១៥នាក់ដែលក្នុងនោះរួមមានយុវជន សកម្មជន អ្នកនយោបាយ និងអតីតសមាជិកសភាអូស្ត្រាលីនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខ ជុំវិញករណីញុះញង់ និងផ្ដើមគំនិតញុះញង់។ អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ដែលរងបណ្តឹងក្នុងសំណុំរឿងនេះដែរថ្លែងថា ការរាប់បញ្ចូលរូបលោកក្នុងរឿងនេះគឺជាចេតនាចង់សងសឹកលោកដែលតែងតែរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។
មនុស្សទាំង១៥ នាក់ ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងនេះ រួមមាន យុវជនខ្មែរថាវរៈ៥ នាក់ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ២ នាក់ សមាជិក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៧ នាក់ និងអតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរម្នាក់។ ក្នុងចំណោមអ្នកទាំងនោះ មាន១០ នាក់កំពុងជាប់ឃុំ ដូចជា យុវជន ហ៊ុន វណ្ណៈ ឈឿន ដារ៉ាវី មាន ព្រហ្មមុនី និង មួង សុភ័ក្រ្ត ជាដើម។ ចំណែក ៥ នាក់ទៀត ស្ថិតនៅក្រៅប្រទេស មានជាអាទិ៍ លោក ហ៊ូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា និងលោក ហុង លីម។ ពួកគេជាប់ចោទពីបទផ្តើមគំនិត និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្រ្គោះជាតិ លោក ឡោ ជុនធី ប្រាប់ថា ក្នុងសំណុំរឿងនេះមានកូនក្ដីលោកតែពីរនាក់ទេ ហើយក្រៅពីនេះមានមេធាវីធាវីផ្សេងការពារក្ដី។ មេធាវី ឡោ ជុនធី ថ្លែងថា ពេលនេះលោកមិនទាន់បង្ហាញក្ដីសង្ឃឹមយ៉ាងណានោះទេ គឺរង់ចាំដល់ថ្ងៃសវនាការតែម្ដង។ ទោះយ៉ាងណានេះក្ដី មេធាវីរូបនេះត្អូញត្អែថា តុលាការដាក់កម្មវិធីជាប់ៗគ្នាពេកធ្វើឱ្យលោកពិបាកក្នុងការត្រៀមខ្លួននិងត្រៀមឯកសារ។
« ពីរនាក់នោះធ្វើម៉េចបើឃុំគាត់ហើយធ្វើម៉េចយើងតទល់ទៅហ្នឹងទៅសួរឆ្លើយទៅៗសួរចំអង្គហេតុហើយចាំទទួលបើមិនត្រូវយើងបដិសេធអង្គហេតុទៅចប់ហើយ។»
ចំណែក អតីតតំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរលោក ហុង លីម ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៦ ខែធ្នូថា មកដល់ពេលនេះលោកមិនទាន់ទទួលបានដីកាពីតុលាការឬពីស្ថានទូតខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីនៅឡើយទេ។ លោកថា លោកបានដឹងរឿងក្តីក្តាំនេះ តាមរយៈបណ្ដាញសង្គមហ្វេសស៊ុក និងអ្នកសារព័ត៌មានប៉ុណ្ណោះ។ លោក ហុង លីម ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ហាមមិនឱ្យចូលប្រទេសកម្ពុជាប្រាប់ថា លោកមិនពឹងមេធាវីការពារក្ដីឡើយ ប៉ុន្តែលោកបានសរសេរលិខិតទៅក្រសួងការបរទេសអូស្ត្រាលីដើម្បីឱ្យស្ថានទូតអូស្ត្រាលីនៅកម្ពុជាតាមដានសវនាការនេះ។
« ការដែលគេ( តុលាការ) ធ្វើហ្នឹងទី១ចង់ឱ្យយុវជនលែងហ៊ានទាក់ទងជាមួយខ្ញុំ ទីពី២ចង់បំបាក់ស្មារតីយុវជនទាំងអស់ ប៉ុន្តែដែលខ្ញុំសង្ស័យហ្នឹងគឺខ្ញុំនៅអូស្ត្រាលីខ្ញុំបានធ្វើច្រើននិងចូលរួមផ្ដួចផ្ដើមធ្វើច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្ម លោក ហ៊ុន សែន និង មន្ត្រីជំនិតលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។»
លោក ហុង លីម ឱ្យដឹងទៀតថា កន្លងមកលោកធ្លាប់បានជួបជជែកគ្នាជាមួយក្រុមយុវជនដែលកំពុងជាប់ឃុំក្នុងសំណុំរឿងនេះ ប៉ុន្តែលោកមិនដែលបានផ្ដើមគំនិតញុះញង់ឱ្យមានភាពវិកវរដល់សន្តិសុខសង្គមម្ដងណាឡើយ គឺលោកគ្រាន់តែសរសើរនូវភាពក្លាហាន និងឆន្ទៈស្រលាញ់ជាតិរបស់ក្រុមយុវជនប៉ុណ្ណោះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល សិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការមានវិធានការផ្លូវច្បាប់លើអ្នកទាំង១៥ នោះ ជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពល រដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា អង្គការរបស់លោកនឹងតាមដានសវនាការដែលគ្រោងជំនុំជម្រះនៅថ្ងៃទី៣០ ខែធ្នូខាងមុខ។
« បើយើងមើលក្រុមយុវជនដែលសវនាការគឺលោកគ្រាន់តែអនុវត្តសិទ្ធិការជួបជុំដោយសន្តិវិធីហើយការតវ៉ាការលើកសំណូមពរដោយសន្តិវិធីហើយត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ។»
គិតចាប់តាំងពីដើមឆ្នាំ២០២០មក អាជ្ញាធរបានចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គម អ្នកសារព័ត៌មាន អ្នកឃ្លាំមើលព្រំដែន អ្នកចម្រៀងរិះគន់សង្គមជិតហាសិប(៥០)នាក់ដាក់ពន្ធនាគារ។ តុលាការខ្លះរងការចោទប្រកាន់ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ខ្លះជាប់ចោទពីបទរួមគំនិតក្បត់ និងខ្លះទៀតជាប់ពីបទញុះញង់។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយស្នើឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ព្រោះក្ដីក្ដាំប្រឆាំងនឹងពួកគេ ធ្វើឡើងក្រោមហេតុផលនយោបាយ មិនមែនជាការអនុវត្តច្បាប់ដោយត្រឹមត្រូវនោះឡើយ៕