សាលាដំបូងរាជធានីសម្រេចបើកសវនាការជំនុំជម្រះក្ដី ប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក កឹម សុខា ឡើងវិញនៅដើមឆ្នាំ២០២២ បន្ទាប់ពីបានផ្អឹបសំណុំរឿងនេះជាង ១ ឆ្នាំ។ មន្ត្រីបក្សស្និទ្ធនឹងលោក កឹម សុខា រំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោក កឹម សុខា ប៉ុន្តែ អ្នកវិភាគថា នេះគ្រាន់តែជាឆាកល្ខោននយោបាយថ្មីដែលលោក ហ៊ុន សែន កំពុងរៀបចំឡើងដើម្បីបំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានចេញដីកាកោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខដើម្បីជំនុំជម្រះក្ដីលើសំណុំរឿងក្បត់ជាតិ ឬសន្និដ្ឋិភាពជាមួយបរទេស។
ដីកាចុះថ្ងៃទី១៣ ខែធ្នូឲ្យដឹងទៀតថា សមាសភាពប្រឹក្សាជំនុំជម្រះរួមមាន៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ចៅក្រមប្រឹក្សាលោក សេង លាង ចៅក្រមប្រឹក្សាមួយទៀត គឺលោក ធាម ច័ន្ទពិសិដ្ឋ ចំណែក ព្រះរាជអាជ្ញាលោក ប្លង់ សុផល និងក្រឡាបញ្ជីលោក ជ័យ វាសនា។
វិទ្យុអាស៊ីសេរីមិនទាន់សុំការអត្ថាធិប្បាយពីក្រុមមេធាវីការពារក្ដីរបស់លោក កឹម សុខា បានទេនៅថ្ងៃទី១៤ ខែធ្នូ។ ទោះយ៉ាងណាមេធាវីការពារលោក កឹម សុខា ម្នាក់អ្នកស្រី ម៉េង សុភារី ធ្លាប់ឲ្យវិទ្យុអាស៊ីរីដឹងកាលពីពេលថ្មីៗនេះថា ទាំងមេធាវី និងកូនក្ដីអ្នកស្រី ចង់ឃើញដំណើរការកាត់ក្ដីនេះប្រព្រឹត្តទៅដោយយុត្តិធម៌ និងទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា។ មេធាវីការពារក្ដីមេបក្សប្រឆាំងរូបនេះ ចង់ឃើញតុលាការជ្រើសរើសបន្ទប់សវនាការធំទូលាយជាងមុនដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកឃ្លាំមើល អង្គទូត និងអ្នកសារព័ត៌មាន អាចចូលរួមបានច្រើនជាងមុន ដើម្បីឲ្យអ្នកទាំងនោះបានដឹងនិងស្វែងយល់ពីដំណើរក្ដីដោយផ្ទាល់នៅតុលាការ៖ «យើងខ្ញុំជាសហមេធាវីក៏ដូចជាកូនក្ដីនៅតែស្នើសុំឲ្យមានការទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ហើយសុំឲ្យឯកឧត្តម កឹម សុខា មានសេរីភាពពេញលេញឡើងវិញ»។
អតីតសមាជិកសភាគណបក្សសង្រ្គោះជាតិនិងជាមន្រ្តីស្និទ្ធនឹងលោក កឹម សុខា លោក សួន រីដា សរសេរលើហ្វេសប៊ុកថ្ងៃទី១៤ ខែធ្នូថា លោក កឹម សុខា មិនមែនជាជនក្បត់ជាតិទេ។ លោកសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោក កឹម សុខា។ លោកលើកឡើងទៀតថា មានតែជនដែលចង់ឃើញលោក កឹម សុខា បន្តជាប់ឃុំនិងស្អុយឈ្មោះជាជនក្បត់ជាតិទេ ដែលមិនចង់ឃើញមានសវនាការជម្រះក្ដីនេះ។
ពាក់ព័ន្ធនឹងសវនាការរបស់លោក កឹម សុខា នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា លោកឯកភាពទៅនឹងការចង់បានយុត្តិធម៌របស់មេធាវី ប៉ុន្តែការសម្រេចបែបណា គឺជាសិទ្ធិរបស់តុលាការ។ លោកបន្តថា ចំពោះការចង់ឃើញតុលាការទម្លាក់ចោលប្រកាន់បទចោទរបស់លោក កឹម សុខា គឺជាការបង្គាប់បញ្ជាតុលាការ៖ « យើងបន់ឲ្យតែគាត់ ( តុលាការ ) បើកសវនាការដើម្បីឆាប់បញ្ចប់រឿងកុំឲ្យអូសបន្លាយយូរណានៅទៅអ្នកនេះថា ជើងអ្នកនេះថាត្បូងអត់ត្រូវរឿងអត់ត្រូវរឿងអញ្ចឹងមានតែតុលាការទេដែលគាត់ស៊ើបអង្កេតហើយមានភស្តុតាងឬអត់ភស្តុតាងយ៉ាងម៉ិចគាត់កាត់តាមការប្រមូលនូវឯកសារជាភស្តុតាង»។
តុលាការក្រុងភ្នំពេញបានផ្អាកសវនាការសំណុំរឿងលោក កឹម សុខា រយៈពេលជាងមួយឆ្នាំមកហើយ។ ក្រុមមេធាវីលោក កឹម សុខា បានដាក់ពាក្យស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញឲ្យបើកការជំនុំជម្រះជាបន្តបន្ទាប់ ប៉ុន្តែតុលាការតែងលើកហេតុផលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ តុលាការក៏លើកហេតុផលដែរថា សំណុំរឿងនេះ មិនមែនជារឿងក្តីអាទិភាព ព្រោះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំ។
ការប្រកាសពីការដំណើរការសវនាការលោក កឹម សុខា ឡើងវិញពេលនេះ ស្របពេលលោក កឹម សុខា ប្រកាសថា លោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទេ។ លោក កឹម សុខា ហាមមិនឲ្យលោក សម រង្ស៊ី យកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាត ឬគាំទ្រលោក។
ទោះយ៉ាងណាលោក សម រង្ស៊ី ឆ្លើយតបវិញថា សម្ព័ន្ធភាពរវាងលោក កឹម សុខា និងលោកមិនបែកបាក់ឡើយពីព្រោះថា ពួកលោកទាំងពីរមានទិសដៅតែមួយ គឺស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅ ប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា នេះគ្រាន់តែល្បែងនយោបាយដែលមានលក្ខខណ្ឌនិងមិនអាចឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយបាននោះឡើយ។ លោកបន្តថា បើលោក ហ៊ុន សែន នៅតែមើលឃើញគណបក្សសង្រ្គោះជាតិ និងសម្ព័ន្ធភាព លោក កឹម សុខា លោក សម រង្ស៊ី នៅតែបង្កគ្រោះថ្នាក់ដល់ផែនគ្រប់គ្រងអំណាចរបស់ត្រកូលហ៊ុន គឺលោក ហ៊ុន សែន នៅតែបំបិទសេរីភាពលោក កឹម សុខា ដដែល៖ « គ្រាន់តែក្រឡានយោបាយដើម្បីបញ្ឆោតភ្នែកប៉ុណ្ណោះ មិនមែនជាសវនាការតុលាការយុត្តិធម៌ទេ ទី១.គេអាចលេងល្ខោនសួរដេញដោលពន្យារពេលឲ្យកាន់តែយូរតាមតែគេអាចធ្វើទៅបាន ព្រោះល្បែងស៊ីពេលនេះយុទ្ធវិធីដែលលោក ហ៊ុន សែន ត្រូវការចាំបាច់បំផុត»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅដោយចោទប្រកាន់ថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែពេលជិត ៤ ឆ្នាំមកនេះ តុលាការ មិនបានបង្ហាញភស្តុតាងរឹងមាំដែលគាំទ្រដល់ការចោទប្រកាន់លោក កឹម សុខា នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។