តុលាការ​​នឹង​​បន្តជម្រះ​ក្ដីមេបក្សប្រឆាំង​លោក​ កឹម ​សុខា ​ឡើង​​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ

0:00 / 0:00

សាលា​ដំបូង​​រាជធានី​សម្រេច​បើក​សវនាការ​​ជំនុំជម្រះ​ក្ដី ប្រធាន​គណបក្ស​ប្រឆាំង​​សង្គ្រោះ​ជាតិ​លោក​​ កឹម សុខា​ ឡើង​​វិញ​​​​នៅ​ដើម​ឆ្នាំ២០២២ ​បន្ទាប់​ពី​​បាន​​ផ្អឹប​​សំណុំ​រឿង​នេះ​​​​ជាង​​ ១ ​ឆ្នាំ​។​ មន្ត្រី​បក្ស​ស្និទ្ធ​នឹង​លោក​ កឹម សុខា​ រំពឹង​ថា​ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ កឹម សុខា ប៉ុន្តែ​ អ្នកវិភាគថា នេះគ្រាន់តែជាឆាកល្ខោននយោបាយថ្មីដែលលោក ហ៊ុន សែន​ កំពុងរៀបចំឡើងដើម្បីបំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ។

ព្រះរាជអាជ្ញា​រង​​​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​លោក​ ប្លង់​ សុផល​ បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ កឹម​ សុខា​ ​ឲ្យ​ចូល​រួម​សវនាការ​​នៅ​ថ្ងៃ​ទី១៩ ខែ​មករា ​ឆ្នាំ​២០២២​​ខាងមុខ​ដើម្បី​ជំនុំជម្រះ​ក្ដី​​លើ​សំណុំ​រឿង​ក្បត់​ជាតិ ​ឬ​​សន្និដ្ឋិភាព​ជាមួយ​​បរទេស​។​

ដីកា​ចុះ​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ឲ្យដឹង​ទៀត​ថា​ សមាសភាព​​ប្រឹក្សា​ជំនុំជម្រះ​រួមមាន៖ ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​លោក​​​ កូយ សៅ​​ ចៅក្រម​​ប្រឹក្សា​​លោក​ សេង​ លាង​ ចៅក្រម​​ប្រឹក្សា​​មួយ​ទៀត​ គឺលោក​ ធាម​ ច័ន្ទពិសិដ្ឋ ចំណែក​ ព្រះរាជអាជ្ញា​លោក​ ប្លង់​ សុផល​​ និង​ក្រឡាបញ្ជី​លោក​ ជ័យ​ វាសនា​។​

​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​សុំ​ការ​​អត្ថាធិប្បាយ​ពី​ក្រុម​មេធាវី​ការពារ​​ក្ដី​របស់​លោក​ កឹម​ សុខា​ បាន​ទេ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​។​ ទោះ​យ៉ាងណា​​មេធាវី​ការពារ​លោក​ កឹម​ សុខា​ ម្នាក់​​អ្នក​ស្រី​ ម៉េង​​​ សុភារី​​ ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ីរី​​​ដឹងកាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទាំង​មេធាវី​ និង​កូន​ក្ដី​អ្នកស្រី​ ​ចង់​ឃើញ​ដំណើរ​ការ​កាត់​ក្ដី​នេះ​​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ និងទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា​។​ មេធាវី​ការពារ​ក្ដី​មេបក្ស​ប្រឆាំង​រូ​បនេះ​ ចង់​ឃើញ​តុលាការ​​​​​​​ជ្រើសរើស​បន្ទប់​សវនាការ​​ធំ​ទូលាយ​ជាង​មុន​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​​អ្នក​ឃ្លាំមើល​ អង្គទូត​ និង​អ្នក​សារព័ត៌មាន​​ អាច​ចូលរួម​បាន​ច្រើន​ជាង​មុន​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ដឹង​និង​ស្វែង​យល់ពី​ដំណើរ​ក្ដីដោយផ្ទាល់​នៅ​​តុលាការ​៖ «យើង​ខ្ញុំ​ជា​សហមេធាវី​ក៏​ដូច​ជា​កូន​ក្ដី​នៅ​តែ​ស្នើ​សុំ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​​មក​លើ​ឯកឧត្តម​ កឹម សុខា​ ហើយ​សុំ​ឲ្យ​ឯកឧត្តម​ កឹម សុខា​ មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ​»។

អតីត​សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ​និង​ជា​មន្រ្តី​ស្និទ្ធ​នឹង​លោក​ កឹម សុខា​ លោក​ សួន រីដា​ សរសេរ​លើ​ហ្វេសប៊ុក​​ថ្ងៃ​ទី​១៤ ខែ​ធ្នូថា​​ លោក កឹម សុខា​ មិនមែន​ជា​ជន​ក្បត់​ជាតិ​ទេ។ លោក​​សង្ឃឹម​ថា​ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ កឹម​ សុខា​។​ លោក​លើកឡើង​ទៀត​ថា​ ​​មាន​តែ​ជន​​​​ដែល​ចង់​ឃើញ​លោក​ កឹម សុខា​ បន្ត​ជាប់​ឃុំ​និង​ស្អុយ​ឈ្មោះ​ជា​ជន​ក្បត់​ជាតិទេ ​​ដែល​មិន​ចង់​ឃើញមាន​សវនាការ​ជម្រះ​ក្ដី​នេះ​​។​

ពាក់ព័ន្ធនឹងសវនាការរបស់លោក កឹម សុខា នេះ អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន និយាយ​ថា​ ​​លោក​ឯកភាព​ទៅនឹង​ការ​ចង់​​បាន​​យុត្តិធម៌​​​របស់​​មេធាវី ​ប៉ុន្តែការ​សម្រេច​បែប​ណា ​គឺ​ជា​សិទ្ធិ​របស់​តុលាការ​។​​ លោកបន្ត​ថា​ ចំពោះ​​ការ​ចង់​ឃើញ​តុលាការ​ទម្លាក់​ចោល​ប្រកាន់​បទ​ចោទ​របស់​លោក​ កឹម​ សុខា​​ គឺ​ជា​​ការ​បង្គាប់​បញ្ជា​​តុលាការ​៖ «​ យើង​បន់​​ឲ្យ​តែ​គាត់​ ( តុលាការ )​​ បើក​សវនាការ​ដើម្បី​ឆាប់​បញ្ចប់​រឿង​កុំ​ឲ្យ​អូស​បន្លាយ​យូរ​ណា​នៅ​ទៅ​​អ្នក​នេះ​ថា ​ជើង​អ្នក​នេះ​ថា​ត្បូង​អត់​ត្រូវ​រឿង​អត់​ត្រូវ​រឿង​​អញ្ចឹង​មាន​តែ​តុលាការ​ទេ​​ដែល​គាត់​ស៊ើប​អង្កេត​ហើយ​មាន​ភស្តុតាង​ឬ​អត់​ភស្តុតាង​យ៉ាង​ម៉ិច​​គាត់​​កាត់​តាម​​ការ​ប្រមូល​នូវ​ឯកសារ​ជា​ភស្តុតាង​​»។

តុលាការក្រុង​ភ្នំពេញ​បាន​ផ្អាក​សវនាការ​សំណុំរឿង​លោក កឹម សុខា រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ​។ ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​ពាក្យស្នើសុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​បើក​ការ​ជំនុំជម្រះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តុលាការ​តែង​លើក​ហេតុផល​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ តុលាការ​ក៏​លើក​ហេតុផល​ដែរ​ថា សំណុំ​រឿងនេះ មិនមែន​ជា​រឿងក្តី​អាទិភាព ព្រោះ​លោក កឹម សុខា កំពុងស្ថិត​នៅក្រៅ​ឃុំ។

ការ​​ប្រកាស​ពី​ការ​ដំណើរ​ការ​សវនាការ​លោក​ កឹម​ សុខា​​ ​ឡើង​វិញ​ពេល​នេះ​​ ស្រប​ពេល​លោក​ កឹម​ សុខា​ ប្រកាស​ថា​ លោក​ និង​​លោក សម រង្ស៊ី មិនមែន​ជា​មនុស្ស​តែមួយ​ទេ​។ លោក កឹម សុខា ហាម​មិន​ឲ្យ​លោក សម រង្ស៊ី យក​ឈ្មោះ និង​រូបថត​លោក ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំ​មាន​ការ​អនុញ្ញាត ឬ​គាំទ្រ​លោក​។

ទោះ​យ៉ាងណា​លោក​ សម​ រង្ស៊ី​ ឆ្លើយ​តប​វិញ​ថា​ សម្ព័ន្ធភាព​រវាងលោក កឹម សុខា និង​លោក​មិនបែក​បាក់ឡើយ​ពី​ព្រោះ​ថា ពួកលោក​ទាំងពីរ​មាន​ទិសដៅ​តែមួយ គឺ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។​

អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅ ប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ​ យល់ថា​ នេះ​គ្រាន់​តែ​ល្បែង​នយោបាយ​ដែល​មាន​លក្ខខណ្ឌ​​និង​មិន​អាច​​ឲ្យ​លោក​ កឹម​ សុខា​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​បាននោះ​ឡើយ​។​ លោក​បន្ត​ថា​ បើ​លោក​ ហ៊ុន​ សែន​ នៅ​តែ​មើល​ឃើញ​​គណបក្ស​សង្រ្គោះជាតិ​ និង​សម្ព័ន្ធភាព​​​ លោក​ កឹម​ សុខា​ លោក​ សម រង្ស៊ី​ នៅតែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ផែន​គ្រប់គ្រង​អំណាច​របស់​​ត្រកូល​ហ៊ុន​ គឺ​លោក​ ហ៊ុន​ សែន​ ​​នៅ​តែ​បំបិទ​សេរីភាព​លោក​ កឹម​ សុខា​ ដដែល​៖ «​​ គ្រាន់​តែ​ក្រឡា​នយោបាយ​ដើម្បី​បញ្ឆោត​ភ្នែក​ប៉ុណ្ណោះ ​មិនមែន​ជា​សវនាការ​តុលាការ​យុត្តិធម៌​ទេ​​ ទី១​.គេ​អាច​លេង​ល្ខោន​​​សួរ​ដេញដោល​ពន្យារ​ពេល​ឲ្យ​កាន់​តែ​យូរ​តាម​តែ​គេ​អាច​ធ្វើ​ទៅ​បាន ​​ព្រោះ​ល្បែង​ស៊ី​ពេល​នេះ​យុទ្ធវិធី​ដែល​លោក ហ៊ុន​​ សែន​ ​ត្រូវ​ការ​ចាំបាច់​បំផុត»។

លោក​ កឹម ​សុខា ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ដោយចោទ​ប្រកាន់​ថា​ ​បាន​ឃុបឃិត​ជាមួយ​​សហរដ្ឋអាមេរិក​​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​ ប៉ុន្តែ​ពេល​​ជិត​ ៤​ ឆ្នាំ​​មក​នេះ​ ​តុលាការ មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ដែល​គាំទ្រ​ដល់​ការចោទប្រកាន់​លោក កឹម សុខា នោះ​ឡើយ​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។