មេដឹកនាំគណបក្សសង្គ្រោះជាតិចាត់ទុកសាលក្រមតុលាការថា គ្រាន់តែឧបករណ៍របស់អ្នកនយោបាយបក្សកាន់អំណាចប្រើប្រាស់ ការពារអំណាចបក្សពួកខ្លួន និងធ្វើបាបពលរដ្ឋស្លូតត្រង់។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា បានកាត់ទោសមេដឹកនាំគណបក្សសង្គ្រោះជាតិ ៧នាក់ មានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើមឱ្យជាប់ពន្ធនាគារម្នាក់ៗ ១០ឆ្នាំ។ ជាមួយគ្នានេះសកម្មជនគណបក្សនេះចំនួន ១៧នាក់ទៀត ក៏ត្រូវកាត់ឱ្យជាប់ពន្ធនាគាររយៈពេលជាង ៥ឆ្នាំ ក្នុងបទចោទទាក់ទងនឹងដំណើរវិលទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី និងការបង្កើតចលនាញាតិសង្គ្រោះ។ អ្នកច្បាប់ថា ការកាត់ក្ដីមនុស្សទាំងហ្វូង និងបែបឡប់ឡែរបស់តុលាការ ដើម្បីបំបិទសំឡេងប្រឆាំងបែបនេះ ឆ្លុះបញ្ចាំងថា របបដឹកនាំបច្ចុប្បន្នរំលោភសិទ្ធិពលរដ្ឋ និងរម្លាយប្រជាធិបតេយ្យ ដែលនាំឱ្យមានការដកប្រពន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប មិនមែនជាការទទួលខុសត្រូវរបស់មេដឹកនាំ ឬសកម្មជនបក្សប្រឆាំងទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការក្រុងភ្នំពេញកាត់ឱ្យជាប់ពន្ធនាគារ ១០ឆ្នាំក្នុងសំណុំរឿងញុះញង់ រួមគំនិតក្បត់ ថាពួកគេមិនចាប់អារម្មណ៍ ឬភ្ញាក់ផ្អើលអ្វីឡើយនឹងការផ្ដន្ទាទោសនេះ ដ្បិតពួកគេដឹងច្បាស់ថាតុលាការគ្រាន់តែជាឧបករណ៍របស់បក្សកាន់អំណាចសម្រាប់ធ្វើទុក្ខបុកម្នេញពលរដ្ឋស្លូតត្រង់ ជាពិសេស ដើម្បីបំបិទសំឡេងប្រឆាំង។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា ការកាត់សេចក្ដីនេះបង្ហាញថាចៅក្រមនៅតែស្ថិតក្រោមការបង្គាប់បញ្ជារបស់អ្នកនយោបាយបក្សកាន់អំណាច ដែលមិនអាចរកឃើញយុត្តិធម៌ពិតប្រាកដឡើយ៖ « អាហ្នឹងវាជាសាលក្រមនយោបាយវាធ្វើទៅតាមខ្យល់នយោបាយទេ។ វាមិនមែនជាសាលក្រមសម្រាប់វែកញែកខុសត្រូវសម្រាប់ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋទេបាទ » ។
តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមកំបាំង មុខផ្ដន្ទាទោសមេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៧នាក់មាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អនុប្រធានគណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងមន្ត្រីមួយចំនួនទៀត ដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំក្នុងបទចោទចំនួន៣ គឺញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។ តុលាការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះមកអនុវត្តន៍ទោសនៅកម្ពុជា។
លោក អេង ឆៃអ៊ាង ហៅសាលក្រមបង្គាប់ឱ្យចេញដីកាតាមចាប់ខ្លួនលោកថា ជាសាលក្រមចម្លែក៖ «ព្រោះ ៩វិច្ឆិកាហ្នឹង ជាពេលវេលាមួយ ដែលពួកយើងសម្រេចចូលទៅក្នុងប្រទេសកម្ពុជា ហើយពេលហ្នឹងយើងប្រគល់ខ្លួនឱ្យតើ យើងចូលទៅហ្នឹងយើងប្រគល់ខ្លួនថា អ្នកឯងចង់ចោទ ចង់ចាប់ ចង់ចង គឺបើកច្រកឱ្យយើងទៅៗ បើកឱ្យយើងចូលទៅ យើងចូលទៅហើយ ប៉ុន្តែដល់យើងចូលគេរារាំងមិនឱ្យយើងចូល ដល់ឥឡូវហ្នឹងគេចេញដីកាតាមចាប់។ តែបើយើងចូលទៅដោយមិនបាច់តាមចាប់ យើងចូលទៅឱ្យចាប់មិនចាប់ បែរជាឱ្យអាជ្ញាធរតាមចាប់ខ្លួនហ្នឹងជាសាលក្រមចម្លែក ជាការកាត់ក្ដីដ៏ចម្លែក » ។
ជាមួយគ្នានោះសាលក្រមតុលាការសាលាដំបូងក្រុងភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សប្រឆាំង ១៣នាក់ មានជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក យឹម សារ៉េត លោក ថៃ គន្ធា លោក ជុំ ចាន់ លោក ពៀត ម៉ាប់ ជាដើម ដាក់ពន្ធនាគារម្នាក់ ៥ឆ្នាំ ប៉ុន្តែឱ្យអនុវត្តទោសពន្ធនាគារ រយៈពេល ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ តាមរយៈសាលក្រមនេះ សកម្មជននយោបាយទាំង ១៣នាក់ នឹងត្រូវជាប់ឃុំរហូតដល់ក្រោយការបោះឆ្នោតតំណាងរាស្ត្រ ២០២៣ ខាងមុខ។
រីឯសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺលោក ហ៊ិន ឆាន តុលាការផ្ដន្ទាទោស ៥ឆ្នាំដែរ តែព្យួរទោសទាំងអស់។ សកម្មជនគណបក្សសង្គ្រោះជាតិទាំង១៤ នាក់នេះ ត្រូវបានតុលាការផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទរួមគំនិតក្បត់» ដោយតុលាការទម្លាក់ចោលបទចោទ «ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់» លើពួកគេ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមួយរូបទៀតថ្លែងថា អ្នកដែលរងគ្រោះ ដោយសារតុលាការអយុត្តិធម៌នេះមិនមែនមានតែមន្ត្រី និងសកម្មជនគណបក្សប្រឆាំងទេ គឺពលរដ្ឋខ្មែរទូទាំងប្រទេស។ អ្នកស្រីក្រុមបក្សប្រឆាំង និងពលរដ្ឋជាអ្នករងគ្រោះដោយសារតែការរំលោភបំពានសិទ្ធិមនុស្ស និងរម្លាយដំណើរការប្រជាធិបតេយ្យ ហើយការឈឺចាប់នេះនឹងប្រែក្លាយជាការតស៊ូតទៅទៀត ដើម្បីឱ្យមានការផ្លាស់ប្ដូរពិតប្រាកដ៖ « ឯកសារទាំងឡាយភស្តុតាងទាំងឡាយ វាមានតែដដែលៗ ហ្នឹង។ និយាយឱ្យខ្លី ឥឡូវបញ្ចេញលិខិតឆ្លងដែនឱ្យមក ដើម្បីឱ្យពួកខ្ញុំទទួលទោស ទោះបីទោះហ្នឹងជាទោសហ្នឹងយើងគិតថាជាទោសអយុត្តិធម៌ក៏ដោយ ប៉ុន្តែតើអាចបញ្ចប់បានទេ ? ខ្ញុំចង់បញ្ចប់ ខ្ញុំទៅចូលពន្ធនាគារឱ្យបញ្ចប់ទៅ ឱ្យលិខិតឆ្លងដែនខ្ញុំមក ខ្ញុំទៅ » ។
ទាក់ទងនឹងរឿងនេះ ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា អេ.ភី.អេច្ឆ.អរ (APHR) លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Sangtiago) រិះគន់ថា ការកាត់ទោសអ្នកទាំង ១៩នាក់ ដោយពុំមានមូលដ្ឋានច្បាប់ត្រឹមត្រូវនេះ គឺជាឧទាហរណ៍ថ្មីចុងក្រោយបង្ហាញពីការបំផ្លាញប្រជាធិបតេយ្យ និងពហុបក្សនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើសពីនេះក៏ជាភស្ដុតាង ដែលថា លោក ហ៊ុន សែន នឹងធ្វើអ្វីៗ សព្វបែបយ៉ាងតាមកម្លាំងឥទ្ធិពលដែលមាន ដើម្បីរម្លាយចោលឱ្យអស់ប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។ លោកថា ទង្វើបំពានគោលការណ៍ប្រជាធិបតេយ្យ និងសេរីភាពពលរដ្ឋត្រូវតែបញ្ចប់ ដោយការទម្លាក់ចោលការចោទប្រកាន់មេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាមួយគ្នានេះសហគមន៍អន្តរជាតិ សមាគមអាស៊ាន និងអង្គការសហប្រជាជាតិត្រូវធានាថា លោក ហ៊ុន សែន នឹងទទួលផលពីអំពើអាក្រក់របស់ខ្លួន។
ពាក់ព័ន្ធនឹងការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងនេះ នាយករងនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្កោលទោសថា ការកាត់ទោសនេះ ជារឿងអយុត្តិធម៌ ដែលគ្មានភស្តុតាងច្បាស់លាស់ ត្រឹមត្រូវ និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងប្រឆាំងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។ លោកថា រដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរតែថ្កោលទោសចំពោះការវាយប្រហារមកលើក្រុមគណបក្សប្រឆាំង និងលទ្ធិប្រជាធិបតេយ្យ ដែលនៅសេសសល់ចុងក្រោយនៅកម្ពុជានេះ។
បន្ថែមពីនេះលោកថា តុលាការកម្ពុជា បានជួយសម្រួលដល់កិច្ចខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំផ្លាញសិទ្ធិសេរីភាពពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិនយោបាយ។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់ និងបញ្ឈប់ការវាយប្រហារទាំងនេះ មកលើពលរដ្ឋកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះរម្លឹកថា នៅក្នុងសវនាការកាត់ក្ដីរឿងនេះកាលពីថ្ងៃទី២៤ កុម្ភៈ ព្រះរាជអាជ្ញាបានលើកឡើងថាសំណុំរឿងនេះ គឺជាបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងចំពោះមូលហេតុដែលនាំឱ្យសហភាពអីរ៉ុបដកហូតប្រពន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ កញ្ញា សេង ធារី មើលឃើញថា រឿងប្រព័ន្ធអនុគ្រោះពន្ធនេះជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាល៖ « ជាការបង្វែងដាន ពីព្រោះរបបផ្ដាច់ការនេះគាត់ដឹងថា ជាកំហុសរបស់គាត់ បើអ៊ីចឹងកាត់ចង់ចង្អុលទៅថ្នាក់ដឹកនាំគណបក្សប្រឆាំង ឬអ្នកគាំទ្រគណបក្សប្រឆាំង ឬពួកខ្ញុំដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីព្រោះគាត់ដឹងថាកំហុសនេះជាកំហុសរបស់គាត់ ហើយពលរដ្ឋនឹងជួបលំបាកក្នុងជិវិតប្រចាំថ្ងៃហ្នឹងលើសថែមទៀត។ បើអីចឹងគាត់រៀបចំក្បួនជាជំហានគាត់ គាត់ជារបបផ្ដាច់ការហ្នឹង » ។
ក្នុងករណីនេះ ដែរអង្គការនេះ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គួរតែថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការកាត់ក្ដីនយោបាយទ្រង់ទ្រាយធំ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងសម័យប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៩ ខែមីនាខាងមុខ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។