របបក្រុង​ភ្នំពេញ​គោរព​ការ​សម្រេចចិត្ត​របស់​ម៉ាឡេស៊ីដែល​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូលក្នុង​ប្រទេស

0:00 / 0:00

របប​លោក ហ៊ុន សែន គោរព​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ប្រធាន​​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា បន្ទាប់​ពី​លោក​បរាជ័យ​​ក្នុង​ការ​វិល​​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ប្រទេស​ថៃ។

តំណាងរបបក្រុង​ភ្នំពេញថា អាច​ទទួល​យក​បាន​ចំពោះ​វិធានការ​របស់​ម៉ាឡេស៊ី​ដែល​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​ហាម​ឃាត់​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​អង្គភាពនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ស្វាគមន៍​ក្រុម​លោក សម រង្ស៊ី ដោយសារ​ក្រុម​មេបក្ស​ប្រឆាំង​ទាំង​នោះ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​បរទេស ហើយ​ជា​ភ្ញៀវ​របស់​សមាជិក​សភា​ម៉ាឡេស៊ី។ លោក​ជឿ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​គោរព​តាម​ធម្មនុញ្ញ​​អាស៊ាន ដោយ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រើ​ប្រាស់​ទឹកដីម៉ាឡេស៊ី​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ លោក​បដិសេធ​ថា កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​នោះទេ ដូច្នេះ​កម្ពុជា​មិន​ត្រូវ​ការ​ម៉ាឡេស៊ី ឬ​ប្រទេស​ដទៃ​ទៀត មក​ជួយ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ៖ «ការ​មក​នៅក្នុង​ទិដ្ឋភាព​ទេសចរណ៍​ ការ​អញ្ជើញ​មក​ចូល​រួម នោះ​ជា​រឿង​ផ្សេង​មួយ​ទៀត ដែល​ជាការ​ងារ​របស់​ភាគី​ទាំង​ពីរ​ហ្នឹង ក៏​ប៉ុន្តែ សម រង្ស៊ី ក៏​ដូច​ជា​ មូរ សុខហួរ មិន​ទទួល​បាន​​ការ​អនុញ្ញាត ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល​កម្ពុជា»

របបក្រុង​ភ្នំពេញ​បាន​ប្រកាស​ជា​រឿយៗ ថា របបនេះ​បាន​ផ្ញើរ​លិខិត​ស្នើសុំចាប់​ខ្លួន លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រទេស​សមាជិក​អាស៊ាន​រួច​ហើយ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ ​មិន​មាន​ប្រទេស​ណា​អនុវត្ត​តាម​សំណើ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​​ជាតិ​ ចូល​ប្រទេស​របស់​ពួក​គេ​ដោយ​គ្មាន​ការ​រារាំង។ លើស​ពីនេះ​ទៅ​ទៀត តំណាងរាស្ត្រ​​ម៉ាឡេស៊ី​ថែម​ទាំង​អញ្ជើញ​លោក សម រង្ស៊ី ​ចូលរួម​កិច្ច​ប្រជុំ​នៅក្នុង​សភាជាតិ​ម៉ាឡេស៊ី​ទៀត​ផង។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម​ សុវណ្ណរ៉ា ថ្លែង​ថា កាយ​វិការ​របស់​ម៉ាឡេស៊ីបែប​នេះ បង្ហាញ​ថា ម៉ាឡេស៊ី​នៅ​តែ​ទទួល​ស្គាល់​​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំបក្ស​ប្រឆាំង​ដដែល​។ ម្យ៉ាងវិញ​ទៀត លោកថា ម៉ាឡេស៊ី​​មើល​ឃើញ​​ថា សកម្មភាព​របស់​ក្រុម​មេដឹកនាំបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​​ប្រទេស​ គឺជា​សកម្មភាព​តាម​បែប​ប្រជាធិបតេយ្យ​ ដូច្នេះ​ម៉ាឡេស៊ី​ត្រូវ​ផ្តល់​តម្លៃ​ដល់​សកម្មភាព​បែបនេះ៖ «ធម្មនុញ្ញ​អាស៊ាន​ហ្នឹង​មាន​គោល​ការណ៍​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​គ្នា ហើយ​រដ្ឋ​សមាជិ​កអាស៊ាន​ទាំង​អស់​ត្រូវ​តែគោរព​តាម អ៊ីចឹង​នៅក្នុ​ងហ្នឹង​មាន​ឃើញ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មាន​ការ​ចូល​រួម ឬ​ការ​លើក​ស្ទួយ​។ អ្វី​ដែល​ជា​សកម្មភាព​​បក្ស​ប្រឆាំង​ធ្វើ​ហ្នឹង នៅ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬក៏​នៅលោក​ខាង​លិច​ អឺរ៉ុប អាមេរិក គេ​ហៅ​ថា សកម្មភាព​ប្រជាធិបតេយ្យ​ទេ មិន​មែន​ជាការ​ផ្តួល​រំលំ ឬក៏សកម្មភាព​​ក្បត់​ដូច​រដ្ឋាភិបាលលើក​ឡើង​ទេ។ នេះ​ជា​អ្វី​ដែល​យើង​គិត​ខុស​គ្នា»

ថ្វីដ្បិត​តែ​​​​របបក្រុង​ភ្នំពេញ​ថា លោក សម រង្ស៊ី មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ម៉ាឡេស៊ី​បាន​ក៏​ដោយ ក៏​លោក ឯម សុវណ្ណរ៉ា ថា ជាក់​ស្តែង​លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ បាន​ធ្វើ​សកម្មភាព​នយោបាយ​​រួច​បាត់​ទៅ​ហើយ ពីព្រោះ​ពួក​គាត់​ជួប​ជាមួយ​អ្នក​នយោបាយ​ម៉ាឡេស៊ី និង​ជួប​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា បើ​ទោះ​ជា​លោក សម រង្ស៊ី មិន​អាច​វិល​ចូល​កម្ពុជា​តាម​កាល​កំណត់​ក្តី ក៏​វត្តមាន​របស់​លោក​​បាន​ជួយ​លើក​​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ និង​​អាច​បញ្ចប់​មតិ​​រិះគន់​ផ្ទៃក្នុង​បក្ស​ដែល​ថា លោក​មិន​ហ៊ាន​ធ្វើ​មាតុភូមិ​និវត្តន៍​នោះ​ផង​ដែរ៖ «ការ​មក​របស់​គាត់​ហ្នឹង អាច​បញ្ចប់​នូវ​ការ​សង្ស័យ​នៅ​ក្នុង​បក្ស​របស់​គាត់​ចាស់ ដែល​វាយ​ប្រហារ​គាត់ ដូច​ជាកូន​ស្រី លោក កឹម សុខា កឹម មនោវិទ្យា​ ចេញ​វាយ ( ប្រហារ ) ថា លោក សម រង្ស៊ី មិន​មក​ទេ និយាយ​យក​ប្រជាប្រិយភាព​ហ្នឹង វា​អាច​បំបាត់​នូវ​ស្មារតី​ហ្នឹង ហើយ​គាត់​អាច​កៀរគរ​ប្រជាប្រិយភាព​គាត់​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត។ ការដែល​គាត់​មក​បាន ឬ​មិន​បាន​អាស្រ័យ​ទៅលើ​បម្រាម​មួយ​របស់​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អាកាស​ចរណ៍៤៧ មិន​អាច​ដឹក​លោក សម រង្ស៊ី អាហ្នឹង​គឺ​វា​គ្រប់គ្រាន់​សម្រាប់​លោក សម រង្ស៊ី នៅ​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​ហើយ»

នាយក​​រង​ទទួល​​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​នូវ​ការ​កោត​សរសើរ​ជុំវិញ​ពិភព​លោក ដោយ​បាន​អនុញ្ញាត​ឱ្យ លោក សម រង្សី​​ ចូល​ទៅ​ក្នុង​ប្រទស​របស់​ខ្លួន ដើម្បី​ជួប​សហការី​របស់​គាត់។ មន្រ្តី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ វា​គ្រាន់​តែ​តម្រូវ​ឱ្យ​មាន​ការ​តាំង​ចិត្ត​ផ្នែក​នយោយបាយ​ប៉ុណ្ណោះ ដូ​ដែល​អ្វី​ដែល​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញឱ្យ​ពិភពលោក​ឃើញ​ដូច្នេះ​ដែរ។​ លោកបន្តថា ផ្ទុយ​ពី​ប្រទេស​ថៃ ដែល​ធ្វើ​ការ​បង្ក្រាប​ដល់​អ្នក​និរទេស​ខ្លួន​ខ្មែរ ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ជំហរ​ផ្សេង​មួយ ដោយ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​ប្រសើរ។

លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត បាន​បរាជ័យ​ក្នុង​​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ តាម​កាល​កំណត់​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ដោយសារ​តែ​រដ្ឋាភិបាល​ថៃ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​លោក សម រង្ស៊ី ចូល​មក​ក្នុង​ប្រទេស​ថៃ​បាន​ឡើយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​យល់​ថា មូលហេតុ​ដែល​​ថៃ​មិន​អនុញ្ញាត​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រទេស​ថៃ គឺ​ដើម្បី​ជា​ថ្នូរ​កុំ​ឱ្យរបប​ក្រុង​ភ្នំពេញ​ផ្តល់​ទីតាំង​ដល់​ពួក​អាវ​ក្រហម​​គាំទ្រ​​អតីត​នាយក​រដ្ឋ​មន្ត្រីថៃ ថាក់ស៊ីន ស៊ីនណាវ៉ាត់ ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា​ជា​មូលដ្ឋាន​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ប្រាយុទ្ធ ចាន់អូចា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។