លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យកងទ័ព ត្រូវបំពេញការងារដើម្បីបម្រើប្រយោជន៍ជាតិ និងពលរដ្ឋ។ ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលតែងតែប្រើប្រាស់កងកម្លាំងរបស់ជាតិ បម្រើប្រយោជន៍នយោបាយរបស់ខ្លួន ដើម្បីបង្ក្រាប ឬធ្វើទុក្ខបុកម្នេញលើគណបក្សគូប្រកួត ឬលើក្រុមកម្មករជាដើម។
ក្រុមអ្នកឃ្លាំមើល ជំរុញ ទៅរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរកែទម្រង់រចនាសម្ព័ន្ធដឹកនាំកងទ័ព ដើម្បីឱ្យស្ថាប័នឯករាជ្យមួយនេះ ប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹតរបស់ខ្លួន និងមិនស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាច។ ប្រតិកម្មនេះធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាមទារឱ្យកងទ័ព ត្រូវមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតស្មោះត្រង់ចំពោះជាតិ មាតុភូមិ ដើម្បីក្លាយជាកម្លាំងការពារជាតិ មាតុភូមិ និងពលរដ្ឋ ដ៏ពិតប្រាកដ។ លោក ហ៊ុន ម៉ាណែត ដែលគ្រងឯកសណ្ឋានយោធា ពាក់ផ្កាយបួនលើស្មា ក៏ជំរុញឱ្យកងទ័ពយកចិត្តទុក ទប់ស្កាត់លើបញ្ហាភេរវកម្ម និងហានិភ័យសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា ។ លោក ហ៊ុន ម៉ាណែត ដែលជាអតីតមេទ័ពជើងគោក មុនពេលឡើងធ្វើនាយករដ្ឋមន្ត្រី ក៏សូត្រយ៉ាងរត់មាត់ឱ្យយោធិនប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព និងត្រៀមខ្លួន ជួយសង្គ្រោះពលរដ្ឋនៅពេលគ្រោះធម្មជាតិណាមួយ។
លោក ហ៊ុន ម៉ាណែត៖ «កងទ័ពត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន ប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការហ្វឹកហ្វឺនរៀនសូត្រនិងការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាពដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាព»។
លោក ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ នៃថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា កត់សម្គាល់ថា នាយករដ្ឋមន្ត្រីថ្មីនៃគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បង្ហាញសារនយោបាយចុងក្រោយរបស់ខ្លួនជាសារល្អ ជាគំនិតថ្មីដើម្បីជំរុញឱ្យប្រទេសកម្ពុជាបានសុខ។ ទោះយ៉ាងណា អ្នកឃ្លាំមើលរូបនេះ មិនរំពឹងថា ការអនុវត្តការងាររបស់ លោក ហ៊ុន ម៉ាណែត បានដូចការប្ដេជ្ញាចិត្តឡើយ។ លោកបន្តទៀតថា ដើម្បីឱ្យកងទ័ពមានវិន័យ គឺទាមទារឱ្យអ្នកដឹកនាំកងទ័ព មានវិន័យខ្លួនឯងជាមុនសិន។ មន្ត្រីសង្គមស៊ីវិលលើកឡើងដូច្នេះ ព្រោះលោកសង្កេតឃើញថា អតីតរដ្ឋាភិបាល លោក ហ៊ុន សែន ហាក់គ្រប់គ្រងកងទ័ពមានភាពលំអៀង។
លោក រស់ សុដ្ឋា៖ «និយាយរួមទៅត្រូវការកែទម្រង់នូវរចនាសម្ព័ន្ធដឹកនាំកងទ័ពធ្វើម៉េចឱ្យមានមនុស្សឯករាជ្យពីនយោបាយ ដើម្បីជាកងទ័ពមួយដែលមានមនុស្សឯករាជ្យដែលមិនស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ»។
អង្គការឃ្លាំមើលកម្លាំងយោធាក្នុងពិភពលោក (Global Fire Power) កាលពីឆ្នាំ ២០១៧ បានរកឃើញថា កម្ពុជា មានកម្លាំងទ័ពជិត ២សែននាក់ (១៩៥.០០០នាក់) មានទ័ពសកម្មចំនួនជាង ១សែននាក់ (១២៥.០០០នាក់) ហើយទ័ពបម្រុងចំនួន ៧ម៉ឺននាក់។ អ្នកឃ្លាំមើលរិះគន់ថា អតីតរដ្ឋាភិបាល លោក ហ៊ុន សែន តែងតែប្រើប្រាស់កងទ័ព ដើម្បីសម្លុតគម្រាមកំហែង ពលរដ្ឋដែលប្រើប្រាស់សិទ្ធិតស៊ូមតិដោយសន្តិវិធី ការបង្ក្រាបលើគណបក្សនយោបាយដែលជាគូប្រកួតប្រជែងរបស់ខ្លួន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ដើម្បីអាចឱ្យកងទ័ពក្លាយជាកម្លាំងរបស់ជាតិ លុះត្រា មានការពង្រឹងសេដ្ឋកិច្ចរបស់យោធិន ការពង្រឹងចំណេះជំនាញ ការពង្រឹងវិន័យជាដើម។ ទោះយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់រូបនេះ មិនរំពឹងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អាចកែទម្រង់ស្ថាប័ននេះបានឡើយ ត្បិតបក្សកាន់អំណាច ហាក់នៅតែត្រូវការឥទ្ធិពលកងទ័ពដើម្បីពង្រឹងអំណាចរបស់ខ្លួនដដែល។
លោក វ៉ន ចាន់ឡូត៖ «ក្នុងកាលៈទេសៈនេះខ្ញុំគិតថា មិនអាចទេ ព្រោះអ្នកនយោបាយគាត់ផ្ដោតសំខាន់លើការគ្រប់គ្រងកងទ័ព ហើយគាត់មើលឃើញថា មានតែកម្លាំងយោធាមួយទេ ដែលអាចធានាបាននូវអំណាចរបស់ខ្លួននៅក្នុងកាលៈទេសៈនេះ ហើយកងទ័ពជាកងទ័ពដែលស្មោះស្ម័គ្រស្មោះត្រង់ចំពោះតែជាតិមួយចំពោះតែប្រជាពលរដ្ឋមួយ»។
ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា១ ចែងថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់ កម្លាំង កងយោធពលខេមរភូមិន្ទដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ចំណែកមាត្រា៩នៃច្បាប់ដដែលនេះ ចែងថា យោធិនត្រូវមានអព្យាក្រឹត ក្នុងមុខនាទី និងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
បើទោះជាច្បាប់បានហាមឃាត់មិនឱ្យកងទ័ព ធ្វើសកម្មភាពបម្រើនយោបាយក្ដី អតីតរដ្ឋាភិបាលលោក ហ៊ុន សែន កន្លងទៅ ពេលមានវិបត្តិនយោបាយ និងវិបត្តិសង្គមធ្ងន់ធ្ងរម្ដងៗ គឺលោក ហ៊ុន សែន តែងតែបញ្ចេញកម្លាំងទ័ពវាយបង្ក្រាប ក្រុមតស៊ូមតិទាំងនោះ ករណីជាក់ស្ដែង រដ្ឋាភិបាល ការបញ្ចេញកងពលតូចឆ័ត្រយោង បង្ក្រាបក្រុមកម្មករទាមទារដំឡើងប្រាក់ឈ្នួល កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ និងមានករណីបង្ក្រាបផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។