លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកកកាយប្រវត្តិសាស្ត្រមកចោទប្រកាន់លើសហរដ្ឋអាមេរិក ថា បានធ្វើកំហុស២ ទៅលើកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម និងរបបខ្មែរក្រហម។ ទន្ទឹមគ្នានេះបុរសខ្លាំងរូបនេះក៏ព្រមានសហរដ្ឋអាមេរិក កុំឱ្យធ្វើកំហុសលើកទី៣ មកលើកម្ពុជាផងដែរ។ អ្នកជំនាញផ្នែកនយោបាយ និងមន្ត្រីបក្សប្រឆាំងចាត់ទុកថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ខុសពីប្រវត្តិសាស្ត្រពិត ព្រោះពេលនេះលោកបានលម្អៀងទៅរកចិន ដែលគាំទ្ររបបផ្ដាច់ការរបស់លោក ហ៊ុន សែន ទៅវិញទេ។
ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតនៅថ្ងៃទី១ មីនា លោក ហ៊ុន សែន និយាយដោយបញ្ឆិតបញ្ឆៀងថា លោកធ្លាប់បានរំលឹកដល់ មិត្តភ័ក្ដិបរទេសខ្លះ សុំកុំឱ្យសាងកំហុសទី៣មកលើប្រទេសកម្ពុជា ព្រោះប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យមួយចំនួន ធ្លាប់បានប្រព្រឹត្តកំហុសចំនួន ២លើករួចមកហើយ។
កំហុសធំៗ ដែលលោក ហ៊ុន សែន លើកឡើងនេះ រួមមាន ការគាំទ្ររដ្ឋប្រហារយោធានៅទីក្រុងភ្នំពេញទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ នៅឆ្នាំ១៩៧០ ដែលនាំឱ្យមានរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្លាប់ប្រជាជនខ្មែររាប់លាននាក់។ ចំណែកកំហុសទី២ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ រហូតដល់ទៅជាង១២ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១។ ទន្ទឹមនឹងនេះលោក ហ៊ុន សែន បានអួតសរសើរខ្លួនឯងថា ជាមេដឹកនាំដែលកម្សត់ជាងគេ ក្នុងការស្ដារប្រទេសជាតិឡើងវិញដោយដៃទទេ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិល ដែលខុសពីមេដឹកនាំប្រទេសផ្សេង អាចឡើងកាន់អំណាចបាន និងមានកន្លែងអង្គុយស្រួលស្រាប់។
លោក ហ៊ុន សែន៖«អ៊ីចឹងខ្ញុំគ្រាន់តែទូន្មាន ឬក៏ផ្ដល់យោបល់ឱ្យអ្នកឯងថា សុំកុំកសាងកំហុសទីបីលើកម្ពុជា។ នេះជាពាក្យដែល ហ៊ុន សែន និយាយជាមួយនឹងប្រទេសមួយចំនួនដែលមកជួបជាមួយខ្ញុំ ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ»។
ការលើកឡើងរបស់ លោក ហ៊ុន សែន នេះ ត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា លោកសំដៅទៅលើសហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កត់សម្គាល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន មានភាពលម្អៀង និងខុសពីការពិតនៃប្រវត្តិសាស្ត្រ។ លោកយល់ឃើញថាសង្គ្រាមហែកហួរគ្នារវាងខ្មែរគ្នាឯង ដែលចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៧០ រហូតបង្កើតឱ្យមានសោកនាដកម្មនៅក្នុងរបបខ្មែរក្រហមនេះ គឺដោយសារជម្លោះ និងការដណ្ដើមអំណាចគ្នារបស់អ្នកនយោបាយខ្មែរ ស្របពេលដែលពិភពលោកដណ្ដើមឥទ្ធិពលគ្នារវាងប្លុកសេរី និងប្លុកកុម្មុយនិស្ត។
លោក អ៊ុំ សំអាន បន្តថា បើនិយាយអំពីកំហុសប្រវត្តិសាស្ត្រនោះ លោក ហ៊ុន សែន គួរតែលើកយកមហាមិត្តដែកថែបចិន ដែលតែងតែគាំទ្ររបបដឹកនាំរបស់លោកមកនិយាយផងដែរ ព្រោះចិននេះហើយ ដែលជាអ្នកគាំទ្ររដ្ឋាភិបាលខ្មែរក្រហមពេញទំហឹង ហើយធ្វើឱ្យរបបមួយនេះ អាចគ្រប់គ្រងកម្ពុជារហូតដល់ទៅជាង៣ឆ្នាំ។
លោក អ៊ំ សំអាន៖«បើយើងគិតពីប្រវត្តិសាស្ត្រអ៊ីចឹង មើលទៅមើល៍ វៀតណាម(Vietnam)សព្វថ្ងៃគេចាប់ដៃជាមួយ អាមេរិក(USA) ទោះបីអាមេរិក(USA)ធ្លាប់ធ្វើសង្គ្រាមនៅវៀតណាម(Vietnam )ធ្លាប់ទម្លាក់គ្រាប់បែកនៅវៀតណាម(Vietnam)តែឥឡូវនេះ វៀតណាម(Vietnam)គាំទ្រ អាមេរិក(USA)។ ដូច្នេះគេមិនយករឿងប្រវត្តិសាស្ត្រហ្នឹងនៅតែលងមកដល់ពេលបច្ចុប្បន្នទេ។ គេគិតពីផលប្រយោជន៍ប្រទេសគេ គេគិតថាចំណេញអ្វីដល់ប្រទេសគេ។ ដូច្នេះមេដឹកនាំគួរគិតពីផលប្រយោជន៍ជាតិ ជាជាងប្រវត្តិសាស្ត្រដែលកន្លងផុតទៅ»។
សហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ ហាក់ផ្ទុយស្រលះពីអ្វីដែលលោកបាននិយាយក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក ម៉ៃឃើល មីហាលេក (Michael Michalak) កាលពីថ្ងៃទី២៨ កុម្ភៈ ថាគ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងអាមេរិក ល្អដូចពេលបច្ចុប្បន្ននេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេយល់ឃើញថាកំហុសទី៣ ដែលលោក ហ៊ុន សែន លើកឡើងនេះ គឺចង់សំដៅលើកិច្ចអន្តរាគមន៍របស់អាមេរិក ដើម្បីជំរុញឱ្យរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញដែលលោក ហ៊ុន សែន ចាត់ទុករឿងនេះ ថាជាការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា លោក ហ៊ុន សែន មិនគួរវាយតម្លៃថា បរទេសខុសឬត្រូវនោះឡើយ ដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់មកលើកម្ពុជាមានភាពប្រែប្រួល ខណៈភាពចលាចលក្នុងស្រុកភាគច្រើនកើតឡើងដោយសារជម្លោះផ្ទៃក្នុងរវាងខ្មែរគ្នាឯង។ លោកណែនាំឱ្យអ្នកនយោបាយ និងប្រជាពលរដ្ឋងាកទៅមើលគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាអន្តរជាតិ ឬក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាឱ្យបានជាក់លាក់ មុននឹងសន្និដ្ឋាន ឬចោទប្រកាន់ភាគីណាមួយថាខុស ឬត្រូវ។
លោក ហ៊ុន សែន៖«យើងពិបាកថា!ខ្មែរយើងឈ្លោះគ្នា ពីព្រោះខ្មែរយើងមាននិន្នាការបក្សពួក មិនផ្ដល់តម្លៃជាតិជាធំ ដល់អ៊ីចឹងនៅក្នុងរបត់នៃសង្គ្រាមត្រជាក់ ការប្រណាំងប្រជែងមនោគមវិជ្ជាសេរី ហើយហ្នឹងកុម្មុយនិស្ត អ៊ីចឹងកម្ពុជាយើងកាលណាអ្នកដឹកនាំនយោបាយខ្វះភាពវៃឆ្លាតធ្វើឱ្យកម្ពុជារងទុក្ខទោសហើយ»។
អ្នកតាមដាននយោបាយមើលឃើញថា លោក ហ៊ុន សែន ដែលជាមេដឹកនាំមានប្រភពចេញពីកម្មាភិបាលខ្មែរក្រហមទៅវិញទេ ដែលបានសាងកំហុសធំៗ នៅក្នុងប្រវត្តិសាស្ត្រ ដូចជាធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ពីតំណែងនាយករដ្ឋមន្ត្រីទី១ កាលពីឆ្នាំ១៩៩៧ និងរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាកាលពីឆ្នាំ២០១៧ជាដើម។
មជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិកក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ភាគច្រើនមានភាពរកាំរកូស និងភាពតានតឹង ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីកម្ពុជា បានរអិលចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ហើយរងទណ្ឌកម្មពីសំណាក់ប្រទេសប្រជាធិបតេយ្យជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។