លោក ហ៊ុន សែន ស្នើ​កុំឱ្យ​ពលរដ្ឋ​ជេរ​លោក​ពេល​ចាញ់​ក្តី​នៅ​តុលាការ

ដោយ ទីន ហ្សាការីយ៉ា
2023.03.15
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ស្នើ​កុំឱ្យ​ពលរដ្ឋ​ជេរ​លោក​ពេល​ចាញ់​ក្តី​នៅ​តុលាការ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ស្នើសុំ​កុំឱ្យ​ប្រជាពលរដ្ឋ​ជេរ​លោក​នៅពេល​ចាញ់ក្តី​តុលាការ ដោយ​លោក​អះអាង​ថា ស្ថាប័ន​នោះ​ជា​អំណាច​ដាច់ដោយឡែក​។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​បំពេញការងារ​មិន​ឯករាជ្យ និង​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​អ្នកមាន​លុយ​មានអំណាច ស្របពេល​ពលរដ្ឋ​ក្រីក្រ​កម្រ​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

រដូវ​កាល​បោះឆ្នោត​កាន់តែ​ខិត​ជិត​មកដល់ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​ស្នាដៃ​ដឹកនាំ​ប្រទេស និង​ផ្លែផ្កា​ចំពោះ​គោលនយោបាយ​បក្ស​ប្រឆាំង​ផង ជាពិសេស​លោក​ហាក់​ចង់​ផ្ញើ​សារ​ស្អំ​ចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​យល់​ឃើញ​ថា ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ​ក្រោម​ការដឹកនាំ​របស់​លោក​កន្លង​មក​នេះ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​១៤ ខែមីនា លោក ហ៊ុន សែន ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ខិតខំ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ក្រៅ​ព័ន្ធ​តុលាការ​ជាជាង​ប្តឹងផ្តល់​ឱ្យ​នាំ​ខាតបង់​ពេលវេលា និង​លុយកាក់​ផ្សេងៗ​។ លោក​បន្ត​ថាបើ​រឿង​ក្តី​ក្តាំ​ទៅដល់​តុលាការ​ហើយ​មានតែ​ឈ្នះ​និង​ចាញ់​តែប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដែល​ចាញ់ក្តី​នៅ​តុលាការ​តែង​ជេរ​លោក​ទៅវិញ​។ លោក ហ៊ុន សែន អះអាង​ថា លោក​មិនបាន​ត្រួតត្រា​លើ​តុលាការ​នោះ​ទេ ពីព្រោះ​ស្ថាប័ន​នេះ​ជា​អំណាច​មួយ​ដាច់ដោយឡែក​ពី​រដ្ឋាភិបាល​។​

លោក ហ៊ុន សែន៖ «ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​រឿង​នេះ​គឺ​អាច​ដោះស្រាយ​បានតែ​បី​ម្ចាស់​តើ យើង​ហៅ​បី​ម្ចាស់​ហ្នឹង ក្តី​ក្តាំ​យូរៗ​ទៅ​អស់​ក្តិត​ខោ​គ្រាន់តែ​ថ្លៃ​មេធាវី ពេល​អ្នកឈ្នះ​ថា​តុលាការ​យុត្តិធម៌ ដល់​អ្នក​ចាញ់​ថា​តុលាការ​អយុត្តិធម៌ ដល់ពេល​យូរៗ​ទៅ​ខឹង​គោ​វ៉ៃ​រទេះ ហើយ​ខឹង​តុលាការ​មក​ជេរ ហ៊ុន សែន ហើយ​ត្រូវ​ពួក​ប្រឆាំង​ញុះញង់​ថែម​ទៅជា​រឿង​មួយ​ផ្សេងទៀត»

ទោះបី​លោក ហ៊ុន សែន ថ្លែង​ការពារ​ខ្លួន​បែបនេះ​ក្តី ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហើយ​តុលាការ​ត្រូវ​បាន​អ្នកវិភាគ​ចាត់ទុកថា ជា​តុលាការ​តេឡេ​ថែម​ទៀត​ផង។

ទាក់ទង​រឿង​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ មើលឃើញ​ថា​បច្ចុប្បន្ន​លោក ហ៊ុន សែន កំពុង​ក្តោប​ក្តាប់​គ្រប់​វិស័យ​ទាំងអស់​រួម​ទាំង​ស្ថាប័ន​តុលាការ​ផង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​រង​ភាព​អយុត្តិធម៌​ ​និង​ឈឺចាប់​កាន់តែ​ខ្លាំង។ យ៉ាងណា​លោក​ចាត់ទុក​សារ​របស់​លោក ហ៊ុន សែន ពេល​នេះ គឺ​គ្រាន់តែ​និយាយ​លួងលោម​ពលរដ្ឋ​ខ្មែរ​ឱ្យ​គិត​វិជ្ជមាន​ចំពោះ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​តែប៉ុណ្ណោះ ពីព្រោះ​រឿង​អយុត្តិធម៌ និង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ដោយសារតែ​អ្នកមាន​លុយ និង​មានអំណាច​រំលោភ​យក​លោក ហ៊ុន សែន មិនដែល​អើពើ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ឡើយ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ដឹកនាំ​ប្រទេស​ប្រមាណ​ជិត​៤០​ឆ្នាំ​ហើយ យើង​មើល​រឿង​ដីធ្លី ព្រៃ ភ្នំ បឹងបួ រ៉ែ​ទាំង​អស់ហ្នឹង​ថា​ដោះស្រាយ​រឿង​កាប់​ព្រៃ​កាប់​ឈើ​មិនបាន​នឹង​កាត់​ក​កាត់​ដៃ​អី គាត់​ធ្វើ​អ្វី​កើត​។ តុលាការ​សព្វថ្ងៃ​ពុករលួយ​ធ្ងន់ធ្ងរ ហើយ​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​អ្នក​នយោបាយ​បាន​យ គឺ​លោក ហ៊ុន សែន ផ្ទាល់​តែម្តង ហើយ​ការ​លូកដៃ​របស់​លោក ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ចូលក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ​បាន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ​ភាព​នៃ​តុលាការ»

លោក ហ៊ុន សែន តែង​ចេញមុខ​អន្តរាគមន៍​ជួយ​មនុស្ស​នៅ​ក្បែរ​ ​ឬ​អ្នក​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ក្រុម​គ្រួសារ​របស់​លោក​នោះ។ ថ្មីៗ​នេះ​ ​លោក​បាន​ចេញមុខ​ធានា​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​លោក​ ​គឺ​អ្នកស្រី​ ​ហ៊ុន ម៉ាណា ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​លក់​ដី​ខ្យល់​ ​តម្លៃ​ប្រមាណ​៣៦​លាន​ដុល្លារ​។ ករណី​មួយទៀត​នេះ​ ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នកស្រី សៀង ចាន់ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ស្រី​របស់​លោក​គឺ​អ្នកស្រី ហ៊ុន ប៊ុនធឿន។ ដោយសារ​សុទ្ធតែ​គ្នាឯង​ដូច្នេះហើយ​លោក ហ៊ុន សែន បាន​លុបចោល​ការ​ចាប់ខ្លួន​វិញ ក្រោយ​អ្នកស្រី សៀង ចាន់ហេង ព្រម​ប្រគល់​ដី​ឱ្យ​ប្អូនស្រី​ពៅ​របស់​លោក ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែមីនា​ថា កន្លង​មក​នេះ​យន្តការ​ដោះស្រាយ​ជម្លោះដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​ហាក់​ទទួល​បាន​លទ្ធផល​តិចតួច​នៅឡើយ ដោយសារ​មន្ត្រី​អសកម្ម ហើយ​ការ​ដោះស្រាយ​មិន​ឈរ​លើ​យុត្តិធម៌​។ លោក​កត់​សម្គាល់​ថា ករ​ណី​ដើម​បណ្តឹង​ភាគច្រើន​ជា​អ្នកមាន​លុយ​មានអំណាច​ប្តឹង​បំបាក់ស្មារតី និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ក្រីក្រ​ចេញ​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​តាម​ប្រព័ន្ធ​តុលាការ​វិញ​ហាក់​មាន​ប្រសិទ្ធភាព ជាក់ស្តែង​ករណី​វិវាទ​ដីធ្លី​ជាង​២០​ឆ្នាំ​នៅ​ខេត្តកោះកុង ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​កណ្តាល និង​ករណី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក​រាជធានី​ភ្នំពេញ​ជាដើម។

លោក វណ្ណ សុផាត៖ «សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​កុំ​ផ្ដោត​តែ​លើ​រឿង​ធំៗ​ដែល​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច អ្នកមាន​ខ្នង មាន​ក្រុមហ៊ុន​អ៊ីចឹង​ឃើញ​អន្តរាគមន៍​ភ្លាមៗ​តែ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដូចជា​នៅ​ព្រលាន​យន្តហោះ​ថ្មី បឹង​តា​មោក​អីហ្នឹង​បែរជា​អត់​មាន​ដំណោះស្រាយ ឃើញថា​អត់​មាន​សមភាព​រវាង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​និង​ក្រុមហ៊ុន​អ្នក​មាន​អំណាច​បាទ»

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ (WJP) ​បាន​រក​ឃើញ​ថា កម្ពុជា​ពូកែ​ខាង​រំលោភច្បាប់​។ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ផ្នែក​នីតិរដ្ឋ ឬ​គោរព​ច្បាប់​ស្ទើរតែ​នៅ​បាត​តារាង​គឺ​នៅ​លេខ ១៣៩ ក្នុងចំណោម​១៤០​ប្រទេស ក្នុង​ឆ្នាំ​២០២២​។ របាយការណ៍​នេះ​បាន​បង្ហាញ​កត្តា​ចម្បងៗ​ចំនួន​៨ សម្រាប់​ដំណើរការ​ដាក់​សន្ទស្សន៍​នីតិរដ្ឋ ក្នុង​នោះ​រួម​មាន​ដូចជា ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុបបំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ ដែល​កម្ពុជា​សុទ្ធតែ​ទទួល​បាន​ពិន្ទុ​ទាប​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។