លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា នឹង​កម្ចាត់​ចោល​អ្នក​នយោបាយ​ណា​ដែល​មើល​ងាយ​គ្រួសារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ជា​ថ្មី​ថា នឹង​តាម​កម្ចាត់​អ្នក​នយោបាយ​ណា​ដែល​បាន​​មើល​ងាយ​ប្អូនស្រី និង​​គ្រួសារ​របស់​លោក​។ បុរស​ខ្លាំង​ខាង​ហិង្សា​រូប​នេះ ថែម​ទាំង​​ប្ដេជ្ញា​ថា មិន​ប្រើ​ចុង​ប៊ិក​អត់​អោន​ទោស​ដល់​​​ក្រុម​ប្រឆាំង​ទាំង​នោះ​ទេ។ អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ថា​ ការ​ថ្លែង​ ​របស់ លោក ហ៊ុន សែន នេះ​ពុំ​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ​បាន​ត្រឹម​តែ​ហែកហួរ​គ្នា​ ផ្ដល់​នូវ​គំរូ​​អាក្រក់​ដល់​សង្គម និង​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ។

​នៅ​ក្នុង​កម្ម​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរ​ជាតិ ៨មីនា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ចំពោះ​មុខ​បណ្តា​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​​​​​​ថា លោក​ឈឺ​ចាប់​បំផុត​ ដែល​​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ប្រមាថ​សព​ប្អូន​ថ្លៃ​ និង​គ្រួសារ​របស់​លោក​កន្លង​ទៅ ​ខណៈ​លោក​កំពុង​តែ​កាន់​ទុក្ខ​​។ ការ​ថ្លែង​បែប​នេះ​ទំនង​ជា​លោក ចង់​សំដៅ​ដល់​ប្រធាន​ស្ដីទី​គណ​​បក្ស​សង្គ្រោះ​ជាតិ​គឺ លោក សម រង្សី។

លោក ហ៊ុន សែន ថា ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​​ ក៏​លោក​ពុំ​អត់ឱន​ដល់​អ្នក​នយោបាយ​បក្ស​​ប្រឆាំង​ដែល​ប្រមាថ​គ្រួសារ​របស់​លោក​នោះ​ទេ បើ​សិន​ជា​លោក​យោគយល់​​​ គឺ​លោក​ខ្លួន​ឯង​ស្មើ​នឹង​សត្វតិរច្ឆាន។ លោក​បន្ត​ថា សូម​ឱ្យ​អ្នក​ទាំង​នោះ​ កុំ​រំពឹង​ថា លោក​នឹង​ប្រើ​ប្រាស់​ចុង​ប៊ិច​របស់​លោក​លើក​លេង​ទោស​ឱ្យ​សោះ​ ព្រោះ​លោក​ចាត់ទុក​ទង្វើ​នៃ​ការ​ប្រមាថ​គ្រួសារ​របស់​ក្រុម​បក្ស​ប្រឆាំង​​កន្លង​ទៅ​ នោះ​គឺ​ជា​រឿង​អាក្រក់។

លោក ហ៊ុន សែន៖ «ដោយ​សារ​វា​អាក្រក់​ជ្រុល​ហួស​គ្មាន​ការ​យោគយល់​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​រួច​ទេ ប្រសិន​បើ​ខ្ញុំ​យោគយល់ គឺ​ខ្ញុំ​មាន​តម្លៃ​ស្មើ​នឹង​តិរច្ឆាន ដូច្នេះ​ខ្ញុំ​មិន​អាច​ធ្វើ​ទេ។ សូម​កុំ​រង់ចាំ​ស្រមៃ​ថា ហ៊ុន សែន នឹង​ប្រើ​ប៊ិក​របស់​ខ្លួន​ដើម្បី​ចុះ​ហត្ថលេខា​សុំ​ការ​លើក​លែង​ទោស​ឱ្យ​ជន​នេះ ឬ​ជន​នោះ​កុំ​ស្រមៃ។ ព្រោះ​វា​អាក្រក់​ជូរ​ជាតិ ហួស​ពី​សត្វ​ធាតុ​ទៅ​ទៀត ខ្ញុំ​មិន​អាច​ទ្រាំ​រង​នូវ​ការ​វាយ​ប្រហារ»។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ជា​ថ្មី​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ​លោក​បន្ត​ខឹង លោក សម រង្ស៊ី ដែល​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅថ្ងៃទី៨​ កុម្ភៈ​ថា លោក ហ៊ុន សែន ​ជា​អ្នក​សម្លាប់​អតីត​ប្អូន​ថ្លៃ​របស់​ខ្លួន ឈ្មោះ កូវ សាមុត កាល​ពី​ឆ្នាំ១៩៩៦។ លោក កូវ សាមុត គឺជា​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ និង​ត្រូវ​ជា​ប្តី​ដើម​របស់​សព​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​អ្នកស្រី ប៊ុន រ៉ានី។ ការ​បង្ហោះ​សារ​របស់​លោក សម រង្សី នេះ កំឡុង​ពេល​ដែល លោក ហ៊ុន សែន កំពុង​តែ​កាន់​ទុក្ខ​ការ​ស្លាប់​ប្អូន​ថ្លៃ​របស់​​លោក​ ហ៊ុន សែន​ គឺ​អ្នក​ស្រី ប៊ុន សុថា។

អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​​ថា ការ​ចេញ​មុខ​ការពារ​គ្រួសារ​របស់​​ លោក ហ៊ុន សែន ​ជា​បន្ត​បន្ទាប់​នេះ ព្រោះ​លោក​ខ្លាច​បាត់បង់​ការ​គាំទ្រ និង​ប្រជាប្រិយភាព​ពី​សំណាក​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជិត​ខិត​មក​ដល់​។ ទោះ​យ៉ាង​ណា ​អង្គការ​ជាតិ និង​អន្តរជាតិ បាន​រក​ឃើញ​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត​៤០ឆ្នាំ​នេះ គឺ​បាន​ជាប់​ជា​មេដឹកនាំ​ផ្ដាច់ការ តាម​រយៈ​ការ​រឹតត្បិត​សារ​ព័ត៌មាន​ឯករាជ្យ និង​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ គឺ​បក្ស​សង្គ្រោះ​ជាតិ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើល​ឃើញថា ការ​ថ្លែង​សារ​វាយ​ប្រហារ​របស់ លោក ហ៊ុន សែន មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជា​ថ្មី​ម្ដង​ទៀត​នេះ កម្ពុជា​ពុំ​មាន​​ផល​ប្រយោជន៍​អ្វី​នោះ​ទេ បាន​ត្រឹម​តែ​បង្ហាញ​គំរូ​អាក្រក់​របស់​អ្នក​នយោបាយ​ដល់​ជំនាន់​ក្រោយ​។ លោក​បន្ត​ថា ​ទង្វើ​នេះ​គឺ​ជា​វប្បធម៌​« ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី »​ដែល​អ្នក​នយោបាយ​គ្រប់រូប​គួរ​តែ​ជៀសវាង។

លោក ឯម សុវណ្ណារ៉ា៖ «វា​ពិបាក​ណាស់​នៅក្នុង​ស្ថានភាព​នេះ លុះត្រា​សង្គម​មួយ​មាន​យុត្តិធម៌​ មាន​ប្រព័ន្ធ​យុត្តិធម៌​រឹង​មាំ​ទៅ ស្ថានភាព​នៃ​ការ​ត្មះ​តេះ​ដៀល​ជេរ​គ្នា ខ្ញុំ​គិត​ថា​វា​អាច​កាត់បន្ថយ​បាន​ដោយ​សារ​តែ​មាន​ប្រព័ន្ធ​ច្បាប់​ល្អ។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រព័ន្ធ​ច្បាប់​យើង បង្ក​ឱ្យ​លក្ខណៈ​ឱ្យ​ទៅ​លើ​តែ​អ្នក​មាន​អំណាច ជាង​ពលរដ្ឋ​សាមញ្ញ»។

​ចំណែក ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មើល​ឃើញ​ថា ការ​ថ្លែង​របស់​លោក​ហ៊ុន សែន ថា មិន​លើក​លែង​ទោស​ដល់​អ្នកនយោបាយ​ដែល​បាន​ប្រមាថ​ដល់​គ្រួសារ​លោក​​ នេះ ​ដោយ​សារ​តែ​លោក ហ៊ុន សែន ខ្លាច​បាត់បង់​អំណាច​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ទង្វើ​ដ៏​អាក្រក់​របស់​លោក តាម​​រយៈ​ការ​ដឹក​នាំ​ផ្ដាច់​ការ​។​ តែ​យ៉ាង​ណា លោក​ថា លោក ហ៊ុន សែន​ គួរ​តែ​គិត​ផល​ប្រយោជន៍​ជាតិ​ជាធំ​​ ជា​ជាង​ដែល​យក​ពេល​មក​វាយ​ប្រហារ​តែ​រឿង​ឥតប្រយោជន៍ ដូចជា​រឿង​គ្រួសារ​ជាដើម។

លោក អ៊ុំ សំអាន៖ «ទុក​រឿង​ជាតិ​ជា​រឿង​ធំ ដូច្នេះ​គួរ​ទុក​​រឿង​គ្រួសារ រឿង​ផ្ទាល់​ខ្លួន​នឹង​មួយ​ឡែក​ទៅ ហើយ​គិត​ផល​ប្រយោជន៍​ជាតិ​ជាធំ។ ដូច្នេះ​ត្រូវ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​កម្ពុជា ហើយ​បើកផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ​ដូចជា លោក សម រង្សី និង​លោក កឹម សុខា អាច​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ មាន​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ទៅ បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ​នៅ​កម្ពុជា នៅ​ខែ​កក្កដា​ខាង​មុខ​ទៅ ពេល​នឹង​កម្ពុជា​លែង​ទទួល​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ នឹង​ទទួល​បាន​EBA​២០​ភាគ​រយ​ឡើង​វិញ»។

​​ការ​វាយប្រហារ​របស់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដោយ​មិន​ដក​ដៃ​នេះ ដោយ​សារ​តែ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​នេះ​ លោក សម រង្ស៊ី បាន​ទម្លាយ​ឧក្រិដ្ឋ​កម្ម​នានា​ដោយ​​​ចោទ​ចំៗ​ថា ជា​អ្នក​សម្លាប់​លោក ​ជា វិជ្ជា និង​ដន្លង​របស់​ខ្លួន គឺ​លោក ហុក ឡង់ឌី ដែល​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន ខណៈ​ដែល​​ទំនាស់​នយោបាយ​កាន់​តែ​ឡើង​កម្តៅ។ ​ចំណែក​​លោក ហ៊ុន សែន​ ព្យាយាម​រក​គ្រប់​វិធី​ ដើម្បី​បិទ​ផ្លូវ​នយោបាយ​របស់​លោក សម រង្សី​ តាម​រយៈ​អំណាច​តុលាការ​របស់​លោក​។ រីឯ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​​ចង់​ឃើញ​អ្នក​នយោបាយ​ចាស់​វស្សា​ពីរ​រូប​​នេះ​​ គួរ​តែ​រួបរួម​គ្នា និង​បង្កើត​វប្បធម៌​ចរចា​ដោយ​សន្តិ​វិធី​ដើម្បី​ឆ្ពោះ​ទៅ​ករ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ដែល​មាន​សន្តិភាព​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។