HRW ថា លោក ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារភូមាគឺជាការប្រមាថលើពលរដ្ឋប្រទេសនោះ
2022.01.07

អង្គការសិទ្ធិមនុស្សអន្តរជាតិថាដំណើរទស្សនកិច្ចដោយឯកតោភាគីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ឬភូមា អាចបំផ្លាញដល់ជឿជាក់របស់អាស៊ានក្នុង ការសម្រុះសម្រួលវិបត្តិ និងស្វែងរកដំណោះស្រាយនយោបាយនៅភូមា។ ការលើកឡើងនេះស្របពេលលោក ហ៊ុន សែន បានទៅដល់ទីក្រុងណៃពិដោថ្ងៃទី៧ ខែមករានេះ ដោយបានជួបជាមួយនឹងដឹកនាំរដ្ឋប្រហារយោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing)។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថា ការសម្រេចចិត្តដោយឯកតោភាគីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈប្រធានប្តូរវេនអាស៊ានទៅជួបជាមួយមេដឹកនាំយោធារបស់លោក មីន អ៊ុងឡាំង (Min Aung Hlaing) គឺជាការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ចនេះ។
លោក ហ្វីល រ៉ូបឺតសុនថ្លែងក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃនេះថា អំពីទង្វើអាត្មានិយាមរបស់លោក ហ៊ុន សែន បង្ហាញថា លោកចាប់អារម្មណ៍ក្នុងការកសាងកសាងកេរដំណែលផ្ទាល់ខ្លួន ជាជាងស្តាប់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងទាមទាមឱ្យមេដឹកនាំអាស៊ានជួបជាមួយមេដឹកនាំ ដែលជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោក ហ៊ុន សែន ជាមេដឹកនាំបរទេសដំបូងគេទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Myanmar) ដើម្បីជួបជាមួយមេដឹកនាំយោធាលោក មីន អ៊ុងឡាំង ចាប់តាំងពីរដ្ឋប្រហារផ្តួលរំលំរដ្ឋបាលជាប់ឆ្នោតរបស់លោកស្រី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកំពុងធ្វើគំរូមិនល្អនូវការសម្រេចចិត្តដែលលគ្មានលក្ខខណ្ឌជាមុនចំពោះមេដឹកនាំរបបយោធាដែលបានប្រព្រឹត្តសម្លាប់រង្គាល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយប្រការនេះបានធ្វើឱ្យខូចទឹកចិត្តអ្នកដែលតស៊ូ ដើម្បីស្តារការគោរពសិទ្ធិមនុស្សផងដែរ សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានទៅដល់ទីក្រុងណៃពិដោ(Naypyidaw) ប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសយោធា វ៉ូនណា មួង (Wunna Maung) បន្ទាប់មកនៅរសៀលនេះលោកបានជួបជាមួយមេដឹកនាំយោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដោយមិនបញ្ជាក់លំអិត អំពីជំនួបនោះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានលើកឡើងជុំវិញផែនការសន្តិភាពចំនួន៥ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលអនុម័តដោយរដ្ឋសមាជិកអាស៊ានផងដែរ។ ទោះជាយ៉ាងណា វត្តមានរបស់ដឹកនាំល្បីឈ្មោះខាងរឹតត្បិត និងកម្ចាត់លើសកម្មភាពបក្សប្រឆាំង ព្រមទាំងរំលោភបំពានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងកម្ពុជារូបនេះត្រូវបានពលរដ្ឋភូមាងើបតវ៉ាទូទាំងប្រទេស និងរងការរិះគន់ពីក្រុមសិទ្ធិមនុស្សអំពីការនឹងផ្តល់ភាពស្របច្បាប់ដល់របបយោធាដែលបាញ់សម្លាប់ជនស៊ីវិល និងបរាជ័យក្នុងការដោះស្រាយវបត្តិនយោបាយ ខណៈមេដឹកនាំអាស៊ានដទៃទៀតបានឯកភាពរួមគ្នា មិនអនុញ្ញាតឱ្យចូលរួមប្រជុំអាស៊ានកាលពីឆ្នាំមុន។

ជុំវិញរឿងនេះពលរដ្ឋភូមាចាត់ទុកលោក ហ៊ុន សែន ថាជាមេដឹកនាំផ្ដាច់ការរបស់កម្ពុជាហើយចង់សម្រុះសម្រួលគឺមិនអាចទៅរួចនោះទេ ដែលធ្វើឲ្យពលរដ្ឋភូមាកាន់តែឈឺចាប់ខ្លោចផ្សារថែមទៀតតែប៉ុណ្ណោះ។ លោក មីន កូណែង (Min Ko Naing) សកម្មជនឈានមុខគេក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហោះលើបណ្ដាញសង្គមថាលោក ហ៊ុន សែន នឹងប្រឈមមុខការតវ៉ាទ្រង់ទ្រាយធំជុំវិញដំណើរទស្សនកិច្ចរបស់លោកដែលធ្វើឱ្យប៉ះពាល់ដល់អាស៊ាន ខណៈលោកជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតលើពិភពលោក ហើយក្រុមសិទ្ធិមនុស្សបានថ្កោលទោសគាត់ជាយូរមកហើយចំពោះការបបង្ក្រាបលើក្រុមប្រឆាំង ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
កាលពីចុងខែមេសា ក្រុមមេដឹកនាំអាស៊ានបានមូលមតិគ្នាជាឯកច្ឆន្ទលើចំណុចអំពាវនាវចំនួន ៥ ដើម្បីដោះស្រាយវិបត្តិនយោបាយចំពោះមុខក្នុងប្រទេសភូមា។ ចំណុចទាំងនោះ រួមមាន (១) បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា (២) ការបង្កើតឱ្យមានកិច្ចសន្ទនាបែបស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រយោជន៍ពលរដ្ឋ (៣) កិច្ចសម្រុះសម្រួលដែលត្រូវបានរៀបចំឡើងដោយប្រេសិតរបស់ប្រធានអាស៊ានដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន (៤) ការផ្ដល់ជំនួយមនុស្សធម៌ ហើយនិង (៥) ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស និងគណៈប្រតិភូទៅកាន់ប្រទេសភូមាដើម្បីជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
ទោះជាយ៉ាងណា របបយោធាភូមាមិនបានគោរព និងអនុវត្តតាមគោលការណ៍ឯកភាពទាំងនេះទេឱ្យមានប្រសិទ្ធភាពនោះទេ។ យោធាភូមា ក្រោមការគ្រប់គ្រងរបស់លោក មីន អ៊ុងឡាំង បានបន្តបង្ក្រាបដោយហិង្សា និងក្នុងថ្លុកឈាមលើក្រុមពលរដ្ឋភូមាដែលទាមទារចង់បានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិរបស់ពួកគាត់ដែលជាម្ចាស់ឆ្នោត។
ចាប់តាំងពីខែកុម្ភៈរហូតដល់ដើមខែមករា ឆ្នាំ២០២២ យ៉ាងហោចណាស់មានពលរដ្ឋភូមាជាង ១ពាន់៤រយនាក់ (១.៤០០) ក្នុងនោះរួមទាំងកុមារយ៉ាងហោចណាស់១០០នាក់ផងដែរត្រូវបានគេសម្លាប់ ហើយមនុស្សជាង ១ម៉ឺន១ពាន់នាក់ទៀត (១១.៣០០) ត្រូវបានចាប់ខ្លួន និងមួយចំនួនបានបាត់រត់ចោលផ្ទះសម្បែង និងមួយចំនួនទៀតចាប់កាន់អាវុធដើម្បីតស៊ូប្រដាប់អាវុធ។ ក្រៅពីនេះយោធាបានគាបសង្កត់ដោយប្រើហិង្សាលើក្រុមប្រឆាំងដោយការបាត់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមការចងក្រងដោយសមាគមជំនួយអ្នកទោសនយោបាយ (Assistance Association for Political Prisoners) របស់ពលរដ្ឋមីយ៉ាន់ម៉ា។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងថាសកម្មភាពរបស់លោក ហ៊ុន សែន ប្រហែលជាមានផលវិបាកយ៉ាងធំសម្រាប់អាស៊ាន ចាប់តាំងពីការចរចាភាគីម្ខាងរបស់លោកជាមួយរបបយោធាដែលអាចបំផ្លាញដល់មូលដ្ឋាននៃការជឿជាក់របស់អាស៊ានក្នុងការសម្រុះសម្រួលវិបត្តិ និងស្វែងរកដំណោះស្រាយនយោបាយ។ លើសពីនេះគោលការណ៍ភាពជាកណ្តាលរបស់អាស៊ាន ក្នុងការឆ្លើយតបជាមួយអន្តរជាតិចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានស្ថិតក្នុងហានិភ័យដោយសារដំណើរទស្សនកិច្ចដែលមិនមានលក្ខណៈច្បាស់លាស់នេះ។
លោកយល់ថា អាស៊ាន និងតួអង្គដទៃទៀត គួរតែដឹងនៅពេលនេះថារបបយោធាមីយ៉ាន់ម៉ា មិនមានចេតនាពិតប្រាកដក្នុងការអនុលោមតាមមតិឯកភាពប្រាំចំណុចរបស់អាស៊ាន ហើយអាស៊ានមិនមានមធ្យោបាយគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិនេះទេ។ ដំណើរទស្សនកិច្ចឯកតោភាគីរបស់លោក ហ៊ុន សែន នឹងមិនអាចទទួលបានដំណោះស្រាយ ជាពិសេសប្រសិនបើគាត់មិនជួប និងពិភាក្សាជាមួយតំណាងរាស្ត្រជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដូចជារដ្ឋាភិបាលរួមរួមជាតិ។
សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថាប្រជាជនមីយ៉ាន់ម៉ាចង់ឱ្យលទ្ធប្រជាធិបតេយ្យ ការគោរពសិទ្ធិរបស់ពួកគេត្រូវបានស្តារឡើងវិញ ហើយពួកគេមិនទទួលយកផ្លូវកាត់ណាមួយដែលចេញពីលោក ហ៊ុន សែន ហើយប្រទេសអាស៊ានចំនួនប្រាំបីផ្សេងទៀតគួរតែទាមទារជាសាធារណៈនូវការពន្យល់ពីលោក ហ៊ុន សែន ហើយបញ្ជាក់ឱ្យច្បាស់ថារដ្ឋភាគីនៃអាស៊ាន អនុគ្រោះដល់វិធីដែលទាមទារការចរចាជាមួយគ្រប់ភាគីនៃជម្លោះរបស់មីយ៉ាន់ម៉ាមិនមែនតែមេដឹកនាំយោធារដ្ឋប្រហារ ដែលមិនអាចកាត់បន្ថយបាននៃជម្លោះជាបន្តបន្ទាប់ដូចជា អំពើហិង្សា និងការរំលោភសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។