លោក ហ៊ុន សែន រំឭកពីគ្រួសារលោកធ្លាប់ធ្លាក់ខ្លួនក្រលំបាកដោយសារភាពអយុត្តិធម៌
2023.04.03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកពីអតីតកាលថា ដូនតាលោកធ្លាក់ខ្លួនក្រលំបាកវេទនាដោយសារតែភាពអយុត្តិធម៌ក្នុងសង្គម។ បញ្ហាអយុត្តិធម៌នេះមន្ត្រី សង្គមស៊ីវិលមើលឃើញថា ពលរដ្ឋមួយចំនួនកំពុងតែរងការឈឺចាប់ដែលតម្រូវឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យកចិត្តទុកដាក់ដោះស្រាយ។
លោក ហ៊ុន សែន ចាប់ផ្ដើមរំឭកពីការឈឺចាប់ដោយសារគ្រួសារលោកធ្លាក់ខ្លួន ពីជីវភាពធូរធារទៅជាក្រលំបាកអស់ទ្រព្យសម្បត្តិអស់ដីធ្លីដោយសារតែអំពើអយុត្តិធម៌។
នៅក្នុងសារជាសំឡេងសម្របសម្រួលបញ្ចប់ការខ្វែងគំនិតគ្នាជុំវិញការបែងចែកវណ្ណៈអ្នកមាន និងអ្នកក្រនៅក្នុងសង្គម នៅថ្ងៃទី១ ខែមេសា លោក ហ៊ុន សែន រំឭកថា ពូជវង្សគ្រួសាររបស់លោកស្ថិតនៅក្នុងជីវភាពធូរធារ។ ប៉ុន្តែលោកថា នៅពេលដែលលោកចាប់កំណើតនោះ ជីដូនរបស់លោកត្រូវបានកម្លាំងចលនាខ្មែរឥស្សរៈ ចាប់ខ្លួន រួចតម្រូវឱ្យយកលុយទៅបង់ជាបន្តបន្ទាប់ធ្វើឱ្យក្រុមគ្រួសារលោកលក់ដីអស់។
លោក ហ៊ុន សែន៖ «ឥស្សរៈបានចាប់ជីដូនរបស់ពូ (ហ៊ុន សែន) ទៅបង្ខំឱ្យកូនចៅយកប្រាក់ទៅលោះនៅពេលដែលពូទើប និងចាប់កំណើត។ ពេលនោះកូនចៅប្រមូលលក់អស់ដីធ្លីទ្រព្យសម្បត្តិដើម្បីទៅលោះជីដូនម្ខាង ម្ខាងទៀតដីធ្លីរបស់យើងនៅតាមមាត់ទន្លេត្រូវបានបាក់ជាបន្តបន្ទាប់។ អ៊ីចឹងធ្វើឱ្យពូក្រុមគ្រួសាររបស់ពូក្លាយជាជាមានជីវភាពក្រលំបាក»។
លោក ហ៊ុន សែន បន្តថា នៅក្នុងស្ថានភាពដែលគ្រួសារអស់ទ្រព្យសម្បត្តិនោះ លោកក៏ជួបការលំបាកខ្លាំងខ្វះខាតលុយក្នុងការសិក្សា។
ទោះជាយ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកនាំពាក្យ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា យុត្តិធម៌សង្គមមិនថា នៅកម្ពុជា ឬប្រទេសណា ទេគឺត្រូវការចាំបាច់ដូចគ្នា។ លោកបន្តថា ដំណើរការធានាយុត្តិធម៌សង្គមគឺ ត្រូវមានការបង្កើតច្បាប់រើសក្រុមអ្នកដឹកនាំអនុវត្តន៍ច្បាប់ និងមានក្រុមត្រួតពិនិត្យលើការអនុវត្ត។
លោក ស៊ឹង សែនករុណា បន្តថា កាលណាសង្គមមានយុត្តិធម៌នោះ នឹងកាត់បន្ថយ រឿងមិនល្អកើតឡើង។ ប៉ុន្តែលោក ស៊ឹង សែន ករុណា ថា ដោយសារដែលបញ្ហា អយុត្តិធម៌ទើបធ្វើឱ្យពលរដ្ឋមួយចំនួនពិសេសក្រុមដែលមានជម្លោះដីធ្លីកំពុងមានការឈឺចាប់ និងធ្លាក់ខ្លួនក្នុងស្ថានភាពក្រលំបាក។
លោក ស៊ឹង សែន ករុណា៖ «តាំងពីមានដីប្រើប្រាស់បង្កបង្កើនផលរហូតដល់អស់ដី ហើយនៅប្រើ ថវិការបស់ពួកគាត់ហ្នឹងត្រូវលក់គោលក់មាន់លក់ទា ឡើងមកតតាំងក្តី ពីក្រោមមកដល់លើទៀត ហើយនៅមិនទាន់ទទួលបានយុត្តិធម៌វាធ្វើឱ្យជីវភាពពួកគាត់តាំងពីក្រមធ្យមរហូតដល់ក្រីក្រខ្លាំងអីជាដើម»។
បច្ចុប្បន្នពលរដ្ឋដែលកំពុងធ្វើយុទ្ធនាការលេចធ្លោក្នុងការរកយុត្តិធម៌រួមមានសហគមន៍មានជម្លោះដីធ្លីនៅក្នុងខេត្តកោះកុង ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះពីការអភិវឌ្ឍ លុបបឹងតាមោក និងកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម។
ជម្លោះខ្លះអូសបន្លាយរហូតដល់ ១០ ទៅ២០ឆ្នាំ ធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែលំបាកខ្វះម្ហូបអាហារ កូនមិនបានសិក្សា និងមិនមានលុយព្យាបាលជំងឺ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងនៅក្នុងវេទិកា មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដោយលើកឡើងពីសារសំខាន់នៃយុត្តិធម៌នៅក្នុងសង្គម។ អ្នកស្រីជំរុញឱ្យពលរដ្ឋរកមធ្យោបាយផ្សេងៗក្នុងការចូលរួមពង្រឹងយុត្តិធម៌ នៅក្នុងសង្គមទោះបីជាមានការគាបសង្កត់យ៉ាងណាក៏ដោយ។
អ្នកស្រី ចក់ សុភាព៖ «ព្រឹត្តិការណ៍ខ្លះដែលកើតឡើងលើតារាអីហ្នឹងយើងឃើញថា នាំគ្នាចូលរួមផុសផុល នេះល្អមែនទែន។ ប៉ុន្តែវានឹងប្រសើរថែមទៀតបើសិនជារាល់ករណីឃាតកម្មរាល់ករណីមិនប្រក្រតីជាច្រើន នៅក្នុងសង្គមយើងចូលរួម ដូចដែលយើងចូលរួមក្នុងករណីជាក់លាក់មួយចំនួនហ្នឹង។ មិនត្រូវមើលបំណាំទាល់តែករណីហ្នឹងមិនសូវរសើបបានយើងចូលរួម ដល់ករណីរសើបយើងអត់ហ៊ានអត់ទេចាស!»។
កម្ពុជាជាប្រទេសដែលមានចំណាត់ថ្នាក់អាក្រក់លើប្រព័ន្ធយុត្តិធម៌។ របាយការណ៍ គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២២បង្ហាញថា កម្ពុជាជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេស ហើយបើប្រៀបធៀបនៅតំបន់អាស៊ានកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ ក្រោមគេបំផុត។
លោក ហ៊ុន សែន ដែលរំឭកពីការឈឺចាប់ដោយសារភាពអយុត្តិធម៌ កើតឡើង លើគ្រួសារលោកកាលពីអតីតកាលនោះ បច្ចុប្បន្នលោកជាអ្នកនាំមុខទាំងផ្ទាល់ និងប្រយោលក្នុងការបំផ្លាញយុត្តិធម៌សង្គមទាំងការចាប់មន្ត្រីបក្សប្រឆាំង រំលាយបក្សនយោបាយ និងបិទស្ថាប័នសារព័ត៌មានឯករាជ្យ តាមចិត្តរបស់លោកដោយមិនបានផ្អែកលើច្បាប់ឡើយ។
នៅតាមវេទិកានានាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែណែនាំឱ្យមន្ត្រី ថ្នាក់ក្រោមយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវកុំឱ្យកើតមានភាពអយុត្តិធម៌។ លោក ស ខេង បន្តថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវធ្វើកំណែទម្រង់ ដោយបញ្ជាក់ ថាអយុត្តិធម៌នាំឱ្យបែកបាក់សង្គមជាតិ។
លោក ស ខេង៖ «សង្គមតាមបទពិសោធន៍ជាប្រវត្តិសាស្ត្រមក។ សង្គមដែលបែកបាក់នៅស្រុកណាក៏ដោយគឺអយុត្តិធម៌។ អ៊ីចឹង រឿងនេះក៏ជាកម្មវត្ថុមួយដ៏សំខាន់ដែលយើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ»។
ភាពអយុត្តិធម៌ជាជំងឺរបស់សង្គម ដូច្នេះពេលដែលកើតមានឡើងវាប៉ះពាល់មនុស្ស គ្រប់គ្នានៅក្នុងសង្គមមិនថា ពលរដ្ឋសាមញ្ញ ឬអ្នកមានប្រាក់មានអំណាចនោះ ទេគ្រាន់តែវាកើតឡើងក្នុងវេលាខុសគ្នា។
នៅ៣ខែដំបូង ក្នុងឆ្នាំ២០២៣នេះ អ្នកមានប្រាក់ និងមានអំណាច ៣រូប បានអំពាវនាវ ស្វែងរកយុត្តិធម៌ក្នុងនោះរួមមានឧកញ៉ា សៀង ចាន់ហេង មានជម្លោះជាមួយប្អូនស្រីលោក ហ៊ុន សែន រឿងដីជាង ៥០ហិកតារ នៅខេត្តកណ្តាល។ រឿងមួយទៀត ឧកញ៉ា ឃុនថាវង្ស ផងផាន់ ចំណាយលុយ១២លានដុល្លារកន្លះទិញពីអ្នកមានអំណាច ចុងក្រោយអស់លុយហើយមិនបានដីថែមទាំងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនទៀតផង។
ករណីចុងក្រោយគឺអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិលំហសមុទ្រលោកឧត្ដមនាវីឯក គ្រួច គីមថុន ពាក់ផ្កាយ៣ នៅលើស្មាបានឡាយវីដេអូអំពាវនាវឱ្យលោក ហ៊ុន សែន ជួយដោយសារថ្នាក់លើដែលមានអំណាចជាងលោកឈូសឆាយបំផ្លាញរបង និងទន្ទ្រានយកដីកម្មសិទ្ធិរបស់លោកប្រមាណ ១០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។