អ្នកវិភាគ​ថា លោក ហ៊ុន សែន ប្រកាស​ថា​កម្ពុជា​មាន​សន្តិភាព ជា​ការ​បំពាន​លើ​ការ​ជួយជ្រោមជ្រែង​របស់​អ.ស.ប

ដោយ ទីន ហ្សាការីយ៉ា
2022.09.23
Share on WhatsApp
Share on WhatsApp
អ្នកវិភាគ​ថា លោក ហ៊ុន សែន ប្រកាស​ថា​កម្ពុជា​មាន​សន្តិភាព ជា​ការ​បំពាន​លើ​ការ​ជួយជ្រោមជ្រែង​របស់​អ.ស.ប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អួត​អាង​ថា កម្ពុជា​មាន​សន្តិភាព ដោយសារតែ​គោលនយោបាយ​ឈ្នះ​ឈ្នះ នោះ​ជា​ការ​ប្រមាថ​អង្គការ​សហប្រជាជាតិ ដែល​បាន​ជ្រួយ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក គឹម សុខ មាន​ប្រសាសន៍​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ ភ័យខ្លាច បាត់បង់​ឯកភាព​ជាតិ និង​ធ្វើ​ឲ្យ​បរទេស​មាន​ឥទ្ធិពល​លើ​កម្ពុជា ដូចជា​វៀតណាម និង​ចិន ជាដើម ដែល​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​៖ «ការងារ​របស់​អ៊ុនតាក់​ហ្នឹងហើយ ដែល​នាំ​ឲ្យ​មានការ​សម្របសម្រួល និង​ជា​ផ្លូវ​នាំទៅ​ដល់​បង្កើត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ក្រុម​លោក ហ៊ុន សែន បំផ្លាញ​ចោល ដោយ​មិន​ខ្វល់​អំពី​ការគោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បង្កើត​នូវ​អ្វី​ដែល​ជា​ស្នាដៃ​វាល​ពិឃាត​ថ្មី​មួយ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​ពិឃាត​វាសនា​ជាតិខ្មែរ ដោយ​ការប្រើ​អំពើ​ហិង្សា​តាម​ទំនើងចិត្ត និង​មិន​គោរព​រដ្ឋធម្មនុញ្ញ»

លោក ហ៊ុន សែន ថ្លែង​នៅក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១​កញ្ញា អះអាង​ថា កម្ពុជា​ទទួល​បាន​សន្តិ​ភាព​ទាំងស្រុង​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក តាមរយៈ នយោបាយ​ឈ្នះ ឈ្នះ​របស់​លោក ដែល​ធ្វើ​ឲ្យ​កម្ពុជា​រីក​ចំរើន​គ្រប់​វិស័យ។ លោក​ហ៊ុន សែន បន្ថែម​ថា ក្រោម​ម្លប់​សន្តិភាព​នេះ លោក​បាន​បញ្ជូន​កងកម្លាំង​ជាង ៨​ពាន់ ៣​រយ​នាក់ (,៣០២​នាក់​) ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​ចំនួន​៩​ជាដើម។

ទោះបីជា​បែបនេះ​ក្ដី អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​សព្វថ្ងៃ​នេះ មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ឡើយ​។ លោក គឹម សុខ បញ្ជាក់​ថា ដើម្បី​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ លុះត្រាតែ លោក ហ៊ុន សែន អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ពេញលេញ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ភាគី​កម្ពុជា​សន្យា​ថា ធានា​គោរព និង​ប្រតិបត្តិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ការ​ធ្វើ​សកម្មភាព ដែល​ជំរុញ និង​ការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ព្រមទាំង​ចូលរួម​គោរព​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​។ ស្មារតី​សំខាន់​ជាងគេ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ការ​បង្រួបបង្រួម​ជាតិ​។ ប៉ុន្តែ​គោល​នយោបាយ​ឈ្នះ​ឈ្នះ របស់​លោក ហ៊ុន សែន​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​បាត់បង់​សិទ្ធិ​សេរីភាព បំផ្លាញ​ប្រជាធិបតេយ្យ រំលោភសិទ្ធិ​មនុស្ស និង​បែកបាក់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។